ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចំណាស់​ជប៉ុន​អណ្តែត​តាម​ស៊ូណាមី​ទៅ​កណ្តាល​សមុទ្រ​ ការ​​ព្យាករណ៍​​​៖​៧០%​​អាច​មាន​ការ​រញ្ជួយ​ដី​ក្នុង​ចន្លោះ​៣​ថ្ងៃ​ទៀត

15 ឆ្នាំ មុន

​តាម​​ទីភ្នាក់ងារ​ NHK របស់ជប៉ុន​​បាន​ផ្សាយ​​កាល​ពីល្ងាច​ថ្ងៃទី​​១៣ មីនា ថា រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិ​ជប៉ុន បានបង្ហាញ​​នូវ​ភាព​​​ត្រេក​អរ​​ថា កងនាវិក​​អាច​ជួយសង្គ្រោះ​​លោកហ៊ីរ៉ូ​មីស៊ី ​ឈីនកា​វា អាយុ​​៦០​ឆ្នាំ ដែលត្រូវ​​រលក​យក្សស៊ូ​ណាមី កម្ពស់​​១០ម៉ែត្រ ​​បោកបក់​​​យក​ទៅ​កណ្តាល​​សមុទ្រ​ដែល​​រក​កោះ​​ត្រើយ​មិន​ឃើញ រយៈ​​ពេល​​​៣ថ្ងៃ ។​ កងនាវិក​​របស់ជប៉ុន​​ បាន​ចេញ​ល្បាត​​ស្វែង​រក​​អ្នក​រស់​រាន​មានជីវិត​​នៅកណ្តាល​​​សមុទ្រ​​ឆ្ងាយពីក្រុង​​ហ្វូតាបា ប្រហែល​​​១៥គីឡូម៉ែត្រ ​បាន​ប្រទះឃើញ​​បុរស​ខាងលើ​​បោយដៃ​សុំ​ជំនួយ​នៅ​កណ្តាល​កម្ទេច​កម្ទីបាក់​បែក​​នៃផ្ទះ​សម្បែង ។ បច្ចុប្បន្ន​​មន្ត្រីជួយសង្គ្រោះ​​​បាននាំ​ទៅ​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​រួចរាល់​ ​ហើយ​ដោយ​ពិនិត្យ​​​សុខ​ភាព​​បង្ហាញ​​ឱ្យឃើញ​ថា មានរបួស​ស្រាល ។​ លោកឈីនកាវា បាន​​​បញ្ជាក់​ថា លោក​ត្រូវ​​​រលក​បោក​បក់មក​លើ​​ ខណៈ​ពេល​កំពុង​ធ្វើ​ដំណើរ​​ត្រឡប់ទៅផ្ទះ​​ និងបច្ចុ​ប្បន្ន​​​មិនបាន​​ដឹង​ពី​ជោគ​វាសនា​​ប្រពន្ធគាត់នៅឡើយទេ ។

