រាជធានីភ្នំពេញ ៖ យោងតាមការស៊ើបអង្កេតរបស់សមត្ថកិច្ចជំនាញនៃស្នងការដ្ឋានរាជធានីភ្នំពេញ សហការជាមួយនគរបាលនាយកដ្ឋានសន្តិសុខក្រសួងមហាផ្ទៃ មន្ត្រីមូលដ្ឋាន និងមន្ត្រីតុលាការនៅល្ងាចថ្ងៃទី៦ មីនា ២០១១ បានចុះឆែកឆេរលំនៅឋានរបស់ឧក្រិដ្ឋជនហុង អេនឌី មេខ្លោងផលិតគ្រឿងញៀនមួយកន្លែងទៀតស្ថិតនៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចរកឃើញមានទូដែកមួយ និងរថយន្តម៉ាក LEXUS 470 ថ្មីមួយគ្រឿងទៀត ។ ក្រៅពីនេះ ពុំឃើញមានអ្វីគួរឱ្យកត់សម្គាល់ឡើយ សូម្បីតែមនុស្សក្នុងលំនៅឋានក៏ពុំមានដែរ ។ ចំពោះលំនៅឋាន និងសម្ភារដែលសមត្ថកិច្ចបានចុះអនុវត្តខាងលើនេះត្រូវបានតុលាការចេញដីការឹបអូស និងបិទទ្វារផ្ទះទាំងស្រុងតែម្តង ។ ដោយឡែកទូដែកត្រូវបញ្ជូនទៅរក្សាទុកនៅក្រសួងមហាផ្ទៃ និងបង្កើតគណៈកម្មការសម្រេចគាស់មើលនៅព្រឹកថ្ងៃទី៧ មីនា ២០១១ នេះ ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២ មីនា ២០១១ កន្លងទៅនេះ សមត្ថកិច្ចប៉ូលិសប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ យឹម សុជាតិ សហការជាមួយអាជ្ញាធរដែនដីមានប៉ូលិសមូលដ្ឋាន មន្ត្រីសាលាខណ្ឌមានជ័យ និងមន្ត្រីតុលាការបានចុះទៅធ្វើការឆែកឆេរផ្ទះប្រពន្ធរបស់ឈ្មោះហុង អេនឌី មេខ្លោងផលិត-ជួញដូរគ្រឿងញៀននៅក្នុងសង្កាត់បឹងទំពុន និងផ្ទះម្តាយក្មេកនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ប្រតិបត្តិការឆែកឆេរលំនៅឋានទាំង២កន្លែងនេះមួយកន្លែងនៅសង្កាត់ចាក់អង្រែក្រោមជាលំនៅឋានរបស់ម្តាយក្មេកហុង អេនឌី ហើយមួយកន្លែងនៅសង្កាត់បឹងទំពុន ជាលំនៅឋានរបស់ប្រពន្ធហុង អេនឌី ។ ការឆែកឆេរទីតាំងនេះនៅសង្កាត់ចាក់អង្រែក្រោម សមត្ថកិច្ចរកពុំឃើញមានវត្ថុតាងល្មើសអ្វីឡើយ ។ ប៉ុន្តេដោយឡែកលំនៅឋាននៅបឹងទំពុន សមត្ថកិច្ចរកឃើញរថយន្តទំនើបៗ ២គ្រឿងទៀត គឺ១-ម៉ាកឡិចស៊ីស ពណ៌ខ្មៅ RX 300 និង១គ្រឿងទៀតម៉ាក ឡិចស៊ីស ពណ៌ខ្មៅ ស៊េរី៤៧០ ត្រូវបានសមត្ថកិច្ចរក្សទុក ។
ជន៣នាក់ដែលត្រូវបានឃាត់ខ្លួនឈ្មោះហុង អេនឌី ភេទប្រុស អាយុ៥១ឆ្នាំ ២-ឈ្មោះណៃ ស្រីនី ភេទស្រី អាយុ១៩ឆ្នាំ និង៣-ឈ្មោះណៃ វ៉ាន់ណែត ភេទប្រុស អាយុ១៦ឆ្នាំ ។ ជនទាំង៣នាក់នេះមានឈ្មោះហុង អេនឌី ជាមេខ្លោងផលិត និងជាម្ចាស់ទីតាំងផលិតថ្នាំញៀនចំតួ តែម្តង ត្រូវបានប៉ូលិសប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានរាជធានីភ្នំពេញ សហការជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋានតំណាងព្រះរាជអាជ្ញារាជធានី ដឹកនាំដោយលោកវរសេនីយ៍ទោយឹម សុជាតិ ប្រធានការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានរាជធានី ព័ទ្ធចាប់ខ្លួនកាលពីវេលាម៉ោងជាង១១យប់ ថ្ងៃទី២៨ កុម្ភៈ ២០១១ នៅផ្ទះដីឡូត៍គ្មានលេខមួយកន្លែង ក្រុមទី៤ សង្កាត់វាលស្បូវ ខណ្ឌមានជ័យ ប្រមូលបានសារធាតុផ្សំផលិតគ្រឿងញៀន និងឧបករណ៍ប្រើប្រាស់ជាច្រើន ហើយនៅព្រឹកនេះទៀត គឺថ្ងៃទី១ មីនា សមត្ថកិច្ចកំពុងបន្តការឆែកនៅផ្ទះខាងលើដដែល ។
ក្នុងការរុករកវត្ថុតាង និងឧបករណ៍ផលិតថ្នាំញៀនខាងលើនេះ សមត្ថកិច្ចចម្រុះបានដកហូតរថយន្ត២គ្រឿង ម៉ាកទួរីស១២កៅអី ១គ្រឿង ម៉ាកមែរសឺដែស១គ្រឿង ។ លើសពីនេះទៅទៀត ដកហូតបានឧបករណ៍ផលិតថ្នាំញៀនមួយកំប្ល៉េ ។ ដោយឡែក សារធាតុផ្សំដែលសមត្ថកិច្ចដកហូតបានមាន Pseudo ethed Zine 210ក្រាម Hydro Chloricacid ៥០កេស ស្មើនឹង១.១០០ដប Sodium Chloride ៥កេសស្មើ៦២ដប Sulfuri acide ១៥២កេស ស្មើ១៥២០ដប អាវុធខ្លីម៉ាកប្រាហា១ដើម បង់១មាន៣គ្រាប់ ។ ម៉ូតូម៉ាកអាយខនមួយគ្រឿង ម្សៅខ្មៅលាយរួចមួយធុង ព្រមទាំងសំភារៈប្រើប្រាស់មួយចំនួនធំទៀត៕
ចែករំលែកព័តមាននេះ