ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធន់ ចាន់​តាក់ ធ្វើ​ឱ្យ​ម៉ឺន ដា ហាលអាវ​នៅ​ប៉ុ​ស្តិ៍​លេខ​5

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជម្រុះ​ប្រចាំ​ស​ប្ដា​ហ៍​របស់​ព្រឹត្តិការណ៍ «​ជើងឯក Tiffy Super Fight» របស់​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ បាន​រក​ឃើញ​អ្នក​ឡើង​ទៅ​វគ្គ​១៦​នាក់​ចំនួន​២​នាក់​ទៀត​ហើយ កាលពី​ថ្ងៃអាទិត្យ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជម្រុះ​ប្រចាំ​ស​ប្ដា​ហ៍​របស់​ព្រឹត្តិការណ៍ «​ជើងឯក Tiffy Super Fight» របស់​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ បាន​រក​ឃើញ​អ្នក​ឡើង​ទៅ​វគ្គ​១៦​នាក់​ចំនួន​២​នាក់​ទៀត​ហើយ កាលពី​ថ្ងៃអាទិត្យ ទី​៦ កញ្ញា ។ ក្នុង​ចំណោម​អ្នក​ឈ្នះ​ទាំង​២ កីឡាករ​ធន់ ចាន់​តាក់ ត្រូវ​គេ​ឃើញ​ទទួល​បាន​ជោគជ័យ​ពី​ការ​ប្រកួត​ដោយ​ភាពស្វិតស្វាញ​ជាងគេ បន្ទាប់​ពី​អាច​វាយ​ឲ្យ​កីឡាករ​ម៉ឺន ដា ហាលអាវ​ដោយ​លំបាក ។

មិន​ខុស​ពី​ស​ប្ដា​ហ៍​កន្លង​ទៅ កីឡាករ​៤​រូប​ក្នុង​ចំណោម​៣២​រូប​ដែល​មានឈ្មោះ​ចូល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែក្រវាត់​នេះ​បាន​បន្ត​ប្រកួត​គ្នា​ចាញ់​ធ្លាក់​ៗ​ទៀត​ហើយ​ឆ្ពោះទៅ​រក​វគ្គ​១៦​នាក់​ជា​ជំហាន​ទី​២ ។ យឹ​ម សា​រុន មក​ពី​ក្លិប​កងពលតូច​លេខ​៣១ ត្រូវ​ហាលអាវ​ទាំង​មិន​អស់ចិត្ត​ក្រោម​ដៃ​កីឡាករ ប្រាក់ រ៉ា​ម៉ា​ញ មក ពី​ក្លិប​តា​ឯក​បាត់ដំបង​មាន​រឹទ្ធិ ។ ការ​ប្រកួត​ពួក​គេ ក្រៅពី​មាន​សភាព​ស្វិតស្វាញ​ពេញ​រយៈពេល​៣​ទឹក ក៏​មាន​ចំណុច​ទាក់ទាញ​ខ្លាំង​ណាស់​ដែរ ដោយសារ​តែ​អ្នក​ទាំង​ពីរ​សុទ្ធតែ​ប្រើ​បច្ចេកទេស​ពិសេស​ៗ​ធ្វើការ​វាយ​សន្ធាប់​គ្នា ។ ទោះជា​យ៉ាងណា ការ​ប្រកួត​របស់​គូ​ខ្សែក្រវាត់​ទី​១ រវាង​កីឡាករ​ធន់ ចាន់​តាក់ មក​ពី​ក្លិប​មជ្ឈមណ្ឌល​កីឡា​ខេមរភូមិន្ទ និង​កីឡាករ​ម៉ឺន ដា មក​ពី​ក្លិប​ខ្លារខិន​មាន​រឹទ្ធិ រឹតតែ​ធ្វើ​ឲ្យ​រញ្ជួយ​សង្វៀន​ប៉ុស្ដិ៍​លេខ​៥ នៅ​ជ្រោយចង្វា ។ ការ​ចាប់អារម្មណ៍​ទី​១ ដោយសារ​តែ​គូ​នេះ​ជា​ជំនួប​រវាង​កីឡាករ​វ័យក្មេង​ដែល​កំពុង​ឡើង​កូដ​ដូច​គ្នា ហើយ​មាន​សភាព​វាយ​សន្ធាប់ដាក់​គ្នា​ដោយ​មិន​សំចៃ​ដៃ​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ពេញចិត្ត និង​ទី​២ គឺ​កីឡាករ​ទាំង​ពីរ​ក្រៅពី​ស្វិតស្វាញ​ក្នុង​ការ​វាយតប់ ក៏​ចេះ​ឌឺ​ដាក់​គ្នា​ផង​ដែរ ។ គូ​នេះ​ស្វិតស្វាញ​តាំងពី​ដើម​ទី រហូត​ដល់​ទឹក​ទី​៣ ដោយសារ​តែ​បង្គោល​ខៀវ​ក៏​ប្រើ​អស់ពី​បច្ចេកទេស ហើយ​បង្គោល​ក្រហម ក៏​ប្រឹង​បង្អួត​ស្នាដៃ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ត្រូវចិត្ត ។

