ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​ដុនដាប​ខ្លាំង​! តារា​ជើង​ចាស់ អ៊ឹម ផល្លា រស់​ក្នុងផ្ទះ​ចាស់ គ្មាន​អង្ករ​ច្រក​​ឆ្នាំង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ តារា​សម្តែង​ជើង​ចាស់​អ្នកស្រី អ៊ឹម ផល្លា នៅ​មិន​ទាន់​រស់នៅ​ក្នុង​ជីវភាព​សមរម្យ​នៅឡើយ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ជីវិត​របស់​អ្នកស្រី​កាន់តែ​ដុប​ដាប​ខ្លាំង ដោយ​ការ​រស់នៅ​ផ្ទះ​ចាស់​ទ្រុឌទ្រោម…

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ តារា​សម្តែង​ជើង​ចាស់​អ្នកស្រី អ៊ឹម ផល្លា នៅ​មិន​ទាន់​រស់នៅ​ក្នុង​ជីវភាព​សមរម្យ​នៅឡើយ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ជីវិត​របស់​អ្នកស្រី​កាន់តែ​ដុប​ដាប​ខ្លាំង ដោយ​ការ​រស់នៅ​ផ្ទះ​ចាស់​ទ្រុឌទ្រោម និង​គ្មាន​អង្ករ​ច្រក​ឆ្នាំង ក្រោយ​រើ​បង្វេច​ចេញពីផ្ទះ​ជួល​មួយ​កន្លែង ដោយសារ​គ្មាន​លុយ​បង់​។

ក្នុង​វ័យ​ប្រមាណ​ជិត​៦០​ឆ្នាំ អ្នកស្រី អ៊ឹម ផល្លា ឬ​ម៉ែ​ផល្លា (​ឈ្មោះ​ហៅ​ក្នុង​សិល្បៈ​) បាន​ផ្ញើ​ជីវិត​រសាត់អណ្តែត​យ៉ាង​លំបាកលំបិន​បំផុត ខុស​ពី​ការ​សម្តែង​នៅ​សាច់​រឿង​ដែល​ពេល​ខ្លះ​អ្នកស្រី​ដើរតួ​ជា​អ្នកមាន មាន​លុយ មាន​មាស​ពាក់​ស្រោច​ខ្លួន តែ​ធាតុ​ពិត​ខាងក្រៅ​ក្រលំបាក​រកតែ​អង្ករ​ច្រក​ឆ្នាំង​គ្មាន​។

បើ​យោង​តាម​ការ​ប្រកាស​ឲ្យ​ដឹង​ពី​តារា​សម្តែង​ល្បីឈ្មោះ​នាង នី មុន្នីនាថ បាន​បញ្ជាក់​ថា តារា​សម្តែង​ជើង​ចាស់​អ្នកស្រី អ៊ឹម ផល្លា បាន​និង​កំពុង​ជាប់​ការ​ខ្វះខាត​យ៉ាង​ខ្លាំង បន្ទាប់​ពី​អ្នកស្រី​បាន​ផ្ញើខ្លួន​នៅ​ក្នុងផ្ទះ​ចាស់​របស់​គេ​មួយ​កន្លែង ជាមួយនឹង​ការ​ខ្វះខាត​ទាំង​ទឹក​ប្រើប្រាស់ និ​អង្ករ​ច្រក​ឆ្នាំ​ង។

នី មុន្នីនាថ បាន​បង្ហោះ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា បងប្អូន​ប្រហែលជា​ស្គាល់​គាត់​ហើយ គាត់​ឈ្មោះ​ម៉ែ​ផល្លា គាត់​គឺជា​តារា​សំដែង​ជើង​ចាស់​ម្នាក់ តែ​ពេល​នេះ​គាត់​កំពុង​តែ​ជួប​ការ​ពិបាក​ក្នុង​ការ​រស់នៅ គាត់​ជួល​បន្ទប់​គេ​រស់នៅ​មុខ​ពេទ្យ​រុ​ស្ស៊ី ជាមួយ​កូនស្រី​នឹង​កូនប្រុស តែ​ដោយសារ​តែ​អត់​លុយ​ឱ្យ​ថ្លៃ​បន្ទប់​ជួល​គេ​២​ខែ​មក​ហើយ ទើប​គេ​ក៏​ឱ្យ​គាត់​ចេញ​ទៅ​រក​កន្លែង​ថ្មី​។

