ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​កាំកុងត្រូល​ខេត្តសៀមរាប​ចុះ​ពិនិត្យ​កន្លែង​លក់​ចំណីអាហារ​ក្នុង​សាលា​បឋម​សិក្សា​វត្ត​បូព៌ សង្ស័យ​ផលិត​ចេញពី​សារធាតុ​ផ្លា​ស្ទិ​ក

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ មន្ត្រី​កាំកុងត្រូល​ខេត្តសៀមរាប សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាន​ចុះ​ពិនិត្យ​គុណភាព​ចំណីអាហារ ដែល​លក់​នៅ​ក្នុង​សាលា​បឋម​សិក្សា​វត្ត​បូព៌ ក្នុង​ក្រុង​សៀមរាប កាលពី​ព្រឹក​ថ្ងៃ​ទី​០១ កក្កដា ២០១៥ ដើម្បី​ការពារ​សុវត្ថិភាព​ដល់​សុខភាព​សិស្ស​នៅ​ក្នុង​សាលា​ឲ្យ​បាន​ល្អ

ខេត្តសៀមរាប ៖ មន្ត្រី​កាំកុងត្រូល​ខេត្តសៀមរាប សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាន​ចុះ​ពិនិត្យ​គុណភាព​ចំណីអាហារ ដែល​លក់​នៅ​ក្នុង​សាលា​បឋម​សិក្សា​វត្ត​បូព៌ ក្នុង​ក្រុង​សៀមរាប កាលពី​ព្រឹក​ថ្ងៃ​ទី​០១ កក្កដា ២០១៥ ដើម្បី​ការពារ​សុវត្ថិភាព​ដល់​សុខភាព​សិស្ស​នៅ​ក្នុង​សាលា​ឲ្យ​បាន​ល្អ ព្រោះ​កន្លង​មកនេះ​មាន​ករណី​ភ្ញាក់ផ្អើល​ថា បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា​មានការ​ហូរ​ចូល​ប្រភេទ​ចំណីអាហារ​ដែល​ផលិត​ចេញពី​សារធាតុ​ប្លា​ស្ទិ​ក ដែល​ត្រូវ​បាន​ម​ជ្ឈ​ដ្នា​ន​អ្នកលេង​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) មួយ​ចំនួន​វាយប្រហារ​ថា ជា​ករណី​វិច្ឆេទកម្ម​សុខភាព​ដ៏​អមនុស្សធម៌​បំផុត ។

នៅ​ក្នុង​បេសកកម្ម​របស់​កាំកុងត្រូល​នោះ ត្រូវ​បាន​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ប្រទះ​ឃើញ​ចំណីអាហារ​ប្រភេទ​បង្គា​គ្រឿង​បំពង​ប្រេង ថា​មិនមែន​ជា​អាហារ​ធម្មជាតិ ។ ថ្វី​ត្បិត​តែ​ការ​លើក​ឡើង​ខាងលើ​ពុំ​ទាន់​មានការ​ពិសោធន៍​ណាមួយ​បញ្ជាក់​ជា​ផ្លូវការ​នៅឡើយ​ថា ជា​ការ​ពិត ឬ​គ្រាន់តែ​ជា​ការ​ចោទប្រកាន់​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​ករណី​នេះ​បាន​ក្លាយជា​ប្រធានបទ​យ៉ាង​សំខាន់ ដែល​អគ្គនាយកដ្ឋាន​កម្ពុជា​ត្រួតពិនិត្យ​ទំនិញ​នីហរ័ណ​-​អាហរ័ណ និង​បង្ក្រាប​ការ​ក្លែងបន្លំ ដែល​គេ​ហៅ​ថា កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជ​កម្ម ត្រូវ​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង ។ ហើយ​ថ្មី​ៗ​នេះ​សាខា​កាំកុងត្រូល​នៃ​បណ្តា​ខេត្ត​-​រាជធានី​បាន​ផ្តោត​ជា​សំខាន់​បញ្ជាក់​អំពី​ការ​ព្រួយបារម្ភ​ចំពោះ​សុខភាព​កុមារ ដែល​ជា​គោលដៅ​ងាយ​រង​គ្រោះ ដូច្នេះ​ត្រូវ​តែ​ចុះ​ត្រួតពិនិត្យ​ការ​លក់ដូរ​ចំណីអាហារ នៅ​តាម​សាលារៀន​នានា​ទូ​ទាំង​ប្រទេស ។

