ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ចុង​តិរច្ឆាន​​រំលោភ​​កូន​ស្រីបាន​​សម្រេច​២​លើក​ត្រូវ​ចាប់​ខ្លួន

15 ឆ្នាំ មុន

ខេត្ត​កោះកុង​ ៖ បុរស​ឈ្មោះ​ភឿន សារ៉ុម ហៅ​វែង អាយុ​៣៨ឆ្នាំ ជាកម្មករ​​សំណង់​ ត្រូវ​បាន​ប្រពន្ធ​​របស់​ខ្លួន​​​ដាក់ពាក្យ​​បណ្តឹង​​នៅ​ការិយា​ល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និងការ​ពារអនីតិ​ជន​ ​ដើម្បី​ឱ្យ​​សមត្ថ​កិច្ច​ចាប់​ខ្លួន ដោយ​​ចោទ​ថា  បុរសជា​ប្តី​រូបនេះ​បាន​ចាប់​រំលោភ​​កូន​ស្រី​របស់​នាង​ដែល​ត្រូវជាកូន​ចុង​​បាន​សម្រេច​​កាលពី​វេលា​ម៉ោង​១២​យប់​ថ្ងៃទី​​២៤ មីនា នៅ​​​លើ​ផ្ទះ​​ជួល​របស់​ខ្លួន​ដែល​ស្ថិត​ក្នុង​សង្កាត់​ដងទង់ ក្រុង​​ខេមរភូមិន្ទ​ ខេត្ត​កោះ​កុង ។ ​ជន​សង្ស័យ​ឈ្មោះ​ភឿន​​ សារ៉ុម ​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​តាម​ពាក្យ​​បណ្តឹង​កាលពី​ថ្ងៃទី​២៧ មីនា ឆ្នាំ២០១១ ​។

ស្ត្រីដែល​​ត្រូវជា​​ម្តាយ​​បង្កើត​របស់​ក្មេង​ស្រី​​រងគ្រោះ​​​បាន​បញ្ជាក់​ថា កូន​ស្រី​គាត់​​អាយុ​​១៤ឆ្នាំ​ ​មិន​បាន​ចូល​សាលា​រៀននឹងគេទេ​ សព្វ​ថ្ងៃ​​ប្រកបរបរ​ជាកម្មករ​​​លាង​ចានជាមួយ​គាត់​នៅ​ក្នុង​អាហារដ្ឋាន​​​មួយ​​ដើម្បី​យក​ប្រាក់​ចិញ្ចឹមកូន​តូចៗ​២​នាក់​ទៀត ​ពីព្រោះ​​ប្តី​ក្រោយ​ជាកម្មករ​​សំណង់​រកប្រាក់​មួយ​ថ្ងៃ​ចាយ​មួយ​ថ្ងៃ​តែ​ខ្លួនឯង​ មិនគ្រប់​​ផង​ និង​ពេល​ខ្លះ​រករឿង​វាយ​​ដំគាត់​​តាមអំពើ​ចិត្ត​​​ ។ ជាក់​ស្តែង​កាល​ពី​​ខែកុម្ភៈ​កន្លង​ទៅ​​នេះ​ ប្តី​ឈ្មោះ​ភឿន សារ៉ុម ហៅវែង បាន​យក​ផ្លែឡាម​មក​ឆូត​លើ​ក្បាល​ពោះ​​ផ្នែក​ខាង​ឆ្វេង​​​គាត់​បណ្តាល​​ឱ្យ​​រយះ​​ចេញ​ឈាម​ដេរ​ចំនួន​១៥​ថ្នេរ​ ដែល​​រហូត​មក​ដល់​​ពេល​​នេះ​នៅ​មិន​ទាន់​ជា​សះ​ស្បើយ​នៅឡើយ ។ អ្នក​ស្រី​បាន​រៀបរាប់​​ទៀត​ថា ចំពោះ​​ការ​ចាប់រំលោភកូនស្រី​នេះ គាត់​​​​ពុំ​បាន​ដឹងឡើយ​ ​​ទោះបី​ដេកនៅក្រោម​ដំបូល​​ផ្ទះ​តែមួយ​​ក្តី​ លុះព្រឹកឡើង​កូនស្រី​ប្រាប់​ ​​​ទើប​គាត់​សម្រេច​​​ចិត្ត​មក​ប្តឹង​​សមត្ថ​កិច្ច​តែម្តង ។

