ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​សង្ខេប​របស់​លោក​រី​ម គី​ន អ្នកនិពន្ធ​រឿង «​សូ​ផាត​» ដ៏​ល្បី

8 ឆ្នាំ មុន

យោង​តាម​សៀវភៅ «​អក្សរសិល្ប៍​ខ្មែរ​សតវត្ស​ទី​២០ កវីនិពន្ធ និង​កម្រង​អត្ថបទ​» បង្ហាញ​ថា លោក​រី​ម គី​ន កើត​ថ្ងៃ​ទី​៨ វិច្ឆិកា ឆ្នាំ​១៩១១ នៅ​សង្កាត់​ទី​៥ ក្រុងភ្នំពេញ ។ ឪពុក​ឈ្មោះ​គី​ម ជា​ចៅហ្វាយខេត្ត​កំពង់ស្ពឺ

យោង​តាម​សៀវភៅ «​អក្សរសិល្ប៍​ខ្មែរ​សតវត្ស​ទី​២០ កវីនិពន្ធ និង​កម្រង​អត្ថបទ​» បង្ហាញ​ថា លោក​រី​ម គី​ន កើត​ថ្ងៃ​ទី​៨ វិច្ឆិកា ឆ្នាំ​១៩១១ នៅ​សង្កាត់​ទី​៥ ក្រុងភ្នំពេញ ។ ឪពុក​ឈ្មោះ​គី​ម ជា​ចៅហ្វាយខេត្ត​កំពង់ស្ពឺ និង​ម្តាយ​ឈ្មោះរ​សា ។ លោក​រី​ម គី​ន បាន​រៀប​ការ​ជាមួយ​អ្នកស្រី​សិន ហៅ​ស៊ី​មន នៅ​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​១៩៣៥ ។

លោក​រី​ម គី​ន ចូល​រៀន​នៅ​វត្ត​ស្វាយ​ដង្គុំ ក្នុង​សំណាក់​លោកគ្រូ «​សាំង​»​ជា​ឪពុកមា ហើយ​បាន​រៀន​អាន​សាស្ត្រា​ច្បាប់ និង​សាស្ត្រា​រឿង​ជា​ច្រើន ។ នៅ​វត្ត​លោក​រី​ម គី​ន បាន​ក្រេប​រសជាតិ​លទ្ធិពុទ្ធ​សាសនា និង​ស្គាល់​ជីវភាព​នៅ​វត្ត​ច្បាស់ ។

នៅ​អាយុ​១០​ឆ្នាំ លោក​រី​ម គី​ន បាន​ផ្លាស់​ឈ្មោះ​ថា «​គិ​ម កាំ​ង​» ហើយ​បាន​ចុះ​ឈ្មោះ​រៀន​នៅ​សាលា​ដែល​បារាំង​បង្កើត ឈ្មោះ​សាលា​«​ឌូ​ដា​ដឺ​ឡា​គ្រេ​» ។ ក្រោយមក​ដោយ​មេឃុំ​សរសេរ​ឈ្មោះ​ខុស «​គិ​ម កាំ​ង​»​ទៅ​ជា «​រី​ម គី​ន​វិញ​» ។ លោក​រី​ម គី​ន បាន​រៀន​ចប់​នៅ​សាលា​ឌូ​ដា​ដឺ​ឡា​គ្រេ ហើយ​ប្រឡង​ចូល​រៀន​នៅ​អនុ​វិទ្យាល័យ​ស៊ី​សុវត្ថិ​នៅ​ឆ្នាំ​១៩២៩ ។

បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ថ្នាក់​ទី​៤ លោក​រី​ម គី​ន ធ្វើ​គ្រូបង្រៀន​នៅ​ខេត្តបាត់ដំបង ហើយ​មួយ​ឆ្នាំ​ក្រោយមក​លោក​បាន​ផ្លាស់​ទៅ​ភ្នំពេញ​វិញ ។

