តុលាការឧក្រិដ្ឋកម្មក្រុងគែររបស់អេហ្ស៊ីប កាលពីថ្ងៃទី៨ មីនា បានសម្រេចតម្កល់ការផ្អិបទុកទ្រព្យសម្បត្តិរបស់លោកហូស្នី មូបារ៉ាក់ អតីតប្រធានាធិបតីអេហ្ស៊ីប និងតម្កល់ទុកការហាមប្រាមលើការធ្វើដំណើរប្រឆាំងលោកមូបារ៉ាក់ ខណៈពេលប្រទេសអេហ្ស៊ីបធ្វើដំណើរឆ្ពោះទៅរកការជម្រុញឱ្យមានការចោទប្រកាន់ពីបទពុករលួយប្រឆាំងមេដឹកនាំដែលត្រូវបណ្តេញចេញពីតំណែងរូបនេះ ។
មេធាវីរបស់លោកមូបារ៉ាក់ លោក Samir Shishtaaci និយាយថា លោកនឹងប្តឹងឧទ្ធរណ៍ប្រឆាំងការសម្រេចនេះ ។ តាមប្រភពព័ត៌មានថា តុលាការកំពូលរបស់អេហ្ស៊ីប ពេលនេះ កំពុងពិចារណាមើលពីការលុបចោលឋានៈសម្ងាត់ដែលការពារលោកមូបារ៉ាក់ ។
លោកហូស្នី មូបារ៉ាក់ ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីខែកុម្ភៈកន្លងមក ត្រូវគេជឿថា កំពុងរស់នៅក្នុងនិវេសនដ្ឋានរបស់លោកនៅទីក្រុងរមណីយដ្ឋានជាប់សមុទ្រក្រហម Sharm el sheikh រួចកំពុងប្រឈមមុខនឹងការចាប់ខ្លួនយកមកសួរចម្លើយ ក្នុងករណីចោទប្រកាន់ពីបទពុករលួយ។
អគ្គមេធាវី លោក Abdel Maguid Mahmoud បានចេញបញ្ជាឱ្យផ្អិបទុកទ្រព្យសម្បត្តិរបស់លោកមូបារ៉ាក់ និងគ្រួសាររបស់លោកកាលពីថ្ងៃទី២៨ កុម្ភៈ កន្លងមក និងហាមលោកមិនឱ្យចាកចេញពីប្រទេស ។
លោកមូបារ៉ាក់ បានយល់ព្រមចុះចេញពីតំណែងកាលពីថ្ងៃទី១១ កុម្ភៈ កន្លងមក ក្រោយពីបាតុកម្មប្រឆាំងការកាន់អំណាចរបស់លោកធ្វើឡើងជាប់ៗគ្នារយៈពេល១៨ថ្ងៃ ៕
ចែករំលែកព័តមាននេះ