ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៨មីនា ចៅសង្កាត់ ផ្សព្វផ្សាយ​ពីតួនាទី​របស់ស្ត្រី នៃបរិបទប្រយុទ្ធ​នឹង​​ជំងឺកូវីដ១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរទិវានារីអន្តរជាតិ ៨មីនា លើកទ១១០ លោកស្រី ស៊ី តូន ចៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ដែលជាប់ឆ្នោតបួនអាណត្តិ​…

ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរទិវានារីអន្តរជាតិ ៨មីនា លើកទ១១០ លោកស្រី ស៊ី តូន ចៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ដែលជាប់ឆ្នោតបួនអាណត្តិ​ នៅថ្ងៃទី៨ ខែមីនានេះ បានឲ្យដឹងថា ឈរលើមូលដ្ឋាននៃការគោរពសិទ្ធិនារី និងជាបន្តិចម្តងៗ មានការទទួលស្គាល់សមត្ថភាព ព្រមទាំងការរស់នៅជាក់ស្តែង ដែលបានឆ្លុះបញ្ចាំង ពីសារសំខាន់នៃការចូលរួមរបស់ស្ត្រីផងដែរនោះ ការយកចិត្តទុកដាក់លើស្ត្រី នៅតាមបណ្តាប្រទេស នៅលើសកលលោកយើងនេះ ក៏ចាប់ផ្តើមជាបណ្តើរៗ ដែលអនុញ្ញាតឱ្យស្ត្រី បាន និងកំពុងចូលរួមចំណែកយ៉ាងសកម្មនៅក្នុងកិច្ចការសង្គម។

ជាក់ស្តែងការងាររបស់លោកស្រី ក្នុងនាមជាចៅសង្កាត់ជាប់គ្នាបួនអាណត្តិ មិនមែនជាការងាយស្រួលនោះទេ លោកស្រីតែងតែចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីសួរសុខទុក្ខ​។

ពេលប្រជាពលរដ្ឋខ្វះខាត លោកស្រី តែងតែចែករំលែកស្បៀងអាហារ ទៅតាមលទ្ធភាពមិនមើលរំលងឡើយ ទើបលោកស្រីជាប់ឆ្នោត ជាចៅសង្កាត់បួនអាណត្តិ។ បើគ្មានប្រជាពលរដ្ឋចូលរួមទេ ក៏វាពិបាកដែរ។

លោកស្រីចៅសង្កាត់ផ្សារថ្មី១ បានថ្លែងទៀតថា ជាក់ស្តែង នៅក្នុងបរិបទនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្ត្រីនៅកម្ពុជា បាន និងកំពុងតែចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការទទួលខុសត្រូវចំពោះមុខនៃការទប់​ស្កាត់​ការចម្លងជំងឺដ៏កាចសាហាវនេះ សម្រាប់ខ្លួនឯងផង សម្រាប់គ្រួសារផង និងសម្រាប់សហគមន៍ផង។

លោកស្រី បន្តថា សម្រាប់ខ្លួនឯង៖ ស្ត្រី មានបន្ទុកធ្ងន់ធ្ងរនៅក្នុងគ្រួសារ ដែលជាទូទៅ ត្រូវបានគេហៅថា «មេផ្ទះ» ។ ពាក្យថា «មេ» នេះ គឺមានន័យគ្រប់គ្រាន់បង្ហាញថា ស្ត្រី ជាអ្នកដឹកនាំ និងជាអ្នកគ្រប់គ្រងផ្ទាល់លើស្ថានភាពរស់នៅ និងសុខភាពរបស់ក្រុម​គ្រួសារខ្លួន។ ប្រសិនបើ ស្ត្រី មិនអាចការពារខ្លួនបានល្អពីជំងឺដង្កាត់ ជាពិសេសប្រសិនបើធ្លាក់ខ្លួនមានជំងឺកូវីដ-១៩ នោះ ស្ថានភាពគ្រួសាររបស់គាត់ ហាក់ដូចជាត្រូវបាត់បង់នូវបង្គោលដឹកនាំ និងអ្នកមើលការខុសត្រូវលើសមាជិកគ្រួសារ ដែលពេលខ្លះ អាចឈានទៅរកភាពរញ៉េរញ៉ៃនៅក្នុងគ្រួសារ ហើយប្រសិនបើស្ត្រីរូបនោះ ត្រូវបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩នេះទៀត នឹងរិតតែធ្វើឱ្យសមាជិកគ្រួសារគាត់ បាត់បង់នូវសរសរេទ្រូងដ៏រឹងមាំមួយ អាចឈានដល់ភាពក្រីក្រ ដែលខ្មែរយើងមានពាក្យស្លោកពីបុរមបុរាណដែរថា «សូវបាត់បារ កុំឱ្យបាត់មេ»ដែលពាក្យស្លោកនេះ បានឆ្លុះបញ្ចាំងរួចទៅហើយ នូវតួនាទីរបស់ស្ត្រី នៅក្នុងគ្រួសារ និងសង្គមជាតិ។ ដូច្នេះ ស្ត្រី មានភារកិច្ចធំធេងណាស់ នៅក្នុងកិច្ចការពារទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ សម្រាប់ខ្លួនឯងផង ដើម្បីគ្រួសារខ្លួនផង និងសហគមន៍ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់ផ្សារថ្មីទី១ដែលលោកស្រីជាអ្នកគ្រប់គ្រងដែលគេហៅថា«ចៅសង្កាត់ ។