កុមារី​រងគ្រោះ​​បាន​រៀបរាប់​ប្រាប់​សមត្ថ​កិច្ច​ថា ឪពុក​ចុង​របស់​​ខ្លួន​ឈ្មោះ​ភឿន សារ៉ុម ​ហៅ​វែង​ បាន​ចាប់​​​រំលោភ​សេពសន្ថវៈ​​លើ​​​រូប​នាង​ចំនួន​២​លើក​មក​ហើយ​ គឺលើកទី១​ នាង​មិនចាំថ្ងៃ​ខែទេ តែដឹងថា ពេល​រដូវបុណ្យ​ភ្ជុំ​បិណ្ឌ​ក្នុង​ឆ្នាំ​ ២០១០​ នៅក្នុង​ផ្ទះ​​ ហើយ​នាង​មិន​ហ៊ាន​ស្រែក​​ទេ​ ដោយសារ​ពេល​នោះ​​​ឪពុក​​ចុង​បាន​យក​ស្ន​​ភ្ជង់​ក​នាង​​ជាប់​និង​យក​ដៃខ្ទប់​មាត់​ទៀត​ផង ។ ​លើក​ទី២ គឺនៅ​​ថ្ងៃទី​​២៤ មីនា វេលា​ម៉ោង​១២​យប់​នៅលើ​ផ្ទះ​​ដដែល ​​ហើយ​មូល​ហេតុ​​ដែល​នាង​​មិនហ៊ាន​ស្រែក​ប្រាប់​ម្តាយ​​ដោយសារ​តែ​ឪពុក​ចុង​ចាប់​ដៃនិង​ខ្ទប់​មាត់​នាង​ជាប់​ ហើយ​បាន​​និយាយ​លួង​​លោម​នាង​ថា ​កុំ​មាត់​ប្រយ័ត្ន​​ភ្ញាក់​​ម៉ែឯង​ចាំគាត់​ឱ្យ​ទៅ​កំដរ​ការគេ និង​ទៅ​​កំពង់​ចាម​​ជាមួយ ។ 

នៅមុខសមត្ថ​កិច្ច​ ​​ឈ្មោះ​​​ភឿន សារ៉ុម ​បាន​សារភាព​ថា ​ខ្លួនពិតជា​បាន​​​​រួមរ័ក​ជាមួយ​កូន​​ស្រី​ចុង​​ប្រាកដ​មែន​ ខណៈ​​​ពេល​នាង​ដេក​នៅ​លើ​ផ្ទះ​​ក្បែរគ្នា​ដោយ​មាន​ខណ្ឌ​​ក្តារ​​ជាជញ្ជាំង​។ នៅពេល​រួមរ័កនោះ​គឺនាង​អត់​បាន​ស្រែក​​រើបម្រះ​​ទេ  គឺ​ព្រម​ព្រៀង​​​គ្នា​ ហើយ​ពេល​នោះ​​ម្តាយ​​នាង​ក៏នៅ​ក្បែរ​នោះដែរ អត់​ដឹង​​ថា គាត់​ដឹងឬក៏អត់ ។

លោក​​វរសេនីយ៍​​ទោ គង់​ យ៉ាន់​ អនុប្រធាន​​​ការិយាល័យ​​កណ្តាល​​នគរ​បាល​​យុត្តិធម៌​ បាន​បញ្ជាក់​ថា ការ​ស៊ើប​អង្កេត​​និង​​បង្ក្រាប​​ករណី​​ឪពុក​រំលោភ​កូន​ចុងនេះ​​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​​​កម្លាំង​​ការិយាល័យ​​ប្រឆាំង​​ការ​ជួញដូរ​មនុស្ស និង​ការពារអនីតិជន​ ក្រោមការ​ណែនាំ​​​និង​ចង្អុល​បង្ហាញ​​ពីលោក​ឧត្តម​សេនីយ៍​​ត្រី​ សំ ឃីកវៀន ស្នង​ការ​នគរ​បាល​ខេត្ត​ ហើយ​ពេល​នេះ​​ ជន​ល្មើស​ត្រូវ​បាន​កសាង​​សំណុំ​រឿង​​បញ្ជូន​​​ទៅ​តុលាការ​​​វិនិច្ឆ័យ​ទោស​ទៅតាម​​​ផ្លូវ​ច្បាប់ ។
ពាក់ព័ន្ធ​​នឹងករណី​​ខាង​លើ​នេះ​ដែរ លោក​ស្រី​អេង គឹមនាង អភិបាល​រង​​ខេត្ត​កោះកុង បាន​​ប្រាប់​កោះ​សន្តិភាពថា លោក​ស្រី​នឹង​កោះ​អញ្ជើញ​​ស្ថាប័ន​ពាក់ព័ន្ធ​​ដូចជាអង្គការ​​​ក្រៅរដ្ឋា​ភិបាល​ មន្ទីរ​កិច្ច​ការនារី​ និង​​សាខាកាក​បាទ​​ក្រហម​ ដើម្បី​មកពិភាក្សា​​រកដំណោះ​ស្រាយ​​ក្នុង​ការ​​ជួយ​សង្គ្រោះ​​​ដល់​កុមារី​រងគ្រោះ​ដោយសារ​​​ការ​ចាប់រំលោភ​នេះ​ ក៏ដូចជា​ម្តាយ​​កុមារី​​​​ដែលជា​ស្ត្រីមេម៉ាយ​ទុរគត​ផងដែរ៕​