ខេត្តព្រះសីហនុ ៖ បុរស២នាក់ក្នុងចំណោម៤នាក់ដែលអះអាងថា ជាគណៈកម្មការអាចារ្យវត្តសូភី នៅភូមិស្រម៉ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង បានត្រូវមន្ត្រីមន្ទីរធម្មការ ខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុឃាត់ខ្លួននាំមកសាកសួរ ទាក់ទិននឹងការដើររៃអង្គាសបច្ច័យនៅខាងមុខរោងចក្រញូវស្តារដែលមានទីតាំងស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ។
មន្ត្រីនៃមន្ទីរធម្មការខេត្តបានឱ្យដឹងថា បុរសទាំង២នាក់ត្រូវបានឃាត់ខ្លួនវេលាម៉ោង១ និង១៤នាទីរសៀលថ្ងៃទី២៨ មីនា ដែលម្នាក់ឈ្មោះចាន់ រ៉ាម៉ន អាយុ៥៤ឆ្នាំ និងម្នាក់ទៀតឈ្មោះកែវ យ៉ឺន អាយុ៤៧ឆ្នាំ ។ ទាំង២នាក់មានទីលំនៅក្នុងភូមិស្រម៉ ឃុំត្រពាំងស្រែជាមួយគ្នា និងអះអាងថា ជាគណៈកម្មការអាចារ្យវត្តសូភីដូចគ្នា ។ មន្ត្រីដដែលបន្តថា មុននឹងឈានដល់ការឃាត់ខ្លួនបុរសទាំង២នាក់មកធ្វើការសាកសួរនេះ គឺពួកគេមានគ្នាចំនួន៤នាក់ដោយមានកង់១គ្រឿង និងមានមីក្រូចងលើកង់ផង បានដើរប្រកូកប្រកាសរៃអង្គាសបច្ច័យ ខណៈពេលកម្មករ កម្មការិនីរោងចក្រញូវស្តារចេញពីធ្វើការ ។ ពេលនោះប្រជាពលរដ្ឋបានរាយការណ៍មកមន្ទីរធម្មការ ទើបលោកកង ឌីណាត ប្រធានមន្ទីរ បានឱ្យមន្ត្រីរបស់មន្ទីរចុះទៅពិនិត្យជាក់ស្តែងសកម្មភាពរបស់បុគ្គលខាងលើនេះថា តើមានច្បាប់អនុញ្ញាតពីមន្ទីរធម្មការដែរឬទេ? ចៀសវាងការដើររៃអង្គាសគ្មានច្បាប់ទម្លាប់។
មន្ត្រីមន្ទីរធម្មការខេត្តដែលចុះទៅឃាត់ខ្លួនបុរសទាំង២នាក់មកសួរនាំបានឱ្យដឹងថា ពួកគេបានបង្ហាញលិខិតមួយច្បាប់ចុះថ្ងៃទី១២ មីនា របស់ចៅអធិការវត្ត សូភី ចាត់តាំងឱ្យពួកគេចំនួន៤នាក់ដែលមាន១-ឈ្មោះកែវ យ៉ឺន ២-ឈ្មោះសន ទូច ៣-ឈ្មោះចាន់ រ៉ាម៉ន និង៤-ឈ្មោះយ៉ាង ណាង ឱ្យចេញទៅដើររៃអង្គាសថវិកាមកកសាងវត្ត ។ ប៉ុន្តែពេលធ្វើដំណើរមកដល់ខេត្តព្រះសីហនុ អ្នកទាំង៤នាក់ខាងលើ មិនបានធ្វើការទំនាក់ទំនង ដើម្បីសុំការអនុញ្ញាតពីព្រះមេគណខេត្ត ឬមន្ទីរធម្មការនិងសាសនាខេត្តឡើយ ដែលអាចចាត់ទុកថា ជាការមិនគោរពច្បាប់ ។ បើទោះជាសកម្មភាពនោះ បម្រើឱ្យវិស័យព្រះពុទ្ធសាសនាក៏ដោយ ក៏ការឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ ពីខេត្តមួយទៅខេត្តមួយទៀតគឺមានថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធរួមទាំងអាជ្ញាធរដែនដីផងដែរ ដែលចាំបាច់ត្រូវធ្វើទំនាក់ទំនងមុននឹងចាប់ផ្តើមសកម្មភាពអ្វីមួយ។ បន្ទាប់ពីធ្វើការសាកសួរអស់រយៈពេលជាង១ម៉ោងរួចមក មន្ត្រីមន្ទីរធម្មការ បានឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពរបស់ខ្លួនដើម្បីចៀសវាងការជះឥទ្ធិពលមិនល្អទៅលើវិស័យព្រះពុទ្ធសាសនា ដែលប្រជាពលរដ្ឋគោរពបូជា ៕
ចែករំលែកព័តមាននេះ