បឹងទន្លេសាប គឺជាតំបន់ដីសើមទឹកសាបដែលមានសារសំខាន់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ បឹងទន្លេសាប បានទ្រទ្រង់ដល់ប្រជាពលរដ្ឋដ៏ច្រើនតាមរយៈផលិតភាពដ៏ធំធេង សម្រាប់ការផ្គត់ផ្គង់ទឹក និងផ្តល់ជម្រកសម្រាប់ប្រភេទជីវចម្រុះសំខាន់ៗមួយចំនួននៅតំបន់អាស៊ី។ ទោះបីជាយា៉ងណាក៏ដោយ ចំនួនប្រជាជន និងសម្ពាធនៃការអភិវឌ្ឍតំបន់ដ៏សំខាន់នេះមានការកើនឡើងជាលំដាប់រៀងរាល់ឆ្នាំ ។
រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតតំបន់ការពារដែនជីវចម្រុះបឹងទន្លេសាប (The Tonle Sap Biosphere Reserve TSBR) ក្នុងខែកុម្ភៈ ឆ្នាំ២០០១ ជាចំណុចរួមនៃការអភិវឌ្ឍនិងគ្រប់គ្រងបរិស្ថាន ។ ការបង្កើតតំបន់ការពារដែនជីវចម្រុះបឹងទន្លេសាប បានឆ្លុះបញ្ចាំងពីការគំរាមកំហែងមួយចំនួនធំចំពោះបឹងទន្លេសាប ក៏ប៉ុន្តែបញ្ហាទាំងនេះត្រូវដោះស្រាយជាបន្តបន្ទាប់តាមរយៈរាជរដ្ឋាភិបាល និងអង្គការអន្តរជាតិមួយចំនួន ។
កន្លងមក ធនាគារអភិវឌ្ឍន៍អាស៊ីបានទទួលស្គាល់ថា ការអភិរក្ស និងការគ្រប់គ្រងប្រកបដោយចីរភាពនៃប្រភពធនធានធម្មជាតិ និងជីវចម្រុះ គួរតែត្រូវគិតពិចារណាពីទស្សនវិស័យនៃសមត្ថភាព ដែលអាចចិញ្ចឹមជីវិតមនុស្សរបស់អាងទឹកបឹងទន្លេសាប ។ ក្នុងការភ្ជាប់ទំនាក់ទំនងទៅនឹងទស្សនវិស័យនេះ គម្រោងគ្រប់គ្រងបរិស្ថានបឹងទន្លេសាប (២០០២) មានគោលបំណងសំដៅបង្កើតនូវប្រព័ន្ធទាំងឡាយ និងអភិវឌ្ឍន៍សមត្ថភាពសម្រាប់ការសម្របសម្រួលគ្រប់គ្រងធនធានធម្មជាតិ និងការធ្វើផែនការ ការគ្រប់គ្រងធនធានធម្មជាតិដោយមានការចូលរួមពីសហគមន៍ និងការអភិរក្សជីវចម្រុះក្នុងដែនការពារជីវចម្រុះ ។ បើសិនជាគ្មានការគ្រប់គ្រងអភិវឌ្ឍ និងអភិរក្សបែបនេះទេនោះ បឹងទន្លេសាបនឹងក្លាយទៅជាតំបន់ដែលមានផលិតផលទាបទៅៗជាលំដាប់ ។
គម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បានផ្តួចផ្តើមគំនិតក្នុងការបង្កើតនូវក្របខណ្ឌជាបន្តបន្ទាប់ ដើម្បីជួយសម្រួលដល់ការគ្រប់គ្រងនិងអភិរក្ស ការបង្កើតស្ថាប័នគ្រប់គ្រងធនធានធម្មជាតិ ដោយមានការចូលរួមពីសហគមន៍ ជំរុញជីវភាពរស់នៅប្រកបដោយចីរភាព បង្កើតយន្តការនៃការកាន់កាប់ទ្រព្យសម្បត្តិតំបន់ស្នូលដោយសហគមន៍ កែលំអអាងទឹកឱ្យធំទូលាយ ជំរុញការងារស្រាវជ្រាវនិងអភិវឌ្ឍមូលដ្ឋានទិន្នន័យ និងលើកទឹកចិត្តសេវាផ្សព្វផ្សាយឱ្យទៅជាច្បាប់ទម្លាប់ ។ ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការគ្រប់គ្រងកាកសំណល់ ការផ្គត់ផ្គង់ទឹកនិងអនាម័យ ទីស្នាក់ការចែកចាយត្រី ទេសចរណ៍ធម្មជាតិ និងឥណទានជនបទ និងមីក្រូហិរញ្ញវត្ថុក៏ត្រូវធ្វើឱ្យបានសមស្របទៅតាមលក្ខណៈបច្ចេកទេសវិទ្យាសាស្ត្រផងដែរ ។
យុទ្ធសាស្ត្រ និងកម្មវិធីរបស់ធនាគារអភិវឌ្ឍន៍អាស៊ីសម្រាប់ប្រទេសកម្ពុជា ឆ្លុះបញ្ចាំងទៅនឹងវិធានការដ៏ទូលំទូលាយរបស់ធនាគារអភិវឌ្ឍន៍អាស៊ីចំពោះបឹងទន្លេសាប ដែលធនាគារអភិវឌ្ឍន៍អាស៊ីរំពឹងថា នឹងបន្តស្រាវជ្រាវ១០ឆ្នាំបន្ទាប់ទៀត ៕
ចែករំលែកព័តមាននេះ