ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តល់​សំណើច​ជូន​ទស្សនិកជន​តែ​ក្រៅ​ឆាក​នាយ​ចេក​គ្មាន​សំណើច​ទេ​ដ្បិត​ជំពាក់​បំណុល​គេ​ច្រើន

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​វ័យ​ចំណាស់​នាយ​ចេក​ឈ្មោះ​ពិត​ឈុំ ប៊ុ​ន​ឈឿ​ន បច្ចុប្បន្ន​នេះ​មិន​ស្រណុកចិត្ត​ទេ​ព្រោះតែ​រឿង​ជំពាក់​បំណុល​គេ​រាប់​ពាន់​ដុល្លារ ។ ការ​ជំពាក់​បំណុល​គេ​នោះ​ដោយសារ​ខាតចុងខាតដើម​លើ​មុខរបរ​ចិញ្ចឹម​ជ្រូក ។

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​វ័យ​ចំណាស់​នាយ​ចេក​ឈ្មោះ​ពិត​ឈុំ ប៊ុ​ន​ឈឿ​ន បច្ចុប្បន្ន​នេះ​មិន​ស្រណុកចិត្ត​ទេ​ព្រោះតែ​រឿង​ជំពាក់​បំណុល​គេ​រាប់​ពាន់​ដុល្លារ ។ ការ​ជំពាក់​បំណុល​គេ​នោះ​ដោយសារ​ខាតចុងខាតដើម​លើ​មុខរបរ​ចិញ្ចឹម​ជ្រូក ។

ធ្លាប់តែ​ឃើញ​ផ្តល់​សំណើច​ជូន​ទស្សនិកជន​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ស្ទើរតែ​រៀងរាល់ថ្ងៃ តែ​នៅ​ក្រៅ​ឆាក​វិញ​នាយ​ចេក​មិន​រីករាយ​ទេ ដ្បិតតែ​រឿង​ក្រុម​គ្រួសារ​ជំពាក់​បំណុល​គេ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​មិន​អាច​រក​សង​គេ​បាន ។ រាល់​ថ្ងៃនេះ​គ្រួសារ​គាត់​ខំប្រឹង​រក​ប្រាក់​បង់ការ​ប្រាក់​ឱ្យ​គេ​ស្ទើរតែ​មិន​គ្រប់ ។ បែប​នោះ​ហើយ​ទើប​ទស្សនិកជន​ខ្លះ​ឆ្ងល់​ថា​នាយ​ចេក​លេង​កំប្លែង​តែ​ទឹកមុខ ស្ងួត​ៗ​ហាក់ដូច​អត់​ព្រលឹង​ក្នុង​ខ្លួន​សោះ ។

ជំនួប​ផ្ទាល់​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ក្នុង​ពិធី​ក្រុង​ពលី​ថត​ខ្សែភាពយន្ត​រឿង «​បេះដូង​កូ​ពី​» របស់​ផលិតកម្ម «​ភី សុ​គ​ន្ធី​» កាលពី​ពេល ថ្មី​ៗ​កន្លង​មក នាយ​ចេក​ឱ្យ​ដឹង​ថា បើ​ទោះជា​មាន​ស្ថានីយទូរទស្សន៍​មួយ​ចំនួន​អនុញ្ញាត​ឱ្យ​គាត់​បាន​ឡើង​សម្តែង​កំប្លែង​ជាមួយ​ក្រុម​នាយ​កុយ និង​ផលិតកម្ម​មួយ​ចំនួន​ផ្តល់​ឱកាស​ឱ្យ​ថត​ខារ៉ាអូខេ​ដែល​គេ​មើលទៅ​គាត់​មមាញឹក​ខ្លាំង​សមតែ​រីករាយ​នឹង​ការ​បាន​ចំណូល​ច្រើន តែ​វា​មិន​ដូច​ជា​អ្វី​ដែល​គេ​យល់​ឡើយ ។ វា​ជា​សំបក​ក្រៅ​ចំពោះ​ការ​កំប្លុកកំប្លែង​របស់​គាត់ តែ​តាម​ពិត​គាត់​តស៊ូ​ចិញ្ចឹម​ក្រុម​គ្រួសារ​ជាង​១០​នាក់​យ៉ាង​លំបាក ។ កាន់តែ​ធ្ងន់ខ្លួន​ស្ទើរតែ​ដាច់ខ្យល់ ម្តង​ៗ គឺ​គាត់​ត្រូវ​បង់ការ​ប្រាក់​ឱ្យ​គេ​ដោយសារ​ជំពាក់​លុយ​គេ​ជាង​៧​ពាន់​ដុល្លារ​ដែល​ក្នុង​១​ពាន់​ដុល្លារ​ការ​ប្រាក់​១០០​ដុល្លារ សរុប​ទាំងអស់​៧០០​ដុល្លារ ក្នុង​មួយ​ខែ ។