  • ៧០%រំពឹង​ថា​នឹង​មានរញ្ជួយ​ដី​បន្តក្នុង​រយៈ​ពេល៣ថ្ងៃ​ខាងមុខ

ប្រភព​ពី AFP ​ថ្ងៃទី១៣ មីនា បាន​ផ្សាយ​ថា ដោយ​យោង​តាម​សំដី​របស់លោក​តា​កា​ឈី យ៉ូកូតា ​នាយក​ផ្នែក​ទិន្ន​ន័យ​​ និងព្យា​ករណ៍ការ​រញ្ជួយ​ដីបានឱ្យ​ដឹង​ថា ​​មាន​តម្រុយ​​ប្រហែល​៧០% ​ដែល​ថា ក្នុងរយៈ​ពេល​៣​ថ្ងៃខាង​មុខនឹង​កើត​​ការ​រញ្ជួយដី​​មានកម្លាំង​៧រីស្ទ័រ នៅ​បរិវេណ​ឆ្នេរភាគ​ឦសានប្រទេស​ជប៉ុន​​ និង​អាច​មាន​ប្រហែល​៥០% នឹងកើត​ក្នុងអំឡុងពេល​៣​ថ្ងៃ​រវាង​ពី​ថ្ងៃ​ទី១៦-១៩​ មីនា ខាង​មុខ ។ ​ការរញ្ជួយ​ដី​ក្នុង​អំឡុង​ពេល​កន្លងមក​ ​មាន​ការ​កើត​ឡើង​ជា​ច្រើន​លើក​នៅ​បរិវេណ​ក្រោម​សមុទ្រ​​ដោយ​​លាត​សន្ធឹង​ក្នុងបរិវេណទទឹង​ប្រហែល​២០០​គីឡូ​ម៉ែត្រ ​និងបណ្តោយ​​ប្រហែល​​៥០០គីឡូម៉ែត្រ​​នៅ​ខាង​ក្រៅ​ឆ្នេរ​សមុទ្រ​​ក្នុង​ខេត្តមី​យ៉ាងិ និងអ៊ីរ៉ា​បាគីភាគ​ឦ​សាន ។ ​គួរ​បញ្ជាក់​ថា ​ភាព​ធ្ងន់​ធ្ងរ​​ក្នុងកម្រិត​៧រីស្ទ័រ ​ចាត់​ទុក​ថា ជា​កម្លាំង​រញ្ជួយ​អាច​ធ្វើឱ្យ​ផ្ទះ​សម្បែង​​ជាច្រើន​បាក់រលំបាន ។

​ប្រភព​ខាង​លើ​បានបន្តទៀត​ថា នាយក​ដ្ឋាន​ស្រាវជ្រាវ​ផ្នែក​ធរណី​វិទ្យា​របស់​សហរ​ដ្ឋ​អាមេរិក​​បាន​ផ្សាយ​ពីផល​ប៉ះពាល់​ដោយការស​រញ្ជួយ​ដី​​កម្លាំង​៨,៩​រីស្ទ័រ ​ដែលធ្វើ​ឱ្យ​ដែនដី​ប្រទេស​ជប៉ុន​មានលក្ខណៈ​ជាកោះ​​រំកិល​ពីចំណុច​ដើម​​ប្រហែល​២៤០​សង្ទីម៉ែត្រ​​ ។ នេះ​បើ​តាមការ​ស្រាវជ្រាវ​​ដោយ​ប្រើប្រព័ន្ធ​បញ្ជាក់​ចំណុច​តាម​ផ្កាយរណប ។ ​កាលពីមុន​នេះ ​ដោយ​សារ​​ការរញ្ជួយដី​ដែល​មាន​កម្រិតញ័រ​ប្រហាក់ប្រហែល​ក្នុងពេល​បច្ចុប្បន្ន​​​នៅ​ប្រទេស​ស៊ីរី​​ និងឥណ្ឌូណេ​ស៊ី​​ ធ្វើ​ឱ្យ​ដែនដី​របស់​ប្រទេស​ទាំងពីរ​រំកិល​ដូចគ្នា ។

