ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​រឿងរ៉ាវ​ខ្លះ​ៗ របស់​កីឡាករ​បាល់ទាត់ ប្រាក់ មុន្នី​ឧត្តម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្វី​ដ្បិតតែ​កីឡាករ​បាល់ទាត់ លោក ប្រាក់ មុន្នី​ឧត្តម រមែង​ត្រូវ​បាន​លាតត្រដាង​ពី​ជីវិត​ឯកជន និង​រឿងរ៉ាវ​ផ្ទាល់ខ្លួន​ជា​ហូរ ហែ​ក្ដី ក៏​គេ​នៅ​តែ​មើលឃើញ​ថា…

រាជធានី​ភ្នំពេញ ៖ ថ្វី​ដ្បិតតែ​កីឡាករ​បាល់ទាត់ លោក ប្រាក់ មុន្នី​ឧត្តម រមែង​ត្រូវ​បាន​លាតត្រដាង​ពី​ជីវិត​ឯកជន និង​រឿងរ៉ាវ​ផ្ទាល់ខ្លួន​ជា​ហូរ ហែ​ក្ដី ក៏​គេ​នៅ​តែ​មើលឃើញ​ថា មានរឿង​រ៉ា​ល់​ផ្ទាល់ខ្លួន​ជា​ច្រើន​ផ្សេង​ទៀត​ដែល​មហាជន​ខ្លះ​មិន​បានដឹង ។ ផ្អែក​តាម​វី​ដេ​អូ លោក​បាន​រៀបរាប់​នូវ​រឿងរ៉ាវ​មួយ​ចំនួន ដែល​ហ្វេ​ន​ៗ​ខ្លះ​អាច​នឹង​មិន​ទាន់​បានដឹង ឬ​មិនសូវ​មានការ​ចាប់អារម្មណ៍​នោះ​ផង​ដែរ​។

លោក ប្រាក់ មុន្នី​ឧត្តម និយាយ​ថា តាំងពី​ចាប់ផ្ដើម​លេង​បាល់ទាត់ រហូត​មក​ទល់​នឹង​ពេល​នេះ លោក​នៅ​តែ​ស្រលាញ់​ពេញចិត្ត​ចំពោះ​កីឡា​ករ​បរទេស គឺ​លោក ដេ​វីត ប៊េ​ក​ខាំ ជនជាតិ​អង់គ្លេស បើ​ទោះជា​កីឡាករ​រូប​នេះ ត្រូវ​បាន​ចូល​និវត្តន៍​ទៅ​ហើយ​ក្ដី ។ ក្នុង​វ័យ​២៩​ឆ្នាំ គិត​ត្រឹម​ដើមឆ្នាំ​២០២១​នេះ លោក​ថា​នឹង​នៅ​តែ​បម្រើ​វិស័យ​បាល់ទាត់ ដោយ​ត្រៀមខ្លួន​គ្រប់ពេល​សម្រាប់​ការ​ប្រកួត​តូច​ធំ ដែល​រៀប​ចំ​ដោយ​ក្លិប ។ កីឡាករ​ដែល​មានកូន​ស្រី​ម្នាក់ ក្រោយ​រៀប​ការ​បាន​៤​ឆ្នាំ​រូប​នេះ បញ្ជាក់​ថា ក្នុង​ចំណោម​កីឡាករ​នៅ​ឡា​លី​ហ្គា គឺ​កីឡាករ មេស​ស៊ី ដែល​លោក​​ចូល​ចិត្ត​ជាងគេ ហើយ​ក្នុង​រយៈពេល​១​នាទី​លោក​ប៉ាន់​ស្មាន់ថា លោក​អាច​រត់​បាន​ប្រមាណ​ជា​៤០០​ម៉ែត្រ និង​រមែង​ហ្វឹកហាត់​ពី​៣​ទៅ​៤​ម៉ោង​នៅ​ក្នុង​តារាង ។

លោក​បន្ត​ថា វិស័យ​បាល់ទាត់​ដែល​លោក​ឈាន​ជើង​មក​ដល់​ពេល​នេះ គឺ​ទី​១​ដោយសារ​ការ​ស្រលាញ់ ហើយ​ទី​២​គឺ​ដោយសារ​គ្រួសារ ពោល​គឺ​ឪពុក​ម្ដាយ​ជំរុញ និង​លើកទឹកចិត្ត​តែ​ម្ដង ដោយសារ​តែ​អ្នក​គ្រប់​គ្នា​សុទ្ធតែ​ចង់ឱ្យ​លោក​ក្លាយជា​កីឡាករ​បាល់ទាត់ ហើយ​អ្វី​ដែល​លោក​សប្បាយចិត្ត គឺ​ពេល​នេះ​លោក​បាន​ក្លាយជា​កីឡាករ​បាល់ទាត់​ដូច​ការ​ចង់បាន​របស់​ពួក​គាត់ ។ លោក​បាន​ចូល​លេង​បាល់ទាត់​នៅ​វ័យ​១៣​ឆ្នាំ ហើយ​ក្លិប​ដំបូង​ដែល​លោក​ចូល​លេង​ជា​អាជីព​ដំបូង​គេ គឺ​ក្លិប​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​បច្ចុប្បន្ន​គឺ​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ។

