ខេត្តកំពង់់ស្ពឺ ៖ ម្នាស់ជាច្រើនគុម្ពដុះលើផ្ទាំងថ្ម រក្សាជីវិតគង់ពាន់ឆ្នាំមកហើយ ខុសពីម្នាស់ធម្មតា ។ អ្នកស្រុកមានជំនឿថាម្នាស់នោះមានឫទ្ធិបារមីអាចធ្វើឱ្យមនុស្សជួបគ្រោះអាក្រក់ប្រសិនបើធ្វើខុសត្រណម ។
ភ្នំពិស្ស៍ជាកន្លែងដែលម្នាស់នោះដុះ ស្ថិតក្នុងភូមិភ្នំពិស្ស៍ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ទាក់ទិននឹងភ្នំ និងម្នាស់នោះមានរឿងតំណាលថាកាលពីជាង២ពាន់ឆ្នាំមុន មានស្តេចមួយអង្គព្រះនាមអង្គចន្ទ បានធ្វើដំណើរដល់ភ្នំពិស្ស៍ដើម្បីតាមរកមហេសីដែលបាត់ព្រះកាយដោយគ្មានដំណឹងថាព្រះនាងសុគត ឬក៏នៅរស់រានមានជីវិតនៅឡើយ ។ ដោយហេតុថា តាមរកព្រះមហេសីអត់ឃើញ ធ្វើឱ្យព្រះអង្គទាល់គំនិតគិតអ្វីលែងចេញក៏បានធ្វើពិធីបួងសួងផ្សងដោយការដាំម្នាស់នៅលើកំពូលភ្នំពិស្ស៍(ដាំលើថ្ម) ។ ព្រះអង្គបួងសួងផ្សងថាបើព្រះមហេសីនៅរស់រានមានជីវិត សូមឱ្យដើមម្នាស់ងាប់មិនបាច់ដុះលូតលាស់ទៀតទេ តែបើមហេសីរបស់ព្រះអង្គសុគតនៅទីនេះ សូមឱ្យដើមម្នាស់ដែលព្រះអង្គដាំនេះដុះជាកូន ពូនជាចៅនៅលើដុំសិលា ។
ម្នាស់ដែលព្រះអង្គចន្ទដាំនៅលើដុំសិលាបានចាក់ឫសដុះបែកជាកូន ពូនជាចៅយ៉ាងច្រើនស្អេកស្កះ ដោយប្រការនេះហើយទើបព្រះអង្គយល់ថាព្រះមហេសីរបស់ព្រះអង្គសុគតពិតប្រាកដមែន ហើយព្រះអង្គលែងមានមន្ទិលក្នុងការតាមរកមហេសីទៀត ។
ទោះជាយ៉ាងណាក្តី មិនមានប្រភពអះអាងឱ្យបានច្បាស់ទេ អំពីប្រវត្តិភ្នំពិស្ស៍ដែលទាក់ទងនឹងរឿងរ៉ាវរបស់ស្តេចអង្គចន្ទនេះ តែនៅមានស្លាកស្នាមខ្លះនៅឡើយ ហើយមើលទៅហាក់បីដូចជាដំណាក់ស្តេចសម្រាប់គង់នៅទៀតផង ។ សព្វថ្ងៃនេះអ្នកស្រុកនៅតំបន់នោះហៅ តៗគ្នាថា ដំណាក់ស្តេចអង្គចន្ទ ។ ទាំងព្រះសង្ឃ និងតាជី យាយជី ជាពិសេសចាស់ស្រុកនៅតំបន់នោះមិនហ៊ានអះអាងអំពីប្រវត្តិរឿងនិទាននេះឱ្យជាក់លាក់ទេ ។ ពួកគាត់លើកឡើងថា តាំងពីធំដឹងក្តីកាលណាមក គឺជីដូនជីតារបស់គាត់បានតំណាលរឿងរ៉ាវ និងប្រវត្តិភ្នំពិស្ស៍ប្រាប់ តៗគ្នា ហើយក៏ចេះតែចងចាំរហូតមក ។ មិនតែប៉ុណ្ណោះឃើញមានដើមម្នាស់ដុះលើថ្មដូចការតំណាលប្រាប់របស់ ចាស់ៗប្រាកដមែន ។
