ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកសុន គន្ធរ ​ពិនិត្យ​​បរិមាណ​ផលស្រូវ​​ដែលស្តុក​​តាម​​រោង​ម៉ាស៊ីន​នានា

13 ឆ្នាំ មុន

ខេត្តតាកែវ​ ៖ ​ក្នុងនាម​ជា​ស្ថាប័ន​​គ្រប់គ្រង​​និង​អនុវត្ត​​គម្រោង​ឥណទាន​​នៃមូលនិធិ​ទ្រទ្រង់​​ និងអភិវឌ្ឍន៍​​វិស័យកសិ​កម្ម​កាលពីថ្ងៃទី​​២៧ កុម្ភៈ ​​ឆ្នាំ​២០១១ ​លោកសុន គន្ធរ ​ទីប្រឹក្សា​ផ្ទាល់​សម្តេច​​​អគ្គ​មហាសេនាបតីតេជោ​ហ៊ុន សែន ​​នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា ​និង​ជា​ប្រធាន​​អគ្គនាយក​​​ធនាគារ​អភិវឌ្ឍន៍​ជនបទ រួម​ដំណើរ​​ដោយ​​​មន្ត្រី​អគ្គលេខាធិការ​​​ដ្ឋាននៃ​​គណៈ​កម្មាធិការ

​ខេត្តតាកែវ​ ៖ ​ក្នុងនាម​ជា​ស្ថាប័ន​​គ្រប់គ្រង​​និង​អនុវត្ត​​គម្រោង​ឥណទាន​​នៃមូលនិធិ​ទ្រទ្រង់​​ និងអភិវឌ្ឍន៍​​វិស័យកសិ​កម្ម​កាលពីថ្ងៃទី​​២៧ កុម្ភៈ ​​ឆ្នាំ​២០១១ ​លោកសុន គន្ធរ ​ទីប្រឹក្សា​ផ្ទាល់​សម្តេច​​​អគ្គ​មហាសេនាបតីតេជោ​ហ៊ុន សែន ​​នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា ​និង​ជា​ប្រធាន​​អគ្គនាយក​​​ធនាគារ​អភិវឌ្ឍន៍​ជនបទ រួម​ដំណើរ​​ដោយ​​​មន្ត្រី​អគ្គលេខាធិការ​​​ដ្ឋាននៃ​​គណៈ​កម្មាធិការ​​​ជាតិជម្រុញ​​ចលនា​ភូមិ​​​១ ផលិត​ផល​​១ ​បានចុះ​ពិនិត្យ​​បរិ​មាណ​​​ស្រូវ​​​ស្តុកនៅ​តាម​​រោងម៉ា​ស៊ីន​​កិនស្រូវ និ​ងឃ្លាំង​​មួយចំនួន​របស់​​សមាជិក​​​សមាគម​ម៉ាស៊ីន​​កិនស្រូវ​​ខេត្តតាកែវ ​​ដែលបាន​ទទួល​​​ឥណទាន​​នៃគម្រោង​​​​មូលនិធិ​​ទ្រទ្រង់​​ និង​អភិវឌ្ឍន៍​​វិស័យ​​កសិ​កម្ម​សម្រាប់ការ​​​ប្រមូល​​ទិញ​ស្រូវ​​​ចូលរួមទប់ស្កាត់​​ការហូរចេញ​​​ស្រូវ​ទៅក្រៅ​​​ប្រទេស​នា​​រដូវ​ប្រមូលផល និង​លើកស្ទួយ​ការកែ​ច្នៃ​ក្នុងស្រុក​​ដើម្បី​​បង្កើន​នូវ​​តម្លៃ​​បន្ថែម ។​

