ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គ​លិក​វង់​ល្បែង​ស៊ី​សង​៦នាក់​តុលាការ​ផ្តន្ទា​ទោស​ម្នាក់​៣ឆ្នាំ​ ១ឆ្នាំ​ក្នុង​គុក ២ឆ្នាំ​ព្យួរ

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ក្រុម​នារី​ជា​បុគ្គ​លិក​ស៊ីឈ្នួល​បំរើ​ការ​ងារ​យក​ប្រាក់​ខែ​៤០​ដុល្លារ​ក្នុង​១​នាក់​ឱ្យ​ទី​តាំង​បើក​លេង​​ល្បែង​ស៊ីសង​ខុស​ច្បាប់​១​កន្លែង​​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​៦​នាក់ ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២២ មីនា ហើយ​តុលា​ការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​សំរេច​ផ្តន្ទា​ទោស​​ម្នាក់​៣​ឆ្នាំ តែ​អនុវត្ត​ក្នុង​ពន្ធ​នា​គារ​១​ឆ្នាំ ​នៅ​សល់​២​ឆ្នាំ​ទៀត​ត្រូវ​ព្យួរ​ ដែល​ទោស​នេះ​បាន​កំណត់​តាម​មាត្រា​ទី​៥​នៃ​ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​ល្បែង​ស៊ីសង​។

ក្រោយ​ពី​សាល​ក្រម​ត្រូវ​បាន​ប្រកាស​ជា​សា​ធារណៈ​ នារី​ស៊ីឈ្នួល​មើល​វង់​ល្បែង​ស៊ីសង​(ឆ្នោត​ កន្ទុយ​លេខ​) ទាំង​៦​នាក់​បានសម្រក់​​ទឹក​ភ្នែក​ស្រែក​ទ្រហោ​យំ​គ្រប់​គ្នា​ ដោយ​ហួស​ចិត្ត​ថា ពួក​គេ​គ្រាន់​តែ​ជា​អ្នក​ស៊ី​ឈ្នួល​យក​ប្រាក់​ខែ​ចិញ្ចឹម​ក្រពះ​១​ខែ​៤០​ដុល្លារ​ប៉ុណ្ណោះ មិន​គួរ​មាន​ទោស​ជាប់​ពន្ធ​នា​គារ​យ៉ាង​ដូច្នេះ​សោះ​។ ផ្ទុយ​ទៅ​វិញ​ថៅ​កែ​ដែ​ល​មាន​ឈ្មោះ​ហាក់​ អៀង​ហួរ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​អាណិក​ជន​ខ្មែរ​មក​ពី​ប្រទេស​ញូវ​សឺ​ឡែន​ និង​ប្រពន្ធ​បែរ​ជា​បាន​រួច​ខ្លួន​ទៅ​វិញ​។

នារី​៦​នាក់​ដែល​តុលាការ​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​សំរេច​ផ្តន្ទា​ទោស​ពី​បទ​ល្មើស​ស្តី​ពី​ការ​បង្ក្រាប​ល្បែង​ស៊ីសង ១-ឈ្មោះ​ប៉េង ចាន់​ពៅ អាយុ​២២​ឆ្នាំ , ២-ឈ្មោះ​ប៉េង ចាន់​ស អាយុ​១៩​ឆ្នាំ , ៣-ឈ្មោះ ជិន ស្រី​ពៅ អាយុ​២៣​ឆ្នាំ,​៤-ឈ្មោះ​រស់​ ផាន្នី អាយុ​២២​ឆ្នាំ ,៥-ឈ្មោះ​ឈន ធីតា អាយុ​២០​ឆ្នាំ និង​៦-ឈ្មោះ​រិន ស៊ាង​ឡេន ហៅ​ដា អាយុ​២៣​ឆ្នាំ ពួក​គេ​សុទ្ធ​តែ​មាន​អាសយ​ដ្ឋាន​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​គ្នា​ និង​បាន​មក​ប្រកប​មុខ​របរ​ស៊ី​ឈ្នួល​មើល ឬ​បូក​បញ្ជី​ឆ្នោត​កន្ទុយ​លេខ​តាមកុំព្យូ​ទ័រ​ឱ្យ​ថៅ​កែ​ឈ្មោះ​ហាក់ អៀង​ហួរ​ ដែល​មាន​ទី​តាំង​នៅ​ផ្ទះ​គ្មានលេខ​ ដីឡូត៍ ​ផ្លូវ​បណ្ឌិត​ម៉ុង​ឫទ្ធី​ ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សី​កែវ​ រាជ​ធានី​ភ្នំពេញ​។

