ខេត្តកំពង់ឆ្នាំង ៖ បច្ចុប្បន្ន ខេត្ដកំពង់ឆ្នាំង ក្រៅអំពីការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធនានាៗមានដូចជាមន្ទីរពេទ្យ សាលារៀន ផ្លូវថ្នល់ និងវិស័យផ្សេងៗទៀតនោះ វិស័យអគ្គិសនីក៏កំពុងត្រូវបានអភិវឌ្ឍយ៉ាងផុលផុសគួរឱ្យកត់សំគាល់ផងដែរ ។ កត្ដាទាំងនេះបានធ្វើឱ្យប្រជាពលរដ្ឋមានការសប្បាយចិត្ដ ព្រោះតំបន់ខ្លះដែលពីមុនគ្មានចរន្ដអគ្គិសនីសោះនោះ ពេលនេះគឺមានភ្លើងប្រើប្រាស់មិនចាញ់អ្នកក្រុងប៉ុន្មានទេ ហើយអ្នកដែលធ្លាប់មានភ្លើងប្រើពីមុនមក មានតម្លៃថ្លៃ ពេលនេះក៏ទទួលបានភ្លើងប្រើប្រាស់ក្នុងតម្លៃថោកដែរ ។ ទាំងអស់នេះគឺដោយសារកិច្ចខិតខំប្រឹងប្រែងដឹកនាំដ៏ឈា្លសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំចង្អុលបង្ហាញពីថ្នាក់ដឹកនាំខេត្ដដែលតែងតែយកចិត្ដទុក្ខដាក់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ ។
លោកឱ សុវណ្ណរ័ក្ស ប្រធានក្រុមហ៊ុន បណ្ដាញបញ្ជូនអគ្គិសនី «អូ អេស វី អ» ខេត្ដកំពង់ឆ្នាំង បានមានប្រសាសន៍ថា បច្ចុប្បន្នក្រុមហ៊ុនបានភ្ជាប់បណ្ដាញពីព្រំប្រទល់ឧដុង្គ ខេត្ដកំពង់ស្ពឺ មកកាន់ខេត្ដកំពងឆ្នាំង ដែលការភ្ជាប់ចរន្ដអគ្គិសនីនេះមានប្រវែងឆ្ងាយ ប៉ុន្ដែវាបានធ្វើឱ្យភ្លើងមានតម្លៃថោកជាងមុន គឺក្នុង១គីឡូវ៉ាត់ម៉ោងថ្លៃ១.៥០០រៀលប៉ុណ្ណោះ ខុសកាលពីមុនដែលតម្លៃថ្លៃ ដូចជានៅលង្វែក សាលាលេខ៥ និងព្រៃខ្មែរជាដើមគឺថ្លៃ២.៧០០ ទៅ២.៨០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ។ ចំណែកនៅទីរួមខេត្ដវិញថ្លៃ១.៧០០ ទៅ១.៨០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងតាមតម្លៃប្រេង ប៉ុន្ដែបច្ចុប្បន្នគឺត្រឹមតែ១.៥០០រៀលប៉ុណ្ណោះ ។
លោកក៏បានបញ្ជាក់ដែរថា បើសិនមកដល់ពេលនេះយើងនៅប្រើភ្លើងតាមតម្លៃប្រេងឡើងចុះដូចលើកមុន ថ្លៃលក់អគ្គិសនីស្មើនឹង២.០០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោងក្នុងខែនេះ (មីនា ២០១១) ខណៈប្រេងបច្ចុប្បន្នកំពុងឡើងថ្លៃជាបន្ដបន្ទាប់ ។ លោកក៏បានប្រៀបធៀបតម្លៃទំនិញផ្សេងៗក្នុងទីផ្សារ គឺកំពុងឡើងថ្លៃតាមថ្លៃប្រេង ចំណែកឯថ្លៃអគ្គិសនីវិញ បែរជាចុះថ្លៃជាបន្ដបន្ទាប់តាមការកំណត់របស់អាជ្ញាធរអគ្គិសនី កម្ពុជា ដែលនឹងអាចនៅត្រឹម១.២០០ ឬ១.៣០០រៀលប៉ុណ្ណោះក្នុងមួយគីឡូវ៉ាត់ម៉ោង ។
លោកឱ សុវណ្ណរ័ក្ស បានបន្ថែមថា ក្រោយពីទទួលបានការណែនាំពីអាជ្ញាធរអគ្គិសនីកម្ពុជា និងតាមការចង្អុលបង្ហាញពីអាជ្ញាធរខេត្ដ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងកសាងបណ្ដាញ ដើម្បីទៅទទួលយកចរន្ដអគ្គិសនីពីអនុស្ថានីយស្រុកទឹកផុសរបស់ក្រុមហ៊ុនអគ្គីសនីកម្ពុជា ដែលភ្ជាប់ពីវារីអគ្គិសនី ស្ទឹងតាតៃ កំពុងសាងសង់សព្វថ្ងៃ ហើយដល់ពេលនោះតម្លៃភ្លើងពិតជានឹងថោកជាងនេះទៀត ។ ចំណែកតំបន់ប៉ែកខាងលិចខេត្ដតាមបណ្ដោយផ្លូវជាតិលេខ៥៣រហូតដល់ស្រុកទឹកផុស គឺកំពុងតម្លើងបណា្ដញហើយបន្ទាប់មកតម្លើងបណ្ដាញពីពង្រទៅស្រុកបរិបូណ៌បន្ដទៀត ៕
ចែករំលែកព័តមាននេះ