នាង​បញ្ជាក់​ថា ដោយសារ​តែ​គាត់​អត់​លុយ​ទៅ​ជួល​កន្លែង​ថ្មី ក៏​មាន​អ្នក​ស្គាល់​គាត់​ម្នាក់​គេ​អាណិត​គាត់ ហើយ​គេ​មានផ្ទះ​ចាស់​ទុក​ចោល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ក៏​ឱ្យ​គាត់​ទៅ​រស់នៅ​សិន​។ គាត់​ក៏​បាន​បោ​សំអាត ហើយ​អាច​រស់នៅ​បាន តែ​អត់​មានទឹក​ប្រើ​ទេ បាន​អ្នក​ជិតខាង​ឱ្យ​គាត់​ប្រើ​សិន ។ ចំណែក​កា​ងារ​សិល្បៈ​ក៏​មិន​មាន​ធ្វើ​ច្រើន​ដូច​មុន​ដែរ ហើយ​គាត់​មាន​អាយុ​ច្រើន​ទៀត​។

បើ​តាម នី មុន្នីនាថ បាន​បន្ត​ថា មានរឿង​ជា​ច្រើន​ទៀត​នៅ​ក្នុង​ជីវិត​របស់​គាត់ តែ​ពេល​ខ្លះ​គាត់​និយាយ​ប្រាប់​ខ្ញុំ ពេល​ខ្លះ​គាត់​មិន​ចង់​និយាយ​ទេ កុំអោយ​ពុក​ម៉ែ​បងប្អូន​គិត​ថា គាត់​ចេះ​តែ​សំដែង​ថា អត់ តែ​កា​ពិត​គាត់​អត់​មែន អត់​ខ្លាំង​ណាស់ ពេល​នេះ​កូនស្រី​គាត់​លឺ​ថា មាន​ជំងឺ​ទៀត គាត់​តេ​មក​ខ្ញុំ​ថា​អត់​មាន​អង្ករ​ដាំបាយ​ហូប​ទេ​កូន ខ្ញុំ​បាន​ផ្ញើ​ឱ្យ​គាត់​បាន​ខ្លះ​ហើយ ដើម្បី​ដោះស្រាយ​ជីវ​ភាព​សិន អាណិត​គាត់​ណាស់​បងប្អូន បើ​ពុក​ម៉ែ​បងប្អូន​អាណិត​គាត់ ចង់​ជួយ​គាត់​តិច​ក្តី ច្រើន​ក្តី តាមតែ​ពុក​ម៉ែ​ចង់​ជួយ​គាត់ នេះ​លេខ​របស់​គាត់ 096 777 2990 ឬ​មួយ​បងប្អូន​ចង់​ជួយ​តាម​ខ្ញុំ​ក៏​បាន​នេះ​លេខ​ខ្ញុំ 012.081.(482 847)​។

បន្ថែម​ពីលើ​អ្វី​ដែល​នី មុន្នីនាថ ក៏​បាន​បង្ហោះ​នេះ អ្នកស្រី អ៊ឹម ផល្លា ក៏​បាន​អះអាង​ប្រាប់​កោះសន្តិ​ភាព​តាម​ទូរស័ព្ទ​ថា ប​ច្ចុ​ប្ប​នុ្ន អ្នកស្រី​ពិតជា​មាន​បញ្ហា​លើ​ផ្នែក​ជីវភាព​ប្រាកដ​មែន ដោយ​រហូត​មក​ទល់​នា​ពេល​នេះ អ្នកស្រី​មិន​ត្រូវ​បាន​បណ្តា​ផលិតកម្ម​ណា​ហៅ​អ្នកស្រី​ទៅ​ថត​ឡើយ​។

អ្នកស្រី​បញ្ជាក់​ថា សព្វថ្ងៃ អ្នកស្រី​កំពុង​រស់នៅ​ផ្ទះ​ចាស់​មួយ​កន្លែង​នៅ​មុំ​ស្ទឹង​មាន​ជ័យ ហើយ​ម្ចាស់​ផ្ទះ​នោះ គឺជា​ផ្ទះ​អ្នក​ស្គាល់គ្នា​ដែល​គេ​ឲ្យ​នៅ ដោយសារ​តែ​អាណិត និង​ឃើញ​អ្នកស្រី​ពុំ​មាន​ទីជម្រក ទើប​គេ​ឲ្យ​នៅ​បណ្តោះអាសន្ន​។