គោលបំនង​នៃការចុះ​​បំពេញ​ការងារ​នេះ ​គឺដើម្បី​​ពិនិត្យ​​ជាក់ស្តែង​​នូវបរិ​មាណ​​​ស្រូវដែល​សមា​គម​​​ម៉ាស៊ីន​​កិនស្រូវ​ខេត្ត​​តាកែវ បាន​ប្រមូល​​ទិញពី​​ប្រជា​កសិករ ​​សម​ស្រប​ទៅនឹង​ចំនួន​​ឥណ​ទាន​​​ដែល​ទទួលបាន​​ពី​​ធនាគារ​អភិវឌ្ឍន៍​ជនបទ ។​ ក្នុងពេលចុះ​​​ពិនិត្យ​នេះ ​ក្រុមការងារ​​បាន​​សង្កេត​ឃើញ​​មានបរិមាណ​​​ស្រូវស្តុកទុកនៅ​តាម​រោង​​ម៉ាស៊ីន​​​កិនស្រូវ និងឃ្លាំង​មួយ​ចំនួនក្នុងខេត្ត​​តាកែវ​នេះ​ ដែលក្នុងនោះ​​​ដូចជា​រោងម៉ាស៊ីន​​កិន​ស្រូវ​​ លោកដួង ហេង មាន​​បរិ​មាណស្រូវ​​ស្តុក​​ប្រមាណ​​​៨០០តោន ​និងរោងម៉ាស៊ីន​​ភាជ ​សុផាត ​មាន​បរិមាណស្រូវ​​ស្តុកប្រមាណ​​៥០០​តោន និង​​​អង្ករ​ចំនួន​​១០០តោន ។​

លោក​ដួង ហេង​​ ប្រធាន​​សមាគម​ម៉ាស៊ីន​​កិន​ស្រូវ​​ខេត្តតាកែវ ​បាន​ឱ្យ​​ដឹង​ថា នៅរដូវ​ប្រមូល​ផល​​ស្រូវរដូវវស្សា​​ឆ្នាំ​២០១០​នេះ ​សមាគម​ម៉ា​ស៊ីន​​កិនស្រូវ​​​ខេត្ត​តាកែវ ​ដែលមាន​​រោងម៉ាស៊ីន​​កិនស្រូវ​ចំនួន​១០​​​ ជាសមាជិក​​បានប្រមូល​ទិញ​ស្រូវ​​​ពីប្រជ​ាកសិករ​រ​បាន​ចំនួន​​១២.០០​០តោន ​​ជាប្រភេទ​​​ស្រូវនា​ងមិញ ​ក្នុងតម្លៃ​​ជា​​មធ្យម​​១.០០០​​រៀល ​ក្នុង​១គីឡូក្រាម ​​ស្មើនឹង​​​ប្រមាណ​​​២៥០​ដុល្លារ ​​ក្នុង​១តោន ។ ​ដោយសារ​ពុំ​ទាន់​​មាន​​​ម៉ាស៊ីន​​​កែច្នៃ​​អង្ករទំនើប​​ សមាជិក​​ទាំងនោះ​​​​បានកែ​ច្នៃ​​ជា​អង្ករ​​សម្រាប់តែ​​ផ្គត់ផ្គង់​​ក្នុងស្រុក​តែ​ប៉ុណ្ណោះ​ ហើយ​​ក៏​មាន​​ការ​លក់​ចេញ​ជាស្រូវ​ខ្លះ ដើម្បី​​​បង្វែ​​​រ​ទុនមួយ​ចំនួន​​សម្រាប់​ការ​ប្រមូល​ទិញ​ស្រូវ​​ប្រាំង​បន្ត ។ ​បច្ចុប្បន្ន​​​សមាគម​​មានស្រូវ​​​សល់​ក្នុង​ស្តុក​ចំនួន​​២.៦៣០​តោន ហើយ​​ក៏កំពុង​​ត្រៀម​​​​ប្រមូលទិញ​​​ស្រូវប្រាំង​​ប្រភេទ IR ដែល​នៅ​​​​​ដើម​រដូវ​នេះ​​គឺមានតម្លៃ​​​ជា​មធ្យម​​ពី​១.០០​០​រៀល ​​ក្នុង​១គីឡូក្រាម ។

