កាសែតបាងកកប៉ុស្តិ៍របស់ថៃផ្សាយជាភាសាអង់គ្លេសនៅថ្ងៃទី២៣ មីនា ចេញផ្សាយព័ត៌មានដោយដកស្រង់សម្តីប្រមុខយោធាថៃឧត្តមសេនីយ៍ប្រាយុទ្ធចាន់អូចា ដែលថ្លែងនៅថ្ងៃទី២៣ មីនា នោះថា រដ្ឋមន្ត្រីក្រសួងការពារប្រទេសលោកប្រាវីត វង្សសុវុន និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងអស់បានងាកទៅរកការមិនអនុញ្ញាតឱ្យអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីចូលតំបន់ផ្ទៃដីទំហំ៤,៦គីឡូម៉ែត្រការ៉េ ដែលមានជម្លោះជាមួយកម្ពុជាឡើយ ។
លោកប្រាយុទ្ធ អះអាងដូច្នេះរយៈពេលមួយថ្ងៃក្រោយពីលោកលើកឡើងថា រូបលោក និងលោកប្រាវីត នឹងមិនទៅចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅដែលរៀបចំឡើងនៅក្នុងទីក្រុងបូហ្គ័រ ប្រទេសឥណ្ឌូណេស៊ី ពេលខាងមុខនេះទេ ។
ប្រមុខយោធាថៃរូបនេះថ្លែងទៀតថា មន្ត្រីជាន់ខ្ពស់ថៃចង់ឱ្យជម្លោះរវាងប្រទេសថៃ និងប្រទេសកម្ពុជាត្រូវដោះស្រាយតាមរយៈការចរចាទ្វេភាគីដោយពុំមានការជាប់ពាក់ព័ន្ធពីភាគីទី៣ឡើយ ។ លោកប្រាយុទ្ធ ថ្លែងឱ្យដឹងទៀតថា កងទ័ពថៃបានធ្វើសំណើមួយជូនភាគីកម្ពុជាតាមរយៈក្រសួងការបរទេស ដែលក្នុងសំណើនោះថា ប្រសិនបើមានប៉ុស្តិ៍ឆែកឆេររួមនៅលើផ្ទៃដីមានជំលោះអ៊ីចឹង មជ្ឈមណ្ឌលពិសេសគួរតែត្រូវបង្កើតឡើង ដើម្បីសម្របសម្រួលកិច្ចសហប្រតិបត្តិការ ហើយមជ្ឈមណ្ឌលនោះត្រូវគ្រប់គ្រងដោយទាហានថៃ និងទាហានកម្ពុជាប៉ុណ្ណោះ ដូច្នេះវាមិនបាច់ឱ្យមានអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីនោះទេ ។
លោកប្រាយុទ្ធ ថ្លែងទៀតថា ប្រសិនបើកម្ពុជានៅតែទទូចចង់បានអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី ដូច្នេះអ្នកសង្កេតការណ៍ទាំងនោះត្រូវតែបំពេញកាតព្វកិច្ចរបស់ខ្លួននៅក្រៅតំបន់មានជំលោះបានហើយ ។ លោកប្រាយុទ្ធ ចោទសួរថា «ហេតុអ្វីបានជាអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី ចង់ចូលតំបន់នោះពីព្រោះជាកន្លែងគ្មានសុវត្ថិភាពទេ» ៕
ចែករំលែកព័តមាននេះ