ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​សភាពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​ចិន​នៅ​ហ្វ៊ី​លី​ពី​ន

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រតិភូ​សភាពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​ចិន​នៃ​ប្រទេស​ហ្វ៊ី​លី​ពី​ន​ចំនួន​៥០​រូប ដឹកនាំ​ដោយ​លោក Wong Cheung Sha

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រតិភូ​សភាពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​ចិន​នៃ​ប្រទេស​ហ្វ៊ី​លី​ពី​ន​ចំនួន​៥០​រូប ដឹកនាំ​ដោយ​លោក Wong Cheung Sha ប្រធាន​ប្រតិភូ មាន​ប្រសាសន៍​ថា ដំណើរ​របស់​ប្រតិភូ​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ពេល​នេះ គឺ​ដើម្បី​ធ្វើការ​សិក្សា​ស្វែង​យល់​ពី​ឱកាស​វិនិយោគ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក អ៊ា​ង សុ​ផល្លែ​ត ជំនួយការ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បានឱ្យ​ដឹង​ថា លោក​ប្រធាន​ប្រតិភូ បាន​មាន​ប្រសាសន៍​បែប​នេះ​នា​រសៀល​ថ្ងៃ​ទី​២០ សីហា នៅ​វិមាន​សន្តិភាព ខណៈ​ដែល​ប្រតិភូ​សភាពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​ចិន​នៃ​ប្រទេស​ហ្វ៊ី​លី​ពី​ន មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក​ប្រធាន​ប្រតិភូ​បន្ត​ទៀត​ថា សភាពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​ចិន​នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន​មាន​ជាង​១​ម៉ឺន​ក្រុមហ៊ុន និង​មាន​សាខា​ថែម​ទៀត ។ នៅ​ពេល​នេះ ប្រតិភូ​ទាំងមូល​បាន​មើលឃើញ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ ស្ថិរភាព​សេដ្ឋកិច្ច ហើយ​មាន​បរិយាកាស​វិនិយោគ​ល្អ ។ ក្នុង​ន័យ​នេះ នៅ​ពេល​ដែល​ប្រតិភូ​វិល​ត្រឡប់​ទៅ​វិញ នឹង​ពិចារណា​ដើម្បី​វិនិយោគ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ផង និង​លើកទឹកចិត្ត​ឱ្យ​អ្នក​វិនិយោគ​នៅ​ក្នុង​សភាពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​ចិន​នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន មក​វិនិយោគ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ ។

នៅ​ក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ជម្រាប​ជូន​ប្រតិភូ​ទាំងមូល​ឱ្យ​បាន​ជ្រាប​ថា កាលពី​៣៦​ឆ្នាំ​មុន នៅ​ពេល​ដែល​សម្តេច​ចូល​មក​ដល់ទី​ក្រុងភ្នំពេញ គឺ​មាន​តែ​មនុស្ស​៧០​នាក់​បុ​៉​ណ្ណោះ ។ ស្ថានភាព​សេដ្ឋកិច្ច​មាន​សារសំខាន់​ណាស់ ក្នុង​ន័យ​នេះ​សម្តេច​បាន​ជម្រាប​ជូន​ប្រតិភូ ឱ្យ​បាន​យល់​ដែល​កាលពី​៣៦​ឆ្នាំ​មុន សេដ្ឋកិច្ច​កម្ពុជា​បាន​ចាប់ផ្តើម​សេដ្ឋកិច្ច​ផែនការ ។ ចាប់ពី​ឆ្នាំ​១៩៨៥ កម្ពុជា​បាន​អនុវត្ត​សេដ្ឋកិច្ច​ផែនការ​ផង និង​សេដ្ឋកិច្ច​ទីផ្សារ​ផង នោះ​ហៅ​ថា រយៈពេល​អន្តរកាល ។