អ្នកស្រី​ថា ផ្ទះ​នោះ ត្រូវ​បាន​ម្ចាស់​គេ​ទុក​ចោល​ជា​ច្រើន​ខែ​មក​ហើយ ហេតុនេះ​វា​មាន​សភាព​ចាស់ និង​មិនសូវ​ស្អាត ប៉ុន្តែ​អ្នកស្រី​បាន​បោះ​សម្អាត​រួចរាល់ និង​អាច​រស់នៅ​បាន គ្រាន់តែ​គ្មាន​ទឹក​ប្រើប្រាស់ ដោយសារ​រដ្ឋ​ករ​ទឹកបាន​ផ្តាច់ ព្រោះ​ផ្ទះ​ទុក​ចោល​យូរហើយ​។

យ៉ាងណា អ្នកស្រី​ត្រូវ​បាន​អ្នក​ជិតខាង​មានការ​អាណិតអាសូរ ដោយ​បាន​ឲ្យ​ដងទឹក​ពី​ផ្ទះ​គេ​ប្រើ​ប្រាស់​ជា​បណ្តោះអាសន្ន ដរាបណា​អ្នកស្រី​អាច​មាន​លទ្ធភាព​ទៅ​បង់លុយ​នៅ​រដ្ឋ​ករ​ទឹក ដើម្បី​បើកទឹក​ប្រើប្រាស់​វិញ​។

បើ​តាម​អ្នកស្រី អ៊ឹម ផល្លា ពេល​ខ្លះ​អ្នកស្រី​ពិតជា​គ្មាន​អង្ករ​ច្រក​ឆ្នាំង​ប្រាកដ​មែន ដូច​ទៅ​នឹង នី មុន្នីនាថ បាន​អះអាង​ខាងលើ​នោះ​មែន ដោយសារ​ពេល​នេះ អ្នកស្រី​ពុំ​អ្វី​ទីពឹង​នោះ​ឡើយ ដោយសារ​កូនស្រី​ក៏​មាន​ជំងឺ​មិន​អាច​ទៅ​រកស៊ី​អ្វី​បាន​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ផង​ដែរ​។

អ្នកស្រី​បញ្ជាក់​ថា កន្លង​មក កូនស្រី​របស់​អ្នកស្រី​ក៏​មាន​មុខរបរ​បើកហាង​អ៊ុតសក់​ដែរ ប៉ុន្តែ​ដោយ​សារ​រដូវ​កាល​ជំងឺ​កូ​វី​ដ ទើប​ហាង​ពិបាក​រកស៊ី និង​បាន​បិទ ទើប​ធ្វើ​ឲ្យ​កូន​អ្នកស្រី​ពិបាកចិត្ត​យ៉ាង​ខ្លាំង ហើយ​គិត​ច្រើន​នាំ​ឲ្យ​ប៉ះពាល់​ដល់​ខួរក្បាល ដោយពេល​ខ្លះ​និយាយ​មិនដឹង​ខុស​ត្រូវ​។
ទោះជា​យ៉ាងណា បើ​ទោះបីជា​អ្នកស្រី​បាន​ពើបប្រទះ​នូវ​បញ្ហា​ជីវិត​រាប់​មិន​អស់​ក៏​ដោយ ប៉ុន្តែ​អ្នកស្រី​មិន​ចង់​ត្អូញត្អែរ​ប្រាប់​គេ​ឲ្យ​ដឹង​ឡើយ ព្រោះ​ខ្លាច​គេ​ពើប​ជ្រាយ ជា​ពិសេស​ចង្កោម​អ្នក​សិល្បៈ​ដូច​គ្នា ព្រោះ​កន្លង​មក​អ្នកស្រី​បាន​ជួប​ប្រទះ​នូវ​រឿងរ៉ាវ​មួយ​នេះ​រួច​ហើយ​។ ជួប​បញ្ហា​នេះ​ក៏​ដោយ អ្នកស្រី​មិន​ដែល​តបត​ជាមួយ​អ្នក​ណា​ម្នាក់​នោះ​ឡើយ ពោល​គឺ​អ្នកស្រី​តែង​អត់ធ្មត់​សម្ងំ​សុខ ព្រោះ​យើង​កំពុង​ជួប​បញ្ហា​ជីវភាព​ខ្វះខាត​ប្រាកដ​មែន រហូត​មក​ខ្លះ​អ្នកស្រី​ដាច់​ចិត្ត​ខ​ល​សុំ​ប្រាក់​តិចតួច​ពី​អ្នកសិល្បៈ​ជិត​ស្និត ដើម្បី​បាន​អង្ករ​ច្រក​ឆ្នាំង​។

