ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ឥណ្ឌា​យកប្រពន្ធ​ថែម​ដើម្បី​ឱ្យ​មានទឹក​ប្រើប្រាស់

8 ឆ្នាំ មុន

ដោយសារ​ទឹកស​ម្រេច​ចិត្តការ​ប្រពន្ធ​ថែមបុរស​ក្នុងភូមិ​ដែល​ជួប​គ្រោះ​រាំង​ស្ងួត​តែង​ប្រើ​មធ្យោបាយ​ការ​ប្រពន្ធ​ថែម​ដើម្បី​ឱ្យ​គ្រួសារ​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters

ដោយសារ​ទឹកស​ម្រេច​ចិត្តការ​ប្រពន្ធ​ថែមបុរស​ក្នុងភូមិ​ដែល​ជួប​គ្រោះ​រាំង​ស្ងួត​តែង​ប្រើ​មធ្យោបាយ​ការ​ប្រពន្ធ​ថែម​ដើម្បី​ឱ្យ​គ្រួសារ​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់  នេះ​បើ​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

ទីភ្នាក់ងារសារព័ត៌មាន​នោះ​ផ្សាយ​ថា ប្រជាជន​ភូមិ Denganmal ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា តាំងពី​យូរយារ​មក​ហើយ​តែងតែ​ខ្វះ​ទឹក​ផឹក​និង​ប្រើប្រាស់ ។ នេះ​គ្រាន់តែ​ភូមិ​មួយ​ចំណោម​ភូមិ​ជា​ច្រើន​ក្នុង​រដ្ឋ Maharashtra ដែល​ប្រឈម​នឹង​ភាពរាំងស្ងួត​ជា​ប្រចាំ ។ ឆ្នាំទៅ​រដ្ឋាភិបាល​ឥណ្ឌា​បាន​ប៉ាន់​ប្រមាណ​ថា​ភូមិ​អ្នកស្រុក​ចំនួន​១៩.០០០​ភូមិ​ក្នុង​រដ្ឋ​នោះ​ជួប​បញ្ហា​ខ្វះខាត​ទឹកធ្ងន់ ។ អ្នក​ភូមិ​ត្រូវធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ​ទៅ​ដងទឹក​អណ្តូង​យក​មក​ប្រើ ។ ដើរ​ឆ្ងាយ​ក្រោម​កម្តៅថ្ងៃ​ក្តៅ​ខ្លាំង​ហត់​ស្ទើរ​ដាច់ខ្យល់ តែ​លុះ​ទៅ​ដល់​អណ្តូង​ហើយ​ត្រូវ​រង់ចាំ​យូរ​ទៀត​ទម្រាំ​ដល់​វេន​ចូល​ដងទឹក ព្រោះ​មនុស្ស​ច្រើន  ពេក ។ ដូច្នេះ​ទម្រាំ​បាន​ទឹក មួយ​ធុង​ៗ​ចំណាយពេល​ច្រើន​មែនទែន ។

ការ​ធានា​ឱ្យ​គ្រួសារ​មានទឹក​ប្រើប្រាស់ ប្រុស​ៗឥណ្ឌា​ដែល​ជា​មេ​គ្រួសារ​ឈឺក្បាល​មិន​តិច​ឡើយ​។ បញ្ហា​ទៅ​ជញ្ជូន​ទឹក​មក​ឱ្យ​គ្រួសារ ជា​កិច្ចការ​របស់​មនុស្ស​ស្រី ខណៈ​មនុស្ស​ប្រុស​ទៅ​ធ្វើ​ការងារ​ផ្សេង​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ប្រពន្ធ​កូន​។ ដូច្នេះ​ហើយ​ទើប ប្រុស​ៗ​នៅ​តំបន់​ជួប​បញ្ហា​ខ្វះ​ទឹកធ្ងន់​ទាំងនោះ​សម្រេចចិត្ត​យកប្រពន្ធ​ថែម​ម្នាក់ ឬ​ពីរ​នាក់​ទៀត​សម្រាប់​ជួយ​គ្នា​ដើម្បី​រស់ គឺ​ប្តី​ទៅ​ធ្វើការ​នៅ​ខាងក្រៅ ខណៈ​ប្រពន្ធដើម​ធ្វើ​ការងារ​ផ្ទះ និង​មើលថែ​កូនចៅ ចំណែក​ប្រពន្ធ​ទី​ពីរ និង​ទី​បី ដែល​គេ​ដាក់​ឈ្មោះ​ថា «​ប្រពន្ធ​ទឹក​» ទៅ​រក​ទឹក​មក​ឱ្យ​គ្រួសារ​ប្រើប្រាស់ ។ថ្វីបើ​របប​ប្រពន្ធ​ច្រើន​ត្រូវ​បាន​ហាមឃាត់​នៅ​ឥណ្ឌា តែ​ការ​យកប្រពន្ធ​ថែម​ម្នាក់​ទៀត ឬ​ពីរ​នាក់ តែង​មានការ​ទទួលស្គាល់​ស្ងៀមស្ងាត់​នៅ​ភូមិ Denganmal  ។  «​ប្រពន្ធ​ទឹក​» ក្លាយជា​ប្រពៃណី​មួយ​របស់​ភូមិ ដោយសារ​ខ្វះខាត​ទឹក​ខ្លាំង​ពេក ។

