ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​កាសែត​កម្ពុជា​ថ្មី​​ត្រូវ​ចោរ​ប្លន់​តែ​សមត្ថ​កិច្ច​​សង្ស័យ​គំនុំ

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​ ៖ អ្នក​យក​ព័ត៌​មាន​​កាសែត​កម្ពុជា​ថ្មី​លោក​​ប៊ុន សឿន អាយុ​៣៨​ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ភូមិ​តា​ងួន សង្កាត់​កាកាប​ ខណ្ឌ​ដង្កោ​ បាន​អះ​អាង​ថា ត្រូវ​ចោរ​២​នាក់​ប្រើ​កាំ​ភ្លើង​ខ្លី​ភ្ជង់​ប្លន់​​យក​ទូរ​ស័ព្ទ​ដៃ​១​គ្រឿង​ និង​វិទ្យុ​ទាក់​ទង​១​គ្រឿង​ រួម​ជាមួយ​កាបូប​ដៃ​មួយ​មាន​លុយ​ចំនួន​៧​ម៉ឺន​រៀល​ និង​៨​ដុល្លារ​កាល​ពី​​វេលា​​ម៉ោង​១០យប់​ ថ្ងៃ​ទី​​៦ ខែ​មីនា ឆ្នាំ​២០១១ នៅ​លើ​ផ្លូវ​បេតុង​​ ក្នុង​ព្រំ​ប្រទល់​រវាង​ភូមិ​ដី​ថ្មី និង​ភូមិ​គោក​ឃ្លាង​ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ ​។ ​ប៉ុន្តែ​ផ្ទុយ​ពី​ការ​អះ​អាង​របស់​អ្នក​កាសែត​រូប​នេះ សមត្ថ​កិច្ច​សង្ស័យថា ជា​រឿង​គំនុំ​ច្រើន​ជាង​​ការ​ប្លន់​ទៅ​វិញ។

តាម​ព័ត៌​មាន​ពី​លោក​ប៊ុន សឿន ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក​យ៉ាម៉ា​ហា​ ផលិត​នៅ​ប្រទេស​វៀត​ណាម​មក​ពី​លេង​ស្រុក​ លុះ​មក​ដល់​ចំណុច​ខាង​លើ​ក៏មាន​​មនុស្ស​ប្រុស​មាឌ​ធំៗ​២​នាក់​​ជិះ​ម៉ូតូ​ធុន​C125 គ្មាន​ស្លាក​លេខ​មក​កៀរ ហើយ​ដក​កាំ​ភ្លើង​ខ្លី​មិន​ស្គាល់​​ម៉ាក​ភ្ជង់​ចំ​ចង្កេះ​ និង​​បង្ខំ​ឱ្យ​ឈប់​ម៉ូតូ​ រួច​ប្លន់​យក​ទូរ​ស័ព្ទ​ដៃ​១​គ្រឿង ម៉ាក​ណូ​គៀ​ និង​វិទ្យុ​ទាក់​ទង​ រួម​ទាំង​កាបូប​ដៃ​ថែម​ទៀត​ផង​។ អ្នក​កាសែត​រូប​នេះ​បាន​បន្ត​ថា ចំពោះ​ម៉ូតូ​​ចោរ​មិន​យក​ទេ ដោយ​​​ពួកចោរ​គ្រាន់​តែ​​ដក​សោ​គ្រវាត់​​ចោល​ឱ្យ​ឆ្ងាយ​ បន្ទាប់​មក​​ក៏​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​អស់​ទៅ​ ទោះ​បី​ជា​យ៉ាង​ណាចោរ​ពុំ​បាន​​បង្ក​​ឱ្យមាន​រង​របួស​អ្វី​​ឡើយ​។​ ទាក់​ទិន​នឹង​ករណី​ជន​ល្មើស​២​នាក់​ប្រើ​អាវុធ​ខ្លី​ប្លន់​អ្នក​កាសែត​​នេះ​ ប៉ូលិស​ព្រហ្ម​ទណ្ឌ​កំពុង​តែ​ស្រាវ​ជ្រាវ​ និង​ប្រមូល​រក​សាក្សី​ផង​ដែរ​ ដែល​ចោរ​ប្លន់​​មិន​ស្គាល់ពួក​​អ្នក​កាសែត​ ឬ​ព្រះ​សង្ឃ​ទេ ឱ្យ​តែ​មាន​ឱកាស​គឺពួក​គេ​ប្លន់​ហើយ​ ៕