ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​ពិសោធន៍​ចិញ្ចឹម​កង្កែប​អាច​រក​ចំណូល​បន្ថែម​សម្រាប់​កសិករ

8 ឆ្នាំ មុន

បច្ចុប្បន្ន កសិករ​មានការ​ចាប់អារម្មណ៍​លើ​ការ​ចិញ្ចឹម​កង្កែប ព្រោះ​អាច​រក​ចំណូល​បន្ថែម​លើ​ការ​ធ្វើ​ស្រូវ​និង​ដាំ​ដំណាំ ។ បងស្រី សាំង សៀម បាន​ចិញ្ចឹម​កង្កែប​តាម​របៀប​សាមញ្ញ​ក្នុង​រណ្តៅ​ក្រាល​ថង់​ប្លា​ស្ទិ​ក

បច្ចុប្បន្ន កសិករ​មានការ​ចាប់អារម្មណ៍​លើ​ការ​ចិញ្ចឹម​កង្កែប ព្រោះ​អាច​រក​ចំណូល​បន្ថែម​លើ​ការ​ធ្វើ​ស្រូវ​និង​ដាំ​ដំណាំ ។ បងស្រី សាំង សៀម បាន​ចិញ្ចឹម​កង្កែប​តាម​របៀប​សាមញ្ញ​ក្នុង​រណ្តៅ​ក្រាល​ថង់​ប្លា​ស្ទិ​ក រយៈពេល​៤​ខែ​អាច​ចាប់​ធ្វើ​ម្ហូប និង​លក់​បាន ដោយ​កង្កែប​៥-៦​ក្បាល មាន​ទម្ងន់​១​គីឡូក្រាម ។ សព្វថ្ងៃ នៅ​លើ​ទីផ្សារ​កង្កែប​១​គីឡូក្រាម មាន​តម្លៃ​១០.០០០​រៀល ។

បងស្រី សាំង សៀម រស់នៅ​ភូមិ​អណ្តូងរ​វៀង ឃុំ​អញ្ចាញ​រូង ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ គាត់​បាន​ចិញ្ចឹម​កង្កែប​ទទួល​បាន​លទ្ធផល​ល្អ​គួរ​ឱ្យ​កត់សម្គាល់ ។ របៀប​ចិញ្ចឹម​បង្ហាញ​ជូន​ដូច​ខាងក្រោម ៖

១-​ការ​ជ្រើស​ទីកន្លែង​ចិញ្ចឹម
ជ្រើសរើស​កន្លែង​នៅ​លើ​ដី​រាបស្មើ ស្រឡះ មិន​លិច​ទឹក​នៅ​ពេល​មាន​ភ្លៀង ឬ​ខែវស្សា កន្លែង​ស្ងាត់ ពិសេស​ឆ្ងាយ​ពី​ផ្លូវ​មនុស្ស​ដើរ ដើម្បី​ឱ្យ​ការ​ចិញ្ចឹម​បាន​ល្អ ។

២-​ការ​រៀបចំ​ទីកន្លែង
គាត់​កាប់​រណ្តៅ​ដែល​មាន​ទំហំ​ទទឹង​៣​ម៉ែត្រ បណ្តោយ​៥​ម៉ែត្រ ។ រណ្តៅ​នោះ​ខ័​ណ្ឌ​ចែក​ជា​២​រណ្តៅ​សម្រាប់​ដាក់​ទឹក ជីក​ជម្រៅ​៣​តឹក ក្រាល​កៅស៊ូ​ប្លា​ស្ទិ​ក​ដាក់​ទឹក និង​ដាំ​ស្មៅ​ជុំវិញ រួច​ដាក់​កំប្លោក​ពីលើ ។ រណ្តៅ​សម្រាប់​កង្កែបក្រាំង​មាន​ជម្រៅ​១​តឹក ក្រាល​ថង់​ប្លា​ស្ទិ​ក រួច​ដាក់​ភក់​ពីលើ និង​គ្រប​គម្រប​ពីលើ ។ នៅ​ជុំវិញ​រណ្តៅ គាត់​បាន​ធ្វើ​របង​ព័ទ្ធ​ជុំវិញ​ពី​ឫស្សី និង​ព័ទ្ធ​កៅស៊ូ​ប្លា​ស្ទិ​ក​ពី​ខាងក្នុង និង​ខាងក្រៅ ដើម្បី​ការពារ​កុំឱ្យ​កង្កែប​លោត​ចេញ ។ របង​មាន​កម្ពស់​១,៥​ម៉ែត្រ ។