  • គ្រោះធម្មជាតិ​​រញ្ជួយដី​​​​​នៅជប៉ុន​​មនុស្ស​​ជាង​១ម៉ឺន​នាក់​ត្រូវ​ជួយសង្គ្រោះ​

ក្រុម​អ្នក​ជួយ​សង្គ្រោះ​​កាលពីថ្ងៃទី​​​១៤ មីនា ​បាន​ចាប់​ផ្តើម​​ថ្ងៃទី​​​៤ នៃ​​​ការរុករក​​អ្នក​​នៅរស់​​​​តាម​គំនរ​​អគារ​បាក់បែក​នា​ភាគខាង​ជើង និង​ភាគឦ​​សាន​​​ជប៉ុន​ដែលរងគ្រោះ​​យ៉ាងធ្ងន់ធ្ងរ ​ដោយ​កា​ររញ្ជួយដី​​​ដ៏ខ្លាំង​​កម្រិត៩​​រីស្ទ័រ ​បង្ក​​ឱ្យ​កើត​​មានរលក​ស៊ូណាមី​ជា​គ្រោះធម្មជាតិ​ធ្ងន់ធ្ងរ​​បំផុត ​ក្នុងប្រវត្តិ​សាស្ត្រ​​របស់​ប្រទេស​ជប៉ុន​​​​​កាល​ពី​ថ្ងៃទី​​១១ មីនា កន្លង​មក ។​ ​នាយករដ្ឋ​មន្ត្រី​​ជប៉ុន លោក​​ណាអូតូ កាន ​ថ្លែង​​​ប្រាប់អ្នក​កាសែត​ក្នុង​សន្និសីទ​​​កាសែត​ចាក់​ផ្សាយ​​​តាមទូរទស្សន៍​​ កាលពីថ្ងៃទី​​​១៣ ​មីនា កន្លង​មក​ថា ​រយៈ​ពេល​​៦៥​ឆ្នាំ ​ក្រោយ​ពី​បញ្ចប់​សង្គ្រាម​​​លោក​លើក​ទី​​​២ បាតុភូត​​រញ្ជួយដី​នេះ​ជា​វិបត្តិ​ដ៏លំបាក​​បំផុត​​សម្រាប់​ប្រទេស​ជប៉ុន ។ ​ពល​រដ្ឋ​​ជប៉ុនបានជួប​ប្រទះ​ផលលំបាក​យ៉ាង​ច្រើន​​​កាលពីអតីត​កាល​ ប៉ុន្តែយើង​អាច​ជំនះ​ការ​​លំបាក​ទាំង​នោះបាន​ ដើម្បី​​​បង្កើត​​​​បាន​សង្គម ប្រកប​ដោយ​​សន្តិភាព និង​​ភាព​ចម្រុង​ចំរើន​​​ ដូច្នេះ​​ទោះបីជា​​​មាន​គ្រោះធម្មជាតិ​​​ធ្ងន់ធ្ងរ​​បែប​នេះ​​​ក៏ដោយ​​ ក៏ពលរដ្ឋ​​​ជប៉ុន​នៅ​តែ​សាមគ្គីគ្នា​ត​​ទៅ​​ទៀត ។​

តាមប្រភពព័ត៌​មាន​​​ថា ក្នុង​​គ្រោះធម្មជាតិ​​រញ្ជួយដី​​​ដ៏​មាន​ឥទ្ធិ​ពល​​នៅប្រទេស​​ជប៉ុន​នេះ​មនុស្ស​​​១៥.០០០​នាក់ ត្រូវបានជួយសង្គ្រោះ​​​ ។​ មានប្រទេស​យ៉ាងហោចណាស់​​ជិត​​៧០ ក្នុង​នោះ​​មានប្រទេស​កម្ពុជា​​​ និងសហគមន៍​​អឺរ៉ុប​​បាន​ផ្តល់​ជំនួយ​សង្គ្រោះ​ដល់​ប្រទេស​ជប៉ុន​​សម្រាប់​​ជនរងគ្រោះ​​ដោយសារ​ការរញ្ជួយដី​នេះ។ បុរស​ជប៉ុន​​អាយុ​​​៦០​ឆ្នាំម្នាក់ត្រូវ​​បាន​ជួយ​សង្គ្រោះ​​​កាលពីថ្ងៃទី​​​១៣ មីនា ​នៅចម្ងាយ​​១៥​គីឡូម៉ែត្រ ​ពីឆ្នេរសមុទ្រ​​ភាគឦសាន​​ជប៉ុន ​ក្រោយ​ពី​គាត់ស្ថិតនៅ​​​ក្នុង​ទឹក​​​២ថ្ងៃ ​លើ​បំណែក​មួ​យ​​​ផ្ទាំង​​នៃ​ដំបូល​ផ្ទះរបស់គាត់ ​ដែលរលក​​ស៊ូ​ណា​មី​នាំ​យក​​ទៅ ។

