រាជធានីភ្នំពេញ ៖ ក្រុមការងារកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលថ្នាក់ខណ្ឌ បានបើកកិច្ចប្រជុំជាលើកទី១ កាលពីព្រឹកថ្ងៃទី១១ មីនា ២០១១ នៅសាលប្រជុំសាលាខណ្ឌដូនពេញ ក្រោមអធិបតីភាពលោកសុខ សម្បត្តិ អភិបាលខណ្ឌដូនពេញ និងការចូលរួមពីសមាជិក សមាជិកាចំនួន៤១
រូប ។
គួររំលឹកថា កាលពីថ្ងៃទី២ មីនា ២០១១ ក្រុមប្រឹក្សាខណ្ឌដូនពេញបានអនុម័តការបង្កើតក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលខណ្ឌដូនពេញ ដែលមានលោកសុខ សម្បត្តិ អភិបាលខណ្ឌជាប្រធាន លោកឯក ឃុនឌឿន អភិបាលរង ជាអនុប្រធាន និងមានសមាជិក សមាជិកាចំនួន៤១នាក់ ។
លោកសុខ សម្បត្តិ អភិបាលខណ្ឌដូនពេញ និងជាប្រធានក្រុមការងារកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំ រំកិល ខណ្ឌដូនពេញ បានមានប្រសាសន៍ថា ក្នុងដំណើរការកសាងផែនការអភិវឌ្ឍន៍ខណ្ឌដូនពេញ ក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលប្រចាំឆ្នាំ មានភារកិច្ចសំខាន់ៗដូចជា រៀបចំសេចក្តីព្រាងគោលការណ៍ណែនាំផ្នែកគោលនយោបាយរបស់ក្រុមប្រឹក្សា រៀបចំសេចក្តីព្រាងប្រតិទិនការងារសម្រាប់ដំណើរការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ បូកសរុបបញ្ហា និងតម្រូវការនានាដែលស្នើឡើងដោយសង្កាត់ រដ្ឋបាលខណ្ឌ និងស្នើឡើងដោយការិយាល័យអង្គភាពនានា ព្រមទាំងអង្គការសង្គមស៊ីវិល និងវិស័យឯកជន។ រៀបចំផ្សព្វផ្សាយព័ត៌មានអំពីការកសាងផែនការអភិវឌ្ឍន៍និងកម្មវិធីវិនិយោគខណ្ឌ-សង្កាត់ ដឹកនាំ និងសម្របសម្រួលដំណើរការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ រៀបចំសិក្ខាសាលា វេទិកាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធនានា ក្នុងដំណើរការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ។ រៀបចំសេចក្តីព្រាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ រៀបចំឯកសារពាក់ព័ន្ធនានាសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សា ដើម្បីពិនិត្យ និងអនុម័តផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ កែសម្រួលនិងផ្សព្វផ្សាយផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ៣ឆ្នាំ
រំកិល ៕
ចែករំលែកព័តមាននេះ