លោកស្រីបានគូសបញ្ជាក់ថា ការអនុវត្តនូវវិធានការសុខាភិបាលរបស់ស្ត្រីនៅក្នុងបរិបទ​នៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ បច្ចុប្បន្ននេះ គឺរិតតែតម្រូវឱ្យស្ត្រីគ្រប់រូប មានការខិតខំបន្ថែមទៀតក្នុងការណែនាំគ្រប់គ្រងដល់សមាជិកក្រុមគ្រួសារខ្លួនឱ្យបានល្អប្រសើរ ហើយសំខាន់បំផុតនោះ គឺធ្វើការអប់រំណែនាំស្វាមី កូនចៅ និងសមាជិកគ្រួសារ ជាពិសេសដល់ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ផ្សារថ្មីទី១ ធ្វើយ៉ាងណាឱ្យមានការអនុវត្តន៍ឱ្យខានតែបាននូវកិច្ច «៣ការពារ និង ៣កុំ» ដែលជាវិធានការដ៏មានប្រសិទ្ធិភាពខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកកម្ពុជា និង សម្តេចគិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលគួរត្រូវបានរៀនសូត្រតាមដោយ​ស្ត្រីកម្ពុជា​គ្រប់រូប នូវវីរភាពលះបង់ និងរបៀបរបបនៃការរក្សាសុខភាពផ្ទាល់ខ្លួនផង និងការដឹកនាំគ្រប់គ្រងគ្រួសារបានល្អប្រសើរផង។ តួនាទីមួយទៀត យ៉ាងសំខាន់របស់​ស្ត្រីនៅពេលនេះ គឺការចូលរួមចំណែកបញ្ជៀសបាននូវហានិភ័យនៃការ​ចម្លងវីរុស​កូវីដ-១៩ និងចៀសវាងបានពីភាពធ្ងន់ធ្ងរនៃការវ៉ៃលុកជំងឺដ៏កាចសាហាវកូវីដ-១៩ នោះ គឺស្ត្រីខ្លួនឯង និងការជម្រុញសមាជិកក្រុមគ្រួសារខ្លួនដែលស្ថិតនៅក្នុងអាយុទទួល ការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ស្ម័គ្រចិត្តទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ដែលយុទ្ធនាការចាក់វ៉ាក់សាំងនេះ ត្រូវបានប្រកាសជាផ្លូវការរួចហើយ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាថ្ងៃដែល សម្តេចតេជោ និងសម្តេចកត្តិព្រឹទ្ធិបណ្ឌិត ក៏បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងរួចហើយដែរ។

លោកស្រីចៅសង្កាត់ ស៊ី តូន ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ផ្សារទី១ ថា ​ មុនចេញទៅណា ត្រូវក្រើនរំលឹកសមាជិកគ្រួសារខ្លួន ឱ្យអនុវត្តន៍ខ្ជាប់ខ្ជួនវិធាន ៣ការពារ (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រ​កន្លះឡើង) និងវិធាន ៣កុំ (កុំទៅកន្លែង ដែលបិទជិតឈឹងគ្មានខ្យល់ចេញចូល ប្រើម៉ាស៊ីនត្រជាក់ច្រើនពេក កុំទៅកន្លែងដែលមាមនុស្សកុះករកកកុញច្រើន និងកុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នា នៅពេលជួបគ្នា ជាដើម) ហើយនៅផ្ទះ «សុខសាន្ត គ្មានការឆ្លងវីរុសកូវីដ-១៩» ប្រសិនបើមិនចាំបាច់ កុំចេញក្រៅផ្ទះ៕ ដោយ៖ ទុយ ប៊ុនរី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