ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ប្រកប​របរ​ដាំ​បន្លែ​ស្ពៃក្តោប និង​ដើម​ខ្ទឹម ត្អូញត្អែរ​ពី​តម្លៃ​ធ្លាក់​ចុះ​ខ្លាំង​ជាង​ឆ្នាំ​មុន

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កាលពី​ពេល​ថ្មី​ៗ​មកនេះ​ប្រជា​កសិករ​ម្នាក់ ដែល​ប្រកប​មុខរបរ​កសិកម្ម​ដាំ​បន្លែ​ស្ពៃក្តោប និង​ដាំ​ដើម​ខ្ទឹម នៅ​លើ​ដីចម្ការ​ដែល​ខ្លួន​បាន​ជួល​គេ​ក្បែរ​ផ្លូវជាតិ​លេខ ៥៧​ស្ថិត​ក្នុងភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុង​ប៉​ស​លិ​ន ខេត្ត​ប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ កាលពី​ពេល​ថ្មី​ៗ​មកនេះ​ប្រជា​កសិករ​ម្នាក់ ដែល​ប្រកប​មុខរបរ​កសិកម្ម​ដាំ​បន្លែ​ស្ពៃក្តោប និង​ដាំ​ដើម​ខ្ទឹម នៅ​លើ​ដីចម្ការ​ដែល​ខ្លួន​បាន​ជួល​គេ​ក្បែរ​ផ្លូវជាតិ​លេខ ៥៧​ស្ថិត​ក្នុងភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុង​ប៉​ស​លិ​ន ខេត្ត​ប៉ៃលិន បាន​ត្អូញត្អែរ និង​ព្រួយ​បារ​ម្ម​ណ៍​ចំពោះ​ជីវភាព ខណ​:​កា​ប្រមូល​ផល​បន្លែ​កសិកម្ម​នៅ​ពេល​នេះ​មាន​តម្លៃ​ធ្លាក់​ចុះ​ខ្លាំង ស្ទើរតែ​លែង​ចង់​ដាំ​បន្ត​ទៀត ។ នេះ​បើ​តាម​ការ​រៀបរាប់​ពី​ប្រជា​កសិករ​ឈ្មោះ ប៊ុ​ន សុខ ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ ។

លោក ប៊ុ​ន សុខ បាន​ប្រាប់​ឱ្យ​ដឹង​ថា គាត់​ជា​ប្រជា​កសិករ រស់នៅ​ភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ហើយ​មាន​គ្នា​ប្រមាណ​ពី ៥ ទៅ ៦​គ្រួសារ បាន​ដាំ​ដំណាំ​បន្លែ​ស្ពៃក្តោប​ជា​រៀង​រាល់​ឆ្នាំ ដែល​កាលពី​ឆ្នាំ ២០២០ ឈ្មួញ​ទិញ​បន្លែ​របស់​ខ្លួន​ក្នុង ១​គី​ទ្បូ​ក្រាម តម្លៃ ២៥០០​រៀល តែ​រហូត​មក​ដល់​ដើមឆ្នាំ ២០២១ នេះ ឈ្មួញ​ទិញ​ត្រឹមតែ ១​គី​ទ្បូ​ក្រាម តម្លៃ ៣០០​រៀល​ប៉ុណ្ណោះ ពោល​គឺ​មានការ​ធ្លាក់​ចុះ​រហូត​ដល់​ពី ៧ ទៅ ៨​ដង​នៃ​ឆ្នាំ​មុន​ឯណោះ ដូច្នេះ​ពួក​គាត់​ចង់​សើច​ក៏​សើច​លែង​ចេញ ដោយ​លំបាក​រក​ប្រាក់​សង​ថ្លៃ​ជំពាក់​គេ​តែ​ម្តង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្នុង​នោះ​តម្លៃ​ដើម​ខ្ទឹម​កាលពីមុន​ឈ្មួញ​ទិញ ១​គី​ទ្បូ​ក្រាម តម្លៃ ៦០០០​រៀល រីឯ​នៅ​ដើមឆ្នាំ​ថ្មី​នេះ​ឈ្មួញ​ទិញ​ត្រឹមតែ ១​គី​ទ្បូ​ក្រាម តម្លៃ​តែ ២៥០០​រៀល​ប៉ុណ្ណោះ ដោយ​កាត់កង​ថ្លៃ​ចំណាយ​ចុះឡើង គឺ​ខាត​ខ្លាំង​ណាស់ មិន​អាច​ទទួលយក​បាន​នោះ​ទេ ហើយ​ឈ្មួញកណ្ដាល​គាត់​មក​ទិញ​ដល់​ក្នុង​ចម្ការ ព្រោះ​កសិករ​មិន​បាន​ដឹក​យក​ទៅ​លក់ដូរ​នៅ​ទីផ្សារ​ខ្លួនឯង​នោះ​ទេ ព្រោះ​គ្មាន​ម៉ូតូ​រ៉ឺ​ម៉ក ឬ រថយន្ត​សម្រាប់​ដឹក​លក់ ។