គួរ​បញ្ជាក់​ថា នៅ​​វេលា​ម៉ោង​៣ និង​២០​នាទី​រសៀល ថ្ងៃ​ទី​១៩ មីនា ប៉ូលិស​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាល​រាជ​ធានី​ភ្នំពេញ​ ដឹក​នាំ​ដោយ​លោក​វរ​សេនីយ៍​ត្រី​ផែង វណ្ណៈ និង​បាន​ការ​ចូល​រួម​ពី​សំណាក់​លោក​គឺ ប៊ុណ្ណា​រ៉ា​ ព្រះ​រាជ អាជ្ញា​រង​បាន​ឆ្មក់​ចូល​បង្ក្រាប​​ទី​តាំង​វង់​ល្បែង​ស៊ីសង​​ខុស​ច្បាប់​១​កន្លង​នោះ​។ ក្រោយ​ពី​សមត្ថ​កិច្ច​ឆ្មក់​ចូល​បង្ក្រាប​បាន​នារី​ស៊ី​ឈ្នួល​បំរើ​ការ​ងារ​៦​នាក់​ រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន​ត្រូវ​ដក​ហូត​ដូចជា​ប្រាក់​ដុល្លារ​៣.៤០០​ដុល្លារ លុយ​ខ្មែរ​៤​លាន​៣​សែន​រៀល​ ម៉ាស៊ីន​ហ្សាក់​២៦​គ្រឿង​ ម៉ាស៊ីន​ព្រីន​ធ័រ​១​គ្រឿង កុំ​ព្យូ​ទ័រ​២​គ្រឿង កា​ស្យូ​គិត​​លុយ​១១​គ្រឿង​ រថ​យន្ត​២​គ្រឿង និង​ឯក​សារ​មួយ​ចំនួន​ទៀត​។ បន្ទាប់​ពី​ឃាត់​ខ្លួន​នារី​ទាំង​៦​នាក់​ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថ​កិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​សលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ពួកគេ​ត្រូវ​បាន​តំណាង​អយ្យ​ការ​ធ្វើ​ការ​សាក​សួរ​ និង​បន្ទាប់​មក​បាន​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​បញ្ជូន​ទៅ​ចៅ​ក្រម​ពី​បទ​បើក​លេង​ល្បែង​ស៊ី​សង​ខុស​ច្បាប់​។

សំណុំ​រឿង​នេះ​ត្រូវ​បាន​លោក​ឌិន ស៊ី​វុទ្ធី ចៅ​ក្រម​ស៊ើប​សួរ​ដាក់ជំរះ​ផ្ទាល់​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២២ មីនា សវនា​ការ​ផ្ទាល់​នោះ​ត្រូវ​បាន​តុលាការ​សំរេច​ផ្ត​ន្ទា​ទោស​នារី​ទាំង​៦​នាក់​ឱ្យ​មាន​ទោស​ក្នុង​ម្នាក់​៣​ឆ្នាំ តែ​ទោស​នេះ​ត្រូវ​អនុវត្ត​ក្នុង​ពន្ធ​នា​គារ​ម្នាក់​១​ឆ្នាំ នៅ​សល់​២​ឆ្នាំ​ត្រូវ​ព្យួរ​។ តុលាការ​តម្រូវ​ឱ្យ​ប្តឹង​ជំទាស់​តាម​ផ្លូវ​ច្បាប់​ និង​អាច​ចេញ​ដីកា​ឱ្យ​ចាប់​ខ្លួន​ថៅ​កែ​បើក​វង់​ល្បែង​ស៊ីសង​មក​ផ្តន្ទា​ទោស​ផង​ដែរ​។ មតិ​មហា​ជន​បាន​យល់​ឃើញ​ថា ការ​វិនិ​ច្ឆ័យ​របស់​តុលាការ​ទៅ​លើ​នារី៦​នាក់​នោះ​ ហាក់​ដូច​ជា​ធ្ងន់​ធ្ងរ​ពេក​ណាស់​ បាន​ជា​មាន​ការ​អះ​អាង​យ៉ាង​ដូច្នេះ​ពីព្រោះ​ពួក​គេ​គ្រាន់​តែ​ជា​អ្នក​ស៊ីឈ្នួល​យក​ប្រាក់​កំរៃ​តិច​តួច​គ្រាន់​ចិញ្ចឹម​ក្រពះ​ប៉ុណ្ណោះ​បែរ​ជា​មាន​ទោស​ដោយ​ពុំ​ដឹង​ខ្លួនទៅ​វិញ​ ៕