ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យ​ទីតាំងឡឥដ្ឋ ដែលគ្រូម៉ាស្សា កើតជំងឺ Covid

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម៖ បុរសជាគ្រូបង្រៀនម៉ាស្សាម្នាក់ ឈ្មោះ ម៉ី ស៊ីថាន អាយុ ២៧ឆ្នាំ មានស្រុកកំណើត​នៅភូមិអូរកណ្តា ឃុំព្រែកក្របៅ ស្រុកកងមាស…

ខេត្តកំពង់ចាម៖ បុរសជាគ្រូបង្រៀនម៉ាស្សាម្នាក់ ឈ្មោះ ម៉ី ស៊ីថាន អាយុ ២៧ឆ្នាំ មានស្រុកកំណើត​នៅភូមិអូរកណ្តា ឃុំព្រែកក្របៅ ស្រុកកងមាស បានឆ្លងជំងឺ Covid-19 ត្រូវបានអាជ្ញាធរសហការជាមួយជំនាញសុខាភិបាល ប្រញាប់យកមកព្យាបាល នៅបន្ទប់ដាច់ដោយឡែក ក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម។ រីឯអ្នក ដែលពាក់ព័ន្ធនឹងបុរសនេះ ក៏ត្រូវបានតម្រូវឲ្យធ្វើចត្តាឡីស័កផងដែរ។

លោក ភោគ សាវុធ អភិបាលស្រុកកងមាស បានឲ្យដឹងនៅរសៀលថ្ងៃទី៨មីនា នេះថា បុរសជាគ្រូម៉ាស្សានោះ ធ្វើការនៅសណ្ឋាគារ សីញ ជីងថៃ នៅកែង​LV ក្នុង​ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បុរសនេះ បានធ្វើដំណើរតាមរថយន្តឈ្នួល មកលេងស្រុកកំណើត នៅកន្លែងឡឥដ្ឋ ក្នុងភូមិអូរកណ្ដោ ដែលឪពុកម្ដាយ ធ្វើការនៅទីនោះ ដោយបានមកដល់នៅថ្ងៃទី៤ មីនាកន្លងទៅ ហើយក៏មានអាការក្តៅខ្លួន និងពិបាកដកដង្ហើម។ ដោយមានការសង្ស័យ​ម្ចាស់ឡឥដ្ឋ ប្រញាប់រាយការណ៍ មកអាជ្ញាធរមូលដ្ឋាន និងជំនាញសុខាភិបាល។

លោក​អភិបាលស្រុកកងមាស បន្តថា បុរសនេះ ត្រូវបានក្រុមគ្រូពេទ្យ នាំយកមក​កាន់មន្ទីរពេទ្យខេត្ត និងបានយកសំណាកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ រាជធានីភ្នំពេញ ហើយ​លទ្ធផលបង្ហាញថា បុរសនេះ វិជ្ជមានជំងឺ Covid-19។

លុះមកដល់ព្រឹកថ្ងៃទី៨មីនា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid ខេត្តកំពង់ចាម រួមជាមួយលោកវេជ្ជបណ្ឌិត គីម សួរភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងសហការី បានអញ្ជើញ ចុះមកពិនិត្យទីតាំងឡឥដ្ឋ​ដោយផ្ទាល់។

មន្ត្រីជំនាញ បានហ៊ុំព័ទ្ធកន្លែង ដែលបុរសកើតជំងឺ Covid ស្នាក់នៅ ដោយ​មិនអនុញ្ញាតឲ្យអ្នកណាចេញចូលនោះទេ ហើយអ្នកបម្រើការងារ នៅលើឥដ្ឋចំនួន ១២គ្រួសារ ស្មើ ៥៣នាក់ មានទាំងក្មេង និងចាស់ ត្រូវបាននាំមកធ្វើចត្តាឡីស័ក នៅសណ្ឋាគារមេគង្គ នៅ​មាត់ទន្លេ ក្នុង​ក្រុងកំពង់ចាម។ នៅរសៀលថ្ងៃដដែល កម្លាំងជំនាញសុខាភិបាល បាន​ចុះបាញ់ថ្នាំសម្លាប់មេរោគ នៅឡឥដ្ឋនោះ។

