ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញ​ពី​ផ្សារ​ស្គន់​​ទៅផ្ទះ​​ចោរស្ទាក់​​ប្លន់​អស់​ជាង​​២ម៉ឺន​ដុល្លារ

15 ឆ្នាំ មុន

​ខេត្ត​កំពង់ចាម​ ៖ ​ក្រុមចោរ​ប្លន់​​​​​៣នាក់​​ប្រដាប់​​ដោយ​​​​អាវុធ​ខ្លី​​ បាន​ធ្វើសកម្ម​ភាព​​​​តាម​ភ្ជង់​ប្លន់ស្ត្រី​​អាជីវករ​លក់មាស​-​ប្តូរប្រាក់​​ម្នាក់​​ឈ្មោះ​អ៊ាង ​ម៉ុក​​ម៉ាយ អាយុ​​​​៣៤​ឆ្នាំ ​រស់នៅ​​ភូមិ​​​ស្គន់ ឃុំ​​សូទិព្វ​ ​ស្រុកជើងព្រៃ ​កាលពីវេលាម៉ោង​​ប្រហែល​​​​ជា​​៥​ល្ងាច​​ថ្ងៃទី​​​​១៤ មីនា ​​២០១១ ​ខណៈ​​​​​ជិះម៉ូតូ​ម៉ាក C125 ពណ៌ខ្មៅ ស៊េរី​​​​២០០៨ ​ចេញពីផ្សារ​ស្គន់​​ត្រឡប់​មក​ផ្ទះវិញ គឺ​​ប្លន់​​​ស្បោង​​​​​​មាស និង​​ប្លាទីន​​ជាង​​១០តម្លឹង ​និង​លុយ​ខ្មែរ​​​​​​​៥៨​​លានរៀល ​ព្រមទាំង​​លុយ​ដុល្លារ​​ចំនួន​​​១៥០​ដុល្លារ ​សរុប​​ជាង​​២ម៉ឺន​ដុល្លារ ​ហើយ​បាននាំគ្នា​​ជិះម៉ូតូ​រត់គេច​បាត់ដោយ​សុវត្ថិ​ភាព​។​

​ប្រភពពីសាក្សី​​​បានប្រាប់កោះសន្តិភាព​​​​ឱ្យ​​ដឹង​ថា ​ស្ត្រីអាជីវករ​​លក់​មាស​នៅ​ផ្សារ​ស្គន់​​​រូបនេះ​បាន​​ជិះ​​ម៉ូតូចេញ​មក​ពីផ្សារ​ស្គន់ ​ត្រឡប់មក​​ផ្ទះ​ជាមួយ​នឹង​កូន​ប្រុស​​ម្នាក​់​អាយុ​​៨​ឆ្នាំ ​ស្របពេល​មក​ដល់​​មុខផ្ទះត្រូវ​បាន​ក្រុមចោរ​​​មានគ្នា​​៣នាក់ ​មិន​មាន​​ពាក់​​ម៉ាស់មុខនោះទេ ​បាននាំគ្នា​​​មក​​ចាប់​ប្រតាយ​​​ប្រតប់​ដណ្តើម​​​​យក​ស្បោង​​ដាក់គ្រឿង​អលង្ការ​ ។​ សាក្សីបានប្រាប់បន្តថា ក្នុង​ពេល​ប្រតាយ​ប្រតប់​នោះ​ម៉ូតូរក​កល់នឹងដួលសង្កត់​ទៅ​លើកូនប្រុសតូច ​មាន​​អ្នក​ជិតខាង​២-៣នាក់​បាន​នាំគ្នាស្ទុះចូល​ទៅជួយលើក តែមិន​ទាន់​​បាន​លើក​ផង​ ស្រាប់តែមានបុរស ម្នាក់​ជាចោរប្លន់​បាន​​លើក​​កាំភ្លើងខ្លី​ភ្ជង់​ធ្វើ​ឱ្យ​​ភ័យ​គ្រប់​គ្នា ​និង​រត់​ថយ​ក្រោយ​វិញ ព្រោះខ្លាចគ្រោះ​ថ្នាក់ដល់អាយុ​ជីវិត​។ បន្តិចក្រោយមក ក្រុមចោរ​ប្លន់​បាន​យក​ម៉ូតូរបស់​ស្រ្តីអាជីវករលក់មាសនោះ​ជិះចេញ​ទៅ​ទិសខាងលិចយ៉ាងប្រញាប់ប្រញាល់​​បន្សល់ទុក​ស្រ្តី​​ឈ្មោះ​ម៉ាយ បានស្រែកយំ និងបង្កឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​ដល់​អ្នកជិតខាងមក​ចោមរោម​មើល​​ឡើងកក​កុញ​ពេញមុខផ្ទះ ។

តាមលោក​អនុសេនីយ៍​ឯក​យ៉ែម សុផល អធិ​ការរងនគរបាលស្រុកជើងព្រៃបានប្រាប់ថា ចំពោះសម្បត្តិដែលត្រូវ​ចោរ​យកទៅ​នោះរួម​មាន​មាសនិងប្លា​ទីនសរុបជាង១០តម្លឹង លុយ​ខ្មែរ​​៥៨លានរៀល ​ប្រាក់ដុល្លារ​១៥០​​ (សរុប​​ជាង​​​​២ម៉ឺន​​ដុល្លារ​) ​និង​ម៉ូតូរបស់ស្រ្តី​រង​គ្រោះ​ជិះ​គេចចេញទៅ​ទិស​ខាង​លិច ភ្លាមៗនោះ​កំលាំង​​នគរ​បាល​ និងកងរាជ​អាវុធ​ហត្ថស្រុក​ជើង​ព្រៃ​បានចេញអន្តរាគមន៍​ដេញតាមពីខាងក្រោយ យ៉ាង​ប្រកៀកប្រកិតដល់ម្តុំ​ចំការស្វាយចន្ទី
មួយ​កន្លែងស្ថិតនៅភូមិ ប៉ាណា ឃុំសូទិព្វ មាន​ចំងាយ​ពីផ្ទះកើតហេតុប្រហែល៥គីឡូម៉ែត្រ ក្រុមចោរបានទុក​ម៉ូតូ​ចោល​ហើយនាំគ្នារត់ចូលទៅ​ក្នុង​ព្រៃបាត់ ៕