ខេត្តកំពង់ចាម ៖ មានអំពើឃោរឃៅមួយស្ទើរតែមិនជឿ ដែលស្ត្រីចំណាស់ម្នាក់ត្រូវជនអន្ធពាលមិនស្គាល់អត្តសញ្ញាណមានអាយុប្រហែលជាង២០ឆ្នាំ វាយធ្វើបាបយា៉ងព្រៃផ្សៃ រួចចាប់ចងអូសដោយម៉ូតូ ខណៈគាត់វិលត្រឡប់មកពីរាំលេងជាមួយចាស់ៗឯទៀតក្នុងពិធីបុណ្យ។
ស្ត្រីចំណាស់រងគ្រោះឈ្មោះនួន ម៉ន អាយុ៦១ឆ្នាំ រស់នៅភូមិប្រស្រែមុខ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង គាត់ត្រូវគេប្រព្រឹត្តអំពើឃោរឃៅព្រៃផ្សៃមកលើរូបកាយកាលពីវេលាម៉ោងប្រហែល១១យប់ ថ្ងៃទី២០ មីនា ។ ស្ត្រីរូបនេះត្រូវគេយកខ្សែចងដៃទាំង២ ហើយអូសពីក្រោយម៉ូតូប៉ងសម្លាប់បំបិទមាត់ រួចយកទៅទំលាក់ចោលនៅក្នុងប្រឡាយដែលមានភក់នៅជាប់តាមផ្លូវលំក្នុងភូមិ ប៉ុន្តែសំណាងល្អគាត់មិនស្លាប់ទេ ពេលត្រូវទឹកសន្សើមក៏ដឹងខ្លួន ហើយវារមកឱ្យគេជួយសង្គ្រោះ ។
តាមបុរសឈ្មោះផុន ផុស អាយុ២៧ឆ្នាំ ត្រូវជាកូនបង្កើតរបស់ស្រ្តីរងគ្រោះបានប្រាប់ឱ្យដឹងនៅក្នុងមន្ទីរពេទ្យខេត្តថា នៅវេលាម៉ោងជាង៧យប់ថ្ងៃទី២០ មីនា ម្តាយគាត់បានដើរចេញពីផ្ទះតែម្នាក់ឯង ទៅរាំលេងក្នុងពិធីបុណ្យមួយនៅភូមិប្រស្រែក្រោយមានចម្ងាយពីផ្ទះប្រហែលជា៥០០ម៉ែត្រ ដោយមានមនុស្សចូលរាំលេងសប្បាយយ៉ាងច្រើនកុះករ។ ក្រោយពីបានរាំលេងជាច្រើនបទជាមួយនឹងចាស់ៗនោះ នាវេលាម៉ោងជាង១១យប់ ម្តាយគាត់ក៏បានដើរត្រឡប់មកផ្ទះវិញតែម្នាក់ឯង លុះមកដល់សាលារៀនមួយជិតពាក់កណ្តាលផ្លូវទៅហើយនោះ ស្រាប់តែមានជនអន្ធពាលម្នាក់ជិះម៉ូតូ១គ្រឿងមកពីក្រោយស្ទុះមកចាប់ម្តាយគាត់ខ្ទប់មាត់មិនឱ្យស្រែក និងបានវាយដំយ៉ាងចាស់ដៃរហូតទ្រមខ្លួន។
បុរសជាកូនបានរៀបរាប់ទៀតថា បន្ទាប់មកជននោះបានយកខ្សែមកចងដៃទាំងពីររួចអូសតាមម៉ូតូធ្វើឱ្យម្តាយរបស់គាត់មានការឈឺចុកចាប់ជាខ្លាំងរបកដើមទ្រូង និងហើមក្បាលពោរ ហើយដោយស្មានតែស្លាប់ជននោះក៏បានអូសម្តាយគាត់ទម្លាក់ចូលទៅក្នុងប្រឡាយនៅជាប់នឹងថ្នល់លំក្នុងភូមិ។ លុះនៅពេលត្រូវទឹកសន្សើមម្តាយគាត់ក៏បានដឹងខ្លួនឡើងវិញនាវេលាម៉ោងប្រហែលជា៤ទៀបភ្លឺ ថ្ងៃទី២១ មីនា ហើយប្រឹងវារចេញពីប្រឡាយមកលើថ្នល់ទាំងលំបាកបំផុត ដើម្បីស្រែកហៅគេឯងឱ្យជួយសង្រ្គោះ។ ព្រឹកព្រលឹមស្រាងៗឡើងរូបគាត់ត្រូវបានអ្នកភូមិដែលស្គាល់គ្នាបានជិះម៉ូតូមកប្រាប់ ទើបប្រញាប់មកមើលម្តាយដែលត្រូវរបួសដោយសារជនអន្ធពាលវាយ ហើយនាំមកសង្រ្គោះនៅមន្ទីរពេទ្យស្រុកកញ្រ្ជៀច តែដោយស្ថានភាពរបួសមានលក្ខណៈធ្ងន់ធ្ងរពេក ទើបបញ្ជូនបន្តមកសង្រ្គោះនៅមន្ទីរពេទ្យខេត្ត។
ស្រ្តីចំណាស់ឈ្មោះនួន ម៉ន បាននិយាយថា នាយប់ថ្ងៃទី២០ មីនា គាត់បានទៅរាំលេងនៅភូមិប្រស្រែក្រោយសុទ្ធតែចាស់ៗមិនមានក្មេងទេ ហើយក៏មិនបានឈ្លោះជាមួយនឹងអ្នកណាដែរ គ្រាន់តែមានបុរសចំណាស់ម្នាក់មកសុំគាត់ថើប។ នាវេលាម៉ោងប្រហែល១១យប់ គាត់បានដើរត្រឡប់មកផ្ទះវិញដោយនៅក្នុងដៃមានកាន់ពិល១សម្រាប់បំភ្លឺផ្លូវ លុះពេលដើរមកដល់សាលារៀន ស្រាប់តែមានជនម្នាក់ជិះម៉ូតូមកតាមពីក្រោយមានវ័យប្រហែលជាង២០ឆ្នាំ មិនស្គាល់អត្តសញ្ញាណស្ទុះមកចាប់គាត់ខ្ទប់មាត់មិនឱ្យស្រែក ព្រមទាំងបានវាយដំ និងចងខ្សែអូសតាមម៉ូតូទៀតយ៉ាងព្រៃផ្សៃបំផុត។ យកទៅទម្លាក់ចូលនៅក្នុងប្រឡាយដែលមានទឹកភក់នៅជាប់នឹងផ្លូវលំ។ ហេតុការណ៍នេះត្រូវបានលោកជា សារឿន អធិការនគរបាលស្រុកកញ្ជ្រៀច មានប្រសាសន៍ថាពិតជាមានមែន ហើយសមត្ថកិច្ចរបស់លោកកំពុងស្រាវជ្រាវរកជនសង្ស័យហើយ ៕
ចែករំលែកព័តមាននេះ