ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​ដណ្តើម​ដី​និង​ផ្ទះ​បែកផ្សែង​រហូត​ដល់​តុលាការ​រវាង​ម្តាយ​និង​កូន

8 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ លោកយាយ​វ័យ​៨៦​ឆ្នាំ ពិការ​ជើង​ដើរ​មិន​រួច​ឈ្មោះ ឡុ​ង ណ​ន នៅ​ភូមិ​ពណ្ណរាយ សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ត្រូវ​បានកូន​ប្រុស​អៀវ​ចូល​សវនាការ​នា​រសៀល​ថ្ងៃ​ទី​១៤ កញ្ញា ២០១៥

ខេត្តកំពង់ចាម ៖ លោកយាយ​វ័យ​៨៦​ឆ្នាំ ពិការ​ជើង​ដើរ​មិន​រួច​ឈ្មោះ ឡុ​ង ណ​ន នៅ​ភូមិ​ពណ្ណរាយ សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ត្រូវ​បានកូន​ប្រុស​អៀវ​ចូល​សវនាការ​នា​រសៀល​ថ្ងៃ​ទី​១៤ កញ្ញា ២០១៥ ដោយសារ​តែ​មាន​ជម្លោះ​ដណ្តើម​ដី និង​ផ្ទះ ជាមួយ​កូនស្រី​បង្កើត​របស់​ខ្លួន​ ហើយ​ល្បី​ថា​កូនស្រី​បាន​ជេរ​នូវ​ពាក្យ​ចំអាស់ចំអូង ព្រមទាំង​បណ្តេញ​ម្តាយ​ចេញពីផ្ទះ​ថែម​ទៀតផង ។

លោក យ៉េ​ត សា​រ៉ា​ន់ អាយុ​៥២​ឆ្នាំ ត្រូវ​ជា​កូន​ប្រុស​បង្កើត​របស់​លោកយាយ​បាន​ប្រាប់​ឲ្យ​ដឹង​ថា រូប​គាត់​មក​កាន់​សាលាដំបូង​ខេត្តកំពង់ចាម​នា​រសៀល​ថ្ងៃ​ខាងលើ ដើម្បី​ចូលរួម​សវនាការ​ទាមទារ​របស់ទ្រព្យ​មាន​ដី និង​ផ្ទះ​ឈើ​១​ខ្នង ​ពី​បងស្រី​របស់​គាត់​ឈ្មោះ យ៉េ​ត ថេ​ន អាយុ​៥៣​ឆ្នាំ មក​ឲ្យ​ម្តាយ​វិញ ព្រោះ​ក្រោយ​ពី​ឪពុក​បាន​ស្លាប់​រយៈពេល​១​ឆ្នាំ​ក្រោយមក បងស្រី​រូប​នេះ​បាន​បណ្តេញ​ម្តាយ​ចេញពីផ្ទះ​ដើម្បី​យក​ទ្រព្យ​តែ​ម្នាក់ឯង ។

លោក យ៉េ​ត សា​រ៉ា​ន់ ប្រាប់​បន្ត​ថា មាន​ពេល​មួយ​បងស្រី​បាន​ជេរ​ម្តាយ​នូវ​ពាក្យ​ចំអាស់ចំអូង​ពិបាក​ស្តាប់​ណាស់ ការ​ដែល​បងប្អូន​ជា​ច្រើន​នាក់​មកនេះ គឺ​ដើម្បី​ទាមទារ​ដី និង​ផ្ទះ​ប្រគល់​ជូន​ទៅ​ឲ្យ​ម្តាយ​វិញ ដែល​ពិការ​ជើង​ដើរមក​រួច​រយៈពេល​៥​ខែ​មក​ហើយ ។ ប្រសិនណាបើ​ការ​កាត់ក្តី ម្តាយ​ត្រូវ​ចាញ់កូន​នោះ រូប​លោក​មិន​សុខចិត្ត​ទេ និង​បន្ត​នាំ​ម្តាយ​ទៅ​ប្តឹង​ដល់​សាលា​ឧទរ​ណ៍​បន្ត​ទៀត ។