៣-​ការ​ចិញ្ចឹម
ចំពោះ​កូន​កង្កែប​ដែល​គាត់​បាន​ដាក់​ចិញ្ចឹម​មាន​ចំនួន​៥៥០​ក្បាល (​ដើរ​ចាប់​តាម​ស្រែ​នៅ​រដូវវស្សា​) ។ មាន​ទំហំ​ប៉ុន​ម្រាមដៃ​ចំនួន​៣៩៦​ក្បាល និង​១៥៤​ក្បាល​ទៀត​មាន​ទំហំ​ប៉ុន​មេជើង ។

បរិមាណ​ចំណី​ដែល​គាត់​បាន​ដាក់​ឱ្យ​កង្កែប​ស៊ី ទៅ​តាម​ដំណាក់កាល​លូតលាស់​របស់​កង្កែប​។ នៅ​អាទិត្យ​ដំបូង​ចំនួន​២​គីឡូក្រាម (​ឱ្យ​ស៊ីក្នុង​មួយ​ថ្ងៃ​ម្តង​នៅ​ពេល​ព្រលប់​) ។ ប្រភេទ​ចំណី​ទាំងនោះ​មាន​ដូច​ជា ជន្លេន បាយ កន្ទក់ អាចម៍​ត្រី​លាយ​បញ្ចូល​គ្នា ។ នៅ​ពេល​យប់ គាត់​បាន​ដាក់​អំ​ពូ​ល​ភ្លើង​នៅ​ក្បែរ​រណ្តៅ ដើម្បី​ឱ្យ​សត្វ​មក​លេង​ភ្លើង ពេល​នោះ​កង្កែប​អាច​ចាប់​សត្វល្អិត​នោះ​ស៊ី​បាន (​ប្រភេទ​សត្វល្អិត​មាន​ដូច​ជា កណ្តូប ចង្រិត​) ។ នៅ​អាទិត្យ​ទី​៤ គាត់​បន្ថែម​ចំណី​ផ្សេង​ៗ​ជា​ច្រើន ដូច​ជា ក្តាម កូន​ត្រី អាចម៍​ត្រី លាយ​បញ្ចូល​គ្នា​ជាមួយ​បាយកក កន្ទក់ ជន្លេន ប្រមាណ​ជា​៣​គីឡូក្រាម ដាក់​ឱ្យ​ស៊ីក្នុង​មួយ​ថ្ងៃ​ម្តង ។ របៀប​ដាក់​ចំណី គឺ​គាត់​បាន​ក្រាលកម្រាល​ពីក្រោម ដើម្បី​កុំឱ្យ​ចំណី​កប់​ក្នុង​ភក់ ។

៤-​ការ​ថែទាំ
គាត់​ផ្លាស់​ប្តូរ​ទឹក​ក្នុង​រណ្តៅ នៅ​ពេល​វា​មាន​ក្លិន​មិនល្អ និង​ត្រូវ​ឧស្សាហ៍​ប្រមូល​កាក​សំណល់​ចំណី​ដែល​សល់​ពី​កង្កែប​ស៊ី​ចោល ដើម្បី​កុំឱ្យ​កើត​ជំងឺ ។ ឧស្សាហ៍​ចូល​បើក​ជម្រក​កង្កែប ដើម្បី​ពិនិត្យ​មើល​ក្រែង​មាន​សត្វល្អិត​ចង្រៃ​ផ្សេង​ៗ​ចូល​នៅ ។ ករណី​បើ​កង្កែប​មាន​របួស គាត់​យក​ត្រប់ពុតលំញង ឬ​ត្រប់ខារ​១​គីឡូក្រាម បុក​លាយ​ជាមួយ​ទឹក​៣០​លី​ត្រ​ដាក់​ឲ្យ​ផឹក ឬ​ហែល​លេង​២-៣​ថ្ងៃ និង​ត្រូវ​ប្តូរ​ទឹក​ចេញ បន្ទាប់​មក​ដាក់​ទៀត​រហូត​ដល់​កង្កែប​ជា ។ បើ​កង្កែប​កើត​ព្រូន​ត្រូវ​យក​ក្តាម​ទៅ​បុក​ឱ្យ​ស៊ី ឬ​លាយ​ជាមួយ​ចំណី​ឱ្យ​ស៊ី​ក៏​បាន ។

