ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​សន វិ​ជ្ជ​បុត្រ និង​ពិធីករ​អឹុម ជីវ៉ា​នាំ​អំណោយ​ទៅ​ឧបត្ថម្ភ​កុមារ​កំព្រា​នៅ​ខេត្តកណ្តាល

8 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ក្រោយ​ពី​ទទួល​បាន​ដំណឹង​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក ពី​ជីវិត​ក្មេង​កំព្រា​៣​នាក់​ដែល​ម្តាយ​ស្លា.ប់​ចោល និង​ឪពុក​ចោ​ក​ចោល​ទៅ​រួមរស់​ជាមួយ​ស្រី​ថ្មី​មក តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម M លោក​សន វិ​ជ្ជ​បុត្រ និង​ពិធីករ

ខេត្តកណ្តាល ៖ ក្រោយ​ពី​ទទួល​បាន​ដំណឹង​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក ពី​ជីវិត​ក្មេង​កំព្រា​៣​នាក់​ដែល​ម្តាយ​ស្លាប់​ចោល និង​ឪពុក​ចោ​ក​ចោល​ទៅ​រួមរស់​ជាមួយ​ស្រី​ថ្មី​មក តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម M លោក​សន វិ​ជ្ជ​បុត្រ និង​ពិធីករ លោក​អឹុ​ម ជីវ៉ា បាន​នាំ​យក​អំណោយ​ជា​ប្រាក់​និង​សម្ភារ​មួយ​ចំនួន​ទៅ​ជួយ​ឧបត្ថម្ភ​ដល់​ពួក​គេ​។ ការ​ទៅ​សួរសុខទុក្ខ​នេះ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៥ នៅផ្ទះ​កុមារ​កំព្រា​ទាំង​៣​នាក់ ក្នុងភូមិ​បាក់​ដាវ​លើ ឃុំ​បាក់​ដាវ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

កុមារ​កំព្រា​ទាំង​៣​នាក់​នោះ​ជ្រក​ក្នុងផ្ទះ​ចាស់​ទ្រុឌទ្រោម​មើល​ពីមុខ​ធ្លុះ​ទៅ​ក្រោយ មិន​មាន​សម្ភារ​អ្វី​ជា​ដុំ​កំភួន​ទេ​ក្រៅពី​សម្លៀក​បំពាក់ ចានឆ្នាំង​ដែល​ទុកដាក់​រាយ​ប៉ាយ ។

