ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​សារព័ត៌​មាននៅ​រតនគិរី មាន​ប្រតិកម្ម​សារ​តាម​អន​ឡាញ លោក ថង់ សា​វុន អភិបាលខេត្ត

8 ឆ្នាំ មុន

ខេត្តរតនគិរី ៖ អ្នក​យក​ព័ត៌មាន​មួយ​ក្រុម​នៅ​ក្នុង​ខេត្តរតនគិរី បាន​ប្រមូលគ្នា​ផ្តិត​មេដៃ​ដើម្បី​ធ្វើ​បណ្តឹង​មួយ​ដាក់​ទៅ​ប្រធាន​ក្រុមប្រឹក្សា​អ្នក​សារព័ត៌មាន​កម្ពុជា និង​ក្លិប​អ្នកកាសែត​កម្ពុជា បន្ទាប់​ពី​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ទទួលសារ​អេ​ឡិច​ត្រូ​និក​ពី​លោក​អភិបាលខេត្ត​រតនគិរី

ខេត្តរតនគិរី ៖ អ្នក​យក​ព័ត៌មាន​មួយ​ក្រុម​នៅ​ក្នុង​ខេត្តរតនគិរី បាន​ប្រមូលគ្នា​ផ្តិត​មេដៃ​ដើម្បី​ធ្វើ​បណ្តឹង​មួយ​ដាក់​ទៅ​ប្រធាន​ក្រុមប្រឹក្សា​អ្នក​សារព័ត៌មាន​កម្ពុជា និង​ក្លិប​អ្នកកាសែត​កម្ពុជា បន្ទាប់​ពី​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ទទួលសារ​អេ​ឡិច​ត្រូ​និក​ពី​លោក​អភិបាលខេត្ត​រតនគិរី ពី​បទ​គំរាមកំហែង​អាយុជីវិត​ក្រុម​គ្រួសារ​អ្នកកាសែត និង​សេរីភាព​អ្នក​សារព័ត៌មាន ។

អ្នក​យក​ព័ត៌មាន​ឱ្យ​ទូរទស្សន៍​បាយ័ន​ប្រចាំ​ខេត្តរតនគិរី លោក សុខ គឹ​ម​សន កាលពី​យប់​ថ្ងៃ​ទី​២៤ សីហា កន្លង​ទៅ​នេះ ត្រូវ​អភិបាលខេត្ត​រតនគិរី លោក ថង សា​វុន ផ្ញើ​សារ​តាម​ប្រព័ន្ធ Line ។ នៅ​ក្នុង​សារ​នោះ​លោក​បាន​សរសេរ​ពី​សកម្មភាព​របស់​អ្នកកាសែត ដែល​ធ្វើ​ហួស​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ដូច​ជា ប្រមូលផ្តុំ​គ្នា​នៅ​តាម​ដងផ្លូវ ដេញ​ប្រមាញ់​ម៉ូតូ​ដឹកឈើ និង​រថយន្ត​ដឹកឈើ ហើយ​មួយ​ចំនួន​ទៀត ​អង្គុយ​នៅ​តាម​ហាង​កាហ្វេ​ដើម្បី​ប្រមាញ់​អ្នក​ប្រព្រឹត្ត​ល្មើស ដែល​អាច​ផ្តល់​ផលប្រយោជន៍​ដល់​ខ្លួន​ជាដើម ។

សារ​លោក​អភិបាលខេត្ត​បន្ត​ថា បើ​តាំង​ចិត្តជា​អ្នក​យក​ព័ត៌មាន ត្រូវធ្វើ​ឱ្យ​គ្រប់​ជ្រុងជ្រោយ ឈរ​លើ​ការ​ទទួលខុសត្រូវ​ក្នុង​ការ​បញ្ចេញ​ព័ត៌មាន ដែល​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​វាសនា​អ្នក​ដទៃ ដែល​ទាំងនេះ ធ្វើ​ឱ្យ​អ្នក​សារព័ត៌មាន​ឃ្លាតឆ្ងាយ​ពី​សង្គម ហើយ​អ្នក​ដែល​ទទួល​រង​ផល​ប៉ះពាល់ គឺ​ប្រពន្ធ និង​កូន​ៗ​របស់​ខ្លួន ។ លោក​មិន​អនុញ្ញាត​ឱ្យ​ក្រុម​អ្នកកាសែត​ធ្វើអំពើ​ខុសច្បាប់​សម្រាប់​ក្រពះ យក​ស្លាក​អ្នកកាសែត​ធ្វើ​អ៊ី​ចឹ​ង​តទៅ​ទៀត​ទេ ។

ក្រោយ​ពី​បានឃើញ​សារ​តាម Line របស់​លោក​អភិបាលខេត្ត​ដូច​បាន​រៀបរាប់​ខាងលើ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ សីហា ក្រុម​អ្នកកាសែត​មួយ​ចំនួន​បាន​ផ្តិត​មេដៃ​ធ្វើ​បណ្តឹង​ដាក់​ចូល​ទៅ​ប្រធាន​ក្រុមប្រឹក្សា​អ្នក​សារព័ត៌មាន​កម្ពុជា និង​ក្លិប​អ្នកកាសែត​កម្ពុជា ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ក្នុង​ករណី​នេះ ។