លោក លិញ សុ​វ​ឌ្ឍ​នា មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​នៅ​ក្នុង​ពេល​ដែល​លោក​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រូ​ត​ពិនិត្យ​រក​មើល​ចំណីអាហារ​ដែល​ពុំ​មាន​សុវត្ថិភាព និង​មិន​សម​ស្រប​សម្រាប់​កុមារ​បរិភោគ​នៅ​សាលា​បឋម​សិក្សា​វត្ត​បូព៌ ក្រុង​សៀមរាប ថា ការងារ​នេះ​ត្រូវ​បាន​រួម​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​មានការ​គាំទ្រ​ដោយ​លោកនាយក​សាលា​ផង​ដែរ ។ លោក​បាន​បន្ត​ថា វា​ពិត​ណាស់​ការ​រក​មើល​ចំណីអាហារ ដែល​គេ​សង្ស័យ​ថា​ត្រូវ​បាន​ផលិត​ចេញពី​សារធាតុ​ប្លា​ស្ទីក វា​ជា​ប្រធានបទ​ក្តៅ  ក៏​ប៉ុន្តែ​ប្រការ​ផ្សេង​ៗ​ទៀត​ក៏​ជា​បញ្ហា​សំខាន់​ផង​ដែរ ឲ្យ​តែ​វា​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​កុមារ ដូច​ជា​ចំណីអាហារ ដែល​ពុំ​មាន​ស្លាក​សញ្ញា​សំគាល់​ប្រភព​ផលិត​, អាហារ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ និង​អាហារ​រក្សា​ទុក​មិន​បាន​ល្អជា​ដើម ។

លោក លិញ សុ​វ​ឌ្ឍ​នា បាន​បន្ត​ទៀត​ថា វា​គ្រាន់តែ​ជា​ការ​សង្ស័យ​ប៉ុណ្ណោះ គឺ​ពុំ​មែន​ជា​ការ​សន្និដ្ឋាន​នោះ​ទេ ។ លោក​បាន​បញ្ជាក់​ថា  ផលិតផល​ចំណីអាហារ​ដែល​យើង​សង្ស័យ​នេះ​ត្រូវ​បាន​ដកហូត​ចំនួន​៣​កញ្ចប់​តូច ដើម្បី​បញ្ជូន​ទៅ​មន្ទីរពិសោធន៍​នៅ​ឯ​ភ្នំពេញ ប៉ុន្តែ ចំណីអាហារ​ប្រភេទ​បង្គា​គ្រឿង​បំពង​នោះ​ត្រូវ​បាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប​ឲ្យ​ផ្អាក​ការ​លក់ដូរ​ជា​បណ្តោះអាសន្ន​សិន ហើយ​លោក​ក៏​បាន​ផ្តល់​នូវ​ការ​ណែនាំ​សម្រាប់​សាលា និង​អ្នក​លក់ដូរ​ចំណី​ឲ្យ​កុមារ​នៅ​ក្នុង​សាលារៀន​នោះ​ថា  ពពួក​ចំណីអាហារ​ដែល​វេច​ខ្ចប់​ពុំ​មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ​នោះ​ត្រូវ​តែ​បញ្ឈប់​ជា​ដាច់ខាត កុំ​ឲ្យ​មានការ​យក​មក​លក់ដូរ​ឲ្យ​កុមារ តទៅ​ទៀត ៕