ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លន់​រថ​យន្ត​ឆ្លាម​ទៅ​ប្លុង​ចោល​នៅកំពត​ត្រូវ​ជាប់​ខ្នោះ​៣នាក់

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​ប្លន់​ប្រដាប់​អាវុធ​ចំនួន​៣​នាក់​ត្រូវ​​ប៉ូលិស​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្ន​ង​ការដ្ឋាន​រាជ​ធានី​​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ក្រោយ​ពី​ពួក​គេ​ប្លន់​យក​រថ​យន្ត​ម៉ាក​តូ​យ៉ូតា​កាម​រី​ឆ្លាម ស៊េរី​១៩៩៨​ ពណ៌​ស្ករ​ កាល​ពី​ថ្ងៃ​ទី​២២ កុម្ភៈ នៅ​​ផ្លូវ​ជាតិ​លេខ​៥​ ម្តុំ​ស្ពាន​ស្រះ​អង្កាម​ ខេត្ត​កំពង់​ឆ្នាំង​ ពី​ជន​រង​គ្រោះ​ឈ្មោះ​លឹម សុម៉ា​ល័យ ប្រកបរបរ​រត់រថ​យន្តឈ្នួល​ ​។​

នៅ​ព្រឹក​ថ្ងៃ​ទី​២ មីនា ប៉ូលិស​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​រាជ​ធានី​​ធ្វើ​សន្និ​សីទ​កាសែត​មួយ​​ដើម្បី​បង្ហាញ​មុខ​ជន​សង្ស័យ​​ប្លន់​ប្រដាប់​អាវុធ​​ទាំង៣​នាក់នោះ​​។ លោក​ជួន ណារិន នាយ​ការិយា​ល័យ​​ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់​ដែល​ជា​អ្នក​ដឹក​នាំ​ក្នុង​ការ​បង្ក្រាប​ករណី​នោះ​​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២២ កុម្ភៈ វេលា​ម៉ោង​​១៦ ឈ្មោះ​លឹម សុម៉ាល័យ ដែល​ជា​អ្នក​រត់​​តាក់ស៊ី​ពីភ្នំពេញ ទៅ​បាត់​ដំបង និង​ពី​បាត់​ដំបង​មក​ភ្នំពេញ ត្រូវ​ជន​សង្ស័យ​៤​នាក់​​ជួល​ឱ្យ​ដឹកទៅ​​ភ្នំពេញ ដោយ​ឯក​ភាព​ក្នុង​តម្លៃ​៤៥​ដុល្លារ ។​ឈ្មោះ​លឹម សុម៉ាល័យ បាន​យក​រថយន្ត​ម៉ាក​តូយ៉ូតា​ឆ្លាម ពណ៌​ស្ករ ស៊េរី​១៩៩៨ ពាក់​ស្លាក​លេខ​ភ្នំពេញ 2H-9054 ​ដឹក​ជន​សង្ស័យ​ទាំង​៤​នាក់​នោះ គឺ​ដឹក​ពី​ខេត្ត​បាត់​ដំបង​មក​ភ្នំពេញ ។ ​ពេល​ដឹក​មក​ដល់​ចំណុច​ស្ពាន​ស្រះ​អង្កាម ខេត្ត​កំពង់​ឆ្នាំង ម៉ោង​ប្រហែល​១៩​ ជន​សង្ស័យ​ទាំង​​៤​នាក់​នោះ​​ប្រាប់​ឱ្យ​ឈ្មោះ​លឹម សុម៉ាល័យ ឈប់​រថយន្ត ដើម្បី​បត់​ជើង​តូច។ ពេល​នោះ​ឈ្មោះ​លឹម សុម៉ាល័យ បាន​ឈប់​រថយន្ត ហើយ​ជន​សង្ស័យ​ទាំង​៤​នាក់​បាន​ចុះ​ពី​លើ​រថយន្ត​ដើរ​ទៅ​ឈរ​ទន្ទឹម​គ្នា​បត់​ជើង​តូច។ ​បាន​ប្រហែល​២​នាទី​ពួក​គេ​ដើរ​ចូល​រថ​យន្ត​​វិញ ​ហើយភ្លាម​នោះ​ជន​សង្ស័យ​ដែល​អង្គុយ​ទន្ទឹម​​ឈ្មោះ​លឹម សុម៉ា​ល័យ បាន​ដក​អាវុធ​ខ្លី​មិន​ស្គាល់​ម៉ាក​ភ្ជង់​ក្បាល​ខាង​ស្តាំ​របស់​លឹម សុម៉ា​ល័យ ចំណែក​ជន​សង្ស័យ​២​នាក់​ទៀត​​អង្គុយ​ខាង​ក្រោយ ដក​អាវុធ​ខ្លី​ភ្ជង់​ចង្កេះ​ខាង​ក្រោយ​ ​គំរាម​មិន​ឱ្យ​ស្រែក និង​ម្នាក់​ទៀត​ដក​អាវុធ​ខ្លី​ភ្ជង់​ពី​ខាង​ក្រៅ​រថយន្ត ។

