ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងថ្លៃសរសៃ​ប្រសាទ​​វាយ​ប្អូន​​ថ្លៃ​៣ឈើ​ជ្រុង​​សន្លប់​​នៅក្នុង​​ថ្លុកឈាម

15 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​​ ៖ បុរសកើតរោគសរសៃ​ប្រសាទម្នាក់ឈ្មោះវ៉ែន ធឿន អាយុ​៤០ឆ្នាំ រស់​នៅភូមិមួង ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ​ត្រូវ​បាន​បងថ្លៃប្រុសវាយសំពងត្រូវ​ក្បាលនិងខ្លួន​ប្រាណ​ចំនួន៣ឈើជ្រុងកាលពីវេលា​ម៉ោង​៥និង៣០​នាទីព្រឹកថ្ងៃទី១៣ មីនា ២០១១ បណ្តាលឱ្យ​​រយះ​ហូរឈាម​​ស្រោច​ពេញ​ខ្លួន​សន្លប់​​នៅ​នឹង​កន្លែង​ ហើយត្រូវបានម្តាយនាំមកសង្គ្រោះ​នៅ​មន្ទីរ​ពេទ្យខេត្តជាបន្ទាន់​ ។ ចំណែក​បុរសជាបង​ថ្លៃ​ឈ្មោះញឹក ផន អាយុ​៤៣​ឆ្នាំ ត្រូវបាន​កម្លាំង​​​ប៉ុស្តិ៍​​រដ្ឋបាលឃុំមង់រៀវ ឃាត់ខ្លួននាំមកកាន់​អធិការដ្ឋាននគរបាល​ស្រុកត្បូងឃ្មុំដើម្បីសួរ​នាំ​ផងដែរ  ។

តាមបុរសរងគ្រោះឈ្មោះវ៉ែន​ ធឿន បាន​រៀប​រាប់​ឱ្យដឹងថា​ នៅយប់ថ្ងៃទី១២ មីនា បង​ថ្លៃ​​ប្រុស​ឈ្មោះញឹក ផន ដែល​មានផ្ទះនៅក្បែរ​គ្នា​បាន​ផឹក​ស្រាស្រវឹងហើយជេរម្តាយក្មេកនូវ​ពាក្យ​​អសុរោះជាច្រើន ​ពេល​នោះ​គាត់បានឃាត់​បង​ថ្លៃកុំ​ឱ្យជេរម្តាយទៀត ប៉ុន្តែបងថ្លៃមិនព្រម​ស្តាប់​នោះទេ ។ លុះដល់វេលាម៉ោងប្រហែល​ជាង​៥​ទៀបភ្លឺថ្ងៃទី១៣ មីនា ពេល​គាត់(វ៉ែន ធឿន) ដើរចុះមកដល់ខាងក្រោមផ្ទះ ស្រាប់តែ​បងថ្លៃបានយកឈើ​ជ្រុងប្រវែងប្រហែល១​ម៉ែត្រមកវាយក្បាលគាត់ពីខាងក្រោយយ៉ាង​ពេញទំហឹងនិង​វាយ​លើ​ខ្លួន​ប្រាណ​បណ្តាលឱ្យ​រយះហូរឈាមស្រោច​ពេញខ្លួនប្រាណដួលដេក​ទៅលើដី​។​ ​ភ្លាមនោះ​គាត់​​ត្រូវ​បានម្តាយនាំយក​ទៅសង្គ្រោះ​នៅ​ពេទ្យភូមិតែដោយ​ស្ថានភាព​របួស​ធ្ងន់ធ្ងរពេក​ក៏បាន​បញ្ជូនបន្តទៅសង្គ្រោះ​នៅមន្ទីរពេទ្យខេត្ត ។