តាម​ការ​កត់សម្គាល់​កីឡាករ​ម៉ឺន ដា ខ្លាំង​បច្ចេកទេស និង​ស្នៀត​ក្នុង​ការ​វាយ​សន្ធាប់ ប៉ុន្តែ​មក​ពី​គេ​ចាញ់​កម្លាំង និង​ឆាប់​ហត់ ទើប​ធ្វើ​ឲ្យ​ការ​ប្រកួត​ប្រែ​ក្លាយជា​បាត់​ឱកាស​ក្នុង​ការ​វាយ​សង្គ្រុប ។ អ​ញ្ចឹ​ង​ហើយ​ទើប​ការ​ប្រកួត​មួយ​នេះ ធន់ ចាន់​តាក់ ក្លាយជា​អ្នក​ឈ្នះ​ពិន្ទុ ហើយ​បាន​បន្ត​ទៅ​កាន់​វគ្គ​១៦​នាក់ ដោយ​ទម្លាក់ ម៉ឺន ដា ដែល​ជា​កីឡាករ​ល្អ​ម្នាក់​ធ្វើ​ឲ្យ​គេ​មិន​អស់ចិត្ត​។ ជ័យជម្នះ​របស់ ធន់ ចាន់​តាក់ កាលពី​ល្ងាច​ថ្ងៃអាទិត្យ ក្រៅពី​ស្ដែង​ឲ្យ​ឃើញ​នូវ​ភាព​ខ្លាំងក្លា ក៏​ត្រូវ​គេ​ចាត់​ទុក​ថា​កើតឡើង​ពី​សំណាងល្អ​គួប​ផ្សំ​ផង​ដែរ ទើបបាន​បន្ត​ទៅ​កាន់​វគ្គ​១៦​នាក់​ក្នុង​ជំហាន​បន្ទាប់ ។ ប៉ុន្តែ​ផ្អែក​តាម​អ្វី​ដែល​កីឡាករ​ជើង​ថ្មី​ម្នាក់​ក្នុង​ចំណោម​ទាំង​ពីរ​នាក់​ធ្វើ​បាន គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា គេ​មាន​សមត្ថភាព និង​មាន​ថ្វីដៃ​ល្អ ទាំង​កម្លាំង​ស៊ុ​ហ្វ និង​បច្ចេកទេស​ប្រកួត ទើប​ធ្វើ​ឲ្យ​គេ​អាច​ទម្លាក់​គូប្រកួត​របស់​ខ្លួន​ឲ្យ​ហាលអាវ​ដូច​បំណង ។

ធៀប​នឹង​ជ័យជម្នះ​របស់​កីឡាករ​ធន់ ចាន់​តាក់ ដែល​បាន​ឡើង​ទៅ​វគ្គ​១៦​នាក់​ដូច​គ្នា កីឡាករ​ប្រាក់ រ៉ា​ម៉ា​ញ ក៏​ត្រូវ​គេ​មើលឃើញ​ថា​គឺជា​កីឡាករ​ល្អ​ម្នាក់​ស្ថិត​ក្នុង​អារម្មណ៍​អ្នក​ទស្សនា​ផង​ដែរ បន្ទាប់​ពី​បាន​បំបាក់​ដៃគូ​ហើយ​ឆ្ពោះទៅ​កាន់​វគ្គ​បន្ត ។ ព្រឹត្តិការណ៍​កាលពី​ថ្ងៃអាទិត្យ​នោះ​ត្រូវ​គេ​កត់​សម្គាល់ថា មាន​អ្នក​ទស្សនា​កកកុញ​ណែន​ពេញ​សាល​កីឡា Tiffy Arena នៅ​ជ្រោយចង្វា​តែ​ម្ដង ដែល​អាច​និយាយ​បាន​ថា ការ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​កាន់តែ​មាន​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ចង់​តាមដាន ៕