លោក​រី​ម គី​ន មាន​តួនាទី​ជា​អនុរក្ស​នៅ​អនុ​វិទ្យាល័យ​ស៊ី​សុវត្ថិ​នា​ឆ្នាំ​១៩៣៤ ហើយ​បន្ទាប់​មក​បាន​ទៅ​បង្រៀន​នៅ​សាលា​ចាក់​អង្រែ ។ រាជការ​បាន​ផ្លាស់​លោក​រី​ម គី​ន ឱ្យទៅ​បង្រៀន​នៅ​សាលា​មុនី​វង្ស នា​ឆ្នាំ​១៩៤៦ ហើយ​រហូត​ដល់​ឆ្នាំ​១៩៤៧ បាន​ផ្លាស់​ទៅ​ភ្នំពេញ​បង្រៀន​នៅ​សាលា​គរុវិជ្ជា ។ លោក​រី​ម គី​ន​ធ្លាប់​បង្រៀន​ភាសា​ខ្មែរ​នៅ​សាលា​នាយទាហាន សាលា​ដេ​កាត (១៩៥៥-១៩៥៦) និង​សាលា​ភូមិន្ទ​រដ្ឋបាល (១៩៥៧) ។

លោក​រី​ម គី​ន ក្រេបជញ្ជក់​ចំណេះដឹង​ពី​សៀវភៅ​បរទេស ជា​ពិសេស​សៀវភៅ​បារាំង​។ លោក​រី​ម គី​ន​មាន​និស្ស័យ​លើ​ការ​សរសេរ​តាំងពី​អាយុ​ជិត​១៨​ឆ្នាំ គឺ​ពេល​ចូល​រៀន​ក្នុង​អនុ​វិទ្យាល័យ​ស៊ី​សុវត្ថិ​នា​ឆ្នាំ​១៩២៩-១៩៣០ ។

អនុ​វិទ្យាល័យ​ស៊ី​សុវត្ថិ​ជា «​អនុ​វិទ្យាល័យ​ឥណ្ឌូចិន​» ហើយ​មាន​សិស្ស​វៀតណាម​ច្រើន​មិន​ចាញ់​សិស្ស​ខ្មែរ​យើង​ទេ ។ ប្រទេស​វៀតណាម​ស្ថិត​ក្រោម​អាណានិគម​បារាំង​ដូច​កម្ពុជា​ដែរ តែ​មាន​អ្នកនិពន្ធ​ច្រើន ហើយ​សៀវភៅបោះពុម្ព​ផ្សាយ​ក៏​មាន​ច្រើន​ដែរ ។ នៅ​តាម​ផ្លូវ​ប្រជុំជន​ក្នុង​ទីក្រុង សៀវភៅ​ចិន​និង​វៀតណាម​មាន​លក់​ពាសពេញ ។ ដោយ​ពុំ​ចង់ឱ្យ​ចាញ់​ជាតិ​គេ​តទៅ​ទៀត លោក​រី​ម គី​ន ហាត់សរសេរ បន្តិច​ម្តង​ៗ​ពី​ទេសភាព​ខ្លះ ពី​មនោសញ្ចេតនា​ខ្លះ ជា​ពាក្យកាព្យ ហើយ​តែងតែ​យក​អាន​ធ្វើ​បទ​នៅ​ពេល​ចេញលេង ឬ​នៅ​ពេល​យប់ ។ ជំនក់​ចិត្ត​ចំពោះ​ការ​តាក់តែង​បណ្តាល​ឱ្យ​ការ​សិក្សា​ទូទៅ​ថមថយ ។ ជំនក់​ចិត្ត​ចំពោះ​ការ​តែង​និពន្ធ បាន​ដុត​រោល​លោក​រី​ម គី​ន​យា​៉​ង​ខ្លាំង ហើយ​លោក​ល្បង​យក រឿង «​ចៅ​ក្តាំង​បាយ​» សរសេរ​ជា​ថ្មី​នៅ​ពេល​លោក​រៀន​នៅ​ឆ្នាំ​ទី​៣​។ លោក​រី​ម គី​ន យក​ស្នាដៃ​នេះ​ទៅ​បង្ហាញ​សាស្ត្រាចារ្យ​អក្សរសាស្ត្រ​របស់​លោក​ហើយទទួល​បានការ​សរសើរ​ពី​សាស្ត្រាចារ្យ​នោះ ។

លោក​រី​ម គី​ន ចាប់ផ្តើម​សរសេរ រឿង «​សេនា​កំសត់​» បាន​មួយ​ផ្នែក លុះដល់​ឆ្នាំ​១៩៥១ ទើប​សរសេរ​បញ្ចប់​ដោយ​កែប្រែ​ឆ្ងាយ​ពី​គំនិត​ដើម ។ នៅ​បាត់ដំបង​លោក​រី​ម គី​ន នឹក​ចង់​បង្កើត «​ឡា​វ៉ា ឬ​មនុស្ស​កំណាញ់​របៀប​ខ្មែរ​» ហើយ​ក៏​បាន​សម្រេច ។ នៅ​ភ្នំពេញ​ក្រោយ​ពី «​រឿង​ខ្ញុំ​»​មក លោក​រី​ម គី​ន​បាន​សរសេរ​រឿង «​ឱ្យ​ស្គាល់​…» ជា​ពាក្យកាព្យ​ទៀត ។