ទាក់​ទិន​នឹង​​ហេតុការណ៍​​ខាង​លើ​​នេះ​លោក​អនុសេនីយ៍ឯកឡុង សារិន អធិការ​រង​នគរ​បាល​ស្រុកត្បូងឃ្មុំទទួលផែនយុត្តិ​ធម៌បាន​ប្រាប់​ឱ្យ​​ដឹង​តាម​ទូរស័ព្ទថា កាលពី​ល្ងាច​ថ្ងៃទី១២ មីនា បុរស​​​ជាបងថ្លៃឈ្មោះញឹក ផន បានសុំលុយ​​ប្រពន្ធ១០.០០០រៀល​តែប្រពន្ធមិនឱ្យក៏មានការ​ឈ្លោះ​ប្រកែកគ្នាទៅវិញទៅមក ។ លុះដល់វេលា​ម៉ោង​​ប្រហែល៥និង៣០នាទីព្រឹកថ្ងៃទី១៣ មីនា បុរសជាបងថ្លៃបានឈ្លោះជាមួយប្រពន្ធ​ទៀត ពេលនោះបុរសរងគ្រោះជាប្អូន​ថ្លៃបានយក​ចម្ពាម​កៅស៊ូ​បាញ់មកលើបងថ្លៃ​ត្រូវចំនួន៣ទៅ​៤​គ្រាប់ ។ បង​ថ្លៃ​​ខឹង​​យ៉ាង​​ខ្លាំង​ក៏​បានវាយប្អូន​​ថ្លៃ​​វិញ​ចំនួន​៣ឈើ​ជ្រុង ​ត្រូវ​ក្បាល​​និង​ខ្លួន​​ប្រាណ​​បណ្តាល​ឱ្យ​បែក​រយះ​​ហូរឈាម​​ស្រោច​​ពេញ​​ខ្លួន​​សន្លប់​​បាត់​ស្មារតី។ បន្ទាប់មកបុរសជាបងថ្លៃ​ត្រូវបានកម្លាំង​រដ្ឋ​បាលប៉ុស្តិ៍ឃុំមង់រៀវចុះចាប់​ខ្លួនភ្លាមៗបញ្ជូន​មកកាន់អធិការដ្ឋាននគរបាល​ស្រុកត្បូងឃ្មុំ​ដើម្បីសួរនាំ ។

លោកអនុសេនីយ៍ឯកឡុង សារិន អធិការ​រងនគរបាលស្រុកត្បូងឃ្មុំបានបញ្ជាក់ថា បុរស​បងថ្លៃឈ្មោះញឹម ផននេះ​ ជាអ្នករកស៊ី​ចិញ្ចើម​ក្រុម​គ្រួសារទាំងមូលរួមនឹងជនរងគ្រោះឈ្មោះ​វ៉ែន ធឿន ដែលកើតរោគសរសៃប្រសាទជា​យូរ​ឆ្នាំ​មកហើយនោះផង ។​ កន្លងមកបុរសរង​គ្រោះរូបនេះត្រូវ​បានសមត្ថកិច្ច​ធ្វើការ​អប់រំនៅ​ឆ្នាំ២០០៩ម្តង​និងឆ្នាំ​២០១០​ម្តង ​ដោយ​​សារ​បង្ក​រឿង​ក្នុង​គ្រួសារ​និង​រករឿងគេ​ឯងគ្រប់គ្នា ។ ក្នុងករណីខាងលើនេះបុរសជាបងថ្លៃត្រូវ​បានកម្លាំងជំនាញកំពុងតែចាត់ការទៅតាមនិតី​វិធី ហើយបុរសជា​ប្អូន​​ថ្លៃ​មិនបានប្តឹង​ប្តល់​អ្វីនោះ​ទេ ព្រោះបងថ្លៃជាអ្នកចិញ្ចឹមក្រុមគ្រួសារ​ទាំង​មូល​ ហើយស្ថានភាពជីវភាពវិញសុទ្ធតែ​ក្រីក្រ​ទៀត ចុះបើបងថ្លៃត្រូវជាប់​គុក​​តើ​ក្រុម​គ្រួសារ​នឹង​ទៅជាយ៉ាងណា ?