មានការ​កត់​សម្គាល់ថា មុន​នឹង​លោក​អភិបាលខេត្ត​ចេញ​សារ​ព្រមាន​បែប​នេះ គឺ​បន្ទាប់​ពី​មាន​អ្នកកាសែត​មួយ​ក្រុម​អះអាង​ថា ខ្លួន​មក​ពី​ភ្នំពេញ បាន​បើករថយន្ត​តាម​ប្រមាញ់​រថយន្ត​ដឹកឈើ​២​គ្រឿង​កាលពី​រសៀល​ថ្ងៃ​ទី​២២ សីហា ហើយ​ក៏​ត្រូវ​បាន​បង្ក្រាប​ទៅ​លើ​រថយន្ត​បទល្មើស​នោះ​ភ្លាម​ៗ​ដែរ នៅ​រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ​ប្រណីត​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ជ្រី សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ។

ជា​រឿយ​ៗ គេ​តែង​ឃើញ​ក្រុម​អ្នកកាសែត​ទៅ​ពី​ភ្នំពេញ មិនដឹង​ថា​នៅ​អង្គភាព​សារព័ត៌មាន​ណា​នោះ​ទេ តែង​ជិះ​រថយន្ត​ស៊េរី​ទំនើប​ៗ​ជា​ច្រើន​គ្រឿង​ដេញ​ប្រមាញ់​រថយន្ត​បទល្មើស ឬ​ទូរស័ព្ទ​ទៅ​ថ្នាក់ដឹកនាំ​នៅ​រាជធានី​ភ្នំពេញ ឱ្យ​ជួយ​អន្តរាគមន៍​ចាប់​រថយន្ត​ដឹក​បទល្មើស​ទាំងនោះ ។ ចំណែក​អ្នកកាសែត​នៅ​ខេត្តរតនគិរី​វិញ មិន​ដែល​បាន​ធ្វើ​សកម្មភាព​ដេញ​ប្រមាញ់​ម៉ូតូ ឬ​រថយន្ត​ដឹកឈើ​ដូច​ការ​ចោទប្រកាន់​ក្នុង​សារ​របស់​លោក​អភិបាលខេត្ត​នោះ​ទេ ។

ទោះជា​មានការ​អង្គុយ​ជុំ​គ្នា​តាម​ហាង​កាហ្វេ ក៏​មិនមែន​ជា​ការ​ដាក់​កុងត្រូលជជុះ ឬ​មាន​ក្រុម​អ្នក​រកស៊ី​បទល្មើស​ណាមួយ​មក​បង់លុយ​ឱ្យ​ដែរ គ្រាន់តែ​អ្នកកាសែត​មួយ​ចំនួន​អង្គុយ​ចំ​ច្រក ដែល​ក្រុម​ឈ្មួញ​តែង​ដឹក​ជញ្ជូន​ឈើ​ប្រណីត​តាម​ម៉ូតូ និង​រថយន្ត​មក​ពី​ស្រុក​អូរ​ជុំ វើ​ន​សៃ និង​ស្រុក​តា​វែង ដែល​នាំ​ឱ្យ​មានការ​រាំងស្ទះ​ដល់​សកម្មភាព​របស់​ឈ្មួញ​មួយ​ចំនួន ហើយ​នាំ​ឱ្យ​លោក​អភិបាលខេត្ត​មានការ​យល់​ច្រឡំ និង​មានការ​មិន​ពេញចិត្ត ។ ម្យ៉ាងទៀត ដោយសារ​ក្រុម​សមត្ថកិច្ច និង​ថ្នាក់ដឹកនាំ​មួយ​ចំនួន​រកស៊ី​ឈើ ហើយ​គិត​ថា ក្រុម​អ្នកកាសែត​ជា​បន្លា​នៅ​ក្នុង​កែវភ្នែក​របស់​ពួក​គេ ។

ចំពោះ​មន្ត្រី​សមត្ថកិច្ច​គ្រប់​មួយ​ចំនួន តែង​ធ្វើ​សកម្មភាព​ស្ទាក់​ជំរិត​ទារ​លុយ​ពី​ឈ្មួញ​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ក៏​ខុស​ពី​តួនាទី​របស់​ខ្លួន​ដែរ​។ សួរ​ថា តើ​ការ​ឈឺឆ្អាល​ពី​ការ​បាត់បង់​ធនធានធម្មជាតិ រលាយ​ព្រៃឈើ​ស្ទើរ​អស់ពី​ក្នុង​ព្រៃ​ទៅ​ហើយ​នោះ ជា​កំហុស​អ្នកកាសែត​ដែល​ផ្សព្វផ្សាយ ឬ​បែប​ណា ។ ក្រុម​អ្នកកាសែត​ដែល​មាន​វិជ្ជាជីវៈ​មិន​បាន​គិត​ពី​ផលប្រយោជន៍​របស់​ខ្លួន​ទេ តែ​បាន​ធ្វើ​ជា​អ្នក​ផ្ញើ​សារ​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​អ្នកដឹកនាំ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​អំពើ​អសកម្ម​របស់​ក្រុម​មន្ត្រី​ខិលខូច​តែ​ប៉ុណ្ណោះ ៕