ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​​ផ្លែ​ឈើ​មួយ​គ្រឿង​ក្រឡាប់​​ផ្ងារ​ជើង​ទាំង​ព្រឹក​ដោយ​​សារ​រថយន្ត​ពី​​មុខ​ឈប់​អត់​ស៊ីញ៉ូ

15 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ កាល​ពី​ថ្ងៃ​ទី​៣ មីនា ​រថយន្ត​ដឹក​ផ្លែ​ឈើ​​១​គ្រឿង​​​បាន​​ក្រឡាប់​ផ្ងារ​​ជើង​​ទាំង​​ព្រឹក​ដែល​​ឧប្បត្តិ​ហេតុ​​នេះ ត្រូវ​បាន​ប៉ូលិស​​ចរាចរ​និយាយ​​យោង​តាម​​សម្តី​​ម្ចាស់​​រថយន្ត​​រង​គ្រោះ​ថា ​​បណ្តាល​មក​ពី​រថយន្ត​ប៉ូលិស​​សេដ្ឋ​កិច្ច​​ក្រសួង​ដេញ​រថយន្ត​ដឹក​​ត្រី​ ​ធ្វើ​ឱ្យ​រថយន្ត​ដឹក​ផ្លែ​ឈើ​​​របស់​គាត់​​​​បើក​គេច​ទាំង​ប្រថុច​ញ៉ុច​​ ទើប​​​ក្រឡាប់​​​បែប​នេះ ​តែ​​មិន​​បង្ក​គ្រោះ​ថ្នាក់​​ដល់​នរណា​​​ម្នាក់​​​ឡើយ ។ ​ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចំណុច​​សាលា​ឃុំ​បន្ទាយ​នាង ​ស្រុក​មង្គល​បុរី។

លោក​អនុ​សេនីយ៍​​ទោ ​ហ៊ឹង ​ហាន នាយ​ផ្នែក​ប៉ូលិស​ចរា​ចរ​ស្រុក​មង្គល​បុរី ​បាន​ប្រាប់​ថា ​ម្ចាស់​​រថយន្ត​​​ដឹក​​ផ្លែ​ឈើ​ក្រឡាប់​ផ្ងារ​​ជើង​នោះ​​​ឈ្មោះ​​ខៀវ សុខ ភេទ​ប្រុស អាយុ​​ជាង​៦០​ឆ្នាំ ​​រស់​នៅ​ក្នុង​​ស្រុក​បាណន់ ខេត្ត​​​បាត់​ដំបង ​និង​រថយន្ត​​​របស់​គាត់​​ម៉ាក​​ហ៊ី​យ៉ាន់​ដាយ (កូរ៉េ) ពាក់​ស្លាក​លេខ​ស៊េរី​ចាស់ ។ ​ទាក់​ទិន​នឹង​មូល​ហេតុ​បង្ក​​គ្រោះ​ថ្នាក់​​នេះ​លោក​អនុ​សេនីយ៍​​ទោ ​បាន​ប្រាប់​​ដោយ​យោង​តាម​សម្តី​ម្ចាស់​​រថយន្ត​​រង​គ្រោះ​ថា ​គាត់​ដឹក​ផ្លែ​ខ្នុរ​ចេញ​ពី​ខេត្ត​បាត់​ដំបង ​យក​ទៅ​កាន់​ខេត្ត​​បន្ទាយ​មាន​ជ័យ។ ​លុះ​​​មក​ដល់​ចំណុច​​កើត​ហេតុ​​ ខណៈ​គាត់​​​បើក​រថយន្ត​​ក្នុង​ល្បឿន​ធម្ម​តា​​ក្នុង​ទិស​ដៅ​ពី​ត្បូង​​ទៅ​​ជើង​​ស្រាប់​តែ​​​មាន​រថយន្ត​​២​គ្រឿង​​បើក​ស្រប​ទិស​​គ្នា​ ​មួយ​គ្រឿង​ជា​រថយន្ត​​១​បាំង​កន្លះ​ដឹក​ត្រី​ ​និង​១​គ្រឿង​ទៀត​ធុន​កាមរី​​​​​​ដែល​គេ​ស្គាល់​ថា ជា​រថយន្ត​​របស់​ប៉ូលិស​​សេដ្ឋ​កិច្ច​​ក្រសួង​ដែល​បានដេញ​រថយន្ត​​ដឹក​ត្រី ហើយ​​​មក​ឈប់​ពី​មុខ​រថយន្ត​​​របស់​គាត់​ធ្វើ​ឱ្យ​គាត់​ត្រូវ​​​ជាន់​​ហ្វ្រាំង​ និង​កាច់​​ចង្កូត​គេច​​ទាំង​ប្រថុច​​ញ៉ុច​ក៏​ក្រឡាប់​ផ្ងារ​ជើង​បណ្តាល​​ឱ្យ​ផ្លែ​ឈើ​​ធ្លាក់​រាយ​ប៉ាយ​ពេញ​ប្រឡាយ។ ​

​ចំពោះ​ការ​ចោទ​ប្រកាន់​​នេះ ត្រូវ​បាន​លោក​អនុ​សេនីយ៍​ទោ ហ៊ឹង ហាន ​​ឆ្លើយ​​បដិសេធ​​​​ថា ​គ្រោះ​ថ្នាក់​​​​​នេះ​កើត​ឡើង​ ដោយ​សារ​តែ​មាន​រថយន្ត​ធុន​ធំ​១​គ្រឿង​​បើក​មក​​​ឈប់​ពី​មុខ​​រថយន្ត​ ​ដឹក​ផ្លែ​​ឈើ​​ដោយ​គ្មាន​ភ្លើង​​សញ្ញា​ ហើយ​​អ្នក​បើក​បរ​​រថយន្ត​ដឹក​ផ្លែ​ឈើ​​នោះ​​បាន​ជាន់​ហ្វ្រាំង​​បន្ទាន់​ពេក ដោយ​សារ​ខ្លាច​បុក​​រថយន្ត​​ដែល​ឈប់​ពី​មុខ​នោះ ទើប​ក្រឡាប់​​ធ្លាក់​ក្នុង​ប្រឡាយ​​តែ​ម្តង ។ ​​ពេល​នោះ​​​គេ​ឃើញ​​មាន​រថយន្ត​ប៉ូលិស​​សេដ្ឋ​កិច្ច​ក្រសួង​បើក​​មក​​ឈប់​មើល​​ដែរ ។ ​លោក​ក៏​បាន​បញ្ជាក់​​ថា ចំពោះ​​រថយន្ត​ដឹក​ផ្លែ​ឈើ​​ដែល​ក្រឡាប់​ ក្រោយ​ពេល​ប៉ូលិស​​ចរា​ចរ​ធ្វើ​ការ​វាស់​វែង​ហើយ ​​រក​មិន​ឃើញ​រថយន្ត​ណា​មួយ​ជា​អ្នក​បង្ក​ឡើង​ទេ៕