  • រញ្ជួយដី​​​ខ្លាំង​នៅជប៉ុន​​រំកិល​ប្រទេស​នេះ​២,៤ម៉ែត្រ​

ការរញ្ជួយដី​​យ៉ាងខ្លាំង​ក្លា​បំផុត​នៅជប៉ុន​ ដែលគេ​វាស់ឃើញ​​មានកម្រិត​​ឡើង​ដល់​៩​រីស្ទ័រ​ពុំ​ធ្លាប់​ជួប​ប្រទះ​​ហាក់​ដូចជា​​រំកិល​​​កោះធំ​បំផុត​របស់​ជប៉ុន​​ប្រវែង​​២,៤​ម៉ែត្រ ។ នេះ​​បើ​យោង​តាម​វិទ្យាស្ថាន​​ភូមិ​​រូបវិទ្យា​​អាមេរិក​ USGS ។
លោក PAUL EARLE អ្នក​​សិក្សា​ខាង​​​ការ​រញ្ជួយ​​ដី​របស់ USGS ថ្លែង​ថា នេះជា​តួលេខ​​សម​ហេតុ​​ផលមួយ ។ ការរំកិល​​​ប្រវែង​​២,៤ម៉ែត្រ ​ពិតជា​កើត​មាន​ក្នុងការរញ្ជួយដី​​ខ្លាំង​បែបនេះ ។ ការ​រញ្ជួយដី​​ដែលមុន​នេះ​ថា មាន​​៨,៩​រីស្ទ័រ ​ហើយ​ឥឡូវ​​ថា មានដល់​​៩រីស្ទ័រ ​បង្ក​ឱ្យ​មាន​​រលក​យក្ស​​ស៊ូណាមី ​ដែល​កម្ទេច​ម៉ដ្ឋ​ទីក្រុង​​ជា​ច្រើន​​​នៅជាប់ឆ្នេរសមុទ្រ​​​ភាគឦ​សាន​​ជប៉ុន ព្រមទាំង​​បង្ក​​ការ​ខូចខាត​​ធ្ងន់ធ្ងរ​បំផុត​ក្នុង​​ប្រទេស​ដែល​​ចំនួន​​អ្នកស្លាប់​​កើន​ដល់​ជាង​​១០.០០០​នាក់ ហើយ​​​តួលេខ​នេះ​នឹង​កាន់តែ​ធ្ងន់ធ្ងរ​​​ថែមទៀត ។​

អ្នកជំនាញ​​ការ​រូប​នេះ​បន្ត​ថា ​ជាមួយនឹង​ការ​រញ្ជួយដី​​ខ្លាំង​បែប​​នេះ​កា​រផ្លាស់​ប្តូរ​ដ៏ធំ​​នឹង​កើត​មាន ។ លោក​បាន​រំលឹក​ថា ការ​រំកិល​​​ដី​បែបនេះ​​ក៏កើត​មាន​​​ដែរ ក្នុង​ការរញ្ជួយដី​​នៅ​ស៊ីលី និង​​ឥណ្ឌូ​ណេស៊ី ។ ​នៅស៊ីលី​​ការ​រញ្ជួយដី​​ខ្លាំង មាន​កម្លាំង​​៨,៨​រីស្ទ័រ ធ្វើ​ឱ្យ​ញ័រ​រង្គើ​​​រ​ប្រទេស​នេះ កាល​ពី​ថ្ងៃ​ទី​​២៧ កុម្ភៈ ២០១០ បណ្តាល​ឱ្យ​​មនុស្ស​​ស្លាប់​​ជាង​​៥០០​នាក់ ​ចំណែក​ការ​រញ្ជួយ​ដី​នៅ​កោះ​​ស៊ូម៉ាត្រា​​កាលពីឆ្នាំ​​២០០៤ មានកម្លាំង​៩,១​រីស្ទ័រ ​បណ្តាល​ឱ្យ​មនុស្សស្លាប់​​​​២២៨.០០០​នាក់។ ការ​រញ្ជួយដី​កម្លាំង​​​៧រីស្ទ័រ កាលពីថ្ងៃទី​​​១២ មករា ​២០១០ ​នៅហៃទី​បណ្តាល​ឱ្យ​មនុស្ស​​ស្លាប់​​​២២០.០០០​នាក់ ពុំ​មាន​រំ​កិល​ដីឡើយ ។

