ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​ត្រៀម​ដាក់​វិញ្ញាសា​ចំនួន​៤​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​វៀតណាម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា បាន​ត្រៀម​ដាក់​វិញ្ញាសា​ចំនួន​៤​ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា លោក ងិ​ន…

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា បាន​ត្រៀម​ដាក់​វិញ្ញាសា​ចំនួន​៤​ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា លោក ងិ​ន សុខ​បញ្ញា បាន​ប្រាប់​ឲ្យ​ដឹង​ថា វិញ្ញាសា​ចំនួន​៤​ដែល​កម្ពុជា​ត្រៀម​ដាក់​ចូលរួម​ប្រកួត​នេះ រួម​មាន វិញ្ញាសា​ទ្រី​យ៉ា​ត្លុង​ស្តង់ដារ​អន្តរជាតិ​ចំនួន​២​វិញ្ញាសា​គឺ​បុរស​-​នារី ដែល​ត្រូវ​ហែល​ទឹក​១៥០០​ម៉ែត្រ ជិះ​កង់​៤០​គីឡូម៉ែត្រ និង​បន្ត​រត់​៥​គីឡូម៉ែត្រ និង​វិញ្ញាសា​ឌូ​អា​ត្លុង​បុរស​-​នារី​ដែល​ត្រូវ​រត់​១០គីឡូម៉ែត្រ ជិះ​កង់​៤០​គីឡូម៉ែត្រ និង​រត់​៥​គីឡូម៉ែត្រ​ទៀត ។

លោក ងិ​ន សុខ​បញ្ញា បន្ត​ថា បច្ចុប្បន្ន​ក្រុម​ជម្រើសជាតិ​ទ្រី​យ៉ា​ត្លុង​កម្ពុជា​សរុប​មាន​ចំនួន​១៤​នាក់ ក្នុង​នោះ​មាន​កីឡាករ​៩​នាក់ និង​កីឡាការិនី​៥​នាក់ ឯ​គ្រូបង្វឹក​មាន​៤​នាក់ ក្នុង​នោះ​មាន​គ្រូ​បរទេស​ម្នាក់​ជា​ជនជាតិ​នូ​វែ​ល​សេ​ឡង់​ដែល​ទើបនឹង​មក​ជួយ​បង្វឹក​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា ។ ពេល​នេះ​ក្រុម​ជម្រើសជាតិ​ទ្រី​យ៉ា​ត្លុង​កម្ពុជា​កំពុង​បន្ត​ការ​ហ្វឹកហាត់​នៅ​តាម​ផ្ទះ​រៀង​ៗ​ខ្លួន​ដោយសារ​ស្ថានភាព​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩​នៅ​តែ​បង្ក​ផល​ប៉ះពាល់​ខ្លាំង ទើប​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​រំសាយ​ការ​ហ្វឹកហាត់​លក្ខណៈ​ប្រមូលផ្តុំ​ជា​បណ្តោះអាសន្ន​។

អ្វី​ដែល​ចាំបាច់​បំផុត​ក្នុង​ស្ថានភាព​នេះ​គឺ​គ្រូបង្វឹក​ជម្រើសជាតិ​ត្រូវ​រៀបចំ​កម្មវិធី​ហ្វឹកហាត់​ច្បាស់លាស់​ប្រចាំ​ថ្ងៃនៅតាម​ផ្ទះ​សិន ដើម្បី​ថែរក្សា​កម្លាំង​កុំ​ឲ្យ​ធ្លាក់​ចុះ​ខ្លាំង​ពេក ហើយ​ការ​ត្រួតពិនិត្យ​ការ​ហ្វឹកហាត់​របស់​កីឡាករ​-​កីឡាការិនី​ពី​គ្រូបង្វឹក​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អន​ឡាញ ។

លោក​អគ្គលេខាធិការ​រូប​នេះ​បន្ថែម​ថា ការ​ហ្វឹកហាត់​នៅ​តាម​ផ្ទះ​នេះ​គ្រាន់តែ​ហ្វឹកហាត់​បណ្តោះអាសន្ន​ប៉ុណ្ណោះ​និង​មិន​អាច​បង្កើន​គុណភាព​បច្ចេកទេស​ឲ្យ​ល្អ​នោះ​ឡើយ ដោយ​អាច​ហាត់​លើ​កម្លាំងកាយ​មូលដ្ឋាន រត់​កម្តៅ​សាច់ដុំ ហើយ​ជិះ​កង់​នៅ​លើ​រ៉ូ​ឡូ​នៅផ្ទះ និង​អាច​ចេញ​ហាត់​ជិះ​កត់​នៅ​តាម​ផ្លូវ​សាធារណៈ​លក្ខណៈ​ឯកត្តជន មិន​មាន​ហាត់​ជុំ​គ្នា​នោះ​ទេ​។

អ្វី​ដែល​ជា​បញ្ហា​ប្រឈម​គឺ​ការ​ហាត់​ហែល​ទឹក ពីព្រោះ​ថា​នៅផ្ទះ​មិន​មាន​អាង​ហែល​ទឹក​នោះ​ទេ ប៉ុន្តែ​ទោះ​យ៉ាងនេះ​ក្តី ការ​ហាត់​នៅផ្ទះ​ក៏​នឹង​ជួយ​ដល់​ការ​ប្រមូលផ្តុំ​ឡើង​វិញ​បាន​ខ្លះ​ៗ​ដែរ ហើយ​បើ​មិន​ហ្វឹកហាត់​សោះ នោះ​នឹង​ជួប​បញ្ហា​ប្រឈម​កាន់តែ​ខ្លាំង ពេល​ប្រមូលផ្តុំ​ហ្វឹកហាត់​ឡើង​វិញ​ជាក់​ជា​មិន​ខាន ។

ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​ដូច​ជា​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​តែងតែ​ផ្តល់​ជា​ការ​លើកទឹកចិត្ត​ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​កីឡាករ កីឡាការិនី​ជម្រើសជាតិ​នានា បង្កើន​ការ​ហ្វឹកហាត់​នៅ​តាម​ផ្ទះ​នេះ​ឲ្យ​បាន​ខ្លាំងក្លា​តាម​កម្មវិធី​ដែល​បាន​រៀបចំ ដើម្បី​ត្រៀម​ស៊ី​ហ្គេ​ម​ចុងឆ្នាំ​២០២១​នេះ ពីព្រោះ​ថា​ពេលវេលា​កាន់តែ​កៀក​ហើយ ដែល​ជា​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ដល់​ការ​អភិវឌ្ឍ​បច្ចេកទេស​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