ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុងបរិបទកូវីដ ១៩ រដ្ឋាភិបាលកៀរគរវិស័យឯកជនឱ្យពង្រីកសក្ដានុពលកសិកម្ម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងកៀរគរ សហការ…

រាជធានីភ្នំពេញ ៖ នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងកៀរគរ សហការ និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន ដើម្បីពង្រីកសក្ដានុលផលិតលើគ្រប់អនុវិស័យឱ្យកាន់តែប្រសើរឡើង ដើម្បីរួមចំណែកទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ ។

បើតាមឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ការរីករាលជាសកលនៃមេរោគកូវីដ-១៩ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សមិទ្ធផលសង្គម-សេដ្ឋកិច្ច របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសេដ្ឋកិច្ចរបស់ពិភពលោកទាំងមូលមិនអាចគណនាបាន ហើយក៏មិនអាចដឹងបានឱ្យប្រាកដថាវិបត្តិនេះនឹង បញ្ចប់នៅពេលណានោះដែរ ។ ក្រសួងសូមគាំទ្រ និងលើកទឹកចិត្តដល់ការបណ្ដាក់ទុនវិនិយោគលើវិស័យកសិកម្ម ដើម្បីរួមចំណែកដល់ខ្សែច្រវ៉ាក់ផលិតកម្ម  និងជួយដល់ការងារប្រជាពលរដ្ឋប្រាក់ចំណូលពលរដ្ឋក្នុងពេលដែលមានវិបត្តិនៃជំងឺកូវីដ ១៩ ។

យោងតាមរបាយការណ៍របស់ក្រុមផលិតចំណីសត្វមួយអេហ្គ្រីម៉ាស្ទ័រ ខូអិលធីឌី បានបង្ហាញថា រហូតមកដល់ពេលនេះខ្លួនបានដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ចំនួនជាង ១៧លានដុល្លារអាមេរិកហើយ ដើម្បីផលិតចំណីសត្វដូចជាចំណីមាន់ ទា ជ្រូក គោ និងចំណីត្រី ។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុនកាលពីថ្ងៃទី ២២ ខែមីនា បានឲ្យដឹងថា យោងលើតម្រូវការចាំបាច់នៅលើទីផ្សារនៃផលិតកម្មចំណីសត្វ ក្នុងឆ្នាំ ២០២០ ក្រុមហ៊ុនផលិត និងលក់ចំណីសត្វបានសរុបចំនួន ១១៨ ៥០០តោន ក្នុងនោះមាន ៖ ចំណីមាន់សាច់ ៩ ០០០តោន, ចំណីមាន់ស្រុក ២៨ ០០០តោន, ចំណី មាន់យកពង ១០ ០០០តោន, ចំណីជ្រូក ២៣ ០០០តោន ចំណីគោ ៧ ៥០០តោន ចំណីត្រី ៧ ០០០តោន និងចំណីទា ៣៤ ០០០តោន ។

ទន្ទឹមនឹងនេះ ដើម្បីចូលរួមចំណែកបង្កើនការកែឆ្នៃផលិតផលកសិកម្មក្នុងស្រុក សម្រាប់ឆ្នាំ ២០២០ ក្រុមហ៊ុនបានប្រមូលទិញវត្ថុធាតុដើមសរុបចំនួន ៥៧ ៨០០តោន ក្នុង នោះមាន ៖ ពោត ២០ ០០០តោន, សណ្តែកសៀង ១២ ០០០តោន, ដំឡូងមីស្ងួត ៦ ០០០ តោន, ចុងអង្ករ ១ ៨០០តោន, កន្ទក់ ១៤ ៤០០តោន, ថ្មកំបោរ ៣ ០០០តោន, និងម្សៅត្រី ៦០០តោន ។ ក្រៅពីនេះ ក្រុមហ៊ុនក៏បានស្នើសុំគោលការណ៍នាំចូលវត្ថុធាតុដើមផ្សំចំណី សត្វមួយចំនួនទៀតផងដែរ តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមាន បរិមាណសរុបចំនួន ៦៦ ៩៩៦តោន ។

បើតាមលោក វន់ ពៅ ប្រធានសមាគមសេដ្ឋកិច្ចឯករាជ្យក្រៅប្រព័ន្ធបានមានប្រសាសន៍ថា នៅពេលមានវិបត្តិកូវីដ ១៩ នេះ អាជីវកម្មជាច្រើន រងផលប៉ះពាល់ ប៉ុន្តែយើងមើលឃើញថា វិស័យកសិកម្មហាក់មិនសូវរងផលប៉ះពាល់នោះទេ ដូច្នេះ អ្នកដែលរងផលប៉ះពាល់ពីកូវីដ ១៩ អាចបង្វែទៅរកការវិនិយោគក្នុងវិស័យកសិកម្មវិញ ។ យ៉ាងណារាជរដ្ឋាភិ បាលក៏គួរតែសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ ដើម្បីស្រោចស្រោបដំណាំ ស្វែងរកទីផ្សារ និងធានាតម្លៃរបស់កសិផលកម្ពុជាជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