នៅ​ដំណាច់ឆ្នាំ​សិក្សា ១៩៣៣-១៩៣៤ សិស្សសាលា​រៀបចំ​សម្តែង​ល្ខោន​ដើម្បី​ទុកជា​អនុស្សាវរីយ៍​មុន​ពេល​លាចាក​អនុ​វិទ្យាល័យ ហើយ​លោក​រី​ម គី​ន ក៏​សរសេរ​រឿង «​កូន​អ្នក​កាប់​ឧស​» ជា​ពាក្យកាព្យ​ដើម្បី​យក​ទៅ​សម្តែង ។

ក្រោយ​ពី​ពិភាក្សា​ជាមួយ​មិត្តភក្តិ ខ្លះ​ៗ​មក និង​ដោយ​យល់​អត្ថប្រយោជន៍រ​បស់ពាក្យសម្រាយ លោក​រី​ម គី​ន​បាន​សរសេរ​រឿង​ខ្លី​ៗ  ហើយ​បាន​ផ្សាយ​ជូន​មហាជន​ស្តាប់​តាម​រយៈ «​សំឡេង​វិទ្យុ​កម្ពុជា​» និង​តាម​ទស្សនាវដ្តី «​រាត្រី​ថ្ងៃ​សៅរ៍​» ។

លោក​រី​ម គី​ន បាន​សរសេរ​រឿងល្ខោន​មួយ​មាន​ចំណងជើង​ថា «​មនុស្ស​គម​ទាំង​៤» នា​ឆ្នាំ​១៩៣៧ ដើម្បី​ឆ្លើយ​តប​នឹង​សេចក្តី​ត្រូវការ​របស់ «​សមាគម​សិស្ស​ចាស់ និង​មិត្ត​នៃ​អនុ​វិទ្យាល័យ​ស៊ី​សុវត្ថិ​»​សម្រាប់​យក​ទៅ​សម្តែង​ល្ខោន ។

នៅ​ឆ្នាំ​១៩៣៨ លោក​រី​ម គី​ន​បាន​សរសេរ​រឿង «​សូ​ផាត​» ។ តាម​សេចក្តី​ស្នើ​សុំ​របស់​អ្នកនិពន្ធ គណៈរដ្ឋមន្ត្រី​បាន​អនុញ្ញាត​ឱ្យ​បោះពុម្ពផ្សាយ ។ ដោយ​ខ្វះ​ប្រាក់​ក្នុង​ឋានៈ​ជា​សមាជិក​ម្នាក់​នៃ «​សមាគម​សិស្ស​ចាស់ និង​មិត្ត​នៃ​អនុ​វិទ្យាល័យ និង​វិទ្យាល័យ​ស៊ី​សុវត្ថិ​» លោក​រី​ម គី​ន បាន​ខ្ចីប្រាក់​ពី​ហឹប​សមាគម​ចំនួន​៣០០​រៀល យក​ទៅ​បោះពុម្ព​រឿង «​សូ​ផាត​» ។  នៅ​ខែមករា ឆ្នាំ ១៩៤២ បាន​យក​រឿង សូ​ផាត​ពី​រោង​ពុម្ព «​មាន់​សាន់​» នៅ​ច្រើ​ឡឺ​ង (​ប្រទេស​វៀតណាម​ខាងត្បូង​) ចំនួន​២.០០០​ក្បាល​មក​ដល់​ប្រទេស​កម្ពុជា ។ ប្រលោមលោក​ទី​១​របស់​ខ្មែរ​នេះ​បាន​អង្រួន​ស្មារតី​អ្នក​អាន​ពេញ​ទាំង​ផ្ទៃ​ប្រទេស​និង​ក្រៅប្រទេស ។ ស្នាដៃ​នេះ​ធ្វើ​ឱ្យ​លោក​រី​ម គី​ន ទទួល​បានការ​សរសើរ​ពី​គ្រប់​ទិស​ទី ។ សៀវភៅ​ចំនួន​២​ពាន់​ក្បាល​លក់​អស់ពី​បណ្ណាគារ​តែ​ក្នុង​រយៈ​៦​ខែ​ប៉ុណ្ណោះ ។ ប្រាក់​បាន​ពី​ការ​លក់​សៀវភៅ អ្នកនិពន្ធ​រី​ម គី​ន យក​ទៅ​សង​សមាគម​វិញ ហើយ​ប្រាក់​ចំណេញ​ទិញ​បាន​កង់​មួយ ។ តាម​រយៈ​រឿង​សូ​ផាត រាជការ​បាន​ប្រគល់​គ្រឿង​ឥស្សរិយយស​មុនី​សារភណ្ឌ​ដល់​លោក​រី​មគី​ន ។  លោក​រី​ម គី​ន បាន​និពន្ធរឿង នាង​«​សមា​ភា​វី​» ក្នុង​ឆ្នាំ១៩៤៣ និង​បាន​ប្រែ​រឿង «​អ្នកត្រកូល​ខ្ពស់​ម្នាក់​ជា​អ្នកក្រ​»​។ ក្នុង​ឆ្នាំ​១៩៤៤-១៩៤៥ លោក​រី​ម គី​ន​បាន​តែងរឿង​ល្ខោន​មួយ​តាម​លំនាំ​លោក «​មូលីយែ​រ​» គឺ​រឿង​«​អ្នក​កុ​ដុ​​ម្ពិ​កៈមន្ត្រីកិត្តិយស​» ដែល​សិស្សសាលា​គរុវិជ្ជា យក​ទៅ​សម្តែង​ក្នុង​ពិធីបុណ្យ​កឋិន និង​ក្នុង​រាត្រីសមោសរ​មួយ ។ រឿងល្ខោន​ឯទៀត​ដែល​លោក​រី​ម គី​ន​និពន្ធ​គឺ «​ថ្លាង​ធ្លុះធ្លាយ​» «​ក្បាល​គ្នា​ទំពែក​ទេ​» និង​«​កំលោះ​អាយុ​៥០​ឆ្នាំ​» ។