អ្នកស្រី អ៊ឹម ផល្លា បាន​បន្ថែម​ថា ក្នុង​កាលៈទេសៈ​នា​ពេល​នេះ ប្រសិនបើ​អ្នកស្រី​មាន​ដើមទុន​តិចតួច​នោះ អ្នកស្រី​នឹង​បង្កើត​មុខរបរ​វេច​នំ​លក់ ព្រោ​អ្នកស្រី​ក៏​មាន​ជំនាញ​នេះ​ដែរ ក្នុង​ពេល​ដែល​អ្នកស្រី​ស្ទើរតែ​អស់សង្ឃឹម​នៅ​ក្នុង​ការ​ប្រកប​អាជីព​សិល្បៈ​តទៅ​ទៀត​ហើយ​។

ទោះជា​យ៉ាងណា បន្ទាប់​ពី​ជួប​បញ្ហា​ជីវភាព​នេះ កាលពី​ពេល​ថ្មី​ៗ​នេះ អ្នកស្រី​ក៏​ទទួល​បាន​ជួយ​ឧបត្ថម្ភ​ជួប​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ពី​ក្រុមការងារ​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ផង​ដែរ​។

ជា​ការ​កត់សម្គាល់ កន្លង​មក អ្នកស្រី អ៊ឹម ផល្លា ធ្លាប់​ធ្វើការ​សម្រេចចិត្ត​ចង​លោតទឹក​បញ្ចប់ជីវិត​ខ្លួន​ដែរ ដោយ​មាន​សារ​ជំងឺ​ប្រចាំ​កាយ និង​មិន​មានការ​សម្តែង​ច្រើន​ដូច​មុន ទើប​អ្នកស្រី​មិន​មាន​ចំណូល​សម្រាប់​បង់ថ្លៃ​ផ្ទះ​ជួល​រយៈពេល​ជិត​៤​ខែ ហើយ​មិន​មាន​ទីពឹង ខណៈ​កូនប្រុស​ត្រូវ​ជាប់​ឃុំ​នៅឡើយ​។ ប៉ុន្តែ​ដោយសារ​អ្នក​ជិតដិត​ជា​អ្នកសិល្បៈ​ដូច​គ្នា​ជួយ​លួងលោម​លើកទឹកចិត្ត និង​រ៉ៃ​គ្នា​តិចតួច​ដើម្បី​ជួយ ទើប​អ្នកស្រី​បាន​ប្តូរ​ចិត្ត ។

អំឡុង​ពេល​នោះ អ្នកស្រី​ត្រូវ​ម្ចាស់ផ្ទះ​ជួល​ចាក់សោ​លែង​ឲ្យ​ចូល ហើយ​សម្លៀក​បំពាក់​ក៏​គ្មាន​ដែរ មាន​តែ​មួយ​ច​ង្កះ ហើយ​ក៏​ត្រូវ​អ្នកសិល្បៈ​ជិតដិត​ជួយ​ទិញ​ឲ្យ​ខ្លះ​ប៉ុណ្ណោះ ។ យ៉ាងណា ក្រោយ​ពី​ការ​អំពាវនាវ​ពី​អ្នកសិល្បៈ​រួម​អាជីព​មួយ​ចំនួន​អ្នកស្រី​ក៏​ទទួល​បានការ​ជួយ​ជា​ថវិកា​មួយ​ចំនួន​ពី​សប្បុរសជន និង​អ្នកសិល្បៈ​ដូច​គ្នា ហើយ​អ្នកស្រី​ក៏​ទទួល​បានការ​ជួយ​ឧបត្ថម្ភ​ខ្លះ​ៗ​ពី​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ​ជួយ​សង្គម ដែល​មាន​លោក ហេង ឡុ​ង ជា​ប្រធាន​ផង​ដែរ ។

គួរ​បញ្ជាក់​ថា អ្នកស្រី អ៊ឹម ផល្លា មាន​វ័យ​ប្រមាណ​៥៦​ឆ្នាំ ដែល​អ្នកស្រី​គឺជា​អតីត​អ្នករបាំ​បុរាណ​ម្នាក់ ហើយ​បាន​ផ្លាស់​ប្តូរ​មក​សម្តែង​ក្នុង​តួ​ជា​ម្តាយ អ្នកបម្រើ មេដោះ ជាដើម អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