ចាប់ពី​ឆ្នាំ​១៩៩១ មក​ដល់​សព្វ​ថ្ងៃនេះ  កម្ពុជា​កំពុង​ធ្វើ​សុក្រឹត​កម្ម​សេដ្ឋកិច្ច​ទីផ្សារ ។ នយោបាយ​របស់​កម្ពុជា នឹង​ជំរុញ​កំណើនសេដ្ឋកិច្ច​ឱ្យ​បានជា​មធ្យម​៧% និង​កាត់​បន្ថយ​ភាព​ក្រីក្រ​ឱ្យ​បាន​យ៉ាងតិច​១% ក្នុង​មួយ​ឆ្នាំ ។ ឥឡូវនេះ ប្រជាជន​កម្ពុជា​ទទួល​ចំណូល​សម្រាប់​ម្នាក់​ៗ​ប្រមាណ​១.២០០​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​កម្ពុជា​ត្រូវ​បាន​ចាត់​ចូល​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប ។

សម្តេច​តេ​ជោ បាន​ជម្រាប​ជូន​ប្រតិភូ​អំពី​សក្តានុពល​របស់​កម្ពុជា​គឺ ទី​១-​វិស័យ​កសិកម្ម​នៅ​តែ​ជា​សសរទ្រូង​របស់​កម្ពុជា ដែល​មាន​សក្តានុពល​ច្រើន​សម្រាប់​ការ​វិនិយោគ ជា​ពិសេស​ការ​វិនិយោគ​លើ​ប្រព័ន្ធ​ស្រោចស្រព ។ ទី​២-​មានការ​ខ្វះខាត​ខាង​សម្ភារ មធ្យោបាយ ម៉ាស៊ីនកិនស្រូវ និង​ស្តុក ហើយ​ខ្វះ​ថវិកា​ដើម្បី​ទិញ​ស្រូវ​ស្តុក​ទុក​ទៀត​ផង ។ នេះ​ជា​ចំណុច​សំខាន់​ដែល​ប្រតិភូ​អាច​វិនិយោគ​បាន ។ ទី​៣-​ការ​វិនិយោគ​លើ​ការ​កែ​ច្នៃ​អង្ករ ដំឡូង រួម​ទាំង​កៅស៊ូ​ផង​ដែរ ។

សម្តេច​តេ​ជោ បាន​ជម្រាប​ប្រតិភូ​ទៀត​ថា ការ​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម ជា​ពិសេស​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក និង​ការ​វិនិយោគ​ដាក់​ទុន​ពី​ក្រៅ​ទៅ​លើ​រោងចក្រ​សម្រាប់​បម្រើ​ឱ្យ​ទីផ្សារ​ពិភពលោក គឺជា​សក្តានុពល​ធំ ។ សក្តានុពល​នេះ ក៏​ស្រប​ទៅ​តាម​គោលនយោបាយ​វិស័យ​ឧស្សាហកម្ម​របស់​កម្ពុជា​ផង​ដែរ ។ កិច្ច​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល បង្ក​ការ​ងាយស្រួល​សម្រាប់​ការ​វិនិយោគ ដោយ​មានច្បាប់​វិនិយោគ​ដែល​មាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) គឺ​មាន​ច្រក​ចេញចូល​តែ​មួយ​។

រាជរដ្ឋាភិបាល កំពុង​បន្ត​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ផ្នែក​ទន់​និង​ផ្នែក​រឹង ដើម្បី​ជួយ​សម្រួល​បន្ថែម​ទៀត​ដល់​ការ​វិនិយោគ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មក​ពី​បរទេស ។

ជាទី​បញ្ចប់ សម្តេច​តេ​ជោ​ក៏​បាន​អំពាវនាវ​សូម​ឱ្យ​ប្រតិភូ​ទាំងអស់​ពិនិត្យ​ពិចារណា​វិនិយោគ​លើ​អ្វី​ដែល​សម្តេច​បាន​លើក​ឡើង ជា​ពិសេស​លើ​វិស័យ​កសិកម្ម ។
ជា​ការ​ឆ្លើយ​តប​វិញ លោក​ប្រធាន​ប្រតិភូ​បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ​ថា លោក​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព ធ្វើ​យ៉ាងណា​ឱ្យ​សភាពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​ចិន​នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន​នា​ពេល​នេះ ក្លាយទៅជា​ស្ពាន​សម្រាប់​ទាក់ទាញ​អ្នក​វិនិយោគ​ឱ្យមក​វិនិយោគ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ៕