  • នៅ​ជប៉ុន​ចំនួនអ្នក​ស្លាប់​ចេះ​តែ​កើន​និង​ការ​ភ័យខ្លាច​ចំពោះ​​វិទ្យុសកម្ម​នុយ​ក្លេ​អ៊ែរ​ក៏ខ្លាំង​ដែរ

កា​រ​គំរាម​កំហែង​​ដោយគ្រោះថ្នាក់​នុយ​ក្លេអ៊ែរ​​​បន្ត​​កើន​នៅ​ជប៉ុន ។ នាយករដ្ឋ​មន្ត្រី​ជប៉ុន​​​លោកណាអូ​ តូកាន ថ្លែង​កាលពីថ្ងៃទី១៣​ មីនា ​​ថា «ខ្ញុំ​ចាត់ទុក​សភាព​ការណ៍​​បច្ចុប្បន្ន​​ជាមួយ​ការ​រញ្ជួយ​ដី ស៊ូណាមី និងមជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរ​ទាំង​ឡាយ​ថា ជា​វិបត្តិ​​យ៉ាង​ធ្ងន់ធ្ងរ​​បំផុត​ពុំ​ធ្លាប់​មាន​៦៥​ឆ្នាំ​មកហើយ​ក្រោយ​សង្គ្រាម​​លោក​លើក​ទី២ ​សម្រាប់​ប្រទេស​ជប៉ុន» ។ ​ទីភ្នាក់ងារ​​ថាម​ពល​បរ​មាណូ​​អន្តរ​ជាតិ​រាយ​ការណ៍​ថា ការប្រកាស​អាសន្ន​នុយ​ក្លេ​អ៊ែរ​​ត្រូវ​បាន​ធ្វើ​ ខណៈ​​ដែល​រេ​អាក់​ទ័រ​​​នុយ​ក្លេ​អ៊ែរ​ចំនួន​១៤​​ក្នុង​មជ្ឈ​មណ្ឌល​​នុយ​ក្លេ​អ៊ែរ៤​របស់​ជប៉ុន​​រង​ការ​​ប៉ះ​ពាល់​ដោយសារ​ការ​រញ្ជួយ​​ដី​​ដែលពេល​នេះ​ប្រកាសថា ​មាន​កម្រិត​ដល់​ទៅ​៩​រីស្ទ័រ​នោះ។ ទោះ​បី​​ជា​អាជ្ញា​ធរ​សន្តិ​សុខ​នុយ​ក្លេ​អ៊ែរ​​ជប៉ុន​អះ​អាង​ថា មជ្ឈ​មណ្ឌល​​​នុយ​ក្លេ​អ៊ែរ​​​ទាំងនោះ​ត្រូវ​បាន​បញ្ឈប់​ដំណើរ​​ក្តី និង​ថា ពុំ​មាន​ការ​ធ្លាយ​វិទ្យុ​​​សកម្ម​​ណាមួយ​​ទៀត ក៏​​ដោយ​ក៏​មាន​ហេតុ​​ផល​​នៃ​ការ​ព្រួយ​បារម្ភ​​នានា​ដែរ ។ អាជ្ញា​ធរ​បានស្នើ​ដល់​​មនុស្ស​​ទាំង​ឡាយ​ដែល​រស់នៅ​ជុំ​វិញ​ មជ្ឈ មណ្ឌល​​នុយ​ក្លេ​អ៊ែរ​ទាំង​នេះ​ឱ្យ​ជម្លៀស​ខ្លួន​ចេញ​ឆ្ងាយ​​យ៉ាង​តិច​១០គីឡូ​ម៉ែត្រ ពីទីតាំង​​នុយ​ក្លេ​អ៊ែរ​ទាំងនោះ ។