លោក Sakharam ដែល​មាន​ប្រពន្ធ​៣​នាក់​នៅ​ក្រោម​ដំបូល​តែ​មួយ បានឱ្យ​ដឹង​ថា គាត់​រៀប​ការ​ថែម​ប្រពន្ធ​២​នាក់ ដើម្បី​ឱ្យ​គ្រួសារ​មានទឹក​ផឹក និង​ទឹក​ប្រើប្រាស់ ។ «​គ្រួសារ​ខ្ញុំ​ត្រូវការ​មនុស្ស​ជួយ​រក​ទឹក​ប្រើ ដូច្នេះ​មធ្យោបាយ​ល្អ​បំផុត​គឺ​ខ្ញុំ​ត្រូវ​តែ​យកប្រពន្ធ​ថែម​» ។

ចំណែក​លោក Bhagat ដែល​មាន​ប្រពន្ធ​៣​នាក់​ដែរ​និយាយ​ថា ៖ «​ដំបូង​ខ្ញុំ​យកប្រពន្ធ​ថែម​តែ​ម្នាក់​ប៉ុណ្ណោះ ។ នាង​ប្រពន្ធ​ទី​ពីរ​នោះ​រ៉ាប់រង​ការ​រក​ទឹក​ផ្គត់ផ្គង់​គ្រួសារ​ទាំងមូល ។ ប៉ុន្តែ​ដោយហេតុ​ការងារ​នោះ​នឿយហត់​ពេក នាង​រ៉ាប់រង​មួយ​រយៈ​ក៏​ធ្លាក់ខ្លួន​ឈឺ ។ ស្ថិត​ចំពោះ​មុខ​សភាពការណ៍​បែប​នេះ ទោះ​ចង់ ឬ​មិន​ចង់​ខ្ញុំ​ត្រូវ​តែ​យក​ថែម​ប្រពន្ធ​ម្នាក់​ទៀត ។

បុរស​រូប​នេះ​មានកូន​៦​នាក់​ជាមួយ​ប្រពន្ធដើម ចំណែក​ប្រពន្ធ​ទី​ពីរ​ឈ្មោះ Sakhri និង ប្រពន្ធ​ទី​បី​ឈ្មោះ Bhaagi មិន​ទាន់​មានកូន​នៅឡើយ ។ ដំបូង​ប្រពន្ធ​ទី​ពីរ Sakhri រក​ទឹក​ឱ្យ​គ្រួសារ​មួយ​ថ្ងៃ​១០០​លី​ត្រ តែ​ដោយហេតុ​នាង​អាយុ​ច្រើន​គួរសម​ដែរ ក្រោយមក​ទ្រាំ​លែង​រួច​ក៏​ធ្លាក់ខ្លួន​ឈឺ ។ ហេតុនេះ​ទើប​គាត់​យក​ថែម​ប្រពន្ធ​ទី​៣ នាង​Bhaaggi ដែល​ជា​ស្រី្ត​មេម៉ាយ​អាយុ​ទើបតែ​២៦​ឆ្នាំ មាន​កម្លាំង​ពេញ​ខ្លួន ដើម្បី​ឱ្យ​នាង​ជួយ​រក​ទឹក​ផ្គត់ផ្គង់​គ្រួសារ ។