ជាមួយនោះ អាជ្ញាធរក៏បានផ្សព្វផ្សាយតាមមេក្រូ ដើម្បីបំផុសឲ្យប្រជាពលរដ្ឋ មានការយល់ដឹង និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល។

អភិបាលស្រុកកងមាស បន្ថែមថា ចាប់តំាងពីការផ្ទុះឡើងនូវជំងឺ ​Covid នៅក្នុងស្រុកកងមាស រហូតមកដល់ពេលនេះ រកឃើញ​​អ្នកជំងឺ សរុបចំនួន ១០នាក់។ ក្នុងនោះ គឺ​ក្នុងអំឡុង កើតមានរលកទី១ គឺមានជនជាតិម៉ាឡេស៊ី ៨នាក់ រួមនឹងខ្មែរអ៊ីស្លាម អ្នកមើលថែទាំព្រះវិហារម្នាក់ បានឆ្លងជំងឺ Covid ហើយបូករួមទាំងគ្រូបង្រៀនម៉ាស្សាម្នាក់នេះទៀត គឺកើន​ឡើងដល់ ១០នាក់។

​សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ​បានបញ្ជាក់ថា បុរសជាតិគ្រូបង្រៀនម៉ាស្សាម្នាក់នេះ នៅថ្ងៃទី៣មីនា កន្លងទៅ បានធ្វើដំណើរចេញពីខេត្តព្រះសីហនុ តាមរថយន្តឈ្នួ​ល នៅជិតម្ដុំផ្សារពាណិជ្ជកម្មពេទ្យព្រៃចេក ធ្វើដំណើរមកកាន់រាជធានីភ្នំពេញ លុះពេលយប់ បានចុះនៅមុខមន្ទីរពេទ្យកាល់ម៉ែត្រ ហើយបានទៅសួរសុខទុក្ខក្មួយប្រុស ដែលសម្រាកព្យាបាលជំងឺ នៅអគារបេះដូង ក្នុង​មន្ទីរពេទ្យកាល់ម៉ែត្រ។ នាយប់ដដែលនោះ បុរសរូបនោះ ក៏បានចេញទៅស្នាក់នៅជាមួយបងស្រី នៅបន្ទប់ជួល ម្ដុំស្ទឹងមានជ័យ រាជធានីភ្នំពេញ។ នៅព្រឹកថ្ងៃទី៤មីនា បានបន្តដំណើរមកជ្រោយចង្វារ និងបានឡើងរថយន្តឈ្នួល ឆ្ពោះមកខេត្តកំពង់ចាម ដោយឈប់នៅម្ដុំភ្លើងស្តុបផ្សារព្រៃទទឹង ក្នុង​ឃុំជ្រៃវៀន ស្រុកព្រៃឈរ និងបានបន្តដំណើរតាមម៉ូតូឌុប រហូតដល់ផ្ទះនៅភូមិអូរកណ្ដោ ឃុំព្រែកក្របៅ ស្រុកកងមាស។

សេចក្តីប្រកាសបន្តថា នៅព្រឹកថ្ងៃទី៥មិនា បុរសនេះ និងប្អូនប្រុស បានជិះម៉ូតូ មកផ្សារព្រៃទទឹង និងបានដើរចូលផ្សារទិញត្រី និងគ្រឿងធ្វើម្ហូប ប្រហែលកន្លះម៉ោង មុនត្រឡប់មកផ្ទះវិញ​។

រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមជាមួយរដ្ឋបាលខេត្តកំពង់ចាម អនុវត្តខ្ជាប់ខ្ជួននូវវិធាន និងការការពារជំងឺកូវីដ១៩។ ដោយឡែក បងប្អូន ដែលមានហានិភ័យខ្ពស់ ពាក់ព័ន្ធនឹងបុរសខាងលើនេះ ត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់តាមការណែនាំ​របស់មន្ត្រីសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងការពារសហគមន៍ ឲ្យជៀសផុតពីជំងឺដល់មហាប្រល័យនេះ៕ ដោយ៖ ចាន់ ថេត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