ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភាយេម៉ែន​​អនុម័ត​ការ​ប្រកាស​អាសន្ន​ក្នុងប្រទេស​​​ពួក​ប្រឆាំង​​បដិសេធ

15 ឆ្នាំ មុន

សភាយេម៉ែន​​បានអនុម័ត​​កាលពីថ្ងៃទី​​២៣ មីនា លើ​ការប្រកាស​អាសន្នក្នុងប្រទេស ដែល​ការ​អនុម័ត​​នេះ ត្រូវ​បានបដិសេធ​​ដោយពួក​ប្រឆាំង​​​​ដែលនៅតែក្រាញ​​​បន្តធ្វើ​បាតុកម្មនៅ​កណ្តាល​រដ្ឋ​ធានី​​យេម៉ែន ។​
ពួក​​​ប្រឆាំង​​​គ្រោង​​​រៀបចំធ្វើ​នា​ថ្ងៃទី​​២៥ មីនា ​នូវការ​ដើរ​​ហែក្បួន​​មួយសំដៅ​​ទៅកាន់​​វិមាន​​​របស់​ប្រធានាធិបតី​​​លោកអាលី ​អាប់ដាល់​ឡាហ៍ ​សាឡេហ៍ ​ដោយនៅ​មុខ​វិមាននេះ​មានដាក់​​ពង្រាយ​​រថក្រោះ​​របស់​កង​ឆ្មាំ​​​ប្រធានាធិបតី​​ក្រោម​​​បញ្ជា​ការ​​របស់​កូនប្រុស​ម្នាក់ ក្នុង​ចំណោម​​​កូនប្រុស​​របស់​ប្រធានាធិបតី​​។​
លោកអាលី ​អាប់ដាល់​ឡាហ៍ ​​សាឡេហ៍ ​​កាន់​អំណាច​​ចាប់តាំង​ពី​​៣២​ឆ្នាំមកហើយ ​​ពេល​​​នេះកំពុង​ស្ថិត​នៅ​​​ឯកោ​ខ្លាំង​​ប្រឈម​មុខ​នឹង​​ការ​តវ៉ា​​របស់ប្រជាជន​​​ដែលពេលនេះ​​​ទទួល​​ការ​គាំទ្រ​​ពី​បណ្តា​​ឧត្តមសេនីយ៍​​ និងបណ្តា​នាយ​ទាហាន​​របស់​កងទ័ព បណ្តា​មេ​ដឹកនាំ​​​សាសនា និង​ប្រមុខ​​កុល​សម្ព័ន្ធ​​ទាំងឡាយ ។​
សហរដ្ឋ​អាេមរិក​​​ដែលជា​សម្ព័ន្ធ​​មិត្ត​របស់​​​យេ​ម៉ែន​​ក្នុងសង្គ្រាម​​ប្រឆាំង​​​ភេរវ​កម្មបានសម្តែង​​​ការ​ព្រួយបារ​ម្ភ​​​ចំពោះ​​​​ផល​​​ប៉ះពាល់​​ទាំង​ឡាយ​ដែល​អាច​កើត​​មាន​​​ដោយសារ​ចលាចល​​នា​ពេល​បច្ចុ​ប្បន្ន​​​ដល់​ការ​តស៊ូ​​ប្រឆាំង​​អាល់កៃដា ​ក្នុង​ឧបទ្វីប​​​អារ៉ាប់ ។​
យោងតាម​​អាជ្ញាធរ​​​យេម៉ែន​​​​ថា សមាជិក​សភា​​​១៦៤​រូប ​ក្នុង​ចំណោម​​សមាជិកសភា​​​១៦៥​រូប ក្នុងសភា​​បានអនុម័ត​​​លើការ​​​បង្កើត​​ការ​ប្រកាស​អាសន្ន​​​ដែលស្នើ​​​ឡើង​​កាលពីថ្ងៃទី​​១៨ មីនា ​​ដោយប្រមុខ​​រដ្ឋក្រោយ​​ការស្លាប់​​បាតុករ​​​៥២​នាក់ ​ដោយសារ​​ការ​បាញ់ប្រហារ​​របស់ពួក​អ្នក​​គាំទ្រ​​​របបយេ​ម៉ែន ។​
ចំណែកប្រធានាធិបតី​​យេម៉ែន​​​បានធ្វើ​​សម្ប​ទាន​​​ថ្មីទៀត​ដល់​​ពួកប្រឆាំង​​​ដោយ​ស្នើ​​កាលពី​ថ្ងៃទី​​២៣ មីនា ​ឱ្យមានការ​រៀបចំ​បោះឆ្នោត​​ប្រធានា​ធិបតី​​តាំង​ពី​​ដំណាច់​ឆ្នាំ​​នេះ​ទៅ ​​ពុំ​​​បាច់​រង់ចាំ​​​​ធ្វើ​​ដល់​ឆ្នាំ​​២០១៣ ​។ ក្នុងសំណើ​​មួយដល់​ពួក​ប្រឆាំង​​​​​​លោកសាឡេហ៍ ​​អះអាង​ថា នឹង​មាន​ការ​បោះ​​​ប្រជា​​មតិមួយលើ​រដ្ឋ​​​ធម្មនុញ្ញ​​​ថ្មី ហើយ​បន្ទាប់​មក​​នឹង​មានការបោះឆ្នោត​​​​សភា​ថ្មី​និង​​បង្កើត​​រដ្ឋាភិ​បាល​​មួយ ​រួច​​រៀបចំ​ការបោះឆ្នោត​​​ប្រធានា​ធិបតី​​​មុនដំណាច់​​ឆ្នាំ​​២០១១ ៕