ដណ្តើម​ទឹក​គ្នា​រវាង «​ប្រពន្ធ​ទឹក​» និង​«​ប្រពន្ធ​ទឹក​» ជា​រៀងរាល់ថ្ងៃ​ពួក «​ប្រពន្ធ​ទឹក​» ធ្វើ​ដំណើរ​រាប់​គីឡូម៉ែត្រ​ក្រោម​កម្តៅថ្ងៃ​ស្ទើរ​ឆេះ ដើម្បី​មានទឹក​ទូល​ទៅ​ផ្ទះ ។ «​ប្រពន្ធ​ទឹក​» ម្នាក់​ៗ​ទូល​ទឹក​ទៅ​ផ្ទះ​ឱ្យ​បាន​១០០​លី​ត្រ​ឡើង​ទៅ​ទើប​គ្រប់​ផ្គត់ផ្គង់​គ្រួសារ ។ ថ្ងៃ​ណា​ក្តៅ​ខ្លាំង​ពេក ពួក​នាង​ទៅ​រក​ទឹក​នៅ​ពេល​យប់ ។ រូប​ភាពស្រី្ត​ទូល​ទឹក ធំ​ៗ​លើ​ក្បាល​ដើរ​ក្រោម​កម្តៅថ្ងៃ​ជាង​៤០​អង្សា​សេ មិនមែន​ជា​រូបភាព​ចម្លែក​ទេ​នៅ​ទីនោះ ។

ជា​ប្រក្រតី ៥​ថ្ងៃ​ម្តង​មាន​រថយន្ត​ដឹក​ទឹក​មួយ​គ្រឿង​យក​ទឹក​ទៅ​ចែក​ឱ្យ​អ្នកស្រុក ដោយ​ចត​នៅ​ចំណុច​មួយ​ឃ្លាត​ពី​ភូមិ Denganmal ប្រហែល​៣​គីឡូម៉ែត្រ ហើយ​ទឹក​ដ៏​ស្តួចស្តើង​នោះ មិន​រង់ចាំ​អ្នក​យឺត​ជើង​ឡើយ ។ អ្នក​ណា​យក​ទឹកបាន​ច្រើន ពិតជា​បាន​ធូរស្រាល​ក្នុង​ការ​ធ្វើ​ដំណើរ​ច្រើ​ង​ដង ។ ហេតុនេះ​ជុំវិញ​ឡានទឹក​ឧស្សាហ៍​មានការ​ឈ្លោះប្រកែក​គ្នា​ស្ទើរ​រាល់​លើក​រវាង «​ប្រពន្ធ​ទឹក​» និង «​ប្រពន្ធ​ទឹក​» ។

រកបាន​ស្ត្រី​ម្នាក់​ស្ម័គ្រចិត្ត​ធ្វើ​ប្រពន្ធ​ទឹក  គឺជា​រឿង​ពិបាក​ណាស់ ។ នៅ​ឥណ្ឌា បុរស​នៅ​តំបន់​មានទឹក​គ្រប់គ្រាន់ មិន​ឱ្យ​កូនស្រី​យកប្តី​នៅ​តំបន់​រាំង​ស្ងួត​ខ្សត់​ទឹក​ឡើយ ។ ប្រុស​នៅ​តំបន់​រាំង​ស្ងួត​រកបាន​តែ​ប្រពន្ធ​ក្នុង​តំបន់​រាំង​ស្ងួត​ដូច​គ្នា​ប៉ុណ្ណោះ​។  ស្រី្ត ក្មេង​ៗ​នៅ​តំបន់​រាំង​ស្ងួត​ទៀត​សោត​ក៏​មិន​ចង់​ធ្វើ​ប្រពន្ធ​ទី​ពីរ ឬ​ទី​បី​ដែល​រ៉ាប់រង​ការងារ​រក​ទឹក​ដ៏​ធ្ងន់​ដែរ ។ ស្រី្ត​ដែល​ស្ម័គ្រចិត្ត​ធ្វើ​«​ប្រពន្ធ​ទឹក​» ភាគច្រើន​ជា​ស្រី្ត​មេម៉ាយ ឬ​ស្រី្ត​ដែល​ប្តី​បោះបង់​ចោល​យូរ​ឆ្នាំ ៕