បទ​ពិសោធន៍​ដែល​លោក​ទទួល​បាន​ពី​ក្លិប​នៅ​ក្រៅប្រទេស គឺ​ការ​យល់​ដឹង​ពី​បច្ចេកទេស និង​យល់​ដឹង​ច្រើន​រាល់ពេល​ដែល​លោក​បាន​ទៅ​ប្រកួត​ជាមួយ​ក្រុម​បរទេស​ម្ដង​ៗ ។ ជា​ធម្មតា​ឱ្យ​តែ​មុន​ប្រកួត​មួយ​ថ្ងៃ គឺ​លោក​តែងតែ​សិក្សា​ពី​គូប្រកួត សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់ និង​តែង
តែ​យកចិត្តទុកដាក់​លើ​ការ​ថែទាំ​សុខភាព ។ ការ​ប្រកួត​ដែល​លោក​ចង​ចាំ​ជាងគេ គឺ​ការ​ប្រកួត AFC ឆ្នាំ​២០១៦ ដែល​លោក​បាន​ទាត់​បាល់​Conner​ចូល ដែល​នៅ​តែ​ធ្វើ​ឱ្យ​លោក​ចង​ចាំ​។

ផលវិបាក​ដំបូង​ដែល​លោក​បាន​ជួប​ក្នុង​ពេល​ដំបូង​ៗ គឺ​លោក​ហ្វឹកហាត់​យ៉ាង​សកម្ម​ដូច​កីឡាករ​ក្នុង​ក្រុម​ដទៃ​ទៀត​ដែរ តែ​មិន​ត្រូវ​បាន​គេ​ដាក់​ឱ្យ​លេង​ទេ ដោយ​ធ្វើ​ឱ្យ​លោក​តែងតែ​ចង់​លាឈប់​ម្ដង​ៗ នៅ​ក្នុង​ពេល​នោះ ។ លោក​អាច​ទាត់​បាល់​កោង​បាន​ល្អ គឺ​ដោយសារ​តែ​លោក​ស្រលាញ់​​ស្ទីល​ទាត់​របស់​លោក ដេ​វីត ប៊េ​ក​ខាំ ហើយ​ក៏​ដោយសារ​តែ​មូលហេតុ​មួយ​នោះ​ដែរ ដែល​ធ្វើ​ឱ្យ​លោក​ស្រលាញ់​លេខ​៧ ក្នុង​ការ​កំណត់​លេខ​ខ្លួនឯង​ក្រោយ​ក្លាយជា​កីឡាករ​មក​ដល់​បច្ចុប្បន្ន​។

ក្រៅពី​លេខ​៧ លោក​ក៏​ធ្លាប់​ពាក់អាវ​លេខ​២៣​ផង​ដែរ នា​ពេល​កន្លង​មក ។ កីឡាករ​នៅ​អាស៊ី​ដែល​លោក​ស្រលាញ់​ជាងគេ គឺ​កីឡាករ ឈ្មោះ ស៊ុន ដែល​នៅ​ប្រទេស​កូរ៉េ ហើយ​ការ​ប្រកួត​ដែល​លោក​ចាត់​ទុក​ថា អស្ចារ្យ​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ការ​ប្រកួត​រវាង​កី​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ម៉ា​កាវ ដែល​បាន​ធ្វើ​ឡើង​នៅ​ស្តា​ត​ចាស់ ដោយសារ​តែ​នៅ​ក្នុង​ការ​ប្រកួត​នោះ គឺ​មាន​អ្នកគាំទ្រ​ខ្លាំងក្លា​ដំបូង​គេ​។ លោក​បន្ត​ថា ដើម្បី​ក្លាយ​ខ្លួន​ជា​កីឡាករ​បាល់ទាត់​មួយ​ដ៏​ល្អ គឺ​ត្រូវ​មានការ​ស្រលាញ់​ពី​ខ្លួនឯង​ផ្ទាល់ ព្រោះ​បើ​មានការ​ស្រលាញ់ គឺ​តែងតែ​មានការ​តាំងចិត្ត និង​តស៊ូ ។

