ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​ពិសោធន៍​ធ្វើ​ពោត​កំបោរ

8 ឆ្នាំ មុន

គេ​អាច​យក​ផ្លែ​ពោត​ទៅ​កែ​ច្នៃ​ច្រើន​មុខ​ទៅ​តាម​តម្រូវការ (​ខ្ចី ចាស់ ទុំ​) ។ ពោត​ខ្ចី​អាច​ចិត​គ្រាប់​វា​ស្ដើង​ៗ យក​ទៅ​ឆា ធ្វើ​សម្លប្រហើរ បង្អែម ស្ងោរ ជាដើម ។ ពោត​ទុំ យើង​អាច​បកសម្បក ហើយ​ប្រឡេះ​គ្រាប់​វា​ចេញ​ឱ្យ​ស្អាត រួច​យក​គ្រាប់ពោត

គេ​អាច​យក​ផ្លែ​ពោត​ទៅ​កែ​ច្នៃ​ច្រើន​មុខ​ទៅ​តាម​តម្រូវការ (​ខ្ចី ចាស់ ទុំ​) ។ ពោត​ខ្ចី​អាច​ចិត​គ្រាប់​វា​ស្ដើង​ៗ យក​ទៅ​ឆា ធ្វើ​សម្លប្រហើរ បង្អែម ស្ងោរ ជាដើម ។ ពោត​ទុំ យើង​អាច​បកសម្បក ហើយ​ប្រឡេះ​គ្រាប់​វា​ចេញ​ឱ្យ​ស្អាត រួច​យក​គ្រាប់ពោត​ទាំងនោះ​កែ​ច្នៃ​ធ្វើ​ពោត​កំបោរ ។ ជាក់ស្ដែង អ្នក​មីង អម ចាន់ធូ អាយុ​៥៧​ឆ្នាំ ជា​កសិករ​រស់នៅ​ភូមិ​ត្នោត​លើ ឃុំ​ឫស្សីស្រុក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ។ គាត់​ចេះ​ធ្វើ​ពោត​កំបោរ​យ៉ាង​ឆ្ងាញ់​ពិសា ដែល​បទ​ពិសោធន៍​នេះ គាត់​ចេះ​ពី​ឪពុក​ម្ដាយ​គាត់​តាំងពី​នៅ​ក្មេង​មក​ម្ល៉េះ​។ ខ្ញុំ​សូម​បង្ហាញ​ដូច​ខាងក្រោម​៖

១.​គ្រឿងផ្សំ
-​គ្រាប់ពោត​ទុំ ៥​គីឡូក្រាម
-​កំបោរ ១​ខាំ​កន្លះ (​កំបោរ​ហូប​ជា​មួ​ួ​យ​ស្លា​)
-​ដូងទុំ ២​ផ្លែ កោស​យក​សាច់
-​ស្ករស​ប្រហែល ១​គីឡូក្រាម
-​ល្ង​ប្រហែល ០,៥​គីឡូក្រាម
-​ស្លឹក​ឫស្សី​សម​ល្មម​ទុក​សម្រាប់​ទ្រាប់​បាតឆ្នាំង
-​ទឹក​បន្តិច​លាយ​ជាមួយ​កំបោរ ។

២.​របៀប​ចម្អិន​ពោត​កំបោរ
គាត់​យក​ស្លឹក​ឫស្សី​មក​ទ្រាប់​បាតឆ្នាំង ដើម្បី​កុំឱ្យ​ខ្លោច​បាតឆ្នាំង ម្យ៉ា​ង​វិញទៀត ធ្វើ​ឱ្យ​ពោត​មាន​ក្លិនប្រហើរ គួរ​ឱ្យ​ចង់​ទទួលទាន ។ គាត់​យក​គ្រាប់ពោត​ទុំ​មក​ដាក់​ក្នុង​ឆ្នាំង បន្ទាប់​មក​យក​កំបោរ​លាយ​ជាមួយ​ទឹក​ឱ្យ​រាវ​ល្មម រួច​ដាក់​ចូល​ទៅ​ក្នុង​ឆ្នាំង ។ បន្ទាប់​មក លើក​ឆ្នាំង​ដាក់​ដាំ​ឱ្យ​ពុះ​បន្តិច​រហូត​ទាល់តែ​សម្បក​ពោត​របេះ ទើប​គាត់​លើក​ឆ្នាំង​ចុះ រួច​ចាក់​ដាក់​កញ្ច្រែង​ឱ្យ​ស្រស់ទឹក ហើយ​យក​គ្រាប់ពោត​នោះ​មក​លាង​សម្អាត​ទឹក​២​ទៅ​៣​ដង​ឱ្យ​ជ្រុះ​សម្បក​អស់ និង​អស់​ជាតិ​កំបោរ ។ បន្ទាប់​មក​ទៀត យក​វា​ទៅ​ស្ងោរ​ជា​ការ​ស្រេច​ជា​មួ​ួ​យ​ទឹក​ធម្មតា​ឱ្យ​ពុះ ទើប​លើក​ឆ្នាំង​ដាក់ចុះ ហើយ​ចាក់​វា​ដាក់​កញ្ច្រែង​ឱ្យ​ស្រស់ទឹក​ល្អជា​ការ​ស្រេច ។

នៅ​ពេល​បរិភោគ ដួស​ដាក់​ចាន​តូច ហើយ​យក​ដូង ស្ករស និង​ល្ងម​ករោយ​ពីលើ​ពោត​តាម​ចំណង់​ចំណូលចិត្ត ។ ដូចនេះ សូម​បងប្អូន​ទាំងអស់​សាកល្បង​ធ្វើ​ពោត​កំបោរ​មើល​ថា តើ​វា​មាន​រសជាតិ​ឆ្ងាញ់​ប៉ុនណា ?