រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២៤ មីនា ឆ្នាំ២០១១ លោកជំទាវឡោក ខេង តំណាងឱ្យសាខាកាកបាទក្រហមរាជធានីភ្នំពេញ និងលោកសេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ បានយកថវិកាទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា បានធ្លាក់ខ្លួនឈឺកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មុនពេលដែលអ្នកជំងឺ បានទទួលមរណភាពនាវេលាល្ងាចថ្ងៃដដែលនេះ ។
អ្នកជំងឺដែលទទួលបានការចូលរួមចុះសួរសុខទុក្ខមុនជីវិតចុងក្រោយនេះ ឈ្មោះសឿន សុង ភេទប្រុស អាយុ៤០ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅសង្កាត់ស្ទឹងមានជ័យ ។ ថវិកាដែលប្រតិភូខាងលើនាំយកទៅជួយឧបត្ថម្ភដល់អ្នកជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនោះ មានចំនួន១២០ដុល្លារ និង៥៣ម៉ឺនរៀល ក្នុងនោះថវិកាលោកជំទាវឡោក ខេង ចំនួន៤០ម៉ឺនរៀល ។ ក្នុងឱកាសនោះ លោកជំទាវឡោក ខេង ក៏បានឧបត្ថម្ភថវិកាដល់ប្រជាពលរដ្ឋរស់នៅសង្កាត់ស្ទឹងមានជ័យម្នាក់ទៀតដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដែរចំនួន២០ម៉ឺនរៀល ។
គួររំឭកថា ជារឿយៗ លោកសេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ តែងតែបានចូលរួមឧបត្ថម្ភថវិកាដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលជួបប្រទះការលំបាកម្តងម្កាល ។ លើសពីនេះ លោកចៅសង្កាត់ក៏បានចលនាសប្បុរសជនក្នុងមូលដ្ឋាននាំយកថវិកាចូលរួមឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋដែលជួបការលំបាកជាក់ស្តែងក្នុងជីវិតរស់នៅ ។ ពិសេសគឺបុណ្យសពប្រជាពលរដ្ឋក្រីក្រក៏មានវត្តមានលោកចៅសង្កាត់ចូលរួមបុណ្យសពពុំដែលខានឡើយ ។ តាមរយៈកាយវិការខាងលើនេះធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានក្តីអាណិតស្រឡាញ់ហើយបោះឆ្នោតជ្រើសរើសលោកសេង សាញ់ ធ្វើជាចៅសង្កាត់បន្តនៅអាណត្តិក្រោយៗទៀត ៕
ចែករំលែកព័តមាននេះ