ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហានជើងទឹកម្នាក់ នៅមូលដ្ឋានសមុទ្ររាម ឆ្លងកូវីដ១៩ ទោះបានចាក់វ៉ាក់សាំង ២លើក​ហើយក៏ដោយ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទព័ជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ បានប្រកាសនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១…

ខេត្តព្រះសីហនុ៖ ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទព័ជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ បានប្រកាសនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ថា មន្ដ្រីយោធារបស់មូលដ្ឋានសមុទ្ររាម​ម្នាក់ ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ-១៩។ ទាហាននោះ បានចាក់វ៉ាក់សាំងការពារជំងឺកូវិដ១៩ ចំនួន ២លើករួចមកហើយ។​

ក្នុងលិខិតផ្លូវការ​របស់ឯកឧត្តមឧត្តមនាវីឯក អ៊ុក សីហា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ដែលផ្ញើទៅ​ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹក បានបញ្ជាក់ថា មន្ដ្រីយោធារូបនោះ ឈ្មោះ សំ វិជ្ជា ភេទប្រុស ឋានន្ដរស័ក្ដ អនុសេនីយ៍ឯក មុខងារ ជំនួយការការិយាល័យបុគ្គលិក នៃអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ និងបានធ្វើសំណាកមានវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។

ក្នុងលិខិតបន្ថែមថា មន្ដ្រីយោធារូបនេះ បានមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន២លើក នៅគិលានដ្ឋាន​មូលដ្ឋានសមុទ្រ (លើកទី១ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១, លើកទី២ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១) ហើយបច្ចុប្បន្នយោធិនរូបនេះ កំពុងសម្រាកព្យាបាល គ្រប់គ្រងព្យាបាលដោយគ្រូពេទ្យខេត្តព្រះសីហនុ។

មកទល់ពេលនេះ មូលដ្ឋានសមុទ្រ បានត្រួតពិនិត្យ និងស្រាវជ្រាវរកអ្នកប៉ះពាល់ឃើញចំនួន៥នាក់បន្ថែមទៀត ដែលបច្ចុប្បន្នអ្នកទាំង៥នាក់នោះ ត្រូវបាននាំយកទៅធ្វើតេស្ដសំណាករកមេរោគកូវីដ-១៩ តាមបច្ចេកទេសសុខាភិបាល។

សូមរម្លឹកថា មកដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ យ៉ាងហោចណាស់ មានកងទ័ព ៦នាក់ហើយ បានឆ្លងជំងឺកូវិដ១៩ បើទោះបីជាកងទ័ពទាំងនោះ បានចាក់វ៉ាក់សាំងកូវីដ បានម្តង និងខ្លះបានគ្រប់ចំនួន ២ដងហើយក៏ដោយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