នៅលើកំពូលភ្នំមិនមែនមានតែដំណាក់ស្តេចគង់នៅប៉ុណ្ណោះទេ មានទាំងស្រះទឹកមួយដ៏ធំទៀតផង អ្នកស្រុកនាំគ្នាហៅថា «ស្រះស្រង់»ព្រោះជាកន្លែងដែលអ្នកស្រុកយល់ថា ស្តេចអង្គចន្ទចុះស្រង់ទឹកនៅទីនោះជាប្រចាំ ។ នៅក្បែរមាត់ស្រះមានដើមឈើដុះព័ទ្ធជុំវិញ មានម្លប់ត្រឈឹងត្រឈៃ រីឯទឹកវិញមានសភាពថ្លាត្រជាក់គួរឱ្យចង់ងូតលេងកម្សាន្ត ។
បច្ចុប្បន្នមិនសូវមានមនុស្សឡើងទៅកាន់កំពូលភ្នំពិស្ស៍ទេ ដោយសារតែជម្រាលភ្នំចោត ហើយត្រូវចំណាយពេលដល់ទៅជាង១ម៉ោងទើបឡើងដល់ ។ នៅលើកំពូលភ្នំពិស្ស៍ អ្នកស្រុក និងអ្នកចម្ងាយមានជំនឿថា មានបារមីស័ក្តិសិទ្ធិខ្លាំងពូកែណាស់ ។ បើអ្នកណាបន់ស្រន់ ឬក៏ផ្សងប្រាថ្នាចង់បានអ្វីមួយ ពេលបានសម្រេចហើយយកនំចំណីទៅថ្វាយ ត្រូវនាំគ្នាហូបឱ្យអស់ ដោយមិនអាចយកទៅផ្ទះវិញឡើយ សូម្បីតែមួយដុំ ។ បើមាននរណាម្នាក់ហ៊ានល្មើសនឹងបម្រាមនេះនឹងជួបហេតុអាក្រក់លើខ្លួន និងក្រុមគ្រួសារមិនខាន ។
និយាយពីដើមម្នាស់វិញ គឺដុះជាច្រើនគុម្ពនៅលើផ្ទាំងថ្មមួយដុំដែលមានទំហំ៣ម៉ែត្រ៤ជ្រុង ។ មិនមាននរណាម្នាក់រកឃើញថា តើឫសរបស់វាចេញពីណាទេ គ្រាន់តែគេសង្កេតឃើញថាឫសនោះដុះប្រទាក់គ្នាច្រើនស្អេកស្កះ នៅលើដុំសិលាមួយដុំនោះ ។ ផ្លែម្នាស់នោះត្រូវបាន ចាស់ៗអះអាងថា មានឱជារសផ្អែមឆ្ងាញ់ និងមានក្លិនក្រអូបឈ្ងុយ ។
តាជី យាយជីកាលពីពេល ថ្មីៗកន្លងមកប្រាប់ថា បើឡើងទៅដល់លើកំពូលភ្នំ ហើយបេះម្នាស់ហូប សូមហូបឱ្យអស់ កុំយកត្រឡប់ទៅតាមខ្លួន ព្រោះម្នាស់នេះក៏ស្ថិតក្នុងតំណមដែរ ដោយសារតែវាដុះនៅចំពីមុខដំណាក់ស្តេចអង្គចន្ទ ។ បើហ៊ានផ្គើននឹងជួបគ្រោះអាក្រក់មិនខាន ។
បច្ចុប្បន្ននេះគេមិនសូវឃើញម្នាស់នោះមានផ្លែដូចកាលពីដើមឡើយ ដោយកត្តាធម្មជាតិព្រមទាំងសត្វព្រៃឈ្មុសយកផ្លែទៅស៊ីជាដើម តែបើអ្នកណាឡើងទៅហើយ កុំថាឡើយផ្លែ សូម្បីតែឫស និងដើមវាក៏គេយកទំពាហូបដែរ ព្រោះតែយល់ថាម្នាស់នេះជាថ្នាំទិព្វដែលអាចព្យាបាលជំងឺ១០០មុខ ។
នៅជើងភ្នំពិស្ស៍មានអារាមមួយឈ្មោះថា «ព្រះរាជាពន្លាជ័យភ្នំពិស្ស៍» កសាងឡើងនៅឆ្នាំ២០០០ដែលមានព្រះតេជគុណព្រះនាមក្រវាញ ជាចៅអធិការ ៕
ចែករំលែកព័តមាននេះ