ក្នុង​ឆ្នាំ​១៩៤៦ នៅ​ពេល​បោះ​ឆ្នោត​តំណាងរាស្ត្រ លោក​រី​ម គី​ន​បាន​សរសេរ​រឿង​មួយទៀត​យក​ទៅ​សម្តែង​ក្នុង​ការ​ឃោសនា​គណបក្ស​ប្រជាធិបតេយ្យ គឺ​រឿង «​គុន​វុ​ឌ្ឍី​»  ។ រឿង​មួយទៀត​គឺ​រឿង  «​វិស្សមកាល​»  បាន​សរសេរ និង​សម្តែង​ឡើង​នៅ​ក្នុង​រាត្រីសមោសរ​ជួយ​សង្គហ​និស្សិត​ខ្មែរ ។

ឆ្នាំ​១៩៤៧ រឿង «​ចិត្ត​ចង​ចាំ​» ត្រូវ​លោក​រី​ម គី​ន តែង​សម្រាប់​សម្តែង​ក្នុង​រាត្រីសមោសរ​មួយ ហើយ​យក​ទៅ​ប្រឡង​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ។ រឿង «​ប្លង់តុង​ងោក​» របស់​លោក​ញឹក នូ ជាប់​ចំណាត់ថ្នាក់​លេខ​២ និង​រឿង «​វិស្សមកាល​» របស់​លោក​រី​ម គី​ន ជាប់​ចំណាត់ថ្នាក់​លេខ​៣ ។ ឆ្នាំ​១៩៤៨ លោក​រី​ម គី​ន បាន​សរសេរ​រឿងល្ខោន​មួយទៀត​មាន​ចំណងជើង​ថា «​លួច​ស្រឡាញ់​លួច​កើតទុក្ខ​» ត្រូវ​សិស្សសាលា​គរុវិជ្ជា​យក​ទៅ​សម្តែង ហើយ​នៅ​ឆ្នាំ​១៩៥៦ សមាគម​អ្នកនិពន្ធ​ខ្មែរ​បាន​យក​ទៅ​សម្តែង​នៅ​ក្បាលថ្នល់ នៅ​តា​ខ្មៅ និង​នៅ​ភ្នំពេញ ។