ប្រភព​ដដែល​បន្ត​ថា ជន​សង្ស័យ​២​នាក់​ដែល​អង្គុយ​ខាង​ក្រោយ​បាន​ទាញ​ឈ្មោះ​លឹម សុម៉ា​ល័យ ឱ្យ​មក​ក្រោយ រួច​យក​ខ្សែ​កៅស៊ូ​យឺត​រាង​មូល​មាន​ទម្ពក់​សង​ខាង​ចង​ដៃ​ទាំង​២​មក​ក្រោយ និង​យក​ស្កុត​ពណ៌​ស មក​រុំ​មុខ និង​មាត់​ជិត និង​យក​ខ្សែ​ចង.ក​ជើង​ថែម​ទៀត ។ ​ពួកគេ​បាន​បើក​រថយន្ត​យក​ឈ្មោះ​លឹម សុម៉ា​ល័យ ទៅ​​ទម្លាក់​ចោល​នៅ​ផ្លូវទំនប់​​កប់​ស្រូវ ស្ថិត​នៅ​ក្នុង​ខណ្ឌ​សែន​សុខ រាជ​ធានី​ភ្នំពេញ ។ ​រថយន្ត​នោះ​ត្រូវ​​ជន​សង្ស័យ​ទាំង​​៤​នាក់ យក​ទៅ​ ព្រម​ទាំង​សំភារ​របស់​ឈ្មោះ​លឹម សុម៉ា​ល័យ មាន​ដូច​ជា ទូរ​ស័ព្ទ​២​គ្រឿង ម៉ាក​ណូគា​​១​គ្រឿង និង​ម៉ាក​សាំ​សុង១​គ្រឿង ប័ណ្ណ​សំគាល់​រថយន្ត (ថត​ចំលង​)​ ចំនួន​១​សន្លឹក អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​១​សន្លឹក (ថត​ចំលង) ប្រាក់​​៣០​ដុល្លារ​ និង​​១០​ម៉ឺន​រៀល​។ ក្រុម​ជន​សង្ស័យ​ទាំង​៤​នាក់​បាន​ជិះ​រថ​យន្ត​របស់​ឈ្មោះ​លឹម សុម៉ា​ល័យ​ គេ​ច​ខ្លួន​បាត់​ ។

នៅ​ថ្ងៃ​ទី​២៨ កុម្ភៈ ២០១១ សមត្ថ​កិច្ច​បាន​​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ឈ្មោះ​អ៊ុក ណុច អាយុ​​៣០​ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ភូមិ​ក្រាំង​ដូង ឃុំ​សំរោង​ក្រោម​ ស្រុក​បន្ទាយ​មាស​ ខេត្ត​កំពត។​ ឆ្លង​តាម​ចំលើយ​សារ​ភាព​សមត្ថ​កិច្ច​​បាន​បន្ត​សហ​ការ​ជាមួយសមត្ថ​កិច្ច​​អធិ​ការ​ដ្ឋាន​នគរ​បាល​ស្រុក​បន្ទាយ​មាស​ឃាត់​ខ្លួន​ជន​សង្ស័យ​​២​នាក់​ទៀត គឺម្នាក់​ឈ្មោះ​ឡាំ សុភ័ក្រ អាយុ​២៨​ឆ្នាំ និង​ម្នាក់​ទៀត​​ឈ្មោះ​ឡាំ​ វីរៈ អាយុ​២៣​ឆ្នាំ​។
ការ​បង្ក្រាប​ជន​សង្ស័យ​ប្លន់​ប្រដាប់​អាវុធចំនួន​៣​នាក់​នេះ ការិយា​ល័យ​ប៉ូលិស​ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​រាជ​ធានី​បាន​សហ​ការ​ជាមួយ​ប៉ូលិស​ស្រុក​បន្ទាយ​មាស​ ខេត្ត​កំពតផង​ដែរ​ ៕