ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​ថៃ​បន្ត​រំកិល​ចុះ ទោះ​រដ្ឋ​ប្រើ​យុទ្ធសាស្ត្រ​បង្កើន​ការ​ចំណាយ

8 ឆ្នាំ មុន

ប្រទេស​ថៃ ៖ សេដ្ឋកិច្ច​ថៃ​នៅ​តែ​បង្អង់​ល្បឿន​សន្ទុះ​របស់​ខ្លួន​ដដែល​ក្នុង​អំឡុង​ត្រីមាស​ទី​២​នេះ ស្រប​ពេល​ដែល​មានការ​បង្កើន​ការ​ចំណាយ​សាធារណៈ ក៏​ដូច​ជា​វិស័យ​ទេសចរណ៍​មិន​បាន​ទូទាត់​នឹង​តម្រូវការ​ចុះ​ខ្សោយ​

ប្រទេស​ថៃ ៖ សេដ្ឋកិច្ច​ថៃ​នៅ​តែ​បង្អង់​ល្បឿន​សន្ទុះ​របស់​ខ្លួន​ដដែល​ក្នុង​អំឡុង​ត្រីមាស​ទី​២​នេះ ស្រប​ពេល​ដែល​មានការ​បង្កើន​ការ​ចំណាយ​សាធារណៈ ក៏​ដូច​ជា​វិស័យ​ទេសចរណ៍​មិន​បាន​ទូទាត់​នឹង​តម្រូវការ​ចុះ​ខ្សោយ​ក្នុងស្រុក​និង​ការ​នាំ​ចេញ​ទំនិញ​ជាមួយនឹង​កំណើន​នៅ​ពេល​ខាង​មុខ ដែល​ជួប​ហានិភ័យ​ដោយសារ​ការ​ទម្លាក់​ថ្លៃ​ប្រាក់​យន់​ចិន ។

តាម​ការ​អះអាង​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​និង​សង្គម​(NESDB)​កាលពីដើម​ស​ប្តា​ហ៍​នេះ GDP​ថៃ​បាន​កើនឡើង​២,៨%​ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ​ក្នុង​ត្រីមាស​ទី​២​ឆ្នាំ​២០១៥ នេះ គឺ​ថយ​ចុះ​ពី​អត្រា​៣%​ក្នុង​ត្រីមាស​ដំបូង ។​កំណើន​GDP​ដែល​សម​ហេតុផល​គឺ​កើនឡើង​០,៤%​ពី​ត្រីមាស​មុន ។ ក្នុងអំឡុងពេល​ដូច​គ្នា​នេះ​ដែរ អង្គភាព​NESDB​ក៏​បាន​ទម្លាក់​ការ​ព្យាករ​ទុក​នៃ​GDP​ឆ្នាំ​២០១៥​នេះ​របស់​ខ្លួន​ក្នុង​ចន្លោះ​២,៧%​និង​២,៣%​ពី​ការ​ប៉ាន់​ប្រមាណ​ទុក​កាលពីមុន​៣​ទៅ​៤% ។ ចំណែក​ការ​នាំ​ចេញ​ទំនិញ​របស់​ថៃ អង្គភាព​បាន​ព្យាករ​ទុក​ថា នឹង​រួញ​ខ្លី​៣,៥%​ពី​ការ​វាយតម្លៃ​ទុក​កាលពីមុន​នូវ​កំណើន​០,២% ។ រដ្ឋាភិបាល​នឹង​បង្កើន​ខ្ទង់ចំណាយ​១១,៦%​ក្នុង​ឆមាស​ទី​២​នេះ ។

លោក Akhom Termpittayapaisith លេខាធិការ​ទូទៅ​របស់​NESDB បាន​គូសបញ្ជាក់​ថា « ការ​កែសម្រួល​ឡើង​វិញ​គឺ​ដោយសារ​តែ​ភាព​ស្ពឹក​ឬ​មិនសូវ​មាន​សន្ទុះ​នៃ​កំណើនសេដ្ឋកិច្ច​សកល និង​ភាព​អវិជ្ជមាន​នៃ​សេដ្ឋកិច្ច​ចិន​ស្ថិត​ក្នុង​អត្រា​៣,១%​ទៅ​៣,៤% » ។

