ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ប្រពន្ធ​ពោះ​ធំ​​សុំ​ទៅ​មើល​ល្ខោន​ក្លាយ​ជា​ជម្លោះ​ប្តី​ចង.ក​សម្លាប់​ខ្លួន

15 ឆ្នាំ មុន

​ខេត្ត​កំពង់​ធំ ៖ មាន​ហេតុ​ការណ៍​ភ្ញាក់​ផ្អើល​មួយ​​បា​ន​កើត​ឡើង​​ដោយ​សារ​តែ​បុរស​ជា​ប្តី​ម្នាក់​បាន​ចង.ក​សម្លាប់​ខ្លួន​ក្រោយ​ពី​​ប្រពន្ធ​ដែល​មាន​ផ្ទៃ​ពោះ​​ស្តី​បន្ទោស​ពី​រឿង​ឃាត់​នាង​មិន​ឱ្យ​ទៅ​មើល​ល្ខោន​។ ការ​សម្រេច​ចិត្ត​យក​ខ្សែ​ចង.ក​សម្លាប់​ខ្លួន​​ដោយ​គ្មាន​ការ​ស្តាយ​ស្រណោះ​​នេះ​ បាន​ធ្វើ​ឱ្យ​មនុស្ស​គ្រប់​​គ្នា​មាន​ការ​ហួស​ចិត្ត​ជា​ពន់​ពេក ។ ហេតុ​ការណ៍​ដែល​ស្មាន​មិន​ដល់​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​២៣​និង​២៣​នាទី​ ថ្ងៃ​សិទ្ធិ​នារី​៨​មីនា ​ឆ្នាំ​២០១១ នៅចំណុច​​​​ភូមិ​រូង ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍ ។

តាម​ប្រភព​ព័ត៌​មាន​ពី​​មន្ត្រី​នគរ​បាល​ប៉ុស្តិ៍​ក្រវ៉ា បាន​ឱ្យ​ដឹង​ថា បុរស​ដែល​ធ្វើ​អត្ត​ឃាត​ដោយ​សារ​​ខឹង​​ប្រពន្ធ​​​ស្តី​បន្ទោស​រូប​នេះ​ឈ្មោះ​​រិន រិទ្ធ អាយុ​២៦​ឆ្នាំ ​មាន​ទីលំនៅ​ក្នុង​​ភូមិ​​​កើត​ហេតុ​ខាង​លើ ចំណែក​ប្រពន្ធ​​ដែល​ចង់​ដើរ​លេង​មិន​ស្តាប់​ការ​ហាម​ឃាត់​របស់​ប្តី​ឈ្មោះ​ខួង ភ័ណ្ឌ អាយុ​​២៧​ឆ្នាំ ។

ពាក់​ព័ន្ធ​​នឹង​ហេតុ​​ការណ៍​នេះ ​ប្រភព​ដដែល​បាន​បន្ត​ថា តាម​ការ​ស្រាវជ្រាវ​​នៅ​កន្លែង​​កើត​ហេតុ​ និង​តាម​ការ​បំភ្លឺ​របស់​​ស្ត្រី​​ជា​ប្រពន្ធ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​​នាង​បាន​សុំ​ប្តី​ទៅ​មើល​ល្ខោន​នៅក្នុង​ភូមិ តែ​ប្តី​​នាង​​ឃាត់​មិន​ឱ្យ​ទៅ​​​ទេ​ ពី​​ព្រោះ​ឃើញ​នាង​មាន​ផ្ទៃ​ពោះ​​គ្រប់​ខែ​​ជិត​ដល់​ថ្ងៃ​​ឆ្លង​ទន្លេ​ ហើយ​​ដោយ​សារ​ខ្លាច​ឃាត់​រូប​នាង​មិន​ឈ្នះ​​ ប្តី​​នាង​ក៏​ប្រើ​ល្បិច​ដើរ​ទៅ​យក​អាគុយ​​នៅ​ឯ​ផ្សារ​បាត់​ និង​បាន​អូស​បន្លា​យ​ពេល​ដល់​ម៉ោង​ជិត​​២១​ទើប​ត្រឡប់​មក​ផ្ទះ​វិញ ដើម្បី​​កុំ​ឱ្យ​​នាង​ទៅ​មើល​​ល្ខោន​​​បាន ។ ក្រោយ​ពេល​​ប្តី​នាង​ត្រឡប់​មក​វិញ ​នាង​បាន​ស្តី​បន្ទោស​ប្តី​​យ៉ាង​​ចាស់​ដៃ​​ បន្ទាប់​មក​​​រូប​នាង​ក៏​​បាន​ដើរ​ទៅ​ដេក​នៅ​ក្រោម​ផ្ទះ​បាត់ ឯ​ប្តី​នាង​​នៅ​លើ​ផ្ទះ​ម្នាក់​ឯង​ ហើយ​ក៏​ចង.កសម្លាប់​ខ្លួន​តែ​ម្តង ។

​សមត្ថ​កិច្ច​បាន​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា ក្រោយ​ពេល​ប្តី​ស្លាប់​បាន​២​​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១០ មីនា ​ប្រពន្ធ​ក៏​បាន​សំរាល​កូន​ដោយ​សុវត្ថិ​ភាព ។ ជុំ​វិញ​ការ​ស្លាប់​របស់​បុរស​ជា​ប្តី​ខាង​លើ​នេះ មាន​ព័ត៌​មាន​ខ្លះ​បាន​និយាយ​ថា ការ​សម្លាប់​ខ្លួន​របស់​​បុរស​ជា​ប្តី គឺ​ដោយ​សារ​​​រូប​​គាត់​​ប្រចណ្ឌ​ប្រពន្ធ​ពេក ។ ប៉ុន្តែ​ទោះ​​បី​ជា​យ៉ាង​ណា​បញ្ហា​ក្នុង​គ្រួសារ​​អ្នក​ក្រៅ​មិន​បាន​ដឹង​​ឱ្យ​ស៊ី​ជម្រៅ​ទេ ​មាន​តែ​សាមី​ខ្លួន​ប៉ុណ្ណោះ ទើប​ដឹង​ច្បាស់ ​៕