លោកអាប់ភីស៊ីត វ៉េចាជីវ៉ា នាយករដ្ឋមន្ត្រី ថៃ បានថ្លែងសារភាពលាយឡំជាមួយនឹងការឆ្លើយដោះសាយ៉ាងពិបាកជាទីបំផុតកាលពីថ្ងៃទី១៨ មីនា ឆ្នាំ២០១១ នៅចំពោះមុខការសួរដេញដោលក្នុងសភាថៃដែលផ្នែកជាច្រើននៅក្នុងការចោទសួរនោះ គឺត្រូវបានលាតត្រដាងពីការបង្កសង្គ្រាមឈ្លានពានមកលើកម្ពុជា ដោយភាគីថៃកាលពីថ្ងៃទី៤-៧ កុម្ភៈ ឆ្នាំ២០១១ ដែលបណ្តាលឱ្យប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈ និងតំបន់ជុំវិញប្រាសាទព្រះវិហារ ត្រូវទទួលរងការខូចខាតជាដំណំ ដោយសារគ្រាប់ផ្លោងរបស់កងកាំភ្លើងធំថៃ ។
លោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីត បានឆ្លើយថា ដោយសារតែរដ្ឋាភិបាលមុនបានចុះហត្ថលេខាឱ្យកម្ពុជាចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកជាឯកតោភាគី ពីព្រោះគោលជំហររបស់ថៃគឺ ចង់នាំយកប្រាសាទព្រះវិហារទៅចុះបញ្ជីត្រូវចុះបញ្ជីរួមជាមួយថៃ ។ លោកអាប់ភីស៊ីត បានបន្តទៀតថា ចំពោះកងទ័ពថៃដែលចូលទៅកន្លែងនោះ គឺដើម្បីបញ្ជាក់ថា ទឹកដីនោះជាទឹកដីរបស់ថៃ ។ ការពិតជាក់ស្តែង ទឹកដីនោះគឺជារបស់កម្ពុជាទាំងស្រុង ប៉ុន្តែក្នុងមហិច្ឆតាវាតទីនិយម ថៃសំអាងលើផែនទីដែលខ្លួនបានគូសជាឯកតោភាគីឥតមានអន្តរជាតិទទួលស្គាល់ វាជាផែនទីចោរសម្រាប់ការពង្រីកទឹកដី ដែលទង្វើនោះគឺជាការរំលោភច្បាប់ទាំងកំរោល ដែលថៃមិនអាចទទួលបានជោគ ជ័យដោយអំពើទុច្ចរិតបែបនោះបានឡើយ ។
ជាការបញ្ជាក់សាជាថ្មី អំពីទឹកដីនៅប្រាសាទព្រះវិហារ និងតំបន់ជុំវិញនោះ គឺពិតជាស្ថិតនៅក្នុងអធិបតេយ្យភាព និងបូរណភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជា មិនអាចប្រកែកបាន ដោយកម្ពុជាសំអាងលើដែនដីដងរែកឧបសម្ព័ន្ធខ្នាត១លើ២០០ពាន់ ដែលចេញពីអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ បើយោងតាមខ្លឹមសារនៃសាលដីកា រឿងក្តីប្រាសាទព្រះវិហារ សម្រេចដោយតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ កាលពីថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២ ភាគីថៃក៏បានគោរពអនុវត្តតាមសាលដីការបស់តុលាការចាប់តាំងពីពេលនោះរៀងរហូតមកដែរ ។ បន្ថែមពីនេះទៀត គេនៅចាំបានថា ថៃបានទទួលស្គាល់នូវផែនទីដងរែក និងខ្សែបន្ទាត់លើផែនទីទាំងនោះថា ជាលទ្ធផលនៃការងារកំណត់ព្រំដែនដោយគណៈកម្មការបារាំង-សៀមទៀតផង ។ ដូច្នេះ រដ្ឋាភិបាលអាប់ភីស៊ីត មិនអាចប្រែក្រឡាស់ ឬក៏ប្រកែកតវ៉ាមិនអនុវត្តតាមនូវសេចក្តីសម្រេចរបស់តុលាការដែលទទួលស្គាល់ជាអន្តរជាតិបានទេ ។