បើ​ងាក​មក​សង្កេត​មើល​ប្រតិបត្តិការ​និង​ចក្ខុវិស័យ​សេដ្ឋកិច្ច​របស់​ថៃ​ក្នុង​ត្រីមាស​ទី​២​ឆ្នាំ​២០១៥​នេះ បើ​តាម​សេដ្ឋវិទូ​ថៃ​របស់​ទីភ្នាក់ងារ Kasikorn Research Co លោក Pimowan Mahujchariyawong បាន​ប្រាប់​សារព័ត៌មាន Blomberg ថា « ការ​ទម្លាក់​ថ្លៃ​ប្រាក់​យន់​ចិន​គឺ​ពុំ​មែន​ជា​ដំណឹង​ល្អ​ឡើយ​សម្រាប់​ថៃ ស្រប​ពេល​ដែល​វា​នឹង​ដាក់​សម្ពាធ​កាន់តែ​ច្រើន​មក​លើ​ការ​នាំ​ចេញ​របស់​យើង ។ វិស័យ​ទេសចរណ៍ និង​ការ​ចំណាយ​របស់​រដ្ឋាភិបាល​គឺជា​ក្បាលម៉ាស៊ីន​តែ​ពីរ​គត់​ដែល​អាច​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​បាន ។ ប៉ុន្តែ​ចក្ខុវិស័យ​នេះ​ហាក់ដូចជា​កាន់តែ​អាប់អួ​ទៅ​វិញ​នា​ពេល​បច្ចុប្បន្ន ជាមួយនឹង​បម្រែបម្រួល​នៃ​ប្រាក់​យន់​ចិន » ។  សម្រាប់​ឆមាស​ទី​១​នេះ សេដ្ឋកិច្ច​ថៃ​បាន​កើនឡើង​២,៩% នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក Arkhom ។

កំណើន​ក្នុង​ត្រីមាស​ទី​២​ត្រូវ​បាន​ជំរុញ​ដោយ​ការ​ចំណាយ និង​ការ​វិនិយោគសាធារណៈ​តាម​រយៈ​ទាំង​រដ្ឋាភិបាល និង​បណ្តា​សហគ្រាស​របស់​រដ្ឋ ។ វិស័យ​ទេសចរណ៍​បាន​ជំរុញ​សេដ្ឋកិច្ច​ហើយ​មួយ​ផ្នែក​គឺ​បាន​ទូទាត់​នឹង​ភាព​រួញ​ខ្លី​នៃ​ការ​នាំ​ចេញ​ទៀត​ផង ។

ចំណែក​កត្តា​វិជ្ជមាន​ជា​ច្រើន​ទៀត​ក្នុង​អំឡុង​ឆមាស​ទី​១​នេះ នឹង​បន្តដំណើរ​ក្នុង​ការ​ចំណាយ និង​វិនិយោគ​របស់​រដ្ឋាភិបាល ក៏​ដូច​ជា​ការ​ចុះ​ខ្សោយ​ជាង​មុន​នៃ​ប្រាក់​បាត​ថៃ ដែល​នឹង​ជួយ​ដល់​ការ​នាំ​ចេញ ។ ការិយាល័យ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​បាន​ព្យាករ​ទុក​ថា ប្រាក់​បាត​ថៃ អាច​នឹង​ប្រែប្រួល​ក្នុង​ចន្លោះ​៣៣,៥០​និង​៣៤,៥០​ដុល្លារ ។
លោក Arkhom បាន​បញ្ជាក់​ថា «​រដ្ឋាភិបាល​នឹង​បន្ត​ព​ន្លឿ​ន​ការ​ចំណាយ​ថវិកា និង​ការ​វិនិយោគ ។ ម្យ៉ាងទៀត​យើង​បាន​កំណត់​រួច​ហើយ​ក្នុង​និ​ន្ន​ការ​ជំរុញ​បង្កើន​ការ​ចាយវាយ​ដើម្បី​ជួយ​គាំទ្រ​ដល់​សេដ្ឋកិច្ច​ក្នុងស្រុក ស្រប​ពេល​ដែល​លក្ខខណ្ឌ​សេដ្ឋកិច្ច​សកលលោក​មិន​អំណោយផល​» ។ ការ​កើនឡើង​ក្នុង​វិស័យ​ទេសចរណ៍ ក៏​នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ច​ផង​ដែរ​ជាមួយនឹង​ការ​គ្រោងទុក​នូវ​បរិមាណ​អ្នកទេសចរ​៣០​លាន​នាក់​កើនឡើង​ពី​អត្រា​២៩​លាន​នាក់ ។ ជនជាតិ​ចិន​នឹង​នៅ​តែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាងគេ​ដដែល​ក្នុង​ទីផ្សារ​ទេសចរណ៍​ថៃ​ក្នុង​ឆ្នាំ​២០១៥​នេះ ។

នៅ​គ្រានោះ​ដែរ លោក​បាន​បន្ត​ថា ប្រទេស​ថៃ​បាន​ពិនិត្យ​លើ​កត្តា​ហានិភ័យ​មួយ​ចំនួន​ដូច​ជា​ការ​ពុះពារ​នៃ​សេដ្ឋកិច្ច​ពិភពលោក ដំណើរ​នៃ​បម្រែបម្រួល​រូបិយប័ណ្ណ ក៏​ដូច​ជា​ភាព​ស្ពឹក​នៃ​តម្លៃ​ផលិតផល​កសិកម្ម​សកលលោក ។ ចំណែក​វិស័យ​ផលិតកម្ម​ឧស្សាហកម្ម​ថៃ​បាន​ធ្លាក់​ចុះ​០,៧%​ក្នុង​ត្រីមាស​ទី​២​នេះ ធៀប​នឹង​ឆ្នាំទៅ​។ ការ​ប្រើប្រាស់​របស់​ឯកជន​បាន​កើនឡើង​១,៥% ធៀប​នឹង​អត្រា​២,៤%​ក្នុងអំឡុងពេល​មុន ៕