ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រា ដេកតាមផ្លូវ អត់ដក​សោម៉ូតូ ចោរថា ផ្គើនពេក!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ បុរសម្នាក់ ផឹកស្រាស្រវឹងជោគជាំ ជិះម៉ូតូទៅមុខលែងរួច បានឈប់ម៉ូតូដេកតាមផ្លូវ និងទុកសោជាប់នឹងម៉ូតូ ត្រូវបុរសម្នាក់ ឃើញឱកាសល្អ លួចបើករត់គេចខ្លួន។ ប៉ុន្តែប្រជាពលរដ្ឋ…

រាជធានីភ្នំពេញ៖ បុរសម្នាក់ ផឹកស្រាស្រវឹងជោគជាំ ជិះម៉ូតូទៅមុខលែងរួច បានឈប់ម៉ូតូដេកតាមផ្លូវ និងទុកសោជាប់នឹងម៉ូតូ ត្រូវបុរសម្នាក់ ឃើញឱកាសល្អ លួចបើករត់គេចខ្លួន។ ប៉ុន្តែប្រជាពលរដ្ឋ ដែលនៅជិតកន្លែងកើតហេតុ បានជិះប្រដេញតាមពីក្រោយ ហើយ​ស្រែកចោរៗ ធ្វើឲ្យជនសង្ស័យ ភ័យស្លន់ស្លោ ជិះទៅបុកគូទរថយន្តប្រជាពលរដ្ឋ បណ្តាលអោយដួល រងរបួស ទើបក្របួចជាប់។

ហេតុការណ៍នេះ បង្កជាការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០ និង ២០​នាទីយប់ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ តាមបណ្ដោយមហាវិថីព្រះស៊ីសុវត្ថិ ទល់មុខផែថ្ម សង្កាត់ស្រះចក ខណ្ឌដូនពេញ។ 

​ម៉ូតូ ដែលចោរលួចមិនសម្រេចនោះ ម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ស្លាកលេខ ភ្នំពេញ 1AR-1176។ រីឯម្ចាស់ម៉ូតូ សុំមិនប្រាប់ឈ្មោះ និង​បានឆ្លើយខ្លីៗ ទាំងអៀនខ្មាស់ថា មុនកើតហេតុ គឺរូបគាត់ផឹកស្រាស្រវឹងជាមួយមិត្តភ័ក្ដិ រួចជិះម៉ូតូ​ត្រលប់ទៅផ្ទះវិញ។ ដោយស្រវឹងទៅមុខលែងរួច រូបគាត់ ក៏បានឈប់ម៉ូតូ ដេកនៅតាមផ្លូវ លើសួនស្ពាននាគវត្តភ្នំ ស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

សាក្សី បានឲ្យដឹងថា ខណៈពេល ដែលម្ចាស់ម៉ូតូស្រវឹង ហើយកំពុងលង់លក់ ក៏មានជនសង្ស័យម្នាក់ ឆ្លៀតឱកាស លួចបើកម៉ូតូ រត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ ជួយដេញឃាត់ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោ ក៏ជិះទៅបុកគូទរថយន្តគេ បណ្តាល​ឲ្យដួល ទើបក្របួចជាប់។  

ប្រភពដដែលបានបន្តទៀតថា ខណៈពេលដែលឃាត់បានជនសង្ស័យ ក៏មានពលរដ្ឋល្អម្នាក់ បានបើកម៉ូតូកង់បី មកដាស់គាត់ និងដឹកទៅកន្លែង​កើតហេតុ។ ពេលឃើញម៉ូតូ ទើបស្វាង​ស្រាចែស។ 

ជនសង្ស័យ ដែលប្រជាពលរដ្ឋឃាត់ជាប់ បានសារភាពប្រាប់ថា រូបគេ ឈ្មោះ ម៉ៅ អាយុ ២២ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ។ មូលហេតុដែលគេលួចម៉ូតូខាងលើនេះ ដោយសារតែម្ចាស់ម៉ូតូផ្គើនខ្លាំងពេក ទុកម៉ូតូចោល ហើយមិនដកកូនសោ​ចេញពីម៉ូតូទៀត។ ទោះបីរូបគេ មិនចង់លួច ក៏មិនបានដែរ។

ក្រោយកើតហេតុ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់យកទៅ​កាន់ប៉ុស្តិ៍នគរបាលវត្តភ្នំ ដែលជាកន្លែងកើតហេតុ ដើម្បី​ចាត់ការតាមនីតិវិធី៕  ដោយ៖ យឹម ឈឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