ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​គ្នា​ដើរ​រើ​សំរាម​តាម​ដងផ្លូវ​ជាតិ​លេខ​៥៧ ដើម្បី​បរិស្ថាន​ស្រស់​ស្អាត

3 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​សង្កេត​ឃើញ​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៥៧ ស្ថិត​នៅ​ក្នុងភូមិ​ដីក្រហម ភូមិ​ខ្លុង សង្កាត់ អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន មាន​សំរាម​ជា​ច្រើន​ដូច​ជា…

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​សង្កេត​ឃើញ​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៥៧ ស្ថិត​នៅ​ក្នុងភូមិ​ដីក្រហម ភូមិ​ខ្លុង សង្កាត់ អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន មាន​សំរាម​ជា​ច្រើន​ដូច​ជា ថង់​ប្លា​ស្ទិ​ក សំបក​ដប សំបក​កំប៉ុង ជាដើម រសាត់អណ្តែត​នៅ​រាយ​ពាសពេញ​ក្បែរ​ចិញ្ចើម​ផ្លូវជាតិ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០២១ លោក អោម សា​រិ​ន ចៅសង្កាត់​រង​ទី​១ អូរ​តា​វ៉ៅ បាន​សហការ​ជាមួយនឹង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ដឹកនាំ​ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស នាំ​គ្នា​ដើរ​រើស​សំរាម​សម្អាត​តាម​ដងផ្លូវ ដើម្បី​រក្សា​សោភ័ណ​ភាព អនាម័យ ងាយស្រួល​ទាក់ទាញ​ភ្ញៀវ​ទេសចរ ឱ្យ​ចូល​មក​លេង​កម្សាន្ត​ក្នុង​ខេត្ត​ប៉ៃលិន​កាន់តែ​ច្រើន​កុះករ​ថែម​ទៀត ។

នៅ​ក្នុង​ការ​ដឹកនាំ​ក្រុមការងារ និង​សិស្សានុសិស្ស ដើរ​រើស​សំរាម​សម្អាត​បរិស្ថាន​តាម​ដងផ្លូវ​នេះ លោក អោម សា​រិ​ន ចៅសង្កាត់​រង​ទី​១. អូរ​តា​វ៉ៅ បានឱ្យ​ដឹង​ដែរ​ថា ៖ ដើម្បី​ចូលរួម​កែ​លម្អ​ក្រុង​ប៉ៃលិន ឱ្យ​មាន​ទេសភាព​កាន់តែ​ស្រស់​ស្អាត និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឱ្យ​ចូល​មក​លេង​កម្សាន្ត​កាន់តែ​ច្រើន​ដូច​ខេត្ត​នានា​មួយ​ចំនួន​នោះ ខាង​លោក ក៏​បាន​ដឹកនាំ​ក្រុម​ការងារ​ចុះ​ធ្វើ​ពលកម្ម ដោយ​ដើរ​រើស​សំរាម​នៅ​តាម​ដងផ្លូវ​ជាតិ ដោយ​ចាប់ពី​ចំណុច​គល់​ស្ពាន​អូរ​តា​ប្រា​ង រហូត​ដល់​គល់​ស្អាន​អូរ​តា​វ៉ៅ និង​បន្ត​ដើរ​រើស​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ទៀត រហូត​ដល់​ជាប់​ព្រំប្រទល់​ខេត្តបាត់ដំបង ។

លោក​បន្ត​ទៀត​ថា សំរាម​ជា​ច្រើន​ដែល​កំពុង​តែ​រសាត់​រាយ​ប៉ាយ​តាម​ខ្យល់ នៅ​ក្បែរ​ចិញ្ចើម​ផ្លូវជាតិ​នេះ គឺ​ដោយសារ​តែ​ប្រជាពលរដ្ឋ​ខ្វះ​ការ​យល់​ដឹង​ពី​គ្រោះថ្នាក់​នៃ​សំរាម ឬ​កាក​សំណល់ ទើប​បន្ទាប់​ពី​ហូប​អាហារ​រួច ក៏​នាំ​គ្នា​បោះចោល​ដោយ​គ្មាន​សណ្តាប់ធ្នាប់ បណ្តាល​ឱ្យ​រសាត់​ទៅ​កកស្ទះ​នៅ​តាម​ចិញ្ចើម​ផ្លូវ​បែប​នេះ​តែ​ម្តង ។

ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ធ្វើ​ដំណើរ​តាម​រថយន្ត​ក៏​ខ្វះ​ការ​អនាម័យ​ដែរ ដោយ​បើក​កញ្ចក់​រថយន្ត​បោះ​ថង់ កាក​សំណល់​ទៅ​លើ​ចិញ្ចើម​ផ្លូវ​ពេល​ដែល​ស្ងាត់​មនុស្ស ដែល​ជា​ហេតុ​នាំ​ឱ្យ​សំរាម​ក្លាយជា​គំនរ​កាន់តែ​ច្រើន​ឡើង​ៗ ។

លោក​ចៅសង្កាត់​រង​ទី​១. ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ជួយ​រក្សា​អនាម័យ បរិស្ថាន​ទាំងអស់​គ្នា ដើម្បី​សុខភាព​ល្អ សោភ័ណ​ភាព​ស្អាត ទោះបីជា​ហូប​អាហារ​នៅ​លើ​រថយន្ត​ក៏​ត្រូវ​រក្សា​សំបក​ដប សំបក​ថង់ ឬ​កាក​សំណល់​ផ្សេង​ៗ​ទៀត ទុក​យក​ទៅ​បោះចោល​នៅ​កន្លែង​ចាក់សំរាម និង​ដុត​ចោល ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​សុខភាព​ទាំងអស់​គ្នា ។

ហើយ​ការ​ដើរ​រើស​សំរាម​នេះ ក៏​ជា​គំរូ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ និង​នៅ​ទូ​ទាំង​ខេត្ត​ប៉ៃលិន ឃើញ ហើយ​យកចិត្តទុកដាក់​ថែរក្សា​អនាម័យ​ផ្ទះសម្បែង​របស់​ខ្លួន ក៏​ដូច​ជា​ផ្លូវ​សា ធារ​ណៈ​ឱ្យ​មាន​សោភ័ណ​ភាពល្អ ពោល​គឺ​គ្មាន​សំរាម​នោះ​ឡើយ ។

លោក​បន្ថែម​ទៀត​ថា បើ​គិត​តាម​ច្បាប់ ប្រជាពលរដ្ឋ​ណា​ដែល​បោះ​សំរាម​ចោល​ឥត​សណ្តាប់ធ្នាប់ ពេល​ឃើញ គឺ​ត្រូវ​ធ្វើការ​ណែនាំ​ម្តង​ទៅ​ពីរ​ដង បើ​នៅ​តែ​ល្មើសច្បាប់​ទៀត ត្រូវ​តែ​ធ្វើការ​ផាក​ពិន័យ និង​ធ្វើ​កិច្ចសន្យា​ឱ្យ​រាងចាល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