រាជធានីភ្នំពេញ ៖ វិនិយោគិនជប៉ុនចំនួន៨៥នាក់មកពីសហគ្រាសធុនតូចនិងមធ្យមចំនួន៤៩ក្រុមហ៊ុន បានចូលរួមស្តាប់ការធ្វើបទបង្ហាញរបស់លោកទេសរដ្ឋមន្ត្រីចម ប្រសិទ្ធ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ដើម្បីស្វែងយល់ពីសក្តានុពលនៃការធ្វើវិនិយោគនៅកម្ពុជា នៅសណ្ឋាគារណាហ្គាវើល កាលពីរសៀលថ្ងៃទី២១ មីនា ឆ្នាំ២០១១ ។ ក្នុងឱកាសនោះ ក្រៅពីការបង្ហាញរបស់លោកទេសរដ្ឋមន្ត្រីចម ប្រសិទ្ធ ក៏មានការថ្លែងសុន្ទរកថារបស់លោកជំទាវហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរទស្សន៍បាយ័ន និងលោកជំទាវលឹម ឈីវហូ នាយិកាក្រុមហ៊ុនអែតវូតផងដែរ ។
លោកចម ប្រសិទ្ធ បានថ្លែងប្រាប់ក្រុមអ្នកវិនិយោគជប៉ុនថា ប្រទេសកម្ពុជាមានស្ថិរភាពនយោបាយនិងម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ ហើយអនុវត្តនយោបាយសេដ្ឋកិច្ចបើកចំហ ។ លោកបានលើកទឹកចិត្តដល់គណៈប្រតិភូជប៉ុនថា ប្រទេសកម្ពុជាបានទទួលការលើកលែងពន្ធនាំចេញទៅកាន់ប្រទេសជាច្រើន ។ លោក ចម ប្រសិទ្ធ បញ្ជាក់ថា អ្នកវិនិយោគជប៉ុន កំពុងចាប់អារម្មណ៍ចំពោះឱកាសវិនិយោគនៅកម្ពុជា។
លោក Shusaku Naka ប្រធានវិទ្យាស្ថានវិនិយោគអន្តរជាតិជប៉ុន ដែលបានដឹកនាំប្រតិភូជប៉ុនមកស្វែកយល់ពីឱកាសវិនិយោគនៅកម្ពុជាបានឱ្យដឹងថា តាមគម្រោងគណៈប្រតិភូជប៉ុននឹងមកកម្ពុជាចំនួន១២០នាក់ ប៉ុន្តែដោយសារវិបត្តិធម្មជាតិរញ្ជួយដីនៅភាគខាងកើតជប៉ុនចំនួននេះត្រូវកាត់បន្ថយមកនៅត្រឹម៨៥នាក់ ដែលតំណាងឱ្យវិស័យជាច្រើន ដូចជាវិស័យឧស្សាហកម្មកែច្នៃម្ហូបអាហារ កសិកម្ម ភោជនីយដ្ឋាន និងវិស័យសំណង់ជាដើម។ លោក Shusaku Naka បានថ្លែងការចាប់អារម្មណ៍ចំពោះវិស័យកសិកម្ម និងទេសចរណ៍នៅកម្ពុជា ជាពិសេសតំបន់ទេសចរណ៍វប្បធម៌ នៅខេត្តសៀមរាប ។
លោកជំទាវហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងតែធ្វើឱ្យបានប្រសើរ ឡើងនូវច្បាប់វិនិយោគនៅក្នុងប្រទេសកម្ពុជា ។ លោកជំទាវបានស្វាគមន៍ចំពោះការអញ្ជើញមកដល់របស់គណៈប្រតិភូជប៉ុន និងបានសម្តែងនូវការចូលរួមទុក្ខសោកចំពោះការបាត់បង់អាយុជីវិតប្រជាជនជប៉ុន ក្នុងហេតុការណ៍បាតុភូតធម្មជាតិកន្លងមកផងដែរ។
ដោយឡែក លោកជំទាវលឹម ឈីវហូ អគ្គនាយិកាក្រុមហ៊ុនអែតវូត បានមានប្រសាសន៍ថា ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសមួយត្រូវការនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងនោះមានរាជរដ្ឋាភិបាលនិងវិស័យឯកជនគ្រប់ផ្នែក ដែលជាកម្លាំងចលករដ៏សំខាន់មិនអាចខ្វះបាន ។ លោកជំទាវបញ្ជាក់ថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលស្ថិតនៅក្រោមនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២ របស់រាជរដ្ឋាភិបាលកម្ពុជា គឺសំដៅលើកកម្ពស់ការចូលរួមយ៉ាងសកម្មពីវិស័យឯកជន ។ គោលនយោបាយនេះគឺជាឧបករណ៍ដ៏សំខាន់ក្នុងការចូលរួមកៀងគរធនធានមនុស្សប្រកបដោយសក្តានុពល ដើម្បីបង្កើតនូវឧត្តមភាពនិងជាគ្រឹះដ៏រឹងមាំទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព ៕




ចែករំលែកព័តមាននេះ