តារា​កំប្លែង​ដែល​ចាត់​ទុក​ខ្លួនឯង​ស្ទើរតែ​អស់​ពន្លឺ​ក្នុង​ជីវិត​រូប​នេះ​និយាយ​ថា «​ព្រោះតែ​ខាតចុង​ដើម​លើ​មុខរបរ​ចិញ្ចឹម​ជ្រូក​ទើប​ខ្ញុំ​ជួប​រឿង​បែប​នេះ ធ្លាក់ខ្លួន​លក់​ភេសជ្ជៈ​នៅ​តាម​ផ្លូវជាតិ​លេខ​២ ស្ថិត​ក្នុង​ខណ្ឌដង្កោ សង្កាត់​រលួស ។ មាន​បងប្អូន​ខ្លះ​គាត់​ស្គាល់​គាត់​ទិញ​អស់​៨​ពាន់​រៀល ឱ្យ​លុយដុំ តែ​មិន​យក​លុយ​អាប់​ទេ ។ ខ្លះ​ទៀត​គេ​ឃើញ​គេ​ស្គាល់ ហើយ​ភ្ញាក់ផ្អើល​នឹង​ជីវិត​ខ្ញុំ​បែប​នេះ​ក៏​ហុច​៥​ដុល្លារ ១០​ដុល្លារ និង​ប្រាប់​ឱ្យ​ខ្ញុំ​តស៊ូ​តទៅ​ទៀត​កុំ​អស់សង្ឃឹម ។

លើស​ពី​នេះ​ទោះជា​ខ្ញុំ​ខំ​រក​លុយ​សង​គេ​ស្ទើរតែ​រលេះ​ស្បែក​ក៏​មិន​សល់​ដែរ ព្រោះ​ក្រៅពី​សងការ​ប្រាក់​គេ គឺ​យក​ប្រាក់​មួយ​ចំនួន​មើល​ខុស​ត្រូវ​អ្នក​ក្នុងផ្ទះ​ជាង​១០​នាក់ បើ​និយាយ​ពី​ប្រពន្ធ​វិញ​ក៏​ឈឺ​ទៀត ។ អុ​ី​ចឹ​ង​ហើយ​បើ​គិត​ពី​វ័យ​វិញ​ខ្ញុំ​អាយុ​៦០​ឆ្នាំ​ហើយ ប៉ុន្តែ​ចេះ​តែ​តស៊ូ ឈឺ​យ៉ាងណា​ក៏​ដើរ​សម្តែង​រក​ប្រាក់​មិន​ឱ្យ​មានឈ្មោះ​ថា​ជា​ជន​បោកប្រាស់​គេ​ស្អុយឈ្មោះ​ក្នុង​សង្គម​ឡើយ ។ អ្វី​ដែល​សំខាន់​ខ្ញុំ​តែងតែ​សញ្ជឹងគិត​ថា បើ​មាន​អ្នក​ណា​ជួយ​ខ្ញុំ​ឱ្យ​ផុត​បំណុល​គេ​នោះ សឹង​ថា​មួយ​ជាតិ​នេះ​ឱ្យ​ខ្ញុំ​នៅ​បម្រើ​មួយ​ជីវិត​ក៏​សុខចិត្ត​ដែរ បើ​គិត​ពី​រឿង​ដែល​ខ្ញុំ​ប្រឈម​នឹង​ភាព​លំបាក​ក្នុង​ចិត្ត​រាល់​ថ្ងៃនេះ ។

