ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេក គឹ​ម​រួន ក្លាយជា​ជន​ទី​3 ចាញ់​ក្រោម​ដៃ Yort Sing

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​រឿង​ភ្ញាក់ផ្អើល​ដែល​កីឡាករ​ថៃ​ឈ្មោះ Yort Sing មក​ប្រកួត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​៣​លើក​មក​ហើយ ប៉ុន្តែ​មិន​ដែល​មាន​ស្ថិតិ​ចាញ់​នោះ​ទេ បើ​ទោះជា​ប៉ះ​កណ្ដាប់ដៃ​ជាមួយ​កីឡាករ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​រឿង​ភ្ញាក់ផ្អើល​ដែល​កីឡាករ​ថៃ​ឈ្មោះ Yort Sing មក​ប្រកួត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​៣​លើក​មក​ហើយ ប៉ុន្តែ​មិន​ដែល​មាន​ស្ថិតិ​ចាញ់​នោះ​ទេ បើ​ទោះជា​ប៉ះ​កណ្ដាប់ដៃ​ជាមួយ​កីឡាករ​កម្ពុជា​ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​ក្ដី ។ ជាក់ស្ដែង​ការ​ប្រកួត​កាលពី​ថ្ងៃអាទិត្យ ទី​១៦ សីហា គេ​បាន​បំបាក់​ជើង​ខ្លាំង​កម្ពុជា​ឈ្មោះ សេក គឹ​ម​រួន នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​គួរ​ឲ្យ​កោតសរសើរ​ទៀត​ផង ។

គ្មាន​អ្នក​ណា​មិន​កត់សម្គាល់​នោះ​ទេ​ដែល​ការ​ប្រកួត​ទាំង​៣​លើក​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​កីឡាករ Yort Sing បាន​ទទួល​ជ័យជម្នះ​ទាំងអស់​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​។ ការ​ប្រកួត​កាល​២​លើក​មុនគេ​ឈ្នះ ម៉​ន សា​ម៉េ​ត ម្ចាស់​ខ្សែក្រវាត់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ដោយ​ពិន្ទុ និង​ឈ្នះ អឹុង បូ​រ៉ា ក្នុង​ទឹក​ទី​១​បន្ថែម​ទៀត ទើប​ធ្វើ​ឲ្យ​មានការ​កំណត់​ថា កីឡាករ​ថៃ​រូប​នេះ​ពិតជា​ជើង​ខ្លាំង​មែន ។ ភាព​លេចធ្លោ​នេះ​បាន​រុញ​សហព័ន្ធ​ប្រដាល់​សម្រេច​ដាក់ សេក គឹ​ម​រួន ដែល​ទើបនឹង​ឡើង​កូដ​ឲ្យ​ឡើង​ប្រកួត​ជាមួយ​ក្នុង​បំណង​សងសឹក​ដល់​មិត្ត​រួម​ក្រុម ។ បើ​ទោះជា សេក គឹ​ម​រួន មិន​ដែល​ឡើង​ប្រកួត​អន្តរជាតិ និង​គ្មាន​ឈ្មោះ​ជា​ម្ចាស់​ខ្សែក្រវាត់​ដូច ម៉​ន សា​ម៉េ​ត ប៉ុន្តែ​អ្នក​ណា​ក៏​ទទួលស្គាល់​ដូច​គ្នា​ថា កីឡាករ​មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប​រូប​នេះ គឺជា​ជើង​ខ្លាំង​ដែល​ពូកែ​ទាំង​កែង ទាំង​ម៉ាត់ និង​ជង្គង់​មិនធម្មតា ។ ការ​ប្រកួត​រវាង​កីឡាករ​រូប​នេះ និង​កីឡាករ Yorth Sing បាន​ទទួល​ការ​ចាប់អារម្មណ៍​តាំងពី​ជំហាន​ផ្គូផ្គង​មក​ម្ល៉េះ ដោយសារ​តែ​អ្នកគាំទ្រ​សុទ្ធតែ​ចង់​ដឹង​ថា សេក គឹ​ម​រួន មក​ប្រកួត​សងសឹក ឬ​មក​ដើម្បី​ចាញ់​ដូច ម៉​ន សា​ម៉េ​ត និង អឹុ​ង បូ​រ៉ា ។

