រាជធានីភ្នំពេញ ៖ លោកស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ឱ្យដឹងថានៅក្នុងជំនួបសម្តែងការគួរសមជាមួយព្រះអង្គម្ចាស់ ស៊ុល តង់ Hajia AHMAD ប្រធានសហព័ន្ធកីឡាបាល់ទាត់នៃរដ្ឋប៉ាហាំង ប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី២៥ មីនា នៅវិមានសន្តិភាពនៃទីស្តីការនាយករដ្ឋមន្ត្រី សម្តេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះព្រះអង្គម្ចាស់ក៏ដូចជាបុត្រា និងគណៈប្រតិភូដែលបានយាង និងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ។
សម្តេចតេជោនាយករដ្ឋមន្ត្រីសង្ឃឹមថា ទស្សនកិច្ចនេះ នឹងជួយពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរថែមទៀត ។ ទន្ទឹមនឹងនេះសម្តេចបានរំលឹកថា កាលពីឆ្នាំ១៩៩៦ សម្តេចបានធ្វើដំណើរទៅធ្វើទស្សនកិច្ចនៅរដ្ឋប៉ាហាំង ដែលក្នុងនោះសម្តេចបានរៀនសូត្រពីការអភិវឌ្ឍនៅរដ្ឋប៉ាហាំង ដែលនៅកំពង់ផែនៃរដ្ឋនោះមានរោងចក្រកែច្នៃឈើ កៅស៊ូដើមដែលចាស់ៗអស់ជ័រ ។ ដូច្នេះហើយនៅពេលសម្តេចត្រឡប់មកវិញ បានណែនាំឱ្យមានការកែច្នៃដើមកៅស៊ូចាស់ៗឱ្យទៅជាគ្រឿងសង្ហារិមសម្រាប់ការនាំចេញដែលយើងធ្លាប់តែយកធ្វើអុស ។
ព្រះអង្គម្ចាស់ AHMAD បានថ្លែងអំណរគុណចំពោះសម្តេចនាយករដ្ឋមន្ត្រីដែលបានឆ្លៀតឱកាសដ៏មមាញឹកទទួលស្វាគមន៍ព្រះអង្គម្ចាស់ និងបុត្រ ព្រមទាំងគណៈប្រតិភូក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានេះ ហើយព្រះអង្គម្ចាស់បានអញ្ជើញសម្តេចទៅបំពេញទស្សនកិច្ចសាជាថ្មីនៅរដ្ឋប៉ាហាំង ។ ទាក់ទិននឹងការអញ្ជើញរបស់ព្រះ អង្គម្ចាស់ សម្តេចតេជោបានឆ្លើយថា សម្តេងនឹងរិះរកឱកាស ដើម្បីនឹងទៅធ្វើទស្សនកិច្ចនៅរដ្ឋប៉ាហាំងម្តងទៀត ។ ក្នុងដំណើរបំពេញទស្សនកិច្ចរបស់ព្រះអង្គម្ចាស់នៅកម្ពុជា ក៏ជាការជួយលើកទឹកចិត្តដល់វិស័យកីឡាផងដែរ ជាពិសេសកីឡាបាល់ទាត់របស់កម្ពុជាដែលសព្វថ្ងៃយុវជនកម្ពុជាកំពុងតែចូលចិត្តកីឡាដែលធ្វើឱ្យកីឡាបាល់ទាត់នេះ មានការរីកចម្រើនចាប់តាំងពីនៅតាមសាកលវិទ្យាល័យនានាក៏ដូចជាថ្នាក់ជាតិ តាមអង្គភាពផ្សេងៗ ។
នៅក្នុងកិច្ចពិភាក្សាក្នុងន័យពង្រីក ពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីសម្តេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញព្រះអង្គម្ចាស់មកបំពេញទស្សនកិច្ចនៅកម្ពុជាម្តងទៀត ដើម្បីបានអញ្ជើញទៅទស្សានប្រាសាទអង្គរវត្ត និងរមណីយដ្ឋានវប្បធម៌នានា។ ជាការឆ្លើយតបព្រះអង្គម្ចាស់បានសម្តែងនូវការរីករាយ ហើយបានយល់ព្រមថា នឹងមកកម្ពុជាសាជាថ្មីម្តងទៀត ៕
ចែករំលែកព័តមាននេះ