កាន់តែ​ស្លុតចិត្ត​ខ្ញុំ​ចេះ​តែ​ដេក​ភ័យ បើ​ថ្ងៃក្រោយ​ខ្ញុំ​ឈឺ ហើយ​បាត់បង់​រូបរាង​កាយ​ពីលើ​លោក​នេះ​ទៅ ច្បាស់​ជា​ព្រលឹង​មិន​ស្ងប់​ទេ ព្រោះ​បំណុល​គេ​ច្រើន ហើយ​ដីធ្លី​ផ្ទះសម្បែង​សុទ្ធតែ​បញ្ចាំ​គេ បើ​អត់​ពី​ខ្ញុំ​ទៅ​កូនចៅ​ច្បាស់​ជា​អត់​ផ្ទះ​នៅ ពិតជា​អាណិត​ពួក​គេ​ណាស់​។ ម្យ៉ាង​ម្ចាស់បំណុល​រករឿង​ទារ​លុយ​ទៀត​ទើប​ចេះ​តែ​គិត ហើយ​ខំ​រក​ក្រែងលោ​ដោះបំណុល​គេ​បាន​សម្រេច​នា​ពេល​ខាង​មុខ​» ។

ក្រៅពី​ជំពាក់​បំណុល​គេ​នោះ​នាយ​ចេក​ទិញ​ម៉ូតូ​បង់​រំលស់​ទៀត​សម្រាប់​ឱ្យ​ក្រុម​គ្រួសារ​ប្រើ និង​សម្រាប់​គាត់​ជិះ​ទៅ​សម្តែង​នៅ​ទី ឆ្ងាយ​ៗ ។

ក្រៅពី​លក់​ភេសជ្ជៈ​បន្តិចបន្តួច​ដោយ​គេ​ឱ្យ​ដី​ធ្វើ​កន្លែង​លក់ នាយ​ចេក​ប្រាថ្នា​ចង់​ទិញ​ដី​មួយ​កន្លែង​នៅ​តាម​ផ្លូវជាតិ​លេខ​២ តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ ទុក​លក់ដូរ​នៅ​ពេល​អនាគត ព្រោះ​ផ្ទះ​គាត់​ចូល​ទៅ​ក្នុង​ឆ្ងាយ​ពី​ផ្លូវជាតិ​ជាង​៣​គីឡូម៉ែត្រ​។

ទាក់ទិន​អាជីព​សិល្បៈ​នាយ​ចេក​ចូលរួម​សម្តែង​ភាពយន្ត​បាន​ប្រមាណ​ជាង​១០​រឿង បន្ថែម​លើ​ការ​សម្តែង​កំប្លែង​នៅ​តាម​ស្ថានីយទូរទស្សន៍ ។ ថតកុន​មួយ​ឈុត ឬ​លើស​ពី​នេះ​នាយ​ចេក​គិត​តម្លៃ​ស្មើ​១​ថ្ងៃ​ដែរ ដោយ​គេ​ឱ្យ​១០០​ដុល្លារ ។ បើ​លេង​កំប្លែង​វិញ​នៅ​ក្នុង​រាជធានី​បាន​២៥​ដុល្លារ ឬ​៣០​ដុល្លារ តែបើ​សម្តែង​នៅ​តាម​ខេត្ត​បាន​ជិត​១០០​ដុល្លារ។ «​បើ​ទោះជា​ពេល​នេះ​ខ្ញុំ​នៅ​តែ​អត់​ធូរធារ ក៏​ខ្ញុំ​មិន​ច្រណែន​គេ​ដែរ ព្រោះ​ធ្វើ​ម៉េច​វាសនា​មនុស្ស​មើល​មិនឃើញ ។

អ្វី​ដែល​សំខាន់​ខ្ញុំ​នៅ​តែ​គិត​ថា​កុំ​តែ​បាន​នាយ​កុយ​ហៅ​សម្តែង និង​ផលិតកម្ម​នានា ជា​ពិសេស​ខាង​ផលិតកម្ម​ហង្ស​មាស​គាត់​អាណិត​តែងតែ​ហៅ​ទៅ​សម្តែង កុំ​អី​មិនដឹង​ជា​បែប​ណា​ទេ បើ​ងាក​មក​មើល​អ្នក​ផ្ទះ​លំបាក​បែប​នេះនោះ​» នាយ​ចេក​និយាយ​បែប​នេះ ៕