ទោះបីជា​យ៉ាងណា​ប្រជា​កសិករ​ខាងលើ​បាន​បញ្ជាក់​ថា ការ​ដាំ​ដំណាំ​បន្លែ​ស្ពៃក្តោប និង​ដើម​ខ្ទឹម​នេះ គឺ​ងាយស្រួល​ក្នុង​ការ​ថែទាំ​ជាង​ដំណាំ​ផ្សេង​ៗ ហើយ​ឆាប់​បាន​ប្រមូល​ផល ដោយ​គ្រាន់តែ​មើលថែ​ស្រោច​ទឹក ដាក់​ជី​បន្តិចបន្តួច​ប៉ុណ្ណោះ ដើម្បី​ការពារ​មិន​ឲ្យ​សត្វល្អិត​ចូល​មក​យាយី​បំផ្លាញ​មុន​ពេល​ប្រមូល​ផល ចំពោះ​អាយុកាល​នៃ​ការ​ចាប់ផ្តើម​ដាំ​រហូត​ដល់​ប្រមូល​ផល​មាន​រយៈពេល​ត្រឹមតែ​ជាង​ពីរ​ខែ​ប៉ុណ្ណោះ គឺ​ប្រមូល​ផល​បាន​លក់​ឱ្យ​ឈ្មួញ​ក្នុង​ក្រុងប៉ៃលិន ដឹក​យក​ទៅ​លក់​បន្ត​នៅ​ផ្សារ ។

លើស​ពី​នេះ​កសិករ​ទាំងអស់​អំពាវនាវ​ដល់​មន្ត្រី​ជំនាញ នៃ​មន្ទីរ​កសិកម្ម​ខេត្ត ឱ្យ​ចុះ​ទៅ​ជួយ​ពន្យល់​ណែនាំ​ពួក​គាត់​ពី​លក្ខណៈ​បច្ចេកទេស​នៃ​ការ​ដាំ​ដុះ និង​ជួយ​បណ្ដុះបណ្ដាល​ពី​វិធី​ថែទាំ​ដំណាំ​កសិកម្ម ព្រមទាំង​រក​ទីផ្សារ​លក់ដូរ​ឱ្យ​បាន​តម្លៃ​ខ្ពស់​ជាង​នេះ​ផង​ដែរ ព្រោះ​ពួក​គាត់​ប្រាប់​ថា ការ​ប្រកប​របរ​កសិកម្ម​រាល់ថ្ងៃ​នេះ អស់​រយៈពេល​ជិត ២០​ឆ្នាំ​មក​ហើយ ពុំដែល​ឃើញ​មាន​មន្ត្រី​ជំនាញ​ណា​ម្នាក់​ចុះ​ទៅ​ជួយ​ពន្យល់​ណែនាំ​ដល់​ពួក​គាត់​ក្នុង​ការ​ដាំ​ដុះ​នោះ​ទេ ឃើញ​តែ​ធ្វើការ​នៅ​ក្នុង​មន្ទីរ​ប៉ុណ្ណោះ ។

ពួក​គាត់​ក៏​អំពាវ​បន្ថែម​ទៀត​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ ជួយ​គាំទ្រ​បន្លែ​របស់​កសិករ​យើង ជា​បន្លែ​ធម្មជាតិ គ្មាន​សារធាតុ​គីមី ដើម្បី​ជា​កម្លាំងចិត្ត​ដល់​ពួក​គាត់​ក្នុង​ការ​ដាំ​បន្លែ​គ្រប់មុខ​ឱ្យ​មាន​តម្លៃនៅលើទីផ្សារ ដើម្បី​លក់​បាន​ប្រាក់​សម្រាប់​ផ្គង់​ផ្គង់​ជីវភាព និង​សងបំណុល​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