ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​ចំនួន​១១​នាក់​បន្ថែម​​ទៀត​នៅ​ស្រុក​ពាមរ​ក៌

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ មន្ត្រី​សុខាភិបាល​ខេត្តព្រៃវែង បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២១​នេះ​ថា មនុស្ស​ចំនួន​១១​នាក់​ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​លោកគ្រូ​ពេទ្យ អ៊ឹម សុ​ភី ត្រូវ​បាន​នាំ​ទៅ​ធ្វើតេស្ត​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩​ហើយ…

ខេត្តព្រៃវែង ៖ មន្ត្រី​សុខាភិបាល​ខេត្តព្រៃវែង បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២១​នេះ​ថា មនុស្ស​ចំនួន​១១​នាក់​ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​លោកគ្រូ​ពេទ្យ អ៊ឹម សុ​ភី ត្រូវ​បាន​នាំ​ទៅ​ធ្វើតេស្ត​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩​ហើយ ដែល​អ្នក​ទាំងនោះ គឺជា​ក្រុម​គ្រួសារ​របស់​លោកគ្រូ​ពេទ្យ​ផ្ទាល់ និង​អ្នកជំងឺ​ដែល​បាន​ចូល​មក​សំរាក​ព្យាបាល​នៅ​ក្នុង​គ្លីនិក​របស់​គាត់​។

លោក​វិ​ជ្ជ​បណ្ឌិត អ៊ិ​ន ពៅ ប្រធាន​ការិយាល័យ​សុខាភិបាល​ស្រុក​ពាមរ​ក៌ បានឱ្យ​ដឹង​ថា ក្រោយ​ពី​ចេញ​លទ្ធផល​តេស្ត​កំហាក​របស់​លោកគ្រូ​ពេទ្យ អ៊ឹម សុ​ភី ឃើញ​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩​ភ្លាម ក្រុម​គ្រូពេទ្យ​ជំនាញ​មន្ទីរ​សុខាភិបាល​ខេត្ត និង​ស្រុក បាន​ចុះ​មក​ធ្វើការ​ហ៊ុម​ព័ទ្ធ​គ្លីនិក​របស់​គាត់​ភ្លាម​ផង​ដែរ ព្រមទាំង​បាន​នាំ​យក​លោក អ៊ឹម សុ​ភី ព្រមទាំង​ក្រុម​គ្រួសារ​សរុប​ចំនួន​៥​នាក់​ទៅ​ដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មន្ទីរពេទ្យ​ខេត្ត​ភ្លាម​។

ជាមួយ​គ្នា​នោះ ក៏​បាន​ប្រមូល​យក​កំហាក​អ្នក​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត សរុប​ជាង​២០០​នាក់ យក​ទៅ​ពិនិត្យ​ផង​ដែរ ដោយនៅ​ថ្ងៃ​ទី​៧ មីនា​កន្លង​ទៅ យក​បាន​ចំនួន​ជាង​១០០​នាក់ និង​នៅ​ថ្ងៃ​ទី​៨ ខែមីនា យក​បាន​១០២​នាក់ ហើយ​នៅ​ថ្ងៃ​ទី​៩ ខែមីនា​នេះ ក្រុម​គ្រូពេទ្យ​កំពុង​ចុះ​យក​សំណាក​នៅ​ស្រុក​ព្រះស្តេច និង​នៅ​ឃុំ​អ្នក​លឿង ស្រុក​ពាមរ​ក៌​បន្ថែម​ទៀត ដូច្នេះ​តួលេខ​អ្នក​ពាក់ព័ន្ធ​អាច​នឹង​កើនឡើង​ច្រើន​ថែម​ទៀត​។

លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា យោង​តាម​ការ​ប្រកាស​របស់​ក្រសួងសុខាភិបាល លទ្ធផល​ពិនិត្យ​សំណាក​លើក​ទី​១ ក្នុង​ចំណោម​មនុស្ស​ជាង​១០០​នាក់​នោះ គឺ​មាន​១១​នាក់​មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ដែល​អ្នក​ទាំងនោះ​ជា​មនុស្ស​នៅ​ក្នុង​គ្លីនិក​របស់​លោក អ៊ឹម សុ​ភី ទាំងអស់ គឺ​ប្រពន្ធ​កូន​របស់​គាត់ និង​អ្នកជំងឺ​ដែល​មក​សំរាក​ព្យាបាល​នៅ​ក្នុង​គ្លីនិក រីឯ​អ្នក​ផ្សេង​ទៀត គឺ​អវិជ្ជមាន​។
ដោយឡែក សំណាក​ដែល​ប្រមូល​យក​ទៅ​ពិនិត្យ​លើក​ទី​២ គឺ​នៅ​មិន​ទាន់​ចេញ​លទ្ធផល​នៅ​ឡើយ​ទេ បើ​គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​៩ ខែមីនា​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ព្រឹត្តិការណ៍​ផ្ទុះ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​សហគមន៍ ស្រុក​ពាមរ​ក៌​នេះ ដោយសារ​តែ​មាន​អ្នក​ឆ្លង និង​ពាក់ព័ន្ធ​ច្រើន​បែប​នេះ ទើប​អាជ្ញាធរ​ខេត្តព្រៃវែង បាន​សំរេច​បិទ​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង​ជា​បណ្តោះអាសន្ន ដោយ​ឱ្យ​អ្នកជំងឺ និង​គ្រូពេទ្យ​ទាំងអស់ ត្រូវ​បង្ខាំង​ឱ្យ​នៅ​ក្នុង​មន្ទីរពេទ្យ មិន​ឱ្យ​ចេញ​ក្រៅ ហើយ​អ្នក​ខាងក្រៅ​ក៏​មិន​ឱ្យ​ចូល​ដែរ​។

ដោយឡែក​ក្រសួង​អប់រំ នៅ​យប់​ថ្ងៃ​ទី​៨ ខែមីនា​នេះ ក៏​បាន​ចេញ​ប្រកាស​បិទ​គ្រឹះស្ថានសិក្សា​ទាំង​រដ្ឋ និង​ឯកជន​ទាំងអស់​នៅ​ក្នុងស្រុក​ពាមរ​ក៌​ជា​បណ្តោះអាសន្ន​ផង​ដែរ ដោយ​មិន​មានការ​កំណត់​ពេលវេលា​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