ក្នុង​ឆ្នាំ​១៩៤៩ លោក​រី​ម គី​ន បាន​សរសេរ​រឿង «​ក្លាហាន​» បោះពុម្ពផ្សាយ​នា​ឆ្នាំ​១៩៥៣ ។  រឿង «​ស្ត្រី​កំព្រា​» បោះពុម្ពផ្សាយ​ក្នុង​ឆ្នាំ​១៩៥១​។ ក្នុង​ឆ្នាំ​១៩៥០ តែងរឿង «​ទឹងមមឹង​» បាន​បោះពុម្ពផ្សាយ និង​ក្នុង​ឆ្នាំ​១៩៥៣ រឿង «​រាជកុមារ​» មិន​បាន​បោះពុម្ព​ទេ ។

ឆ្នាំ​១៩៥១ លោក​រី​ម គី​ន​បាន​និពន្ធ​រឿង «​នាង​រតន​នារី​» ។ ឆ្នាំ​១៩៥២ លោក​តែងរឿង មើល​ព្រះ​ចន្ទ​», រឿង «​សមា​ភា​វី​» និង​រឿង «​ពល​ហង្ស​» ។ ឆ្នាំ​១៩៥៣ តែងរឿង «​ឈាម​រក​ឈាម​» និង​រឿង «​សេនា​កំសត់​» ។ ក្រៅពី​នេះ​លោក​រី​ម គី​ន សរសេរ​រឿង​ជា​ច្រើន​ទៀត តែ​បាត់បង់​ទៅ ។

លោក​រី​ម គី​ន បាន​បកប្រែ​រឿង​«​ឡឺ​ស៊ី​ត​» (Le Cid) និង​រឿង «​គ្មាន​គ្រួសារ​« (Sans Famille) របស់​លោក​គរ​ណី (Corneille) និង​ហិច​ទ័​រ​ម៉ា​ឡូ (Hector Malot) ។

សមាគម​ណា​ដែល​ទាក់ទង​ទៅ​នឹង​សកម្មភាព​លើក​ស្ទួយ​អក្សរសាស្ត្រ​ជាតិ លោក​រី​ម គី​ន  ចូលរួម​ជួយ​ជា​និច្ច ដូច​ជា​សមាគម​មិត្ត​សាលា​បាលី និង​សមាគម​អ្នកនិពន្ធ​ខ្មែរ​ជាដើម ។

លោក​រី​ម គី​ន  ស្លាប់​នៅ​ថ្ងៃ​ទី​២៨ មក​រា ឆ្នាំ​១៩៥៩ ដោយ​ជំងឺរលាកស្រោមខួរ ។ ពិធី​បូជាសព​នា​ថ្ងៃ​ទី​៣១ មេ​សា នៅ​ឈាបនដ្ឋាន​វត្ត​ឧណ្ណាលោម បានការ​ចូលរួម​ជា​កិត្តិយស​ពី​លោក​ចៅ សេង រដ្ឋលេខាធិការ​ក្រសួង​អប់រំ និង​លោក​ហ៊ែល ស៊ុំ​ផា ប្រធាន​សមាគម​អ្នកនិពន្ធ​ខ្មែរ ។

ស្នាដៃ សំខាន់​ៗ​របស់​លោក​រី​ម គី​ន មាន​ដូច​ជា​៖
១-​រឿង សូ​ផាត​(​បោះពុម្ព​នៅ​ឆ្នាំ​១៩៣៨) ។
២-​រឿង ចិត្ត​ចង​ចាំ​(​បោះពុម្ព​នៅ​ឆ្នាំ​១៩៤៨)​។
៣-​រឿង ស្ត្រី​កំព្រា​(​បោះពុម្ព​នៅ​ឆ្នាំ​១៩៥១)​។
៤-​រឿង មើល​ព្រះ​ចន្ទ​(​បោះពុម្ព​នៅ​ឆ្នាំ​១៩៥២) ។
៥-​រឿង នាង​សមា​ភា​វី​(​បោះពុម្ព​នៅ​ឆ្នាំ​១៩៥២) ។
៦-​រឿង ពល​វង្សា (​បោះពុម្ព​នៅ​ឆ្នាំ​១៩៥៣)​។
៧-​រឿង ក្លាហាន​(​បោះពុម្ព​នៅ​ឆ្នាំ​១៩៥៣) ។
៨-​រឿង នាង​រតន​នារី​(​ពាក្យកាព្យ​ឆ្នាំ​១៩៣៨) ។
៩-​រឿង ឈាម​រក​ឈាម​(​ពាក្យកាព្យ​ឆ្នាំ​១៩៣៨) ។
១០-​រឿង រៀន​មិន​ពន្យល់​(​ពាក្យកាព្យ​ឆ្នាំ​១៩៣៨) ៕