លោកសុន​ គន្ធរ​ ​បានមានប្រសាសន៍​​​ណែ​នាំ​ដល់​សមាគម​​ម៉ាស៊ីន​កិនស្រូវ​​ខេត្តតាកែវ ​គឺ​ធ្វើ​យ៉ា​ងណា​​​​ខិតខំចូលរួម​អនុវត្ត​​គោលនយោ​បាយ​​ស្តីពីការ​​​ជម្រុញ​​ផលិត​ក​ម្មស្រូវ ​និងការនាំ​ចេញ​​​​អង្ករ​​របស់​រាជ​រដ្ឋាភិបាល​​ឱ្យទទួលបាន​​ជោគ​ជ័យ ​ពិសេសគឺ​​​ការប្រើប្រាស់​​​ឥណទាន​​ឱ្យ​ចំ​គោល​ដៅ​​​ និងប្រមូល​ទិញស្រូវ​ពី​ប្រជា​កសិករ​​ឱ្យ​​​បាន​ទាន់ពេលវេលា ​​ឆ្លើយ​តប​​ទៅនឹង​ការ​ខិតខំ​​ប្រឹង​ប្រែង​​​​របស់រាជ​រដ្ឋាភិបាល​​​ដែលបាន​​​ស្វះ​ស្វែង​​រក​​ទុន​ជួយ​ផ្តល់​ដល់​​រោង​ម៉ាស៊ីន​​ទាំង​នោះ ។​ លោក​ក៏​បានណែនាំ​ឱ្យ​សមាជិកសមាគម​ម៉ាស៊ីន​​កិនស្រូវ​​ខេត្តតាកែវ ​រួមគ្នា​​​សិក្សា​លើ​គម្រោង​ ក្នុង​ការ​រៀបចំ​ម៉ាស៊ីន​​​កែច្នៃ​​​ឱ្យមាន​លក្ខណៈ​​ទំនើប​​ស្រប​តាម​ស្តង់ដា​​ ព្រមទាំងសម្ងួត​ដើម្បី​រួម​ចំណែក​​កែ​ច្នៃ​អង្ករ​នាំ​ចេញ​ទៅ​កាន់​​ទី​​ផ្សារ​​បរទេស ​ព្រោះ​ថា ខេត្តតា​កែវ​ដែល​ជា​ខេត្ត​ផលិត​​ស្រូវ​មួយ​ដ៏​ច្រើន​នោះ​ពុំ​ទាន់​មាន​ឡ​​សម្ងួត និង​​មា៉សី​ុន​កែ​ច្នៃ​​ស្រូវ​-អង្ករ​ទំនើប​​ឡើយ។ ​លោក​សុន គន្ធរ ​ក៏​បាន​ទៅ​ពិនិត្យ​​ឃ្លាំង​របស់​ទី​ផ្សារ​​ស្រូវ​ខេត្ត​តា​កែវ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ស្នោ ឃុំ​រកា​ក្នុង ស្រុក​ដូន​កែវ ​ដែល​មាន​សមត្ថ​ភាព​ស្តុក​ស្រូវ​បាន​ចំនួន​៥.០០០​តោន ។