លោក​សោម សា​រិ​ទ្ធិ ប្រធាន​ភូមិ​បាក់​ដាវ​លើ និង​ជា​អ្នក​ជួយ​មើល​ការ​ខុស​ត្រូវ​កុមារ​កំព្រា​ទាំង​៣​នាក់​នោះ​ឱ្យ​ដឹង​ថា កុមារ​ច្បង​ឈ្មោះ​ផា បញ្ញា អាយុ​១២​ឆ្នាំ ប្អូន​បន្ទាប់​ឈ្មោះ​ផា រតនា អាយុ​១០​ឆ្នាំ និង​ទី​៣​កុមារី​ផា ច​ន្ថា អាយុ​៧​ឆ្នាំ ។ ពួក​គេ​មាន​ឪពុក​ឈ្មោះ​ផេង ផា អាយុ​៤២​ឆ្នាំ និង​ម្តាយ​ឈ្មោះ​សឿ​ន អូន អាយុ​៤៥​ឆ្នាំ​។ កុមារ​ទាំង​៣​នាក់​រស់នៅ​ក្នុង​សភាព​វេទនា និង​ខ្វះ​ភាព​កក់ក្តៅ​ពី​គ្រួសារ​បន្ទាប់​ពី​ម្តាយ​ពួក​គេ​ស្លាប់​ទៅ​កាលពី​៣​ឆ្នាំ​មុន ព្រោះតែ​ជំងឺ​រ៉ាំរ៉ៃ​ជា​ច្រើន​មុខ ។ អ្វី​ដែល​កាន់តែ​ខ្លោចផ្សា​ថែម​ទៀត គឺ​បុរស​ជា​ឪពុក​បាន​គេច​យករួចខ្លួន​ទៅ​មាន​ប្រពន្ធ​ថ្មី​មិន​ដែល​មក​មើល​កូន​ម្តងណា​ឡើយ ។ កុមារ​កំព្រា​ទាំង​៣​នាក់​នៅ​សល់​តែ​ជីដូន​ម្នាក់​ដែល​នៅ​ឆា្ង​យ និង​មាន​ជំងឺ​ប្រចាំ​កាយ​ដែល​ស្ទើរតែ​យឹតយោង​អាត្មា​មិន​រួច​ផង​។ ក្នុង​ចំណោម​ក្មេង​ទាំង​៣​នាក់​នោះ​ប្អូនស្រី​ពៅ​មាន​ជំងឺ​ប្រចាំ​កាយ គឺ​ជំងឺ​បេះដូង​ស្ពៀត​មួយ​ចំហៀង ប៉ុន្តែ​ពេល​នេះ​នាង​ត្រូវ​សប្បុរសជន​ជួយ​នាំ​ទៅ​ព្យាបាល​ជំងឺ និង​ថែម​ទាំង​បន្ត​នៅ​អង្គការ​មួយ ។ ពួក​គេ​គ្មាន​សាច់ញាតិ​ទេ គឺ​មាន​តែ​មេ​ភូមិ​មេឃុំ​ដែល​ជួយ​មើល​ការ​ខុស​ត្រូវ ប៉ុន្តែ​មិន​បាន​គ្រប់ពេលវេលា​ឡើយ ។ ទាំង​មន្ត្រី​ថ្នាក់​ឃុំ និង​សប្បុរសជន​មួយ​ចំនួន​បាន​ជួយ​ឧបត្ថម្ភ​ជា​សម្ភារ និង​គ្រឿង​បរិភោគ​សម្រាប់​កុមារ​ទាំងនោះ​ដែរ​ប៉ុន្តែ​មិន​គ្រប់គ្រាន់​តាម​តម្រូវការ​ទេ ។ កុមារ​ទាំង​ន​ឡ​មិន​បាន​សិក្សា​ទេ​កាលពីមុន ព្រោះតែ​ឪពុក​ម្តាយ​ពួក​គេ​មិន​យកចិត្តទុកដាក់ ។

តារាចម្រៀង​ប្រចាំ​ផលិតកម្ម M លោក សន វិ​ជ្ជ​បុត្រ បញ្ជាក់​ថា លោក​បានដឹង​ដំណឹង​ពី​ក្មេង​កំព្រា​ទាំងនោះ​តាម​រយៈ​មិត្តភក្តិ​ក្នុង​ហ្វេ​ស​ប៊ុ​ក ទើប​លោក​ធ្វើ​ដំណើរ​ទៅ​ជួប ដោយ​នាំ​សម្ភារ គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន ទៅ​ឧបត្ថម្ភ​ដោយ​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន និង​ប្រាក់​មួយ​ចំនួន​ពី​សប្បុរសជន ។ សប្បុរសជន​ដែល​រួម​ជាមួយ​លោក​សន វិ​ជ្ជ​បុត្រ មាន​លោក​ឡេ​ង ផល្លា និង​អ្នកស្រី​សេង គឹ​ម​ឌួ​ង រស់នៅ​សហរដ្ឋអាមេរិក និង​អាជីវករ​ផ្សារ​អូរ​ឫស្សី​ផង​ដែរ ។