​TEPCO ជាក្រុម​ហ៊ុនអគ្គិសនីក្រុង​​តូ​ក្យូ​ដែល​​ធ្វើ​អាជីវកម្ម​លើមជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរ​ហ្វូគូ​ស៊ីម៉ា​បញ្ជាក់​ថា ការ​ខូច​ខាត​សំភារ​​ទាំងឡាយ​​ញ៉ាំងឱ្យ​​គ្មាន​លទ្ធភាព​ធ្វើ​ឱ្យ​ត្រជាក់​ដល់​រេ​អាក់ទ័រ​២​នៃ​មជ្ឈ​មណ្ឌល​​នុយក្លេអ៊ែរ​​ទីមួយ​នៅ​ហ្វូគូ​ស៊ីម៉ា ។ សហ​គ្រាស​នេះនិយាយ​ថា ​ពុំ​មាន​ភ្លើង​គ្រប់ គ្រាន់ ​សម្រាប់​ធ្វើ​​ឱ្យ​រេ​អាក់ទ័រ​​ត្រជាក់ ព្រោះ​ប្រព័ន្ធ បាញ់ទឹក​ឱ្យ​ត្រជាក់​​ត្រូវ​ឈប់​ដើរ​ដោយ​ស្វ័យ​ប្រវត្តិ​​ពេល​មានការរ​ញ្ជួយ​ដី ។ ​មជ្ឈ​មណ្ឌល​​នុយ​ក្លេ​អ៊ែរ​​២​នៅ​ជប៉ុន​ញ៉ាំង​ឱ្យ​មានការព្រួយ​បារម្ព​ចំពោះ​វិទ្យុ​សកម្ម ។​​​ មនុស្ស ​២១៥​.០០០​នាក់​ត្រូវ​បាន​ជម្លៀស​​ចេញ​ក្នុង​រង្វង់​​២០គ.​ម ជុំ​វិញ​​មជ្ឈ​មណ្ឌល​​​នុយ​ក្លេ​អ៊ែររ​ទាំង​នេះ​ដែល​ស្ថិត​នៅ​ចម្ងាយ​២៥០​គ.ម​ពីទីក្រុងតូក្យូ ដែល​​មាន​ប្រជាជន​៣៥​លាននាក់ ។ ​​រេ​អាក់ទ័រ​នុយ​ក្លេ​អ៊ែរ​របស់ជប៉ុន​សរុបដល់​ទៅ១១ក្នុង​ចំណោម​​រេ​អាក់ទ័រ​ទាំង​អស់​៥០​ត្រូវបញ្ឈប់​ចាប់​តាំង​​ពីការ​​រញ្ជួយ​ដី​មក​បណ្តាល​ឱ្យមានការ​ធ្លាក់​ចុះយ៉ាង​ខ្លាំង​ក្នុង​ការ​ផ្គត់ផ្គង់​​អគ្គិសនី ។