៥-​ការ​ប្រមូល​ផល
ក្រោយ​ការ​ចិញ្ចឹម​បាន​រយៈពេល​៤​ខែ​ឡើង​ទៅ កង្កែប​ធំ​អាច​យក​ទៅ​លក់​ឬ​ធ្វើ​ជា​ម្ហូប​បរិភោគ​បាន ។ កង្កែប​៥-៦​ក្បាល មាន​ទម្ងន់​១​គីឡូក្រាម ។ ដោយ​ក្នុង​១​គីឡូក្រាម លក់​បាន​តម្លៃ​៤.៥០០​រៀល ។ នៅ​ក្នុង​ឆ្នាំ​២០០៦ បន្ទាប់​ពី​ដាក់​ចិញ្ចឹម គាត់​លក់​បាន​៣០​គីឡូក្រាម (២៣០​ក្បាល​) ស្មើនឹង​១៣៥.០០០​រៀល ដោយ​មិន​គិត​ពី​ការ​ហូប​ក្នុង​គ្រួសារ​ទេ ។ គាត់​ចាប់​លក់​ជា​បន្តបន្ទាប់​នៅ​ពេល​សង្កេត​ឃើញ​កង្កែប​ធំ ។

យោបល់​បន្ថែម​របស់​អ្នកនិពន្ធ
កង្កែប​ជា​សត្វ​មាន​ប្រយោជន៍​ណាស់ វា​ជា​មិត្ត​របស់​កសិករ អាច​ជួយ​កសិករ​ក្នុង​ការ​កម្ចាត់​សត្វល្អិត​ចង្រៃ​បំផ្លាញ​ដំណាំ​បាន​យា​៉​ង​ច្រើន ។ ដូច្នេះ បងប្អូន​កសិករ​គួរ​ចិញ្ចឹម​ឱ្យ​បាន​ច្រើន ដោយ​លែង​ទៅ​ក្នុង​ចម្ការ ស្រែ​ខ្លះ ទុក​បរិភោគ និង​លក់​ខ្លះ ។ កុំ​ប្រមូល​ចាប់​ឱ្យ​អស់ពី​ស្រែ​ពេក ឬ​ចាប់​លក់​អស់​ពេក ព្រោះ​អាច​ធ្វើ​ឱ្យ​សត្វល្អិត​ចង្រៃ​កើតឡើង​កាន់តែ​ច្រើន ប្រសិនបើ​គ្មាន​ការ​ជួយ​ស៊ី​បំផ្លាញ​ពី​សត្វ​កង្កែប ។

សរុប​មក បច្ចេកទេស​សំខាន់​ៗ​ក្នុង​ការ​ចិញ្ចឹម​កង្កែប​មាន ៖
-​ជ្រើសរើស​កន្លែង​ចិញ្ចឹម​លើ​ដី​ស្រឡះ មិន​លិច​ទឹក​នៅ​ខែវស្សា
-​ជីករណ្តៅ​ទំហំ​បណ្តោយ​៥​ម៉ែត្រ ទទឹង​៣​ម៉ែត្រ ជម្រៅ​៣​តឹក ដោយ​ក្រាល​ប្លា​ស្ទិ​ក​ពីក្រោម
-​ខ័​ណ្ឌ​រណ្តៅ​ជា​២​ផ្នែក​សម្រាប់​ដាក់​ទឹក និង​សម្រាប់​កង្កែបក្រាំង
-​ផ្តល់​ចំណី​ចម្រុះ​មាន ជន្លេន បាយ កន្ទក់ អាចម៍​ត្រី ទៅ​តាម​ដំណាក់កាល​លូតលាស់​របស់​កង្កែប
-​ថែទាំ​ផ្លាស់​ប្តូរ​ទឹក​ក្នុង​រណ្តៅ ប្រមូល​កាក​សំណល់​ចោល និង​ព្យាបាល​កង្កែប​ដែល​មាន​របួស ៕