តារាចម្រៀង​ដែល​គេ​ស្គាល់​ច្រើន​ទាំង​តាម​រយៈ​ការងារ​សិល្បៈ និង​ការងារ​មនុស្សធម៌​ជា​ហូរហែ​រូប​នេះ​បញ្ជាក់​ថា «​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​អាណិត​ពួក​គេ​ជា​ពន់ពេក​ដែល​ក្រៅពី​ក្រីក្រ​គឺ​ខ្វះ​ភាព​កក់ក្តៅ​ពី​ក្រុម​គ្រួសារ​ថែម​ទៀត ។ សម្ភារ​គ្រឿង​ឧបភោគបរិភោគ​ទាំងនេះ​ទោះ​មិន​ច្រើន​គ្រប់គ្រាន់​អាច​បំពេញតម្រូវការ​របស់​ពួក​គេ​បាន​យូរអង្វែង ប៉ុន្តែ​នេះ​គឺជា​ទឹកចិត្ត​ដែល​ខ្ញុំ និង​សប្បុរសជន​មាន​ចំពោះ​ពួក​គេ ។ ការ​ផ្តល់​ឱ្យ​នេះ​ជួយ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​កក់ក្តៅ ហើយ​ខ្ញុំ​សន្យា​ថា នឹង​បន្តសកម្មភាព​ការងារ​មនុស្សធម៌​នេះ​ឲ្យ​ស្របគ្នា​នឹង​ការងារ​សិល្បៈ​» ។

ពិធីករ និង​ជា​តារា​សម្តែង លោក​អឹុម ជីវ៉ា​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ដល់​ក្មេង​កំព្រា​ទាំងនោះ​ដែរ បាន​និយាយ​ថា លោក​មាន​អារម្មណ៍​អាណិត​កុមារ​កំព្រា​ទាំង​៣​នាក់​កាន់តែ​ខ្លាំង ខណៈ​បានឃើញ​ផ្ទាល់​ភ្នែក ។ ក្នុង​នាម​ជា​ក្មេង​កំព្រា​ឪពុក លោក​ក៏​ធ្លាប់​ទទួល​អារម្មណ៍​ខ្វះ​ភាព​កក់ក្តៅ​ដែរ ដូច្នេះ​លោក​ដឹង​ពី​ជីវិត​ដែល​មាន​ស្ថានភាព​ដូច​គ្នា​នេះ ។ ការ​ចូលរួម​ចែករំលែក​ប្រាក់ ពេលវេលា​ផ្ទាល់ខ្លួន គឺជា​អ្វី​ដែល​លោក​ចង់​ចួ​ល​រួមចំណែក​ជួយ​ដល់​សង្គម បើ​ទោះបីជា​វា​មាន​ទំហំ​តិចតួច​ក្តី ហើយ​លោក​នឹង​នៅ​តែ​បន្តការងារ​បែប​នេះ​ទៅ​តាម​លទ្ធភាព ។

លោក​មេ​ភូមិ​បាក់​ដាវ​លើ​ឱ្យ​ដឹង​ថា ពេល​នេះ​កូន​បង​ទាំង​ពីរ​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ឱ្យ​រៀន​គួរ​បន្ថែម​ដើម្បី​ពួក​គេ​ស៊ាំ​ទៅ​នឹង​ស្ថានភាព​សាលារៀន​មុន​ពេល​បញ្ជូន​ទៅ​សាលា ឬ​អង្គការ​នានា​នៅ​ពេល​ខាង​មុខ ។

លោក​មេ​ភូមិ​បាន​ថ្លែងអំណរគុណ​ចំពោះ​សិល្បករ​ដែល​បាន​ចំណាយ​ពេលវេលា និង​ប្រាក់​ជួយ​សម្រួលការ​លំបាក​របស់​កុមារ​កំព្រា​ទាំង​៣​នាក់​នោះ ។ ទន្ទឹម​នេះ​លោក​មេ​ភូមិ​អំពាវនាវ​ដល់​សប្បុរសជន​បន្ត​ជួយ​ឧបត្ថម្ភ​ដល់​ក្មេង​កំព្រា​ទាំង​៣​នាក់​នោះ​ទៀត ដើម្បី​ពួក​គេ​អាចរ​ស់បាន ៕