បន្ទាប់​ពី​បញ្ចប់​ការ​លេង​ក្នុង​លី​គ​របស់​ម៉ា​ឡេ​ស៊ី លោក​ថា រវាង​លី​គ​កម្ពុជា និង​លី​គ ម៉ា​ឡេ​ស៊ី មិនសូវ​មានការ​ខុស​គ្នា​នោះ​ទេ ដោយ​គ្រាន់តែ​លី​គ​នៅ​ម៉ា​ឡេ​ស៊ី មានឱកាស​ល្អ​ជាង និង​មានការ​គាំទ្រ​ពី​ពលរដ្ឋ​ក្នុង​ប្រទេស​របស់​គេ​ច្រើន​ជាង​បន្តិច​ប៉ុណ្ណោះ ។ លោក​បញ្ជាក់​នៅ​ក្នុង​កិច្ច​សម្ភាសន៍​នោះ​ថា កីឡាករ​បាល់ទាត់​ខុស​ពី​កីឡាករ​ផ្សេង​ត្រង់​ត្រូវ​រត់​ច្រើន ប្រើ​កម្លាំង​ខ្លាំង ពោល​គឺ​ត្រូវ​ប្រើ​កម្លាំង និង​បច្ចេកទេស​តាំងពី​ក្បាល​ដល់​ចុងជើង ។ ទៅ​ថ្ងៃ​អនាគត លោក​នឹង​រក្សា​កម្លាំង​លេង​បាក់​ទាត់​ឱ្យ​បាន​យូរ ដើម្បី​ជួយ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​ឱ្យ​បាន​ច្រើន ហើយ
លោក​​អាច​នឹង​លេង​បាល់​ត្រឹមតែ​អាយុ​៣៥​ឆ្នាំ​ប៉ុណ្ណោះ គឺ​នឹង​ចូល​និវត្តន៍ ហើយ​ក្រោយ​ចូល​និវត្តន៍ លោក​នឹង​ធ្វើ​ជា​គ្រូបង្វឹក​បាល់ទាត់​ដល់​ក្មេង​ៗ ។ លោក​ថា កាលពី​ឆ្នាំ​២០២០​កន្លង​ទៅ មាន​ក្លិប​ពីរ​នៅ​ប្រទេស​ថៃ​ទាក់ទង តែ​លោក​បដិសេធ ដោយសារ​ចង់​នៅ​ជួយ​ក្លិប​ឱ្យ​បាន​ច្រើន និង​ម្យ៉ាង​មក​ពី​មាន​ផ្ទុះ​កូ​វី​ដ​-១៩​ផង ។ នៅ​ក្នុងស្រុក​ដៃគូ​ដែល​លោក​ចូល​ចិត្ត​លេង​ជាមួយ​ជាងគេ គឺ​កីឡាករ កែវ សុខ​ផេង ចាន់ វ​ឌ្ឍ​នាកា និង​កីឡាករ សុះ ស៊ូ​ហា​ណា ព្រោះ​លេង​ជាមួយ​គ្នា​ជា​យូរ​មក​ហើយ ហើយ​បើ​មានឱកាស គឺ​លោក​ចង់​លេង​ជាមួយ​កីឡាករ​ខ្លាំង​ៗ​ក្មេង​ដូច​ជា សៀង ច​ន្ធា ជាដើម​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ ប្រាក់ មុន្នី​ឧត្តម កើត​នៅ​ក្នុង​គ្រួសារ​មួយ​ដែល​មាន​ឪពុក ជា​មន្ត្រីរាជការ ហើយ​ម្តាយ​ជា​ស្ត្រី​មេផ្ទះ ។ ឧត្តម ជា​កូនច្បង​ក្នុង​គ្រួសារ​ដែល​មាន​ប្អួ​ន​ៗ​ចំនួន​ពីរ នាក់​ទៀត ។ លោក​និយាយ​ថា តាំងពី​អាយុ ៦-៧ ឆ្នាំ​លោក​គឺជា​មនុស្ស​ចូល​ចិត្ត​លេង​បាល់ ណាស់ ។ ពេល​អាយុ​១៣​ឆ្នាំ នៅ​ពេល​ដែល បាន​ចូល​ក្រុម​ជម្រើសជាតិ​ចូល​ហាត់​ជាមួយ​គេ ធ្វើ​ឲ្យ​លោក​កាន់តែ​ស្រឡាញ់ ដោយ​ក្នុង​ពេល​នោះ គឺ​គិតតែ​ម្យ៉ាង គឺ​ចង់​ជួយ និង​សង្ឃឹមថា ថ្ងៃ ណាមួយ​បាន​ជួយ​ប្រទេស​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