​កាល​ពីយប់​ថ្ងៃទី១៣ មីនា វិទ្យា​ស្ថាន​ការ​ពារ​វិទ្យុ​សកម្ម និង​សន្តិសុខ​​នុយ​ក្លេ​អ៊ែរ​​ IRSN ប្រកាស​​ថា ការ​បញ្ចេញ​​វិទ្យុសកម្ម​យ៉ាង​​ច្រើន កើត​មាន​ដំណាល​គ្នានឹងការផ្ទុះ​កាលពីថ្ងៃទី១២ ​មីនា ​នូវអគារ​​រេ​អាក់ទ័រ​​ទីមួយ​​នៃមជ្ឈ​មណ្ឌល​​នុយ​ក្លេអ៊ែរ​​ហ្វូគូ​ស៊ីម៉ា ។ ម្យ៉ាង​វិញទៀត រដ្ឋាភិ​បាល​​ជប៉ុន​​បានព្រមាន​ចំពោះ​គ្រោះថ្នាក់​ថ្មី​នៃ​ការ​ផ្ទុះ​ក្នុង​មជ្ឈ​មណ្ឌលនេះ​មកពីការ​កើនឡើង​នៃ​សម្ពាធ ​អ៊ីដ្រូ​ហ្សែនក្នុង​អគារ​រេ​អាក់ទ័រ​ទី៣ ។ នៅមជ្ឈ​មណ្ឌល​នុយ​ក្លេអ៊ែរ អូណាហ្គោ​វ៉ា ការ​​ប្រកាស​អាសន្នដំបូង​ត្រូវ​បាន​ធ្វើ​កាលពីថ្ងៃទី​១៣​ មីនា ។ ការ​កើន​ឡើង​នៃវិទ្យុ​សកម្ម​​ត្រូវ​បាន​កត់សំគាល់​ឃើញ​ក្នុង​មជ្ឈ​មណ្ឌល​​នុយ​ក្លេ​អ៊ែរ​នេះ។ មួយ​វិញទៀត បញ្ហា​កើត​​មានក្នុង​ប្រព័ន្ធ​​ធ្វើ​ឱ្យ​ត្រជាក់​នៃ​រេ​អាក់ទ័រ​ទី២របស់​នៃ​មជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរ​តូកៃ​ដែលឧបករណ៍​បាញ់ទឹកឱ្យ​ត្រជាក់​ឈប់ដំណើរ​ការ​ ។ មជ្ឈ​មណ្ឌល​​នេះស្ថិត​នៅ​ចំងាយ​១២០គ.ម ភាគឦសាន​ក្រុង​តូក្យូ ។

  • មានការ​ផ្ទុះ​​ជា​ថ្មីទៀត​នៅរោងចក្រ​​នុយ​ក្លេអ៊ែរ​​របស់ជប៉ុន​​​របួស​មនុស្ស​៦នាក់​

តាមប្រភពព័ត៌​មានពី​​ទីភ្នាក់ងារ​​​ព័ត៌​មាន​ជប៉ុន​ក្យូ​ដូ​​​ឱ្យ​​ដឹង​ថា មានការ​ផ្ទុះ​​ថ្មីមួយទៀត​​នៅរោងចក្រ​​​ថាមពល​​នុយក្លេអ៊ែរ​​របស់​ជប៉ុន​កាល​ពីព្រឹកថ្ងៃទី​​១៤ មីនា ​ខណៈ​ពេលជប៉ុន​​កំពុង​ខិតខំ​ប្រឹងប្រែង​​គ្រប់គ្រង​​ម៉ាស៊ីន​​រេអាក់ទ័រកំដៅ​​​២​នៅ​រោងចក្រ​​នុយ​ក្លេអ៊ែរនោះ ដែលចាស់​ទៅ​ហើយ​​នៅ​ហ៊្វូគូ​​ស៊ីម៉ា ​ក្រោយពី​ប្រព័ន្ធ​​ត្រជាក់​​នៅ​រោងចក្រ​នេះ​ត្រូវបំផ្លាញ​​​ដោយ​សារ​​រញ្ជួយដី​​កាល​ពីថ្ងៃទី​​១១ មីនា កន្លងមក ។​ ​អ្នក​ធ្វើ​​ប្រតិបត្តិ​​​ម្នាក់​នៅរោងចក្រ​​នុយ​ក្លេអ៊ែរ​​រង​ការ​​ផ្ទុះលើក​​ចុងក្រោយ​​នោះនិយាយ​ថា មនុស្ស​​៦​នាក់​​រងរបួស​ក្នុង​ការផ្ទុះ​​នេះ​ដែល​អាជ្ញា​ធរ​និយាយ​ថា ​​ប្រហែល​ជា​​ការ​ផ្ទុះ​អ៊ីដ្រូ​ហ្សែន​ ។ ទោះ​បីជា​បែបណា ​អ្នកនាំពាក្យ​​រដ្ឋាភិបាល​​សំខាន់​មួយ​រូប ​លោក Yukio Edano និយា​យ​ថា ក្នុង​ការ​​ផ្ទុះ​នោះ​​ប្រហែល​​ជាមិន​បង្ក​​ឱ្យ​ខូចខាត​​ដល់​ម៉ាស៊ីន​​​​រេអាក់ទ័រ ហើយលទ្ធ​ភាព​​នៃការលិច​ធ្លាយ​​វិទ្យុសកម្ម​​មានកម្រិត​​​តិច​តួចបំផុត ​នៅ​រោង​ចក្រ​​​​នេះ​មានចំងាយ​​​២៥០​គីឡូម៉ែត្រ ​​ភាគ​ឦសាន​​ក្រុង​តូក្យូ ។​ ​តាមក្រុមហ៊ុន​វិភាគ​ពីគ្រោះហានិភ័យ​​នាំមុខ​គេ​មួយ​ថា ការរញ្ជួយ​ដី​​ដ៏ខ្លាំង​​កម្រិត​​​៩​រីស្ទ័រ តែ​មួយ​ធ្វើ​ឱ្យ​ប្រទេស​ជប៉ុន​​ខាត​បង់​ផ្នែក​សេដ្ឋ​កិច្ច គិតជា​ប្រាក់​​​ចំនួនចន្លោះ​​ពី​​១៤,៥​ពាន់លានដុល្លារ ​ទៅ​​៣៤,៦​ពាន់លាន​ដុល្លារអាមេរិក ដោយ​​មិន​គិត​ពីផលប៉ះពាល់​​ដោយ​រលក​ស៊ូណាមីទេ​ ។