ក្រុម​ការ​​ងារ​ក៏​បាន​ចុះ​ពិនិត្យ​​ផ្សារ​កសិ​ផល​ សុខ អាន ​ទន្លាប់​-មជ្ឈ​មណ្ឌល​​ភូមិ​១​ផលិត​ផល​១ គិរី​វង់ ដែល​គ្រោង​រៀប​ចំ​ដំណើរ​ការ​ឱ្យ​កសិ​ករ​​​ចូល​លក់​ដូរ​ចាប់​ពី​ថ្ងៃ​​ទី​២៧ កុម្ភៈ នេះ​តទៅ។ ​
​ឆ្លៀត​ក្នុង​ឱកាស​នោះ​លោក​សុន ​គន្ធរ ​និង​សហ​ការី​ក៏​បាន​អញ្ជើញ​ទៅ​ស្វែង​យល់​អំពី ការ​ធ្វើ​ស្រែ​​បង្ហាញ​ក្រោម​កម្ម​វិធី​សហ​ប្រតិ​បត្តិ​ការ​​រវាង​ខេត្ត​អាន​យា៉ង ប្រទេ​សវៀត​ណាម ​និង​ខេត្ត​តាកែវ ​ប្រទេស​កម្ពុជា ។ ​ស្រែ​បង្ហាញ​នេះ​បាន​អនុ​វត្ត​សាក​ល្បង​លើ​ផ្ទៃ​ដី​ចំនួន​១៨,៤​ហិកតា ​សម្រាប់​កសិ​ករ​ចំនួន​២១​គ្រួសារ ​នៅភូមិ​ទទឹង ឃុំ​ភ្នំ​ដិន ស្រុក​គិរី​វង់ ​ខេត្ត​តាកែវ ​ដោយ​ភាគី​វៀត​ណាម​បាន​ផ្តល់​​ពូជ​ស្រូវ​ប្រភេទ IR ដែល​​មាន​ឈ្មោះ OM 4218 ជី និង​ជួយ​ជា​បច្ចេក​ទេស​ ។ ទិន្ន​ផល​ដែល​​ទទួល​បាន​ពី​ស្រែ​បង្ហាញ​នេះ​គឺ​ពី​៨​តោន​​ទៅ​៩​តោន​ក្នុង​១​ហិកតា ​ហើយ​បើ​ប្រៀប​​ធៀប​នឹង​ការ​ធ្វើ​ស្រែ​ធម្ម​តា​​តាម​ទម្លាប់​​របស់​ប្រជា​កសិ​ករ​ គឺ​ទទួល​បាន​​ទិន្ន​ផល​តែ​ពី​៤,៥​ទៅ​៥​តោន​ក្នុង​១​ហិកតា ។ ជួប​សំណេះ​ជា​មួយ​លោក​លឿង ឡេ​ភឿង អនុ​រដ្ឋ​មន្ត្រី​​ក្រសួង​កសិ​កម្ម​ប្រទេស​វៀត​​ណាម ដែល​បាន​អញ្ជើញ​​មក​ចូល​រួម​ក្នុង​ពិធី​បូក​សរុប​លទ្ធ​ផល​​​ស្រែ​​បង្ហាញ​នេះ លោក​សុន គន្ធរ ​​បាន​ថ្លែង​អំណរ​​គុណ​ចំពោះ​​ភាគី​វៀត​ណាម​ដែល​​បាន​ជួយ​ផ្តល់​នូវ​បច្ចេក​ទេស​ដាំ​ដុះ​ថ្មី​ដល់​​ប្រជា​កសិ​ករ​កម្ពុជា​ ​ដើម្បី​បង្កើន​ទិន្ន​ផល​ស្រូវ ហើយ​លោក​ក៏​បាន​ស្នើ​ដល់​​ភាគី​​វៀត​ ណាម​​បន្ត​សហ​ការ​ជា​មួយ​ក្រសួង​កសិ​កម្ម​កម្ពុជា ក្នុង​ការ​ពិនិត្យ​​លទ្ធ​ភាព​ពង្រីក​ និង​ផ្សព្វ​ផ្សាយ​បច្ចេក​ទេស​ថ្មី​នេះ​ដល់​តំបន់​​ផ្សេងៗ​ទៀត​នៅ​កម្ពុជា ជា​ពិសេស​​នៅ​ខេត្ត​កំពង់​ធំ​ដែល​មាន​ផ្ទៃ​ដី​ធ្វើ​ស្រែ​ប្រាំង​ច្រើន និង​មាន​ប្រព័ន្ធ​ធារា​សាស្ត្រ​​ផ្គត់​ផ្គង់​ទឹក​​គ្រប់​គ្រាន់​ ។ លោក​លឿង​ ​ឡេ​ភឿង អនុ​រដ្ឋ​មន្ត្រី​​ក្រសួង​​កសិ​កម្ម​ប្រទេស​វៀត​ណាម ក៏​បាន​ឯក​​ភាព​លើ​សំណើ​នេះ​ដែរ៕