ដោយយោងតាមការផ្សព្វផ្សាយរបស់ទូរទស្សន៍ជាតិថៃ NBT ថ្ងៃទី១៨ មីនា ឆ្នាំ២០១១ គឺ បានបង្ហាញយ៉ាងច្បាស់ថា លោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីត កំពុងរិះរកគ្រប់មធ្យោបាយ និងល្បិចកលគ្រប់បែបយ៉ាង ដើម្បីការបន្តយន្តការចរចាទ្វេភាគី ក្នុងន័យថៃបិទទ្វារវាយកម្ពុជាជានិច្ច ។ ប៉ុន្តែបំណងនោះបានបរាជ័យទៅហើយ ពីព្រោះបញ្ហាថៃ-កម្ពុជា បានដើរនៅលើឆាកអន្តរជាតិ ឬយន្តការត្រីភាគីតាំងតែពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១១ មកម៉្លេះ ។
បន្ទាប់ពីមានការឈ្លានពានទឹកដីកម្ពុជា និងការបាញ់បំផ្លាញប្រាសាទព្រះវិហារ ដោយភាគីសៀមកាលពីថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០១១ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្តឹងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អំពីថៃបង្កសង្គ្រាមឈ្លានពានកម្ពុជា ។ ជាមួយនោះដែរ លោកបណ្ឌិតសភាចារ្យសុខ អាន ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានប្តឹងទៅអង្គការយូណេស្កូ នៅថ្ងៃទី៥,៧ និង៩ កុម្ភៈ ឆ្នាំ២០១១ អំពីប្រាសាទព្រះវិហារជាសម្បត្តិវប្បធម៌របស់មនុស្សជាតិ កំពុងប្រឈមមុខនូវការខូចខាតយ៉ាងធ្ងន់ធ្ងរពីការវាយប្រហារយ៉ាងព្រៃផ្សៃពីកងកាំភ្លើងធំរបស់ថៃ ។
លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញទៅចូលរួមកិច្ចប្រជុំថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១១ នៅទីក្រុងញូវយ៉ក តាមការកោះប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតាមពាក្យបណ្តឹងរបស់កម្ពុជា ដែលសម្រេចឱ្យកម្ពុជា-ថៃឈប់បាញ់ជាស្ថាពរ និងជាអចិន្ត្រៃយ៍ដោយមានអាស៊ានជាអ្នកសម្របសម្រួល ។ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង ក៏បានចូលរួមប្រជុំរដ្ឋមន្ត្រីអាស៊ានថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០១១ នៅទីក្រុងហ្សាការតា ដែលសម្រេចឱ្យមានអ្នកសង្កេតការណ៍យោធាឥណ្ឌូណេស៊ីនៅព្រំដែនកម្ពុជា-ថៃ ក្នុងការចៀសវាងមិនឱ្យមានការប៉ះទង្គិចដោយអាវុធតទៅទៀត។ រាល់ការរារាំងរបស់ថៃ កុំឱ្យអ្នកសង្កេតការណ៍បរទេសទៅពិនិត្យនៅព្រំដែនកម្ពុជា-ថៃ ជាពិសេសនៅតំបន់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកនោះ ត្រូវទទួលបរាជ័យជាហូរហែបន្តបន្ទាប់ ។ ក្នុងដំណើរបេសកកម្មពីថ្ងៃទី២៧ កុម្ភៈ ដល់ទី១ មីនា ឆ្នាំ២០១១ លោក Koichiro Matsuura ប្រេសិតពិសេសរបស់អង្គការយូណេស្កូ បានយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់នូវរបាយការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិនាសកម្មមហន្តរាយនៃកេរដំណែលវប្បធម៌នៃ មនុស្សជាតិប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកដោយសង្គ្រាមឈ្លានពានរបស់ថៃ និងទទួលសំណូមពរកម្ពុជាដើម្បីឱ្យសហគមន៍អន្តរជាតិចូលជួយសង្គ្រោះជាបន្ទាន់ក្នុងកិច្ចការពារសន្តិសុខ ធានាសន្តិភាពដើម្បីការពារ អភិរក្ស និងគ្រប់គ្រងអភិវឌ្ឍតំបន់ប្រាសាទព្រះវិហារឱ្យដូចជាកិច្ចការពារ និងអភិរក្សអង្គរផងដែរ ។
គណៈប្រតិភូសេនានុព័ន្ធយោធាចំនួន១៧រូប អមស្ថានទូតបរទេសប្រចាំកម្ពុជាចំនួន១៣ប្រទេស មានអាេមរិក បារាំង រុស្ស៊ី ចិន អូស្ត្រាលី នូវែលសេឡង់ កាណាដា ជប៉ុន ម៉ាឡេស៊ី ភូមា វៀតណាម និងឡាវ បានបំពេញបេសកកម្មការទូតនៅតំបន់ប្រាសាទព្រះវិហារ ដើម្បីស្រង់ព័ត៌មានយកការណ៍ដោយផ្ទាល់នៅទីកន្លែងអំពីការខូចខាតជាដំណំចំពោះប្រាសាទព្រះវិហារ និងតំបន់ជុំវិញដោយការបាញ់កាំភ្លើងផ្លោងរបស់កងទ័ពថៃឈ្លានពានកម្ពុជាពីថ្ងៃទី៤ ដល់៧ កុម្ភៈ ឆ្នាំ២០១១ ។ រាល់សង្គ្រាមឈ្លានពានកម្ពុជា ថៃ បានរំលោភបំពានលើធម្មនុញ្ញ អ.ស.ប សាលដីកាថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២ របស់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ អនុសញ្ញាក្រុងឡាអេ ឆ្នាំ១៩៥៤ និង១៩៧២ កិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ សេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលកំណត់អំពើឧក្រិដ្ឋកម្មឈ្លានពានលេខ៣៣១៤ ថ្ងៃទី១៤ ធ្នូ ឆ្នាំ១៩៧៤ និងច្បាប់អន្តរជាតិជាច្រើនទៀត ។ ថៃពិតប្រាកដជាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមឈ្លានពានកម្ពុជា និងបំផ្លិចបំផ្លាញសម្បត្តិវប្បធម៌របស់មនុស្សជាតិឥតប្រកែកបដិសេធបានឡើយ ។
ដូច្នេះ ជោគជ័យនៃនយោបាយការទូតកម្ពុជាគាំទ្រដោយសហគមន៍អន្តរជាតិជាពិសេសក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ អង្គការយូណេស្កូ អាស៊ាន សភាអឺរ៉ុប និងអង្គការអន្តរជាតិនានានោះ ដោយសារតែកម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោបាយសន្តិភាព គោរពច្បាប់អន្តរជាតិ ផ្ទុយពីថៃ និយមសង្គ្រាមបំផ្លាញសម្បត្តិវប្បធម៌មនុស្សជាតិ មិនគោរពច្បាប់អន្តរជាតិ ។ ការលេចឮថា ថៃចង់លើកពេលការចរចានៅហ្សាការតាមួយលើកជាពីរលើក ពិតជាបានបង្ហាញថា «ថៃចង់បិទទ្វារវ៉ៃកម្ពុជា» តែវាយឺតពេលទៅហើយ ដោយសារសហគមន៍អន្តរជាតិកំពុងតាមឃ្លាំមើល ពិសេសសមាគមអាស៊ានដែលកំពុងព្យាយាមរំលត់សង្គ្រាមឈ្លានពានកម្ពុជាដោយភាគីថៃ ។
- ប្រមុខយោធាសៀម ៖ មិនត្រូវការអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីទេ
យោងតាមកាសែតបាងកកប៉ុស្តិ៍របស់ថៃផ្សាយជាភាសាអង់គ្លេសនៅថ្ងៃទី២៣ មីនា ចេញផ្សាយព័ត៌មានដោយដកស្រង់សម្តីប្រមុខយោធាថៃឧត្តមសេនីយ៍ប្រាយុទ្ធចាន់អូចា ដែលថ្លែងនៅថ្ងៃដដែលនេះថា រដ្ឋមន្ត្រីក្រសួងការពារប្រទេសលោកប្រាវីត វង្សសុវុន និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងអស់ បានងាកទៅរកការមិនអនុញ្ញាតឱ្យអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីចូលតំបន់ផ្ទៃដីទំហំ៤,៦គីឡូម៉ែត្រការ៉េ ដែលមានជម្លោះជាមួយកម្ពុជាឡើយ ។
លោកប្រាយុទ្ធ អះអាងដូច្នេះរយៈពេលមួយថ្ងៃក្រោយពីលោកបានថ្លែងថា រូបលោក និងលោកប្រាវីត នឹងមិនទៅចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅដែលរៀបចំឡើងនៅក្នុងទីក្រុងបូហ្គ័រ ប្រទេសឥណ្ឌូណេស៊ី នាពេលខាងមុខនេះទេ ។ ក្រុមអ្នកសង្កេតការណ៍កម្ពុជាបានវិភាគថា នេះជាការក្រឡិចក្រឡុចមួយរបស់ភាគីសៀម ដែលស៊ីញ៉េនឹងដៃ លុបចោលនឹងជើង ។ ទោះបីជាបែបណា ទង្វើនេះបានបង្ហាញឱ្យសហគមន៍អន្តរជាតិមើលឃើញពីពុតត្បុតរបស់សៀមហើយ ។ សម្រាប់អ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីចំពោះកម្ពុជាត្រូវបានស្វាគមន៍ ទោះបីសៀមមិនត្រូវការ តែកម្ពុជាត្រូវការ ព្រោះកម្ពុជាបានប្រកាសថា គ្មានអ្វីដែលត្រូវលាក់បាំងនោះទេ ហើយទ្វារត្រូវបានបើកចំហ ។
ប្រមុខយោធាថៃរូបនេះថ្លែងទៀតថា មន្ត្រីជាន់ខ្ពស់ថៃចង់ឱ្យជម្លោះរវាងប្រទេសថៃ និងប្រទេសកម្ពុជាត្រូវដោះស្រាយតាមរយៈការចរចាទ្វេភាគីដោយពុំមានការជាប់ពាក់ព័ន្ធពីភាគីទី៣ឡើយ ។ លោកប្រាយុទ្ធ ថ្លែងឱ្យដឹងទៀតថា កងទ័ពថៃបានធ្វើសំណើមួយជូនភាគីកម្ពុជាតាមរយៈក្រសួងការបរទេស ដែលក្នុងសំណើនោះថា ប្រសិនបើមានប៉ុស្តិ៍ឆែកឆេររួមនៅលើផ្ទៃដីមានជម្លោះអ៊ីចឹង មជ្ឈមណ្ឌលពិសេសគួរតែត្រូវបង្កើតឡើង ដើម្បីសម្របសម្រួលកិច្ចសហប្រតិបត្តិការ ហើយមជ្ឈមណ្ឌលនោះត្រូវគ្រប់គ្រងដោយទាហានថៃ និងទាហានកម្ពុជាប៉ុណ្ណោះ ដូច្នេះវាមិនចាំបាច់ឱ្យមានអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីនោះទេ ។
លោកប្រាយុទ្ធ ថ្លែងទៀតថា ប្រសិនបើកម្ពុជានៅតែទទូចចង់បានអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី ដូច្នេះអ្នកសង្កេតការណ៍ទាំងនោះត្រូវតែបំពេញកាតព្វកិច្ចរបស់ខ្លួននៅក្រៅតំបន់មានជម្លោះបានហើយ ។ លោកប្រាយុទ្ធ ចោទសួរថា «ហេតុអ្វីបានជាអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី ចង់ចូលតំបន់នោះ ពីព្រោះវាជាកន្លែងគ្មានសុវត្ថិភាពទេ» ៕
ចែករំលែកព័តមាននេះ