ខេត្តព្រៃវែង ៖ នារីក្រមុំម្នាក់ឈានដល់ថ្ងៃចូលរោងការ និងរង់ចាំតែវេលាទៀបភ្លឺថ្ងៃស្អែកប៉ុណ្ណោះ នឹងត្រូវបន្លឺភ្លេងការ ហែជំនូនចូលផ្ទឹមហើយ ស្រាប់តែរងរបួសធ្ងន់ធ្ងរ ដោយសារគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មួយធ្វើឱ្យមនុស្ស៥នាក់រងរបួសធ្ងន់ធ្ងរ ។ កូនក្រមុំដែលជួបគ្រោះអកុសលឈ្មោះគង់ ស៊ាង អាយុ២៣ឆ្នាំ ត្រូវរងរបួសដាច់អស់ផ្ទៃមុខ ព្រមទាំងដងខ្លួន និងសន្លប់ស្តូក ធ្វើឱ្យពិធីមង្គលការដែលនៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះត្រូវផ្អាក។
ករណីនេះបានកើតឡើងកាលពីថ្ងៃទី២៦ មីនា វេលាម៉ោង២ និង៣០នាទីរសៀលលើកំណាត់ផ្លូវលំម្តុំភូមិត្របែក ឃុំត្រពាំងស្រែ ស្រុកមេសាង គឺម៉ូតូបុកគ្នាជាមួយនឹងម៉ូតូពេញទំហឹងបណ្តាលឱ្យមនុស្សប្រុស ស្រី៥នាក់ខ្ទាតចេញពីលើម៉ូតូបោកខ្លួនដួលដេកទៅលើថ្នល់សន្លប់រដូករណែល គួរឱ្យរន្ធត់ក្រៃលែង ហើយត្រូវដឹកតាមរថយន្តទៅកាន់មន្ទីរពេទ្យខេត្តស្វាយរៀង តែដោយសាររបួសធ្ងន់ធ្ងរពេក ត្រូវបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យកាល់ម៉ែតរាជធានីភ្នំពេញដើម្បីសង្គ្រោះ ។
កូនក្រមុំឈ្មោះគង់ ស៊ាង ត្រូវចូលរោងការនៅល្ងាចថ្ងៃទី២៦ មីនា ក៏ប៉ុន្តែត្រូវបងស្រីឈ្មោះគង់ សារ៉ុន អាយុ៣០ឆ្នាំ ពឹងឱ្យឌុបម៉ូតូទៅផ្សារយកសំលៀកបំពាក់ ក៏ជួបគ្រោះអាក្រក់ដូច្នេះតែម្តង។ អ្នកទាំងពីរមានទីលំនៅភូមិព្រៃកូយ ឃុំត្រពាំងស្រែ ។ បើតាមអ្នកឃើញហេតុការណ៍ប្រាប់កោះសន្តិភាពថា មុនពេលកើតហេតុ គេឃើញម៉ូតូ១គ្រឿងម៉ាកគ្រិសអង្គរ ពណ៌ក្រហម ជិះឌុបគ្នា៣នាក់ បើកបរពីទិសខាងត្បូង ទៅទិសខាងជើងក្នុងល្បឿនលឿន ខណៈនោះមានម៉ូតូ១គ្រឿងទៀតម៉ាកហុងដា C70 គុបជ្រុងពណ៌ស្លែធ្វើដំណើរបញ្ច្រាសទិសគ្នា ពីជើងមកត្បូងមានល្បឿនលឿនដូចគ្នា ក៏បុកគ្នាពេញទំហឹងធ្វើឱ្យម៉ូតូទាំងសងខាងរួញក្រពឹតចូលគ្នា ចំណែកឯមនុស្សខ្ទាតចេញពីលើម៉ូតូបោកខ្លួនដួលដេករដូករណែលពេញថ្នល់ដោយម្នាក់ៗដាច់អស់ផ្ទៃមុខ បែកក្បាលដាច់រលាត់ដៃជើងដងខ្លួនឈាមហូរក្រហមច្រាលសន្លប់ឈឹងនៅនឹងកន្លែង ។
ប្រការគួរឱ្យកត់សំគាល់គឺនាងក្រមុំគង់ ស៊ាងដល់ថ្ងៃចូលរោងការទៅហើយ បែរជាត្រូវគ្រោះថ្នាក់រលាត់ផ្ទៃមុខ ដងខ្លួន និងបែកក្បាល រង់ចាំអាពាហ៍ពិពាហ៍ ដែលនឹងមកដល់នៅថ្ងៃស្អែក (ថ្ងៃទី២៧ មីនា) ត្រូវផ្អាកទៅវិញ…កូនកំលោះដែលខកខានអាពាហ៍ពិពាហ៍សែនរន្ធត់ចិត្តពេកក្រៃ បានមកជួយមើលថែទាំកូនក្រមុំដល់មន្ទីរពេទ្យរាជធានី ចំណែកឪពុកម្តាយទាំងសងខាងក៏ដូច្នេះដែរ ។ រីឯចាស់ទុំវិញបានស្តីបន្ទោសថា ខ្វះមនុស្សណាស់ទៅឬមិនប្រើឱ្យអ្នកផ្សេងឌុបបែរជាឱ្យសាមីខ្លួនអ្នករៀបការឌុបទៅយកសំលៀកបំពាក់ទៅវិញ ។ ចាស់ទុំពីដើមមានត្រណមណាស់ដែលក្នុងរយៈពេល៧ថ្ងៃ មុនចូលរោងការនិងពេលចូលរោងការគេមិនឱ្យសាមីខ្លួនអ្នករៀបការទាំង២នាក់ ចេញដំណើរទៅណាឆ្ងាយទេ ខ្លាចមានគ្រោះថ្នាក់ ។ កូនកម្លោះបានត្រឹមអង្គុយយំកាន់ដៃកូនក្រមុំដែលដេកសន្លប់ស្តូកស្តឹង ៕
ចែករំលែកព័តមាននេះ