  • អ្នកស្លាប់​រាយការណ៍​ផ្លូវ​ការ​ថា​ឡើង​ដល់​១,៦៤៧នាក់

ទីភ្នាក់​ងារ​ប៉ូលិស​ជាតិជប៉ុន​រាយ​ការណ៍​កាលពី​ថ្ងៃទី១៤ មីនា ​ថា មនុស្ស​សរុប​ចំនួន​១.៦៤៧​នាក់​ស្លាប់ ក្រោយ​ការ​រញ្ជួយ​ដី​ និង​ស៊ូណា​មី ដែលកើត​មាន​កាលពីថ្ងៃទី១១ មីនា កន្លង​មក​នេះ​ក្នុងប្រទេស​ជប៉ុន ។ នៅជិត​កោះ​ហុនស៊ូ ​នា​ថ្ងៃទី១៤ មីនា ក៏​មាន​​ការ​រញ្ជួយ​ដី​​​កម្លាំង​​៦​រីស្ទ័រ​​មួយ​ទៀត​ដែរ ។ ​មនុស្ស​១១​នាក់ ​បានត្រូវ​របួស​​​ក្នុងការ​ផ្ទុះ​​អ៊ីដ្រូ​ហ្សែន កាលពី​ថ្ងៃទី១៤ មីនា ក្នុង​​ទីតាំង​​​រេ​អាក់​ទរ័ទី៣ ​នៃ​មជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរ​​​ហ្វូគូ​ស៊ី​​​ម៉ាទីមួយ​ដែល​រង​ការ​ខូច​ខាត​ក្រោយ​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំងនោះ ។ នេះជាការ​​អះ​អាង​របស់ក្រុម​ហ៊ុន TOKYO ELECTRIC POWER CO. ​ដែល​ជា​​អ្នក​ប្រើប្រាស់​​​មជ្ឈ​មណ្ឌល​​នុយ​ក្លេ​អ៊ែរ​នោះ ។​ ប្រភពព័ត៌​មាន​ពីក្រសួង​ការពារ​ជាតិ​ជប៉ុន​​​ គូស​បញ្ជាក់​ថា នាយទាហាន​ម្នាក់​របស់​កង​ទ័ព​​ជប៉ុន​ត្រូវរបួស​​ក្នុង​ការផ្ទុះ​នេះ ។ បរិវេណ​រេ​អាក់​ទ័រ​នេះពុំ​រងការខូចខាត​ឡើយ​ក្រោយ​ការ​ផ្ទុះ​ថ្មីនេះ ៕