ក្នុង​វិនាទី​ចាប់ផ្ដើម កីឡាករ​ទាំង​ពីរ​បើក​ឆាកប្រយុទ្ធ​គ្នា​ដោយ​ការ​ប្រយ័ត្នប្រយែង​រៀងខ្លួន ដែល​ទំនង​មក​ពី សេក គឹ​ម​រួន បង្គោល​ក្រហម ត្រូវការ​សងសឹក និង​មិន​ចង់​ជាប់​ឈ្មោះ​ជា​អ្នក​ចាញ់​ទី​៣ ឯ​កីឡាករ​ថៃ​ក៏​បានដឹង​ខ្លួន​រួច​ជា​ស្រេច​ថា សេក គឹ​ម​រួន គេ​មក​ប្រកួត​ដើម្បី​សងសឹក ដែល​ខ្លួន​មិន​អាច​ចាញ់​ក្រោម​ដៃ​បាន ។ នៅ​ទឹក​ទី​១ កីឡាករ​កម្ពុជា គឺជា​អ្នក​ឈ្នះ​ប្រៀប ប៉ុន្តែ​ក្នុង​ទឹក​ទី​២ ទី​៣ និង​ទី​៤ កីឡាករ​សេក គឹ​ម​រួន ត្រូវ​កីឡាករ Yort Sing  វាយ​ឡើង​ទក់​សាច់​វិញ​។ ទោះបី​កីឡាករ​កម្ពុជា​ប្រឹង​ប្ដូរ​ដោយ​កែង និង​ម៉ាត់​ដើម្បី​បំបែក​ភាព​ខ្លាំង​ទៅ​លើ​គូបដិបក្ខ ក៏​លទ្ធផល​នៃ​ការ​ប្រឹងប្រែង​បាន​ត្រឹម​ឈឺខ្លួន​ពី​ការ​វាយ​សន្ធាប់​ដ៏​ខ្លាំងក្លារ​បស់បង្គោល​ខៀវ​។ ក្នុង​ទឹក​ទី​៥ កីឡាករ Yort Sing បាន​ក្លាយជា​អ្នក​ចាញ់​ប្រៀប​វិញ​ម្ដង​ដោយសារ​តែ​អស់កម្លាំង​ស្ទើរ​ខ្សោះ​ខ្លួន ។ អ​ញ្ចឹ​ង​ហើយ​ទើប​ក្នុង​ទឹក​នេះ​គេ​ឮ​សំឡេង​ហ៊ោកញ្ជ្រៀវ​ពេញ​សង្វៀន​ពី​សំណាក់​ទស្សនិកជន​ដោយសារ​តែ​លើកទឹកចិត្ត​ដល់​កីឡាករ​កម្ពុជា ។ អ្នកគាំទ្រ​ដែល​ត្រូវ​គេ​ឃើញ​អង្គុយ​ដក​ក​ចំហ​មាត់​ពេល​ឃើញ​ខាង​ថៃ​វាយ​លើ​កីឡាករ​កម្ពុជា​កាលពីដើម​ទឹកបាន​ប្ដូរ​ឥរិយាបថ​​ក្រោកឈរ និង​បញ្ចេញ​កាយវិការ​គ្រវីគ្រវាត់​ដៃជើង​ឲ្យ​សញ្ញា​ដល់​សេក គឹ​ម​រួន​។ គូ​នេះ កីឡាករ​ថៃ Yort Sing នៅ​តែ​ឈ្នះ​ពិន្ទុ​ដែល​បង្ហាញ​យ៉ាង​ច្បាស់​ថា គេ​មក​ប្រកួត​នៅ​កម្ពុជា​៣​លើក​ឈ្នះ​ទាំង​៣​លើក​មិន​ដែល​ចាញ់ ។ ប៉ុន្តែ​បើ​ធៀប​ជាមួយ ម៉​ន សា​ម៉េ​ត និង អឹុ​ង បូ​រ៉ា ការ​ប៉ះ​គ្នា​ជាមួយ​កីឡាករ​ខ្មែរ​លើក​នេះ​ក៏​ឈ្នះ​រាង​ពិបាក​ដែរ ។

ការ​ប្រកួត​អន្តរជាតិ​២​គូ​ទៀត កីឡាករ​ម៉​ន រ​ដ្ឋា មក​ពី​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក​វាយ​ឈ្នះ​កីឡាករ​ថៃ Yort Thearak ក្នុង​ទឹក​ទី​២ ធ្វើ​ឲ្យ​មានការ​សរសើរ ។ មួយគូ​ទៀត កីឡាករ​ល្បីឈ្មោះ ធី តុង​ហ៊ី ត្រូវ​គេ​ឃើញ​ឈ្នះ​ថៃ​ក្នុង​ទឹក​ទី​៣ បន្ទាប់​ពី​ប្រើ​យុទ្ធសាស្ត្រ​វាយ​សម្រុក​មិន​ដក​ដៃ​ធ្វើ​ឲ្យ​កីឡាករ​ថៃ Yor Tonthy តស៊ូ​បន្ត​ទៀត​លែង​បាន ។ ប៉ុន្តែ​កីឡាករ​ថៃ Yor Tonthy ក៏​វាយ​ឲ្យ ធី តុង​ហ៊ី បែក​ចិញ្ចើម​សងខាង​ផង​ដែរ បើ​ទោះជា​ត្រឹម​រយះ​កម្រិត​តូច ហើយ​មិន​មាន​ហូរ​ឈាម​ក្ដី ។

ចំពោះ​ការ​ប្រកួត​អន្តរជាតិ​ពេល​យប់​នៅ​លើ​សង្វៀន​ប្លេ​ក​ខេត​នា​ថ្ងៃអាទិត្យ​នោះ​ដែរ កីឡាករ​ពុទ្ធ ឆាយ​រិ​ទ្ធី មិន​ត្រឹមតែ​បែក​រយះ​លើ​ចិញ្ចើម​ហូរ​ឈាម​ល្ហាច​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ចាញ់​កីឡាករ​ថៃ Phor Laynoy  ក្រោយ​បញ្ចប់​៥​ទឹក​នោះ​ផង​ដែរ ។ កីឡាករ​ឡៅ ច​ន្ទ្រា វិញ ពិតជា​ស៊ី​ផុយ​ដោយ​មិន​លំបាកទៅ​លើ​គូប្រកួត​ដូច​ការ​គ្រោងទុក​មែន ដោយ​​ប្រើ​ពេល​តែ​៣​ទឹក​ប៉ុណ្ណោះ​ផ្ដួល​កីឡាករ​ថៃ Khorn  Kenlek ឲ្យ​សន្លប់ ហើយ​ក្រោក​តតាំង​លែង​បាន ។ ឡៅ ច​ន្ទ្រា ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់​សម្រាប់​ការ​ប្រកួត​ពេល​នោះ៕