អ្នកស្រី យ៉េ​ត ណេ​ង អាយុ​៦៤​ឆ្នាំ ត្រូវជា​កូន​ទី​១​របស់​លោកយាយ​ប្រាប់​ឲ្យ​ដឹង​ថា បងប្អូន​របស់​គាត់​មាន​ចំនួន​៣​នាក់ បាន​ផ្តិត​មេដៃ​យល់ព្រម ប្រគល់​ដី​ទំហំ​២០​ម៉ែត្រ គុណ​៤០​ម៉ែត្រ និង​ផ្ទះ​ឲ្យ​ប្អូន​ឈ្មោះ ថេ​ន ទទួល​រាប់​រង​ចិញ្ចឹម​ម្តាយ​ចាស់ជរា​រហូត​ទាល់តែ​ស្លាប់ ដោយ​មាន​លោក​មេ​ភូមិ​ដឹង​ឮ ។ ក្នុង​នោះ​ចំណែក​ដី​១០​ម៉ែត្រ​ក៏​មាន​ចំណែក​ប្អូនស្រី​ម្នាក់​ទៀត​ដែរ តែ​ក្រោយមក​មានរឿង​បែរជា​ប្អូន​ឈ្មោះ ថេ​ន ទាមទារ​យក​ទាំងអស់ ព្រមទាំង​បណ្តេញ​ម្តាយ​ចេញពីផ្ទះ​ថែម​ទៀត និង​បាន​ជេរ​នូវ​ពាក្យ​អសុរោះ ។ ដោយសារ​តែ​មាន​សភាព​បែប​នេះ ទើប​ពួក​គាត់​ជា​កូន​ៗ​នាំ​គ្នា​ប្តឹង​មក​សាលាដំបូង​ខេត្តកំពង់ចាម​តាំងពី​មិន​ទាន់​កាត់​បំបែក​ខេត្ត​ម្លេះ ។

លោកយាយ ឡុ​ង ណ​ន អាយុ​៨៦​ឆ្នាំ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា គាត់​សូម​ទាមទារ​យក​របស់ទ្រព្យ​មក​វិញ​ខ្លះ​គ្រាន់​ចិញ្ចឹមជីវិត​រហូត​ដល់​ដង្ហើម​ចុង​ក្រោយ ដោយ​ដី​នេះ​បាន​ប្រគល់​ឲ្យ​កូនស្រី​ឈ្មោះ ថេ​ន រួច​ហើយ​នា​ពេល​កន្លង​មក ទោះជា​យ៉ាងណា​ក្តី​គាត់​គួរតែ​បាន​ខ្លះមក​វិញ ។

ជុំវិញ​ការ​ចោទប្រកាន់​នេះ​អ្នកស្រី យ៉េ​ត ថេ​ន អាយុ​៥៣​ឆ្នាំ គាត់​បាន​ឆ្លើយ​បដិសេធ​ថា​មិន​បាន​ជេរ​ម្តាយ​នោះ​ទេ ដោយ​រាល់​ថ្ងៃនេះ​គឺ​ម្តាយ​ឈ្មោះ ណ​ន រស់នៅ​លើ​ផ្ទះ​ឈើ​ជាមួយនឹង​គាត់ ដោយ​បាន​ថែ​តាំង​ពី​ដើម​រហូត​មក​ដល់​សព្វថ្ងៃ ។ ហើយ​គាត់​ក៏​មិន​បាន​បណ្តេញ​ម្តាយ​ដែល​កំពុង​តែ​មាន​ជំងឺ​ចេញពីផ្ទះ​ដែរ គឺ​សុខចិត្ត​មើលថែ​ចិញ្ចឹម​គាត់​រហូត​ទាល់តែ​ស្លាប់ មិន​ពិត​ដូច​បង​ៗ​ចោទប្រកាន់​មក​លើ​រូប​គាត់​ឡើយ ។

ប្រភព​ពី​មន្ត្រី​តុលាការ​មួយ​រូប​បានឱ្យ​ដឹង​ថា សវនាការ​ចំពោះ​រឿង​ក្តី​រវាង​ម្តាយ​និង​កូន​នេះ​ប្រកាស​លើក​ទៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា ២០១៥ ខាង​មុខ​នេះ​ ៕