ខេត្តបន្ទាយមានជ័យ ៖ បុរសចំណាស់ម្នាក់បានត្រូវរន្ទះបាញ់ស្លាប់ចោលប្រពន្ធ និងកូន ខណៈពេលទៅដាក់លាន់នៅត្រពាំងខាងកើតភូមិក្របៅចម្ងាយ២.៥០០ម៉ែត្រ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី២១ មីនា ឆ្នាំ២០១១ នៅភូមិក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ បើតាមការឱ្យដឹងពីលោកអនុសេនីយ៍ឯក កែវ ប៊ុនយឿន អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឱ្យដឹងថា បុរសចំណាស់រងគ្រោះដោយរន្ទះបាញ់ឈ្មោះលុន ធា អាយុ៥៣ឆ្នាំ នៅភូមិក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ។
ក្រុមគ្រួសារជនរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ចថា ជាទម្លាប់រៀងរាល់ល្ងាចជនរងគ្រោះតែងតែយកលាន់ទៅដាក់អន្ទង់ ដើម្បីយកមកលក់គ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ នៅថ្ងៃកើតហេតុវេលាម៉ោង៦និង៤០នាទីល្ងាច មានភ្លៀងធ្លាក់យ៉ាងខ្លាំង និងមានផ្គររន្ទះ ព្រមទាំងខ្យល់ផងដែរ ។ ក្រោយពីរាំងភ្លៀងហើយមិនឃើញគាត់មកហូបបាយ ហើយយប់ងងឹតផងនោះ ក្រុមគ្រួសារក៏បាននាំគ្នាដើររកស្រាប់តែប្រទះឃើញសាកសពគាត់ដេកស្លាប់នៅមាត់ត្រពាំងចម្ងាយពីភូមិប្រហែល២.៥០០ម៉ែត្រ ។
លោកអធិការនគរបាលស្រុក បានឱ្យដឹងថា តាមការពិនិត្យ និងធ្វើកោសល្យវិច័យ ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់មែន ពុំមានទាក់ទិននឹងអ្វីផ្សេងឡើយ ។ សពជនរងគ្រោះក្រោយពីសមត្ថកិច្ចជំនាញពិនិត្យរួចក៏បានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